កម្មករកម្មការិនីប្រមាណ២.០០០នាក់ដែលប្រារព្ធទិវាពលកម្មអន្តរជាតិនៅកណ្ដាលរាជធានីភ្នំពេញ កាលពីម្សិលមិញ ដើម្បីទាមទារលក្ខខណ្ឌជាច្រើនចំណុចដែលរួមមានទាំងការដំឡើងប្រាក់ខែគោល និងការបញ្ចប់ការរារាំងមិនឱ្យបង្កើតសហជីពផងនោះ បានពើបប្រទះនឹងរបាំងបិទផ្លូវ ព្រមទាំងនគរបាលបង្ក្រាបកុបកម្មដែលបានរាំងពួកគាត់មិនឱ្យហែក្បួនទៅកាន់រដ្ឋសភា។
ដំបូងឡើយសហជីពដែលរៀបចំព្រឹត្តិការណ៍នេះមានគម្រោងចាប់ផ្ដើមការហែក្បួនរបស់ខ្លួននៅចម្ងាយប៉ុន្មានគីឡូម៉ែត្រនៅចំណុចក្បែរវត្តភ្នំ ផ្គើនសាលារាជធានី ដែលបានប្រាប់ឱ្យសហជីពទាំងនេះលុបចោលការហែក្បួនដោយសារតែវាអាចបង្កឱ្យមានការកកស្ទះចរាចរណ៍។ នគរបាល និងសន្តិសុខខណ្ឌរាប់សិបនាក់បានប្រមូលផ្ដុំគ្នានៅពេលព្រឹកក្បែរវត្តភ្នំ និងនៅតាមបណ្ដោយដងទន្លេក្បែរក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីត្រៀមបញ្ឈប់ដំណើរពួកគាត់។

ទោះជាយ៉ាងណា ដូចដែលពួកគាត់បានធ្វើកាលពីឆ្នាំមុនដែរ គឺសហជីពទាំងនេះបានប្រមូលផ្ដុំសមាជិក និងអ្នកគាំទ្ររបស់ខ្លួនដោយស្ងាត់ៗនៅខាងក្រៅស្ថានទូតរុស្ស៊ី ដែលធ្វើឱ្យពួកគាត់ស្ថិតកាន់តែជិតរដ្ឋសភា។ ពួកគាត់ក៏បានពើបប្រទះនឹងនគរបាលបង្ក្រាបកុបកម្ម និងសន្តិសុខរាប់សិបនាក់បន្ថែមទៀតនៅទីនោះ ដែលបានបិទផ្លូវថ្មីរបស់ពួកគាត់ និងបញ្ជាឱ្យពួកគាត់បំបែកគ្នា។
បន្ទាប់ពីប្រឈមតតាំងដាក់គ្នារយៈពេល២ម៉ោងចាប់ពីម៉ោងប្រហែល៨ព្រឹកទៅ នគរបាលបង្ក្រាបកុបកម្មបានរៀបចំក្បួនហាក់ត្រៀមបំបែកក្រុមអ្នកហែក្បួនដែលលើកបដាច្រូងច្រាងទាមទារសិទ្ធិការងារចាប់ពីប្រាក់ខែសមរម្យរហូតដល់ការឧបត្ថម្ភសម្រាប់ស្ត្រីមានផ្ទៃពោះ។ ប៉ុន្តែបន្ទាប់ពីការចរចាគ្នារវាងភាគីទាំងពីរ នគរបាលបានដកថយ ហើយបានអនុញ្ញាតឱ្យក្រុមនេះហែក្បួនប៉ុន្មានរយម៉ែត្រទៀតឆ្ពោះទៅស្ថានទូតអូស្ត្រាលី ជាប់រដ្ឋសភា ហើយពួកគាត់ក៏ត្រូវបានឃាត់ឱ្យឈប់នៅទីនោះ។
លោក អាត់ ធន់ ដែលជាប្រធានសហជីពបាននិយាយទៅកាន់ក្រុមអ្នកចូលរួមហែក្បួនពីលើរថយន្តថា “យើងមិនចង់ប្រឈមជាមួយអាជ្ញាធរទេ ប៉ុន្តែវាជាសិទ្ធិមួយដែលមានចែងនៅក្នុងច្បាប់”។ លោកថ្លែងទៀតថា “យើងចង់ផ្ញើសារអំពីទុក្ខលំបាក ការអនុវត្តមិនត្រឹមត្រូវដែលខ្វះចន្លោះរបស់រដ្ឋាភិបាល ដើម្បីជួយបំពេញបន្ថែមឱ្យកម្មកររបស់យើងមានសិទ្ធិសេរីភាពពេញលេញ ប្រាក់ឈ្នួលសមរម្យ និងលក្ខខណ្ឌការងារល្អប្រសើរ”។
ញត្តិទាមទារ១៩ចំណុចនេះរួមមាន៖ ការដំឡើងប្រាក់ខែគោលសម្រាប់កម្មកររោងចក្រកាត់ដេរពី១៥៣ដុល្លារដល់២០៧ដុល្លារ ដំឡើងប្រាក់ខែគោល២៥០ដុល្លារសម្រាប់មន្ត្រីរាជការ ដកការចោទប្រកាន់លើប្រធានសហជីពមួយចំនួនរួមទាំងលោក អាត់ ធន់ ផងទាក់ទិនការតវ៉ារបស់កម្មកររោងចក្រកាត់ដេរដែលបានផ្ទុះអំពើហិង្សាកាលពីខែមករា ឆ្នាំ២០១៤ និងការដោះលែងមន្ត្រីសិទ្ធិមនុស្សទាំងបច្ចុប្បន្ន និងអតីតចំនួនប្រាំរួបដែលត្រូវបានចាប់ខ្លួនកាលពី១ឆ្នាំមុនក្នុងសំណុំរឿងសូកបា៉ន់មួយដែលមជ្ឈដ្ឋានទូទៅចាត់ទុកថាជារឿងនយោបាយ។

ការទាមទាររបស់ពួកគាត់ក៏ផ្ដោតលើការធ្វើវិសោធនកម្មច្បាប់សហជីពកម្មករដ៏ចម្រូងចម្រាសដែលសហជីពខ្លះនិយាយថាធ្វើឱ្យកាន់តែពិបាកក្នុងការតវ៉ា បង្កើតសាខាសហជីព និងតំណាងកម្មករចាប់តាំងពីចូលជាធរមានកាលពី១ឆ្នាំមុន។ អង្គការពលកម្មអន្តរជាតិ (ILO)ដែលបានពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលលើសេចក្តីព្រាងមួយចំនួនលើកឡើងថា ច្បាប់នេះមិនបានចែងអំពីកាតព្វកិច្ចរបស់កម្ពុជា ក្រោមអនុសញ្ញាអន្តរជាតិដែលខ្លួនបានចុះហត្ថលេខាទទួលស្គាល់នោះទេ។
ច្បាប់ថ្មីដែលរារាំងពួកគាត់មិនឲ្យតំណាងកម្មករមានជម្លោះការងារដែលមិនមែនជាសមាជិករបស់ខ្លួន ក៏ស្ថិតក្នុងចំណោមការតវ៉ាសំខាន់ៗរបស់សហជីពទាំងនេះដែរ។
លោក អាត់ ធន់ ប្រធានសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ ស៊ីខៅឌូ បានមានប្រសាសន៍ថា “ឥឡូវសហជីពលែងតំណាងកម្មករទៀតហើយ បើរោងចក្រហ្នឹងគ្មានសហជីព”។ លោកបានបន្តថា “បើយើងជាសហជីពគ្មានសិទ្ធិតំណាងឱ្យកម្មករ តើកម្មករសង្ឃឹមលើអ្វី?”។
ច្បាប់នេះក៏ធ្វើឱ្យកម្មករកាន់តែពិបាកធ្វើកូដកម្មដែរ ដោយសារវាតម្រូវឱ្យមានការយល់ព្រមពីកម្មករភាគច្រើននៅតាមរោងចក្រសហគ្រាសទាំងនោះ។
កម្មការិនីម្នាក់ឈ្មោះ គីម អ័ន មកពីខេត្តកណ្ដាលនិយាយថា នៅពេលគាត់ និងមិត្តរួមការងារព្យាយាមធ្វើកូដកម្មដើម្បីតវ៉ាប្រឆាំងការប៉ុនប៉ងរបស់រោងចក្រដើម្បីបញ្ឈប់ប្រធានសហជីពរបស់ពួកគាត់ពីការងារ អ្នកគ្រប់គ្រងរោងចក្របានគំរាមបញ្ឈប់ការងារពួកគាត់។
អ្នកស្រីបានចោទជាសំណួរថា “យើងមកទីនេះដើម្បីទាមទារសិទ្ធិរបស់យើង ប៉ុន្តែមើលពួកគេធ្វើដាក់យើងចុះ? ពួកគេដាក់សម្ពាធលើពួកយើង ពួកគេរំលោភសិទ្ធិរបស់យើង ប៉ុន្តែនៅពេលយើងព្យាយាមតវ៉ា ពួកគេគំរាមបញ្ចប់កិច្ចសន្យាការងាររបស់យើង។ ចាប់តាំងពីអនុម័តច្បាប់សហជីពមក សិទ្ធិរបស់យើងកាន់តែតិចទៅៗ”។
កម្មការិនីម្នាក់ទៀតឈ្មោះ សុខ សោភ័ណ្ឌ និយាយថា ចំណាត់ការរបស់រដ្ឋាភិបាលលើទិវាពលកម្ម គឺជាសញ្ញាមិនល្អដែលបង្ហាញថា រដ្ឋាភិបាលមិនគោរពច្បាប់របស់ពួកគាត់។
ច្បាប់ចែងថា នៅពេលអាជ្ញាធរច្រានចោលគម្រោងរៀបចំព្រឹត្តិការណ៍សាធារណៈ ពួកគាត់នឹងត្រូវជួបជាមួយអ្នករៀបចំព្រិត្តិការណ៍នោះដើម្បីពិភាក្សាអំពីជម្រើសនានា។ នៅក្នុងការរារាំងការហែក្បួននេះ សាលារាជធានីគ្រាន់តែប្រាប់សហជីពទាំងនេះឱ្យដាក់គម្រោងរបស់ខ្លួនមកកាន់ការិយាល័យរបស់ពួកគេប៉ុណ្ណោះ។
ទោះបីជាកម្មករមិនបានទៅដល់ទ្វារមុខនៃរដ្ឋសភាក្ដី ក៏លោកស្រី ឡោក ខេង តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈកម្មការមួយនៃរដ្ឋសភាទទួលបន្ទុកគាំទ្រសិទ្ធិមនុស្ស និងទទួលពាក្យបណ្ដឹង បានចេញមកខាងក្រៅដើម្បីជួបជាមួយពួកគាត់ និងទទួលយកញត្តិ។ លោកស្រីមានប្រសាសន៍ថា លោកស្រីចង់ឱ្យញត្តិនេះបញ្ជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នកស្រី សុខ សោភ័ណ្ឌ និយាយថា “យើងមានពេលតែមួយថ្ងៃប៉ុណ្ណោះដើម្បីបញ្ចេញមតិ ប៉ុន្តែគេបែរជារារាំងយើង”៕ សុខុម