មន្ត្រីម្នាក់បាននិយាយកាលពីម្សិលមិញថា នគរបាលរឹបអូសបានថ្នាំញៀនមេតំហ្វេតា មីនទម្ងន់ជាង១៦គីឡូក្រាមពីផ្ទះសំណាក់មួយក្បែរច្រកព្រំដែនក្រុងបាវិត ខេត្តស្វាយរៀងបម្រុងជួញដូរទៅប្រទេសវៀតណាម។
លោក កែវ គង់ អធិការនគរបាលក្រុងបានមានប្រសាសន៍ថា ដោយទទួលបានព័ត៌មានពីអាជ្ញាធរព្រំដែនវៀតណាមអំពីផែនការជួញដូរថ្នាំញៀនឆ្លងដែន មន្ត្រីនគរបាលក្រុងបាវិតជាង២០នាក់បានឆ្មក់ចូលផ្ទះសំណាក់ ថៃ អាន ស្ថិតក្នុងក្រុងនេះកាលពីថ្ងៃអាទិត្យ។
លោក កែវ គង់ បានថ្លែងថា កាលពីព្រឹកថ្ងៃ អាទិត្យ អាជ្ញាធរវៀតណាមបានចាប់ខ្លួនជនជាតិវៀតណាមពីរនាក់ឈ្មោះ ង្វៀន មិញទៀន អាយុ១៩ឆ្នាំ និង ផាម វ៉ាន់ធួន អាយុ២៤ឆ្នាំ ហើយបានព្រមានមន្ត្រីព្រំដែនដែលអាចមានទំនាក់ទំនងជាមួយជនល្មើសនៅកម្ពុជា។
ក្រោយមក អត្តសញ្ញាណប័ណ្ណរបស់ពួកគេត្រូវបានរកឃើញនៅក្នុងផ្ទះសំណាក់នេះក្នុងប្រទេសកម្ពុជាដោយនគរបាលក្រុងបាវិតជាមួយថ្នាំញៀនមួយចំនួនធំទៀតផង។
លោក កែវ គង់ បានមានប្រសាសន៍ថា ជនសង្ស័យទី៣ ដែលក៏ជាជនជាតិវៀតណាមដែរនោះ ត្រូវបានចាប់ខ្លួនចម្ងាយប្រហែល៥០០ម៉ែត្រពីផ្ទះសំណាក់នេះ បន្ទាប់ពីម្ចាស់ផ្ទះសំណាក់បានប្រាប់អាជ្ញាធរថា ភ្ញៀវម្នាក់ក្នុងចំណោមភ្ញៀវស្នាក់នៅបន្ទប់នេះទើបតែបានចាកចេញប៉ុណ្ណោះ។
លោកអធិការមិនបានបង្ហាញឈ្មោះជនសង្ស័យដែលចាប់ខ្លួនបានក្នុងប្រទេសកម្ពុជាឡើយ។លោកបានថ្លែងថា “យើងរឹបអូសបានថ្នាំញៀនមេតំហ្វេតាមីនទម្ងន់ជាង១៦គីឡូក្រាម។យើងនឹងបញ្ជូនវាទៅអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយឥឡូវនេះ នគរបាលខេត្តកំពុងសាកសួរជនសង្ស័យនេះនៅឡើយ”។
លោក កែវ គង់ បានមានប្រសាសន៍ថា ជនសង្ស័យដែលចាប់ខ្លួនបានក្នុងក្រុងបាវិតនេះ នឹងត្រូវសាកសួរដោយនគរបាលកម្ពុជាចំណែកអាជ្ញាធរវៀតណាម នឹងចាត់ការរឿង ង្វៀន មិញទៀន និង ផាម វ៉ាន់ធួន នៅខាងទឹកដីរបស់គេ។
លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ថា ករណីនេះតម្រូវឱ្យមានការស៊ើបអង្កេតដើម្បីស្វែងយល់ពីទំហំនៃក្រុមជួញដូរគ្រឿងញៀនជាប់សង្ស័យនេះដែលទើបតែបានរកឃើញនេះ។
លោកបានមានប្រសាសន៍ថា “លើកនេះគឺជារឿងធំ ហើយមួយវិញទៀត យើងមិនដឹងថា តើពីមុនពួកគេបានជួួញដូរក្នុងចំនួនប៉ុន្មានឡើយ”។
លោក មាស វិរិទ្ធ បានលើកឡើងថា ការចាប់ខ្លួននៅ ក្រុងបាវិតកើតមានទៅបានដោយសារកិច្ចព្រមព្រៀងផ្តល់ព័ត៌មានពាក់ព័ន្ធបទល្មើសថ្នាំញៀនឆ្លងព្រំដែនឲ្យគ្នាទៅវិញទៅមករវាងកម្ពុជា និងវៀតណាម។
លោកបានថ្លែងថា “យើងមានការសហការ គ្នា។ ជួនកាលគេរាយការណ៍ពី [បទល្មើសថ្នាំញៀន] ប្រាប់យើង ឬជួនកាលយើងរាយការណ៍ប្រាប់គេ”។
ប្រទេសទាំងពីបានចុះអនុស្សរណៈនៃការយោគយល់ស្តីពីការពង្រឹងបទល្មើសគ្រឿងញៀនឆ្លងដែនក្នុងរាជធានីភ្នំពេញកាលពីចុងខែមុនបន្ទាប់ពីមន្ត្រីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានទៅទស្សនកិច្ចក្រុងហាណូយដើម្បីស្វែងរកមថវិកាផ្តល់ដល់មណ្ឌលបន្សាបគ្រឿងញៀនក្នុងក្រុងព្រះសីហនុ៕សារុន