29 C
Phnom Penh

ចំនួន​អ្នក​សង្កេតការណ៍​​កើន​ឡើង​ខ្លាំង​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មនុស្សជាង២០.០០០នាក់បានចុះឈ្មោះធ្វើជាអ្នកសង្កេតការណ៍ឯករាជ្យសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ ក្នុងពេលខ្លីខាងមុខ ដោយនៅសល់តែ៣សប្ដាហ៍ទៀតប៉ុណ្ណោះនឹងដល់ថ្ងៃផុតកំណត់ចុះឈ្មោះ ហើយតួលេខនេះគឺច្រើនជាងដាច់ បើប្រៀបធៀបទៅនឹង៥ឆ្នាំមុន។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដែលនឹងដំណើរការការបោះឆ្នោតនៅថ្ងៃទី៤ ខែមិថុនាខាងមុខនេះមានប្រសាសន៍ថា អ្នកសង្កេតការណ៍ឯករាជ្យជាង២០.៥៤០នាក់បានចុះឈ្មោះដើម្បីសង្កេតការណ៍នៅតាមការិយាល័យបោះឆ្នោតចំនួន២២.០០០ការិយាល័យចាប់តាំងពីពាក់កណ្ដាលខែកុម្ភៈមក។ ក្នុងនោះប្រហែល១០០នាក់មកពីបរទេស ដែលភាគច្រើនមកពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។

លោកបានថ្លែងថា ”អ្នកសង្កេតការណ៍បោះឆ្នោតគឺជាសាក្សីដ៏សំខាន់នៃដំណើរការបោះឆ្នោត ពីព្រោះពួកគាត់ឯករាជ្យ ដូច្នេះពួកគាត់អព្យាក្រឹតពីគណបក្សនយោបាយ ព្រមទាំងគ.ជ.ប.ផងដែរ”។

លោកគូសបញ្ជាក់ថា អ្នកសង្កេតការណ៍ត្រូវបានអនុញ្ញាតឱ្យឃ្លាំមើលដំណើរការបោះឆ្នោតនៅក្នុងថ្ងៃបោះឆ្នោត ប៉ុន្តែមិនអាចអន្តរាគមន៍បានទេ ប្រសិនបើពួកគាត់ប្រទះឃើញភាពមិនប្រក្រតីណាមួយដែលអាចកើតមាន។

លោកបានមានប្រសាសន៍ទៀតថា “វាមានន័យថា ពួកគាត់មិនអាចធ្វើពាក្យបណ្ដឹង ឬធ្វើការតវ៉ាបានទេ ប្រសិនបើពួកគាត់មើលឃើញអ្វីមួយ ប៉ុន្តែពួកគាត់អាចរាយការណ៍បានតាមក្រោយ ហើយរៀបរាប់ពីអ្វីដែលបានកើតឡើងនៅការិយាល័យបោះឆ្នោតនេះ ឬការិយាល័យបោះឆ្នោតនោះ”។

ដោយសល់តែរយៈពេល៣សប្ដាហ៍ទៀតនឹងដល់ថ្ងៃផុតកំណត់ចុះឈ្មោះគឺនៅថ្ងៃទី២៤ ខែឧសភា ចំនួនអ្នកសង្កេតការណ៍បានកើនឡើងខ្លាំងរួចទៅហើយបើធៀបទៅនឹងចំនួនអ្នកសង្កេតការណ៍នៅឆ្នាំ២០១២ ដែលពេលនោះអ្នកចុះឈ្មោះសង្កេតការណ៍មានមិនដល់១៥.០០០នាក់ផងទេ។

លោក ហង្ស ពុទ្ធា លើកឡើងថា ការកើនឡើងនេះប្រហែលជាឆ្លុះបញ្ចាំងពីការជឿទុកចិត្តកាន់តែខ្លាំងឡើងមកលើ គ.ជ.ប. ដែលបានធ្វើកំណែទម្រង់ជាច្រើនកាលពីឆ្នាំ២០១៤ ក្នុងបំណងកាត់បន្ថយផលប៉ះពាល់ដោយសារតែអ្វីដែលមជ្ឈដ្ឋានជាច្រើនយល់ថា គណបក្សប្រជាជនកម្ពុជាកាន់អំណាចជះឥទ្ធិពលមិនត្រឹមត្រូវមកលើដំណើរការបោះឆ្នោត។

លោកបានបន្តថា “ខ្ញុំយល់ថា ដោយសារតែពួកគាត់ចង់ធ្វើការជាមួយ គ.ជ.ប. ដោយសារតែពួកគាត់មានទំនុកចិត្តមកលើ គ.ជ.ប.។ ទី២ពួកគាត់មួយចំនួនប្រហែលជាចង់ប្រឡូកនយោបាយនៅពេលក្រោយ” ហើយក៏មកធ្វើជាអ្នកសង្កេតការណ៍ដើម្បីទទួលបានបទពិសោធន៍។

អ្នកសង្កេតការណ៍ទាំងនេះដាច់ដោយឡែកពីភ្នាក់ងារគណបក្សនយោបាយ និងគណបក្សនយោបាយខ្លួនឯងដែលចុះឈ្មោះឃ្លាំមើលការបោះឆ្នោត។ វិធានរបស់ គ.ជ.ប. អនុញ្ញាតឱ្យគណបក្សនយោបាយនីមួយៗចុះឈ្មោះភ្នាក់ងារម្នាក់នៅក្នុងការិយាល័យបោះឆ្នោតនីមួយៗ និងភ្នាក់ងារបម្រុងម្នាក់ទៀត។

គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិដែលជាគូប្រជែងដ៏សំខាន់របស់គណបក្សកាន់អំណាចនៅក្នុងការបោះឆ្នោតនេះ សុទ្ធតែបានប្រកាសគម្រោងចុះឈ្មោះភ្នាក់ងាររបស់ខ្លួននៅការិយាល័យបោះឆ្នោតស្ទើរតែទាំងអស់។

នេះគឺជាការបោះឆ្នោតឃុំ សង្កាត់ លើកទី១ដែលមានការចួលរួមប្រកួតប្រជែងពីគណបក្សសង្គ្រោះជាតិ ដែលបានប្រសូតចេញពីការច្របាច់បញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សកាលពីពាក់កណ្ដាលឆ្នាំ២០១២៕ សុខុម

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស