28.4 C
Phnom Penh

រយៈ​​​ពេល​​​មួយ​ឆ្នាំ​ក្រោយ​ការ​​​ចាប់​​​ខ្លួន​​​​​​ ការ​​​តវ៉ា​​​ និង​​​ការ​​​មិន​​​ទទួល​​​បាន​​​​​​​​​ផ្លែផ្កា​​​ក្នុង​​​យុទ្ធនាការ​ថ្ងៃ​​​ច័ន្ទ​ពណ៌​​ខ្មៅ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រោយពីរំពឹងទុកបានតែប៉ុន្មានថ្ងៃ ការតវ៉ា “ថ្ងៃច័ន្ទពណ៌ខ្មៅ” ដំបូងកាលពីខែឧសភាឆ្នាំមុនដើម្បីអំពាវនាវឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សបួនរូប និងមន្ត្រីគណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប.) មួួយរូបក៏បានធ្លាក់ចូលក្នុងស្ថានចលាចល។

លោក អីុ សារ៉ុម នាយកប្រតិបត្តិសមាគមធាងត្នោតដែលជាអង្គការសិទ្ធិលំនៅដ្ឋាន និងលោក ថាវ គឹមសាន អនុប្រធានផ្នែកតស៊ូមតិនៅអង្គការសិទ្ធិមនុស្សលីកាដូត្រូវបានសមត្ថកិច្ចរុញចូលក្នុងរថយន្តនគរបាល បន្ទាប់ពីមានជម្លោះជាមួយសន្តិសុខខណ្ឌខណៈពេល ពួកគាត់ព្យាយាមហែក្បួនឆ្ពោះទៅពន្ធនាគារព្រៃស។

WP-LastImage-800x533នៅពេលនោះសន្តិសុខ និងនគរបាលរាប់សិបនាក់បានចុះទៅដល់តំបន់នោះ ដេញតាមក្រុមអ្នកតវ៉ា ហើយចាប់ពួកគេគ្រវែងឡើងលើរថយន្ត។ សូម្បីសាធារណជនដែលធ្វើដំណើរឆ្លងកាត់ក៏ត្រូវនគរបាលឃាត់ឲ្យឈប់ ហើយសួរនាំដែរថា តើពួកគេនឹងស្លៀកពាក់ពណ៌ខ្មៅ ឬក៏អត់។

នេះជាលើកទី១នៃការប្រឈមតតាំងគ្នាជាច្រើនលើកនៅតាមផ្លូវរវាងអ្នកតវ៉ាស្លៀកពាក់ខ្មៅ  និងកម្លាំងសន្តិសុខនៅដើមសប្តាហ៍នីមួយៗ និងការព្រលយពាក្យក្នុងន័យព្រមានដល់សកម្មជនថា ការនៅផ្ដុំៗគ្នា ហើយផ្សព្វផ្សាយសាររបស់ខ្លួនអាចនឹងត្រូវប្រឈមផលវិបាក។

អង្គការមិនមែនរដ្ឋាភិបាលជាច្រើនបានអំពាវនាវឲ្យធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ បន្ទាប់ពីមន្ត្រីបួនរូបមកពីសមាគមសិទ្ធិមនុស្សាដហុក និងមន្ត្រី គ.ជ.ប. មួយរូបដែលជាអតីតមន្ត្រីអាដហុក ត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធករណីសូកប៉ាន់ស្ត្រីម្នាក់ឲ្យឆ្លើយបដិសេធនៅចំពោះមុខសមត្ថកិច្ចថា នាងគ្មាន ស្នេហាលួចលាក់ជាមួយលោក កឹម សុខា ដែល កាលនោះជាអនុប្រធានគណបក្សប្រឆាំង។ អ្នកវិភាគនយោបាយ និងអ្នកសង្កេតការណ៍អន្តរជាតិជាច្រើនបានចាត់ទុកករណីនេះថាជាការវាយប្រហារដោយហេតុផលនយោបាយមកលើគណបក្សប្រឆាំង និងជាការប៉ុនប៉ងទប់ស្កាត់ការប្រឆាំង។ អ្នកជាប់ឃុំទាំង៥រូបដែលគេហៅរួមគ្នាថាមន្ត្រីសមាគមអាដហុកទាំង៥ កំពុងជាប់ពន្ធនាគារនៅឡើយអស់រយៈពេលជាងមួយឆ្នាំដោយមិនទទួលបានសវនាការជំនុំជម្រះត្រឹមត្រូវ។

បន្ទាប់ពីការតវ៉ាថ្ងៃច័ន្ទពណ៌ខ្មៅដំបូង សមត្ថកិច្ចបានប្រកាសភ្លាមៗថា ការប្រមូលផ្ដុំគ្នាត្រូវបានហាមឃាត់ ដោយចាត់វាថាជាទង្វើ បះបោរខុសច្បាប់។ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានចោទប្រកាន់អ្នកតវ៉ាទាំងនោះថា “ស្រវឹងនឹងសិទ្ធិមនុស្ស”។

អ្នកស្រី អឹុម ស្រីទូច ជាសកម្មជនមកពីសហគមន៍បឹងកក់ ដែលត្រូវបានបានចាប់ខ្លួន៥លើកជាប់ពាក់ព័ន្ធការតវ៉ាថ្ងៃច័ន្ទពណ៌ខ្មៅនិយាយថា គាត់ចូលរួមការតវ៉ាដោយសារគាត់យល់ថា វាអាចជំរុញឲ្យរដ្ឋាភិបាលដោះលែងសកម្មជនទាំងនេះដូចករណីគាត់ក្នុងពេលកន្លងមកដែរ។

អ្នកស្រីនិយាយទៀតថា “យើងជឿថា សកម្មភាពរបស់យើងនឹងធ្វើឲ្យពួកគាត់ទទួលបានការដោះលែង ព្រោះពួកគាត់ជាមនុស្សស្លូតត្រង់ ប៉ុន្តែរដ្ឋាភិបាលបែរជាព្យាយាមប្រឌិតករណីនេះប្រឆាំងពួកគាត់”។

មិនយូរប៉ុន្មាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលូកដៃចូលបញ្ហានេះដោយប្រកាសក្នុងថ្ងៃបន្ទាប់ពីផ្ទុះការតវ៉ាថ្ងៃច័ន្ទពណ៌ខ្មៅដំបូងថា លោកនឹងហាមឃាត់ការតវ៉ាទាំងអស់ដែលមានអ្នកចូលរួមស្លៀកពាក់ពណ៌ដូចៗគ្នា។

លោក ហ៊ុន សែន បានមានប្រសាសន៍នៅពេលនោះថា “មិនថាអ្នកឯងពណ៌ស្អីទេ ខ្ញុំបានប្រាប់ទៅលោក ស ខេង [រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ] និងថ្នាក់ដឹកនាំផ្សេងទៀតថាកុំឲ្យខ្វល់ពីរឿងពណ៌ ឲ្យតែធ្វើខុសគឺចាប់ទាំងអស់”។

អ្នកស្រី អឹុម ស្រីទូច ជឿថា លោកនាយករដ្ឋមន្ត្រីភ័យខ្លាចដោយសារគិតថាចលនានេះអាចនឹងរីកកាន់តែធំ។

អ្នកស្រីបន្តថា “សម្តេចមិនចង់ឲ្យយើងប្រមូលផ្តុំគ្នានៅទីសាធារណៈ ឬនិយាយអាក្រក់ពីកម្ពុជានោះទេ។ ខ្ញុំគិតថាគាត់ខ្លាចមានមនុស្សជាច្រើនចូលរួមថ្ងៃច័ន្ទពណ៌ខ្មៅនោះជាមូលហេតុដែលគាត់ព្យាយាមចោទប្រកាន់ថាពួកយើងធ្វើបដិវត្តន៍ពណ៌”។

ទោះជាយ៉ាងណា បន្ទាប់ពីមានការចាប់ខ្លួនលោក អីុ សារ៉ុម និងលោក ថាវ គឹមសាន អង្គការមិនមែនរដ្ឋាភិបាលដែលបានចាប់ផ្តើមយុទ្ធនាការនេះបានដកខ្លួនចេញភ្លាមៗឈប់ធ្វើសកម្មភាពតាមដងផ្លូវ ហើយងាកទៅធ្វើសកម្មភាពត្រឹមតែបង្ហោះរូបថតតាមបណ្តាញអីុនធឺណិតប៉ុណ្ណោះ។

អ្នកស្រី អឹុម ស្រីទូច និងអ្នកស្រី ភោគ សុភិន សកម្មជនមកពីសហគមន៍បុរីកីឡាដែល រងការបណ្តេញចេញដែលត្រូវបានចាប់ខ្លួនជាច្រើនលើកដោយសារបន្តធ្វើចលនានេះស្របពេលចំនួនអ្នកចូលរួមធ្លាក់ចុះកាន់តែតិចទៅៗ ក៏ធ្វើដូច្នេះដែរ។

នៅក្នុងផ្ទះល្វែងមួយនៅបុរីកីឡាកាលពីថ្ងៃពុធ អ្នកស្រី ភោគ សុភិន និយាយថា “ពេល គេចាប់ខ្លួនខ្ញុំ ឧត្តមសេនីយ៍ត្រីម្នាក់សួរថា ‘ម៉េច ក៏ចូលចិត្តពាក់អាវខ្មៅដូចក្នុងរបបប៉ុលពតបែបនេះ?’ ប៉ុន្តែខ្ញុំប្រាប់ពួកគេថា ខ្ញុំពាក់ដោយសារតែរដ្ឋាភិបាលធ្វើបាបប្រជាពលរដ្ឋគ្មានកំហុស”។

បញ្ហាផ្សេងៗទៀតក្រៅពីការដោះលែងមន្ត្រីសមាគមសិទ្ធិមនុស្សទាំង៥រូបបានកើតមានឡើងនៅឯការតវ៉ានានា ជាពិសេសបន្ទាប់ ពីការបាញ់សម្លាប់លោក កែម ឡី អ្នករិះគន់រដ្ឋាភិបាលដ៏មានប្រជាប្រិយភាពកាលពីខែកក្កដា ជាករណីឃាតកម្មមួយដែលមជ្ឈដ្ឋានទូទៅចោទប្រកាន់ថាជាការធ្វើឃាតនយោបាយ។

កាលពីខែសីហា អ្នកស្រី ទេព វន្នី សកម្មជនលេចធ្លោបំផុតនៅកម្ពុជា ត្រូវបានចាប់ខ្លួននៅក្នុងការតវ៉ាថ្ងៃច័ន្ទពណ៌ខ្មៅ និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគាររហូតដល់សព្វថ្ងៃ បន្ទាប់ពីតុលាការបានលើកយកករណីមួយមកជាសំអាងថាពាក់ព័ន្ធបាតុកម្មមួយកាលពីឆ្នាំ២០១៣ដែលសន្តិសុខវាយដំអ្នកតវ៉ា។

បន្ទាប់ពីមានការចាប់ខ្លួនអ្នកស្រី ទេព វន្នី អ្នកតវ៉ាសំខាន់ៗបានចាប់ផ្តើមបាត់មុខពីក្រសែ ភ្នែកមហាជន ក្នុងនោះរួមមានដូចជា អ្នកស្រី អឹុម ស្រីទូច មកពីតំបន់បឹងកក់ជាដើម។

អ្នកស្រី អឹុម ស្រីទូច បានលើកឡើងថា គឺដោយសារតែបាត់បង់ការគាំទ្រពីសមាជិកគ្រួសារមួយចំនួនរបស់មន្ត្រីសមាគមអាដហុកដែលជាប់ពន្ធនាគារ ហើយថា អ្នកស្រីមិនដែលខ្លាចគេចាប់ខ្លួននោះឡើយ។

អ្នកស្រីបាននិយាយថា “មូលហេតុសំខាន់ដែលខ្ញុំឈប់គឺដោយសារតែពេលមួួយយើងបានតវ៉ានៅខាងក្រៅសាលាឧទ្ធរណ៍ហើយអាជ្ញាធរបានចាប់យកបដារបស់យើង។ នៅពេលគ្រួសារទាំងនេះចាកចេញទៅ ពួកគេអត់មានញញឹមមករកយើងទេ ហើយដើរចេញទៅតែម្តង”។

អ្នកស្រីបាននិយាយបន្ថែមថា “យើងបានឮសម្តីពីភរិយារបស់លោក ណៃ វង់ដា មកថា គ្រួសារផ្សេងៗទៀតខ្លាចវានឹងនាំឲ្យ[លោកហ៊ុន សែន] ដាក់សម្ពាធបន្ថែមទៀតមកលើពួកគេ។ក្រោយមកអ្នកស្រីប្រាប់យើងថា គ្រួសារផ្សេងៗទៀតមិនចង់តវ៉ាទេ គឺបានត្រឹមតែផ្តិតមេដៃប៉ុណ្ណោះ”។

អ្នកស្រី ភាវ មីុ ភរិយារបស់លោក ណៃ វង់ដា បានបដិសេធមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះឡើយ។

ប៉ុន្តែ ភរិយារបស់លោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) និងភរិយារបស់លោក នី សុខា ប្រធានផ្នែកឃ្លាំមើលនៅ សមាគមសិទ្ធិមនុស្សអាដហុកសុទ្ធតែលើកឡើងថា ពួកគាត់មិនជំទាស់នឹងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅឡើយ។

អ្នកស្រី យ៉ែម ចន្ថា ភរិយារបស់លោក នី ចរិយា បាននិយាយថា “គោលបំណងរបស់ខ្ញុំគឺចង់ប្រាប់ថា ពួកគាត់សម្រេចបន្ត ឬឈប់គឺស្រេចតែពួកគាត់”។

លោក អំ សំអាត អ្នកគ្រប់គ្រងផ្នែកឃ្លាំមើលនៅ អង្គការសិទ្ធិមនុស្សលីកាដូ ជាអង្គការ មួយក្នុងចំណោមអង្គការមិនមែនរដ្ឋាភិបាលដែលផ្ចុងផ្តើមការតវ៉ាដំបូង បានលើកឡើងថា អង្គការរបស់លោកនៅតែគាំទ្រគំនិតនេះដដែល ប៉ុន្តែ មិនមើលឃើញថា វាចាំបាច់ទាល់ តែធ្វើការជួបជុំ ឬហែក្បួនតាមផ្លូវនោះឡើយ។

លោកបានថ្លែងថា “យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅមិនមានន័យថា ទាល់តែបងប្អូនហែក្បួន ឬធ្វើការជួបជុំនោះទេ”។

លោកបានថ្លែងបន្តថា “យើងអាចពាក់អាវខ្មៅនៅក្នុងការិយាល័យ ឬក្នុងផ្ទះក៏បានដែរ ហើយបន្ទាប់មកបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គម”។

ប៉ុន្តែ ដោយមិនមានការតវ៉ាថ្ងៃច័ន្ទពណ៌ខ្មៅចាប់តាំងពីខែមីនាមកនោះ ចលនានេះដែលបង្កឲ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង និងដែលមានការចុះផ្សាយតាមទំព័រកាសែតនានាប្រហែល១ឆ្នាំកន្លងមកហើយនោះ មើលទៅទំនងជាប្រហែលសាបសូន្យជារៀងរហូត។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលនៅតែលើកឡើងថា ការតវ៉ានេះខុសច្បាប់ដោយសារពួក គេមិនទទួលបានការអនុញ្ញាតពីសាលារាជធានីទេ ហើយថា ទីបំផុត ការតវ៉ា េនះលែងមាននរណាចាប់អារម្មណ៍ ហើយក៏មិនធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរដ្ឋាភិបាលដែរ ដោយសារវាមិនស្របតាមច្បាប់។

លោកបានមានប្រសាសន៍ថា “វាមិនមែនជាសេរីភាពនៃការតវ៉ាទេ វាគឺជាការញុះញង់ ប្រជាពលរដ្ឋ។ លោកបានបន្តថា “យើងមិនចង់បានបែបនោះទេ មិនត្រឹមតែរដ្ឋាភិបាលនោះឡើយ ប្រជាពលរដ្ឋក៏អ៊ីចឹងដែរ។ យើងចង់បានសន្តិសភាព និងស្ថិរភាព”។

លោកបានបន្ថែមទៀតថា អ្នកតវ៉ាចាំបាច់ត្រូវរៀនលើកឡើងពីបញ្ហា និងជ្រើសរើសយុទ្ធសាស្ត្ររបស់ខ្លួន។

លោក ផៃ ស៊ីផាន បានថ្លែងថា “បញ្ហាមួយចំនួនពួកគេមិនអាចទាក់ទាញប្រជាពលរដ្ឋបានឡើយ”។ លោកបានថ្លែងបន្តថា “ពួកគេបាននាំគ្នាស្លៀកពាក់ខ្មៅអំឡុងការតវ៉ា។ ពួកគេធ្វើឲ្យប្រជាពលរដ្ឋខ្វាយខ្វល់អំពីសម័យខ្មែរក្រហម”។

អ្នកស្រី ភោគ សុភិន មកពីតំបន់បុរីកីឡាបានលើកឡើងថា អ្នកស្រីសង្ឃឹមថា ចលនានេះនឹងមានដង្ហើមងើបឡើងវិញ ប៉ុន្តែ ថា វាតម្រូវឲ្យមានការយល់ព្រមគាំទ្រពីក្រុមគ្រួសារ របស់មន្ត្រីសិទ្ធិមនុស្សដែលកំពុងជាប់ពន្ធនាគារ ហើយត្រូវតែមានការដឹកនាំដោយសកម្មជនបឹងកក់ល្បីឈ្មោះដែលស្និទ្ធនឹងអ្នកស្រីទេព វន្នី ។

អ្នកស្រីបាននិយាយថា “យើងគួរតែរួមដៃគ្នានៅក្នុងយុទ្ធនាគារថ្ងៃច័ន្ទពណ៌ខ្មៅ ប៉ុន្តែ សហគមន៍បឹងកក់គួរតែជាអ្នកចាប់ផ្តើមវាឡើងវិញ ដោយសារអ្នកស្រី ទេព វន្នី ជាប់ពន្ធនាគារ។ វាប្រសើរជាងសហគមន៍របស់យើង ព្រោះយើងមិនមានជនរងគ្រោះជាប់ពន្ធនាគារទេ”។ អ្នកស្រីបានបន្ថែមថា “ខ្ញុំនៅតែចង់បន្តប៉ុន្តែ យើងត្រូវការការគាំទ្រពីគ្រួសារអ្នកទាំងនោះ”។

ប៉ុន្តែ អ្នកស្រី បូវ សោភា សកម្មជនបឹងកក់បានលើកឡើងថា អ្នកស្រីមិនច្បាស់ទេថា តើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនឹងត្រឡប់មកវិញឬយ៉ាងណា ព្រោះប្រជាពលរដ្ឋឥឡូវនេះខ្លាចការចាប់ខ្លួនណាស់។

អ្នកស្រីបាននិយាយថា “យើងបានផ្អាកមួយរយៈ…ខ្ញុំមិនដឹងថា ពេលណាប្រជាពលរដ្ឋឈប់ខ្លាចទេ”។អ្នកស្រីបានបន្តថា “គេបានចាប់ខ្លួនសកម្មជន ហើយកោះហៅតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។ គេធ្វើឲ្យយើងខ្លាច។ គេប្រើអំណាចតុលាការដើម្បីចាប់ប្រជាពលរដ្ឋដាក់ឃុំ”។

អ្នកស្រី បូវ សោភា បានលើកឡើងទៀតថា សកម្មជននឹងបន្តបង្ហោះរូបនៅលើបណ្តាញ ទំនាក់ទំនងសង្គមបន្តទៀត ហើយដាក់ញាត្តិជូនសហគមន៍អន្តរជាតិ និងប្រទេសម្ចាស់ជំនួយ។

ជិតមួយឆ្នាំមកហើយចាប់តាំងពីមានការការតវ៉ាថ្ងៃច័ន្ទពណ៌ខ្មៅជាលើកដំបូងមក ប៉ុន្តែ នៅតែមិនទាន់ដឹងថាតើ យុទ្ធនាការនេះជោគ ជ័យ ឬបរាជ័យនៅឡើយទេ។

អ្នកស្រី បូវ សោភា មិនសូវមានសុទិដ្ឋិនិយមចំពោះលទ្ធផលដែលទទួលបានពីការធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះឡើយ។

អ្នកស្រីបាននិយាយថា “យើងបានធ្វើយុទ្ធនាការនេះមួយឆ្នាំមកហើយ ប៉ុន្តែ គ្មានលទ្ធផលទេ។ យើងគ្មានសង្ឃឹមទេ យើងត្រូវតែស្វែងរកយុទ្ធសាស្ត្រថ្មី”។ អ្នកស្រីបានបន្ថែម ទៀតថា “មិនច្បាស់ថា នឹងមានយុទ្ធសាស្ត្រថ្មីយ៉ាងម៉េចទេ។ យើងត្រូវការការគាំទ្រពីប្រជាពលរដ្ឋ”៕ សុខុម និងស៊ុយឈាង (រាយការណ៍បន្ថែមដោយ ឆន ចាន់ស៊ី និង Michael Dickison)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស