27.5 C
Phnom Penh

រដ្ឋាភិបាល​​​ទទួល​​​យក​​​បទបញ្ជា​​​ផ្ទៃ​​​ក្នុងដែល​​​បាន​​​កែប្រែ​​​​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ 

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពីច្រានចោលបទបញ្ជាផ្ទៃក្នុងដែលបានកែប្រែរបស់គណបក្សសង្គ្រោះជាតិម្តងហើយម្តងទៀតក្នុងរយៈពេលពីរខែកន្លងមកនេះ ទីបំផុតក្រសួងមហាផ្ទៃបានទទួលយកបទបញ្ជាផ្ទៃក្នុងដែលបានកែប្រែនេះហើយកាលពីម្សិលមិញ ប៉ុន្តែក្រសួងនៅមិនទាន់ទទួលស្គាល់អនុប្រធានថ្មីរបស់គណបក្សនេះជាផ្លូវការនៅឡើយទេ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងនេះបានមានប្រសាសន៍ថា”យើងទទួលដើម្បីទុកជាផ្លូវការ”។ លោកបានបន្ថែមថា “យើងចាំមើលក្រែងលោសកម្មភាពរបស់គាត់មិនត្រឹមត្រូវតាមលក្ខន្តិកៈហ្នឹងដែលបានតម្កល់”។

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃានផ្ញើលិខិតមួយច្បាប់ជូនលោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិនៃគណបក្សសង្គ្រោះជាតិកាលពីម្សិលមិញដោយជម្រាបលោកឲ្យដឹងថា បទបញ្ជាផ្ទៃក្នុងនេះត្រូវបានទទួលយកហើយ។ ប៉ុន្តែក្រសួងមិនបានលើកឡើងថា តើបទបញ្ជាផ្ទៃក្នុងថ្មីនេះត្រូវបានអនុម័តយល់ព្រម ឬយ៉ាងណានោះឡើយ។

គណបក្សសង្គ្រោះជាតិដំបូងឡើយបានធ្វើការកែប្រែបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនអំឡុងសមាជបក្សដែលរៀបចំឡើងយ៉ាងតក់ក្រហល់កាលពីថ្ងៃទី២ខែមីនា ដើម្បីដោះស្រាយបញ្ហាលាឈប់ពីតំណែងភ្លាមៗរបស់លោកប្រធាន សម រង្ស៊ី កាលពីថ្ងៃទី១១ខែកុម្ភៈ ។ លោក សម រង្ស៊ី បានលាឈប់ពីតំណែងពីប្រធានគណបក្សដោយសារប្រឈមនឹងច្បាប់ថ្មីដែលគំរាមរម្លាយគណបក្សរបស់លោកទាំងមូលចោលពាក់ព័ន្ធការកាត់ឲ្យជាប់ទោស ពីបទព្រហ្មទណ្ឌដែលមជ្ឈដ្ឋានជាច្រើនចាត់ទុកថាមានជាប់ពាក់ព័ន្ធរឿងនយោបាយ។

អំឡុងសមាជបក្សនេះ គណបក្សសង្គ្រោះជាតិបានកែប្រែបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនដើម្បីកែប្រែបទបញ្ជាផ្ទៃក្នុងស្តីពីការជ្រើសរើសថ្នាក់ដឹកនាំ ហើយបានបោះឆ្នោតតែងតាំងលោក កឹម សុខា អនុប្រធានគណបក្សទៅជាប្រធានបក្សភ្លាមៗ។ អំឡុងសមាជនេះក៏មានការបោះឆ្នោតជ្រើសរើសអនុប្រធានថ្មីចំនួន៣រូប រួមមានលោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ឲ្យជំនួសតំណែងលោក កឹម សុខា ផងដែរ។

ប៉ុន្តែ ភ្លាមៗនោះក្រសួងមហាផ្ទៃបានចាត់ទុកបទបញ្ជាផ្ទៃក្នុងដែលបានកែប្រែេនះថា ខុសច្បាប់ ហើយក៏ចាត់ទុកអនុប្រធានទាំងបីរូបនេះមិនស្របច្បាប់ដែរ។ ក្រសួងបានជំទាស់ថា គណបក្សនេះគួរតែបានដាក់ជូនបទបញ្ជាផ្ទៃក្នុងដែលបានកែប្រែនេះទៅក្រសួងជាមុនសិន ហើយបន្ទាប់មកចាំបោះឆ្នោតជ្រើសរើសអនុប្រធានតាមក្រោយទោះបីជាតារាងកាលវិភាគបែបនេះគ្មានចែង ក្នុងច្បាប់ណាមួយក៏ដោយ។

ដោយមានជម្រើសតិចតូច ប៉ុន្តែ ត្រូវធ្វើឲ្យក្រសួងបានស្ងប់ចិត្តនោះ គណបក្សសង្គ្រោះជាតិបានព្យាយាមកែប្រែបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនពីរលើកបន្ថែមទៀតក្នុងពេលថ្មីៗនេះគឺនៅថ្ងៃទី២៥ខែមេសា។ ការកែប្រែលើកទី៣ត្រូវបានទទួលយក។

ប៉ុន្តែ ឧត្តមសេនីយ៍ ខៀវ សុភ័គ បានលើកឡើងកាលពីម្សិលមិញថា ក្រសួងនៅមិនទាន់ទទួលស្គាល់អនុប្រធានថ្មីទាំងបីរូបរបស់គណបក្សសង្គ្រោះជាតិនៅឡើយទេ។

លោកបានថ្លែងថា “មិនទាន់ផ្លូវការទេ មិនទាន់មានទេ”។ លោកបានបន្ថែមថា “គាត់មានទទួលស្គាល់អនុប្រធានទាំងបីហ្នឹងទេ”។

លោកស្រី មូរ សុខហួរ ដែលជាអនុប្រធានមួួយរូបក្នុងចំណោមអនុប្រធានទាំងបីបានលើកឡើងថា គណបក្សរបស់លោកស្រីនឹងរៀបចំកិច្ចប្រជុំបក្សឆាប់ៗ បន្ទាប់ពីលោក កឹម សុខា ត្រឡប់ពីដំណើររៃអង្គាសប្រាក់នៅក្រៅប្រទេសនៅថ្ងៃទី១៥វិញ ដើម្បីជ្រើសតាំងអនុប្រធានទាំងបីនេះជាថ្មី ហើយដាក់ឈ្មោះទាំងនេះជូនក្រសួងម្តងទៀត។ប៉ុន្តែគណបក្សនេះនៅមិនទាន់កំណត់កាលបរិច្ឆេទនៅឡើយទេ។

លោកស្រីបានមានប្រសាសន៍ថា “យើងនឹងជ្រើសតាំងបេក្ខជនដដែលឡើងវិញ ដែលនឹងត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សាភិបាល”។លោកស្រីបានបន្ថែមថា “ពួកគាត់ត្រូវតែត្រូវបានបោះឆ្នោតជ្រើសរើស”។

ភាពចម្រូងចម្រាសពាក់ព័ន្ធនឹងការកែប្រែបទបញ្ជាផ្ទៃក្នុងនេះបានធ្វើឲ្យកើតមានការព្រួយបារម្ភក្នុងចំណោមអ្នកគាំទ្រគណបក្សប្រឆាំង និងអ្នកអង្កេតការណ៍បោះឆ្នោតថា ការដែលគណបក្សសង្គ្រោះជាតិមិនអាចទទួលបានការអនុម័តយល់ព្រមលើបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន និងមិនអាចទទួលបានការទទួូលស្គាល់ថ្នាក់ដឹកនាំថ្មីរបស់ខ្លួននោះ អាចធ្វើឲ្យប៉ះពាល់ដល់ការឈរឈ្មោះរបស់ខ្លួននៅការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៤ខែមិថុនា ដែលនឹងមកដល់ក្នុងពេលឆាប់ៗ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយគណៈកម្មាធិការ ជាតិរៀបការការបោះឆ្នោត (គ.ជ.ប.) បានលើកឡើងកាលពីចុងខែមីនាថា បេក្ខជនឃុំសង្កាត់របស់គណបក្សនេះនឹងនៅតែអនុញ្ញាតឲ្យឈរឈ្មោះដដែល។

អ្នកខ្លះបានសន្និដ្ឋានថា គណបក្សប្រជាជនកម្ពុជាបាននិងកំពុងព្យាយាមចងជើងគូប្រជែងដ៏សំខាន់របស់ខ្លួនដើម្បីកុំឲ្យមានពេលវេលាផ្តោតលើការរៀបចំខ្លួនសម្រាប់ថ្ងៃបោះឆ្នោត។

ប៉ុន្តែ លោកស្រី មូរ សុខហួរ បានលើកឡើងថា គណបក្សសង្គ្រោះជាតិនៅតែផ្តោតលើការបោះឆ្នោតដ៏សំខាន់នេះដដែល។

លោកស្រីបានមានប្រសាសន៍ថា “យើងមិនដែលឈប់ធ្វើការងាររបស់យើងទេ យើងផ្តោតទាំងស្រុង”។ លោកស្រី បានបន្ថែមថា “យើងដឹងយ៉ាងច្បាស់ថា អ្វីដែលយើងចាំបាច់ត្រូវធ្វើរហូតដល់ មិនគ្រាន់តែថ្ងៃបោះឆ្នោតឃុំសង្កាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងថ្ងៃបោះឆ្នោតជាតិឆ្នាំ២០១៨ ទៀត ផង។ យើងផ្តោតលើអ្វីដែលយើងត្រូវធ្វើ”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស