29 C
Phnom Penh

គណបក្ស​​​នយោបាយ​​​​​​ទាំង​​​អស់​​​ត្រូវបាន​​​ប្រាប់​​​ឱ្យ​​​ដាក់​​​ប្រវត្តិរូប​​​មេដឹកនាំ​​​​គណបក្ស​របស់​ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិមិញ ក្រសួងមហាផ្ទៃបានដាស់តឿនគណបក្សនយោបាយទាំងអស់អំពីកាតព្វកិច្ចរបស់ពួកគេក្រោមច្បាប់ថ្មី ឱ្យដាក់ប្រវត្តិរូបមេដឹកនាំរបស់ខ្លួនត្រឹមថ្ងៃទី៤ ខែមិថុនា គឺថ្ងៃបោះឆ្នោត ឃុំ សង្កាត់ទូទាំងប្រទេសតែម្តង។

ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលបានចូលជាធរមានកាលពីថ្ងៃទី៨ខែមីនា តម្រូវឱ្យគណបក្សដែលមានស្រាប់ដាក់ប្រវត្តិរូបសង្ខេបរបស់ប្រធានអនុប្រធាន និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស។

បើទោះជាមាត្រាជាក់លាក់មិនបានកំណត់ឱសានវាទក៏ដោយ ក៏សេចក្តីប្រកាសកាលពីម្សិលមិញរបស់ក្រសួងបានលើកឡើងផងដែរពីមាត្រា៤៨ ដែលផ្តល់រយៈពេល៩០ថ្ងៃដល់គណបក្សទាំងអស់ដើម្បីបំពេញតាម “នីតិវិធីច្បាប់”។

សេចក្តីថ្លែងការណ៍ដដែលនេះបន្តថា “រហូតមកទល់ពេលនេះ គ្មានគណបក្សនយោបាយដែលត្រូវបានបង្កើត ហើយបានចុះបញ្ជីនៅក្រសួងមហាផ្ទៃរួចហើយនោះ បានមកបំពេញនីតិវិធីឡើយ”។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា គណបក្សរបស់លោកនឹងដាក់ជូនប្រវត្តិបក្ស “នៅពេលឆាប់ៗតាមដែលអាចធ្វើទៅបាន”។

លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជាគូប្រជែងដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា គណបក្សរបស់លោកនឹងធ្វើដូចគ្នានេះដែរ។

ការធ្វើវិសោធនកម្មផ្សេងទៀតចំពោះច្បាប់ស្តីពីគណបក្សនយោបាយមានភាពចម្រូងចម្រាសខ្លាំង ដោយផ្តល់អំណាចថ្មីដល់រដ្ឋាភិបាលនិងតុលាការក្នុងការព្យួរ ឬរម្លាយគណបក្សទាំងមូលជុំវិញបទល្មើសដែលចែងមិនច្បាស់លាស់។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា លោកបានស្វះស្វែងឱ្យមានការកែប្រែនេះ ដើម្បីផ្តោតគោលដៅជាពិសេសលើគណបក្សសង្គ្រោះជាតិ៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស