មួយថ្ងៃមុនទិវាសេរីភាពសារព័ត៌មានពិភពលោក កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាចាប់ខ្លួនអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីម្នាក់ក្រោយពីលោកមិនបានបង្ហាញខ្លួនតាមការកោះហៅរបស់តុលាការពាក់ព័ន្ធការចុះទៅសួរសុខទុក្ខអ្នកទោសនៅពន្ធនាគារជាមួយអ្នកនយោបាយគណបក្សប្រឆាំង។
លោក ហួត វុទ្ធី អាយុ៥៤ឆ្នាំដែលមានឈ្មោះថា ហួត ឃីនវុទ្ធី នៅក្នុងឯកសារតុលាការ និងនៅក្នុងលិខិតឆ្លងដែនអាមេរិករបស់លោកផងដែរនោះ ត្រូវបានចោទថា ប្រាប់ពីមុខងារមិនត្រឹមត្រូវអំឡុងចុះទៅពន្ធនាគារកាលពីខែមុន ។
វិទ្យុអាស៊ីសេរីបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃច័ន្ទថា លោក ហួត វុទ្ធី អនុប្រធានវិទ្យុអាស៊ីសេរីប្រចាំប្រទេសកម្ពុជាបានចាកចេញពីប្រទេសនេះកាលពីថ្ងៃសុក្រ ហើយបានត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ដោយបារម្ភអំពីសុវត្ថិភាពរបស់ខ្លួនចំពេលមានការបារម្ភថា ច្បាប់នេះនឹងមិនត្រូវបានអនុវត្តត្រឹមត្រូវក្នុងករណីរបស់លោក។
លោកត្រូវបានចោទថា លាក់អត្តសញ្ញាណ ជាការចោទប្រកាន់ដែលប្រឈមការជាប់ពន្ធនាគាររហូតដល់ពីរឆ្នាំចំពោះការចោទ ថា លោកបានចុះវត្តមាននៅពន្ធនាគារព្រៃសថា ជា”ជំនួយការ” គណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៩ខែមេសា ជាការអះអាងដែលលោកបានបដិសេធនៅក្នុងការផ្តល់សក្ខីកម្មដល់តុលាការតាមរយៈមេធាវីរបស់លោកកាលពីម្សិលមិញ។
លោក ហួត វុទ្ធី បានមានប្រសាសន៍ថា “ចំពោះការចូលទៅក្នុងពន្ធនាគារនោះទៀតសោតគឺចូលទៅជាមួយនឹងក្រុមតំណាងរាស្ត្រដោយបើកចំហ ដោយគ្រាន់តែអង្គុយស្តាប់គេតែប៉ុណ្ណោះ មិនបានដើរពិនិត្យ ឬសម្ភាសសួរមនុស្សណាទេ”។
ជាថ្មីម្តងទៀត លោកបានបដិសេធថាមិនបានព្យាយាមបន្លំខ្លួនដើម្បីបានចូលទៅក្នុងពន្ធនាគារឡើយ ដោយលើកឡើងថា លោកមិនបានសរសេរអំពីតួនាទីការងាររបស់លោកនៅក្នុងបញ្ជីវត្តមានពន្ធនាគារឡើយ។ លោកបានអះអាងថា លោកបានទុកចន្លោះកន្លែងនោះឲ្យនៅទំនេរ។
លោក ហួត វុទ្ធី ដែលគេស្គាល់តាមរយៈការផ្សាយតាមរលកធាតុអាកាសថា ជុន ច័ន្ទបុត្រ នោះ បាននិយាយនៅក្នុងសក្ខីកម្មដែលបានផ្តល់ឱ្យថា “ប្រសិនបើមិនជឿ គឺអាចធ្វើកោសល្យវិច័យបាន”។
រូបថតមួយសន្លឹកដែលបានផ្សព្វផ្សាយតាមប្រព័ន្ធអីុនធឺណិត បង្ហាញឈ្មោះលោក ហួត វុទ្ធី ដែលសរសេរជាប់នឹងមុខងារ “ជំនួយការ” ជាមួយឈ្មោះតំណាងរាស្ត្រជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ គឺលោក ឡុង រី និងអ្នកស្រី មូរ សុខហួរ និងមនុស្សពីរនាក់ទៀតដែលក៏បានសរសេរថាជាជំនួយការផងដែរ។
លោកស្រី មូរ សុខហួរ បានមានប្រសាសន៍ កាលពីម្សិលមិញថា អ្នកសារព័ត៌មានរូបនេះបានអះអាងតាំងពីដំបូងមកថា “គាត់បានសរសេរចូលមែន ប៉ុន្តែ មិនបានសរសេរថា ជាជំនួយការឡើយ”។
នៅពេលសួរថា តើគណៈប្រតិភូគណបក្សសង្គ្រោះជាតិដែលទទួលបានការអនុញ្ញាតឲ្យទៅសួរសុខទុក្ខមន្ត្រី និងសកម្មជនគណបក្សប្រឆាំង១៦រូបដែលជាប់ពន្ធនាគារ បានព្យាយាមជួយលោក ហួត វុទ្ធី ឲ្យបានចូលទៅក្នុងពន្ធនាគារដោយមិនឱ្យសន្តិសុខចាប់អារម្មណ៍នោះ លោកស្រី មូរ សុខហួរ បានមានប្រសាសន៍ថា មិនមានមការជួយទេ។
លោកស្រីបានមានប្រសាសន៍ថា “យើងមិនបានជួយទេ។ លោក ហួត វុទ្ធី “បាននិយាយថា លោកទទួលបានការអនុញ្ញាតឲ្យចូលទៅជាមួយយើង”។
យោងតាមការផ្តល់សក្ខីកម្មរបស់លោក ហួត វុទ្ធី លោកបានទាក់ទងមកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៨ខែមេសា មួយថ្ងៃមុនពេលចុះទៅសួរសុខទុក្ខអ្នកទោសនៅពន្ធនាគារ សុំទៅជាមួយពួកគាត់ “ដើម្បីពិនិត្យស្ថានភាពអ្នកជាប់ឃុំដែលពាក់ព័ន្ធរឿងនយោបាយ”។
មុនពេលក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិមកដល់នៅថ្ងៃទី១៩មេសា លោក ហួត វុទ្ធី និយាយថា លោកបានសម្រេចចិត្តទៅសួរសុខទុក្ខលោក គឹម សុខ អ្នកអត្ថាធិប្បាយនយោបាយដែលជាប់ពន្ធនាគារ។លោកបានថ្លែងថា លោកបានប្រាប់សន្តិសុខថា លោកបម្រើការនៅវិទ្យុអាស៊ីសេរី នៅពេលលោកព្យាយាមឆ្លងកាត់កន្លែងត្រួតពិនិត្យទី២ក្នុងពន្ធនាគារនេះ។
ដោយសំដៅដល់កម្មវិធីវិទ្យុរបស់លោក លោកបានថ្លែងថា “ខ្ញុំក៏ឆ្លើយតាមត្រង់ថា គ្រាន់តែស្គាល់គ្នាតាមរយៈដែលគាត់ធ្លាប់ ចូល សម្ភាសជាមួយខ្ញុំលើវេទិកាវិទ្យុអាស៊ីសេរី”។ លោកមិនត្រូវបានអនុញ្ញាតឱ្យទៅសួរសុខទុក្ខលោក គឹម សុខ ទេ។
យោងតាមការផ្តល់សក្ខីកម្មបានឲ្យដឹងថា នៅពេលគណៈប្រតិភូគណបក្សសង្គ្រោះជាតិមកដល់ លោកបានដើរតាមពួកគេចូលទៅក្នុងពន្ធនាគារដោយមិនមានការសួរនាំអ្វីឡើយ។
សាលាដំបូងរាជធានីភ្នំពេញបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញថា លោក ហួត វុទ្ធី បានជូនដំណឹងដល់តុលាការកាលពីថ្ងៃទី២៨ខែមេសាថា លោកមានគម្រោងធ្វើដំណើរទៅប្រទេសថៃ ហើយត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី១ខែឧសភា មួយថ្ងៃមុនពេលលោកត្រូវបានកំណត់ឱ្យបង្ហាញខ្លួននៅតុលាការ។
សេចក្តីថ្លែងការណ៍ដដែលនេះបន្តថា “នៅថ្ងៃទី២ ឧសភា ឆ្នាំ២០១៧ បុគ្គលជនសង្ស័យរូបនេះមិនបានបង្ហាញខ្លួនតាមកាលកំណត់នោះឡើយ រួមទាំងមិនបានគោរពតាមការសន្យារបស់ខ្លួន”។
តុលាការបានឱ្យដឹងថា ខ្លួនបានចេញដីកាចាប់ខ្លួនលោក ហួត វុទ្ធី អនុលោមតាមនីតិវិធីច្បាប់។
លោក ឌុន វិបុល មេធាវីការពារក្តីលោក ហួត វុទ្ធី បានមានប្រសាសន៍ថា កូនក្តីរបស់លោកបានប្តូរចិត្តអំពីការវិលត្រឡប់មកកម្ពុជាវិញដោយ “មូលហេតុផ្ទាល់ខ្លួន”។
លោក ឌុន វិបុល បានមានប្រសាសន៍ថា “ខ្ញុំបានស្តាប់ និងពិគ្រោះជាមួយកូនក្តីខ្ញុំបាទ គាត់មានមូលហេតុដែលសមរម្យអាចទទួលយកបាន ក្នុងការដោះសារថា គាត់មិនមានចេតនាចូលពន្ធនាគារទេ”។ លោកបានចាត់ទុកស្ថានភាពនៅក្នុងពន្ធនាគារនោះថា “ជារឿងចៃដន្យ” និងជាការ “ឆកល្វែង”។
លោក រ៉ូហ៊ីត ម៉ាហាចាន(Rohit Mahajan)អ្នកនាំពាក្យវិទ្យុអាស៊ីសេរីបានលើកឡើងក្នុងអីុម៉េលមួយកាលពីម្សិលមិញថា វិទ្យុអាស៊ីសេរីអះអាងថា លោក ហួត វុទ្ធី “មិនបានប្រព្រឹត្តបទឧក្រិដ្ឋអ្វីទាំងអស់”។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃច័ន្ទវិទ្យុអាស៊ីសេរីបានលើកឡើងថា “ការណ៍ដែលអាជ្ញាធរព្យាយាមបន្តករណីប្រឆាំងលោក ហួត វុទ្ធី ស្របពេលដែលមតិសាធារណជនទូទៅចាត់ទុកថា ការចោទប្រកាន់របស់អាជ្ញាធរនេះគ្មានមូលដ្ឋាន គឺរឹតតែបង្ហាញឲ្យឃើញនូវស្ថានភាពដ៏អាក្រក់នៃសេរីភាពសារព័ត៌មាននៅកម្ពុជា”។
ប្រទេសកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់១៣២ក្នុងចំណោម១៨០ប្រទេសនៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកនៃអ្នកសារព័ត៌មានគ្មានព្រំដែននៅឆ្នាំនេះ ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន ដោយធ្លាក់ចុះ៤ចំណាត់ថ្នាក់ បើប្រៀបធៀបទៅនឹងឆ្នាំមុន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីម្សិលមិញដើម្បីរំឭកដល់ទិវាសេរីភាពសារព័ត៌មានពិភពលោក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា រដ្ឋាភិបាល “បើកទូលាយនូវសិទ្ធិដល់ប្រជាពលរដ្ឋ និងសេរីភាពសារព័ត៌មាន”។
លោកក៏បានអំពាវនាវដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលបំពេញការងារនៅក្នុងប្រទេសកម្ពុជាត្រូវអនុវត្តតាមបទដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈ ដោយស្នើឲ្យ ្នកសារព័ត៌មានទាំងអស់ “យកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ ចៀសវាងការផ្សព្វផ្សាយព័ត៌មានតែមួយជ្រុង ហើយឆ្លុះបញ្ចាំងសភាពការណ៍ទាំងមូល…និងផ្សព្វផ្សាយព័ត៌មានមិនពិត”។
លោក សន គ្រីស្ពីន (Shawn Crispin) តំណាងប្រចាំតំបន់អាស៊ីអាគ្នេយ៍ដែលមានមូលដ្ឋាននៅទីក្រុងបាងកកនៃគណៈកម្មាធិការការពារអ្នកសារព័ត៌មានបានថ្លែងថា ដីកាកោះហៅលោក ហួត វុទ្ធី គឺជា “ទង្វើបំភិតបំភ័យច្បាស់ក្រឡែត និងរឹតតែបង្ហាញឱ្យឃើញនូវការគំរាមកំហែងតាមផ្លូវច្បាប់តាមតែទំនើងចិត្តដែលអ្នកសារព័ត៌មានប្រឈមក្នុងប្រទេសកម្ពុជា”។
លោក គ្រីស្ពីន បានថ្លែងថា “ករណីនេះប្រសិនបើនៅតែបន្ត និងមានការកាត់ទោសនឹងផ្តល់អំណាចដល់អាជ្ញាធរធ្វើតាមអំពើចិត្តក្នុងការយាយី និងកាត់ទោសអ្នកសារព័ត៌មានតាមការចោទប្រកាន់តិចតួចថា ពួកគេមិនបានប្រាប់អត្តសញ្ញាណរបស់ខ្លួននៅពេលសរសេរ រឿងរសើបពាក់ព័ន្ធនយោបាយ”៕ សារុន