26 C
Phnom Penh

សហជីព​​​ហែក្បួន​​​ក្នុង​​​​​​ទិវាពលកម្ម​​​អន្តរជាត​​​ិ​​​បំពានបទបញ្ជារបស់​​​រដ្ឋាភិបាល​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានសហជីពមួយក្នុងចំណោមសហជីពការងារឯករាជ្យធំៗក្នុងប្រទេសកម្ពុជាបានលើកឡើងកាលពីម្សិលមិញថា កម្មកររាប់ពាន់នាក់ ជាថ្មីម្តងទៀតនឹងមិនគោរពតាមបទបញ្ជារបស់រដ្ឋាភិបាលឡើយ ហើយនឹងហែក្បួនកាត់កណ្តាលរាជធានីភ្នំពេញនៅព្រឹកនេះដើម្បីអបអរទិវាពលកម្មអន្តរជាតិ។

កាលពីចុងសប្តាហ៍មុន លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានមានប្រសាសន៍ថា ផែនការហែក្បួនដែលមានមនុស្សប្រហែល៣.០០០នាក់ចេញពីការិយាល័យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទៅកាន់រដ្ឋសភានោះ មិនត្រូវបានអនុញ្ញាតទេ ពីព្រោះវាបណ្តាលឱ្យមានការកកស្ទះចរាចរណ៍។ លោកបានថ្លែងថា សហជីពទាំងនេះត្រូវធ្វើនៅក្នុងការិយាល័យរបស់ខ្លួន ឬនៅកន្លែងឯកជនផ្សេងទៀត។

កម្មករសំណង់ប្រមូលផ្តុំគ្នានៅខាងក្រៅរដ្ឋសភា កាលពីព្រឹកម្សិលមិញ អបអរទិវាពលកម្មអន្តរជាតិ និងទាមទារលក្ខខណ្ឌការងារមួយចំនួន។ លីកាដូ
កម្មករសំណង់ប្រមូលផ្តុំគ្នានៅខាងក្រៅរដ្ឋសភា កាលពីព្រឹកម្សិលមិញ អបអរទិវាពលកម្មអន្តរជាតិ និងទាមទារលក្ខខណ្ឌការងារមួយចំនួន។ លីកាដូ

ប៉ុន្តែ លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាបានមានប្រសាសន៍កាលពីម្សិលមិញថា លោកនិងមេដឹកនាំសហជីព១៨ផ្សេងទៀតប្តេជ្ញាព្យាយាមបញ្ចុះបញ្ចូលថាពួកគាត់នឹងហែក្បួនតាមសិទ្ធិដែលខ្លួនមានប៉ុណ្ណោះ។ ពួកគាត់នឹងហែក្បួនចម្ងាយជិត៣គីឡូម៉ែត្រតាមដងទន្លេ។

លោកបានថ្លែងថា “យើងមិនធ្វើបាតុកម្មទេ។ យើងគ្រាន់តែអបអរទិវាពលកម្មអន្តរជាតិប៉ុណ្ណោះ”។ តែទោះបីបាតុកម្ម ក៏ច្បាប់អនុញ្ញាតឱ្យដែរ”។លោកបានបន្ថែមថា “យើង ជាតំណាងសហជីព យើងយល់ពីច្បាប់”។

ច្បាប់ស្តីពីការជួបជុំដោយសន្តិវិធីតម្រូវឱ្យអ្នករៀបចំព្រឹត្តិការណ៍សាធារណៈជូនដំណឹង ដល់អាជ្ញាធរអំពីផែនការរបស់ខ្លួន។ច្បាប់អនុញ្ញតឱ្យអាជ្ញាធររារាំងតែផែនការទាំងឡាយណាដែលធ្វើឡើងចំថ្ងៃបុណ្យជាតិមួយចំនួនតែប៉ុណ្ណោះ ទិវាពលកម្មមិនត្រូវបានរាប់បញ្ចូលទេ ឬបើពួកគេមាន”ព័ត៌មានច្បាស់លាស់” ថា ព្រឹត្តិការណ៍នោះ “បង្កឱ្យមានគ្រោះថ្នាក់” ឬអាច “ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខធ្ងន់ធ្ងរ”។

ក្នុងករណីមានការច្រានចោល អាជ្ញាធរ និងអ្នករៀបចំត្រូវ “ពិភាក្សាគ្នារកដំណោះស្រាយ” ហើយ បើមិនអាចរកដំណោះស្រាយបានទេនោះ ទុកឱ្យក្រសួងមហាផ្ទៃជាអ្នកសម្រេចចុងក្រោយ។

អំឡុងទិវាពលកម្មកាលពីឆ្នាំមុន សហជីពទាំងអស់ត្រូវបានប្រាប់ស្រដៀងគ្នានេះថា កុំឱ្យធ្វើការហែក្បួនស្ទើរតែដូចគ្នាបេះបិទតែម្តង។ ពួកគេព្យាយាមប្តូរផ្លូវ ដោយធ្វើការហែក្បួនសល់តែពីរបីរយម៉ែត្រប៉ុណ្ណោះពីរដ្ឋសភា មុនពេលមានការរារាំងពីសំណាក់នគរបាល។ ដោយបោះបង់គោលដៅដែលខ្លួនត្រូវទៅ ពួកគេបានសម្រេចធ្វើការជួបជុំគ្នាតាមកន្លែងរបស់ខ្លួនវិញ។

លោក អាត់ ធន់ បានមានប្រសាសន៍ថា ពួកគេនឹងធ្វើដូចគ្នានៅឆ្នាំនេះ។ លោកបានថ្លែងថា “បើគេរាំងយើងកន្លែងណា យើងនឹងធ្វើកន្លែងហ្នឹង”។

លោក អាត់ ធន់ បានមានប្រសាសន៍កាលពីខែមុនថា ពួកគេនឹងយកទៅជាមួយនូវញត្តិស្នើសុំដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករកាត់ដេរ និងកម្មករជាច្រើនទៀតដែលសហជីពតំណាងឱ្យ។ ពួកគេក៏ចង់ឱ្យមានការធ្វើវិសោធនកម្មច្បាប់សហជីពផងដែរ ដែលច្បាប់នេះធ្វើឱ្យពួកគេមានការពិបាកក្នុងការបង្កើតសហជីពចាប់តាំងពីច្បាប់នេះត្រូវបានអនុម័តកាលពីឆ្នាំមុន ហើយបញ្ចប់នូវអ្វីដែលអង្គការមិនមែនរដ្ឋាភិបាលជាច្រើនហៅថា ជាការបង្ក្រាបរបស់រដ្ឋាភិបាលលើសេរីភាពនៃការបញ្ចេញមតិ”។

លោក ម៉េត មាសភក្តី បានមានប្រសាសន៍កាលពីម្សិលមិញថា ការហាមឃាត់របស់រដ្ឋាភិបាលមិនឱ្យមានការហែក្បួននៅតែធ្វើដដែល។ លោកបានបដិសេធមិននិយាយថា តើនគរបាលនឹងមានវិធានការអ្វី បើការហែក្បួននៅតែបន្តនោះ។លោកមានប្រសាសន៍ ថា “យើងគ្រាន់តែសង្ឃឹមថា ពួកគាត់នឹងគោរពច្បាប់ និងការណែនាំរបស់ក្រុង”។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានគាំទ្រការលើកឡើងពីកង្វល់បញ្ហាចរាចរណ៍របស់អាជ្ញាធរក្រុង ហើយបានចោទអ្នករៀបចំព្រឹត្តិការណ៍នោះថា អត្មានិយម។

លោកបានថ្លែងថា “គិតតែពីប្រយោជន៍ខ្លួនឯង ម៉េចមិនគិតពីគេផង?”។

កម្មករសំណង់ប្រហែល២០០ទៅ៣០០នាក់បានអបអរទិវាពលកម្មមុនថ្ងៃកំណត់ដោយធ្វើការជួបជុំគ្នានៅមុខរដ្ឋសភារយៈពេលពីរបីម៉ោងកាលពីព្រឹកម្សិលមិញដោយមានការទាមទារលក្ខខណ្ឌមួយចំនួន។

លោក សុខ គីន ប្រធានស្តីទីសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជាដែលបានរៀបចំព្រឹត្តិការណ៍នេះបានមានប្រសាសន៍ថា “យើងចង់បញ្ជូនសារទៅរដ្ឋថា កម្មករសំណង់ត្រូវការលក្ខខណ្ឌការងារល្អប្រសើរ និងប្រាក់ឈ្នួលសមរម្យ”។

នៅក្នុងញត្តិផ្ញើជូនរដ្ឋសភា ពួកគាត់ស្នើសុំដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យរបស់ខ្លួន ផ្តល់សំណងឱ្យបានឆាប់ពីបេឡាជាតិរបបសន្តិសុខសង្គម ការធ្វើវិសោធនកម្មច្បាប់សហជីព និងសារាចរណែនាំរបស់រដ្ឋាភិបាលឱ្យអ្នកម៉ៅការទទួលខុសត្រូវចំពោះបញ្ហាទាក់ទងការងារជាដើម។

លោក សុខ គីន បានថ្លែងថា អ្នកម៉ៅការនៅក្នុងវិស័យសំណង់ដែលមានការគ្រប់គ្រងធូររលុងក្នុងប្រទេសកម្ពុជាមិនសូវមានការទទួលខុសត្រូវចំពោះគ្រោះថ្នាក់ និងដោះស្រាយរឿងប្រាក់ឈ្នួលឡើយ៕សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស