32.9 C
Phnom Penh

លោក ជុន ច័ន្ទបុត្រ អ្នកយកព័ត៌មាន​ RFA ទៅ​ដល់​​​អាមេរិក​វិញហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីម្នាក់ដែលត្រូវបានកោះហៅឱ្យទៅបង្ហាញខ្លួននៅតុលាការនៅថ្ងៃនេះជុំវិញការចោទប្រកាន់ដែលថា គាត់បានលាក់បាំងអត្តសញ្ញាណអំឡុងការចុះទៅសួរសុខទុក្ខអ្នកទោសនៅពន្ធនាគារកាលពីខែមុននោះ បានធ្វើដំណើរទៅដល់ទីក្រុងវ៉ាស៊ីនតោនវិញហើយ ហើយនឹងមិនត្រឡប់មកប្រទេសកម្ពុជាវិញទេ នេះបើតាមការលើកឡើងរបស់វិទ្យុអាស៊ីសេរីកាលពីម្សិលមិញ។

វិទ្យុដែលផ្ដល់មូលនិធិដោយសហរដ្ឋអាមេរិកនេះបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ដែលបានផ្ញើតាមអុីម៉េលថា លោក ហួត ឃីនវុទ្ធី អនុប្រធានវិទ្យុអាស៊ីសេរីប្រចាំប្រទេសកម្ពុជា ”នឹងមិនត្រឡប់មកប្រទេសកម្ពុជាវិញទេបន្ទាប់ពីធ្វើដំណើរទៅទីក្រុងបាងកកកាលពីចុងសប្ដាហ៍តាមសំណើរបស់ថ្នាក់ដឹកនាំវិទ្យុអាស៊ីសេរី”។

លោក ហួត ឃីនវុទ្ធី បានចាកចេញពីប្រទេសកម្ពុជាកាលពីថ្ងៃសុក្រទៅកាន់ប្រទេសថៃមុនពេលទៅដល់សហរដ្ឋអាមេរិកកាលពីព្រឹកថ្ងៃអាទិត្យ។

សេចក្ដីថ្លែងការណ៍របស់វិទ្យុអាស៊ីសេរីបានលើកឡើងថា ”វាបង្ហាញកាន់តែច្បាស់ថា អាជ្ញាធរបានធ្វើឱ្យរឿងរបស់គាត់ទៅជារឿងនយោបាយដោយមានបំណងបង្វែរការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋកម្ពុជា” នៅមុនការបោះឆ្នោតឃុំ សង្កាត់ នៅខែមិថុនា។

វិទ្យុអាស៊ីសេរីក៏បានលើកឡើងអំពីសុវត្ថិភាពរបស់បុគ្គលិកខ្លួនក្នុងប្រទេសកម្ពុជាថាមានភាពមិនប្រាកដប្រជាផងដែរ ហើយមិនមានការធានាថានីតិរដ្ឋនឹងត្រូវបានអនុវត្តត្រឹមត្រូវឡើយ ជាការអះអាងដែលក្រុមមន្ត្រីបានបដិសេធ។

លោក ហួត ឃីនវុទ្ធី ដែលគេស្គាល់ច្បាស់តាមរយៈការផ្សព្វផ្សាយតាមរលកធាតុអាកាសថា ជុន ច័ន្ទបុត្រ នោះត្រូវបានចោទថា លាក់បាំងអត្តសញ្ញាណរបស់ខ្លួន ជាការចោទប្រកាន់ដែលប្រឈមការជាប់ពន្ធនាគាររហូតដល់២ឆ្នាំ ដោយសាររងការចោទថាគាត់ភូតកុហកថាជាជំនួយការគណបក្សសង្គ្រោះជាតិនៅពេលចុះវត្តមាននៅពន្ធនាគារព្រៃស។

វិទ្យុអាស៊ីសេរីបានលើកឡើងកាលពីម្សិលមិញថា ”គាត់មិនបានប្រព្រឹត្តបទល្មើសណាមួយឡើយ” ហើយក៏មិនបានភូតកុហកអ្វីដែរពេលគាត់ចុះវត្តមានដើម្បីបានចូលទៅក្នុងពន្ធនាគារជាមួយប្រតិភូគណបក្សប្រឆាំង ពេលទៅសួរសុខទុក្ខមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ១៦រូបដែលជាប់ពន្ធនាគារ កាលពីថ្ងៃទី១៩ ខែមេសានោះ។

ក្រុមនេះរួមមានលោក ឡុង រី និងលោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលបានបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញសម្រាប់ការសាកសួរកាលពីសប្ដាហ៍មុន។

កាលពីម្សិលមិញ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានចោទលោក

ហួត ឃីនវុទ្ធី ថា “ជាឆ្កែបម្រើឱ្យប្រធានវិទ្យុអាស៊ីសេរីតាំងពីដើមរៀងមក…ព្រោះវាស្ដាប់បញ្ជាគេ” ឱ្យចាកចេញពីប្រទេសនេះ។

ឧត្ដមសេនីយ៍ ខៀវ សុភ័គ មានប្រសាសន៍ថា “បញ្ជាក់ឱ្យឃើញថា វិទ្យុអាស៊ីសេរីតាំងពីដើមរៀងមក ជាវិទ្យុមិនអព្យាក្រឹត ជាវិទ្យុដែលមានបំណងផ្ដួលរំលំរាជរដ្ឋាភិបាលដែលបោះឆ្នោតដោយប្រជាពលរដ្ឋកម្ពុជា”។

លោកបានថ្លែងថា អាជ្ញាធរនឹងចាត់វិធានការលើអ្នកសារព័ត៌មានរូបនេះប្រសិនបើគាត់មិនមកបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញទេនោះ ប៉ុន្តែលោកបានបដិសេធមិននិយាយលម្អិតឡើយ។

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា តុលាការនឹងបន្តស៊ើបអង្កេតមិនថាលោក ហួត ឃីនវុទ្ធី បង្ហាញខ្លួននៅតុលាការឬក៏អត់ឡើយ។

លោក ហួត ឃីនវុទ្ធី លើកឡើងតាមរយៈសារមួយបង្ហោះតាមហ្វេសប៊ុកកាលពីល្ងាចម្សិលមិញថា លោកតែងតែស្រមៃចង់ក្លាយជាអ្នកកាសែត និងនិយាយប្រាប់ការពិត។

លោកមានប្រសាសន៍ថា ”ខ្ញុំតែងខំនឹងរកវិធីយ៉ាងណានិយាយឱ្យអ្នកស្ដាប់ងាយស្ដាប់ ហើយអ្វីដែលអ្នកស្ដាប់ចូលចិត្តស្ដាប់ជាងគេនោះគឺការនិយាយការពិត”៕ សារុន

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស