27.5 C
Phnom Penh

នគរបាល​​​ទទួលស្គាល់​​​ថា មិន​​​មាន​​​ច្បាប់​​​ចែង​​​ថា ការ​​​រុះ​​​រើ​​​បដា​​​ទាមទារ​​​ត្រឹម​​​ត្រូវ​​​ឡើយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អធិការនគរបាលក្រុងមួយរូបក្នុងខេត្តកោះកុងបានទទួលស្គាល់កាលពីម្សិលមិញថា សកម្មភាពរបស់នគរបាលដែលបានរុះរើបដាស្វែងរកការដោះលែងមន្ត្រីសមាគមសិទ្ធិមនុស្សអាដហុកបួនរូប និងអតីតមន្ត្រីនៅសមាគននេះមួយរូបពីពន្ធនាគារនោះគ្មានច្បាប់ចែងថា ត្រឹមត្រូវនោះឡើយ។

កាលពីថ្ងៃអង្គារ នគរបាលបានចុះរុះរើបដាក្នុងក្រុងខេមរភូមិន្ទដែលដាក់នៅទីស្នាក់ការខេត្តរបស់សមាគមសិទ្ធិមនុស្សអាដហុក អង្គការសិទ្ធិមនុស្សលីកាដូ និង អង្គការមាតាធម្មជាតិជាអង្គការមិនមែនរដ្ឋាភិបាលការពារបរិស្ថាន។ បដាទាំងនេះស្វែងរកការដោះលែងអ្នកទាំង៥ ដែលត្រូវបានចាប់ដាក់ពន្ធនាគារជាងមួយឆ្នាំមកហើយដោយគ្មានការជំនុំជម្រះតក្រោមការចោទប្រកាន់ពីបទសូកប៉ាន់ ដែលមជ្ឈដ្ឋានទូទៅចាត់ទុកថា ជារឿងនយោបាយ។

កាលពីម្សិលមិញ អាជ្ញាធរខេត្តកោះកុងចុះរុះរើបដាទាមទារឲ្យមានការដោះលែង “មន្ត្រីអាដហុក៥រូប” ដែលកំពុងជាប់ពន្ធនាគារ។ លីកាដូ
កាលពីម្សិលមិញ អាជ្ញាធរខេត្តកោះកុងចុះរុះរើបដាទាមទារឲ្យមានការដោះលែង “មន្ត្រីអាដហុក៥រូប” ដែលកំពុងជាប់ពន្ធនាគារ។ លីកាដូ

លោក មិន រស្មី អធិការនគរបាលក្រុងខេមរភូមិន្ទបានអះអាងថា បដាទាំងនេះត្រូវបានរុះរើ ពីព្រោះអង្គការទាំងនេះមិនបានសុំការអនុញ្ញាតទេ និងដោយសារមានប្រជាពលរដ្ឋក្នុងមូលដ្ឋានដាក់ពាក្យប្តឹង។

លោកមិន រស្មី បានថ្លែងថា “គាត់បារម្ភខ្លាចប៉ះពាល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គាត់។ពេលគាត់លើកផ្លាក គាត់ដាក់មីក្រូតាមខ្លឹមសារដោះលែងអ៊ីចឹង”។

លោកបានបន្ថែមថា “គាត់សំណូមពរឱ្យសមត្ថកិច្ចហ្នឹងជួយពិនិត្យមើលច្បាប់ បើអត់ច្បាប់សូមឱ្យដោះចេញជាបណ្តោះអាសន្ន”។

នៅពេលសួរអំពីមូលដ្ឋានច្បាប់ក្នុងការរុះរើបដាទាំងនេះ លោក មិន រស្មី បានទទួលស្គាល់ថា មិនមានទេ។

លោកបានមានប្រសាសន៍ថា “អានេះមិនជាច្បាប់ទេ អានេះតាមបណ្តឹងប្រជាពលរដ្ឋឱ្យដកចេញ”។ លោកបានបន្ថែមថា “គាត់ធ្វើនយោបាយខុសពីការពិត”។

កាលពីម្សិលមិញ អាជ្ញាធរខេត្តកោះកុងចុះរុះរើបដាទាមទារឲ្យមានការដោះលែង “មន្ត្រីអាដហុក៥រូប” ដែលកំពុងជាប់ពន្ធនាគារ។ លីកាដូ
កាលពីម្សិលមិញ អាជ្ញាធរខេត្តកោះកុងចុះរុះរើបដាទាមទារឲ្យមានការដោះលែង “មន្ត្រីអាដហុក៥រូប” ដែលកំពុងជាប់ពន្ធនាគារ។ លីកាដូ

លោកបានថ្លែងថា អង្គការសិទ្ធិមនុស្សទាំងនេះគួរតែជួយមន្ត្រីរបស់ខ្លួននៅរាជធានីព្រោះអ្នកទាំង៥ ដែល៤រូបជាមន្ត្រីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្ស និងមួយរូបជាមន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលធ្លាប់បម្រើការងារនៅសមាគមអាដហុក ត្រូវបានចាប់ខ្លួនក្នុងរាជធានីភ្នំពេញ។

លោកបានមានប្រសាសន៍ថា “គាត់គួរតែធ្វើការទាមទារនៅភ្នំពេញវិញទៅ កោះកុងមិនដែលចាប់់ទេ”។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា លោកមិនដឹងពីរឿងនេះ ហើយបានបដិសេធមិននិយាយថា តើអាជ្ញាធរនៅរាជធានីភ្នំពេញជាអ្នកបញ្ជាឱ្យរុះរើ ឬយ៉ាងណានោះឡើយ។

លោក ព្រាហ្ម ផាយីម លេខាមួយរូបនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាដែលបានឃើញការរុះរើនេះ ព្រោះការិយាល័យរបស់លោកនៅក្បែរការិយាល័យអាដហុកនោះ បានថ្លែងថា ការចងកបដាមិនចាំបាច់សុំការអនុញ្ញាតឡើយ។

លោក អិុន គង់ចិត្រ អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តនេះបានចាត់ទុកការរុះរើបដានេះថាជា “រឿងនយោបាយ” ហើយបានលើកឡើងថា បដាបីផ្សេងទៀតដែលជារបស់ប្រជាពលរដ្ឋពាក់ព័ន្ធក្នុងវិវាទដីធ្លី ក៏ត្រូវបានរុះរើចេញផងដែរនៅក្នុងស្រុកកោះកុងកាលពីម្សិលមិញ។លោកបានមានប្រសាសន៍ថា “គេបំពានសិទ្ធិយើង”៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស