28 C
Phnom Penh

ពល​​រដ្ឋ​​​​​​ខ្មែរ​​៨​​នាក់​​​ទៀត​​​​ដែល​​​សហ​​រដ្ឋ​អាមេរិក និរទេស​​​​បាន​​​​មក​​​​ដល់​​​ប្រទេស​កម្ពុជាហើយ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋខ្មែរប្រាំបីនាក់បន្ថែមទៀតដែលត្រូវបាននិរទេសពីសហរដ្ឋអាមេរិក បានមកដល់រាជធានីភ្នំពេញ តាមជើងហោះហើរកាលពីម្សិលមិញ ដោយអ្នកខ្លះក្នុងចំណោមពួកគេទើបតែមានឱកាសឈានជើងជាន់លើទឹកដីកម្ពុជា ជាលើកដំបូងក្នុងជីវិតរបស់ខ្លួន និងដោយគ្មានគ្រួសារនៅក្នុងប្រទេសនេះ។

ពួកគេត្រូវបានបញ្ជូនមកកាន់ប្រទេសមួយខុសប្លែកគ្នាស្រឡះពីប្រទេសដែលពួកគេបានចាកចេញជាអចិន្ត្រៃយ៍។ ក្នុងចំណោមពួកគេទាំងប្រាំបីនាក់ បុរសម្នាក់បានព្រាត់ប្រាសប្រពន្ធ និងកូនប្រុសរបស់ខ្លួនដែលទើបនឹងកើត។

នេះគឺជាក្រុមទី៣ហើយដែលត្រូវបាននិរទេសពីសហរដ្ឋអាមេរិក ក្នុងឆ្នាំនេះក្រោមកិច្ចព្រមព្រៀងឆ្នាំ២០០២ ដែលរដ្ឋាភិបាលនិយាយថាខ្លួនមានបំណងចរចាឡើងវិញ និងធ្វើវិសោធនកម្មដើម្បីបុព្វហេតុមនុស្សធម៌។

លោក ចេយ៍ រ៉ាមែន (Jay Raman) អ្នកនាំពាក្យស្ថានទូតអាមេរិក បានបញ្ជាក់តាមរយៈសារអេឡិចត្រូនិកថា ពលរដ្ឋខ្មែរទាំងប្រាំបីនាក់នេះពិតជាបានមកដល់កម្ពុជា មែន។

ក្នុងចំណោមបុរសទាំងប្រាំបីនាក់ដែលសុទ្ធតែមិនមែនជាពលរដ្ឋអាមេរិក និងដែលត្រូវបាននិរទេសដោយសារតែពួកគេមានទោសប្រព្រឹត្តបទឧក្រិដ្ឋ មានប្រាំពីរនាក់កំពុងទទួលបានការឧបត្ថម្ភពីមជ្ឈមណ្ឌលគាំទ្រការធ្វើសមាហរណកម្មនិរទេសជន (Returnee Integration Support Center) ហៅកាត់ RISC ជាអង្គការមិនមែនរដ្ឋាភិបាលជួយពលរដ្ឋខ្មែរដែលត្រូវបាននិរទេស ឱ្យសម្របខ្លួនទៅនឹងការរស់នៅក្នុងប្រទេសមួយដែលពួកគេជាច្រើនមិនធ្លាប់រស់នៅ នេះបើតាមការឲ្យដឹងពីលោក ប៊ីល ហឺរ៉ដ (Bill Herod) ទីប្រឹក្សារបស់ RISC។

លោកបានមានប្រសាសន៍ថា “ពួកគាត់ឆ្លងកាត់ដំណាក់កាលជាច្រើន គឺដំណាក់កាលទុក្ខព្រួយ។ មួយចំនួនធំក្នុងចំណោមពួកគាត់បានចាកចេញពីប្រពន្ធកូន និងឪពុកម្ដាយ។ ដូច្នេះពួកគាត់កើតទុក្ខរយៈពេលវែងដោយសារការបាត់បង់ទំនាក់ទំនងទាំងនេះ”។

ទីប្រឹក្សាដែលបានធ្វើការជាមួយនិរទេសជនចាប់តាំងពីឆ្នាំ២០០២រូបនេះបានលើកឡើងថា “វាមិនមែនជារឿងធម្មតាទេដែលមានមនុស្សគ្មានគ្រួសារមួយក្រុមធំបែបនេះ” ត្រូវគាំទ្រ នៅពេលពួកគេមកដល់។

កាលពីសប្ដាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យសហរដ្ឋអាមេរិកកែប្រែកិច្ចព្រមព្រៀងនិរទេសរបស់ប្រទេសទាំងពីរ  ហើយអនុញ្ញាតឱ្យពលរដ្ឋខ្មែរ  ដែលបានជាប់ពន្ធនាគារនៅក្នុងសហរដ្ឋអាមេរិករួចហើយ មានឱកាសរស់នៅជាមួយក្រុមគ្រួសាររបស់ពួកគេ។

លោកមានប្រសាសន៍ថា “ខណៈពេលគេបញ្ជូនអ្នកទោស [អតីត] មកកម្ពុជា ប្រពន្ធ និងកូនៗកំពុងបន្តរស់នៅក្នុងសហរដ្ឋអាមេរិក។ នេះគឺជាការព្រាត់ប្រាសដ៏ក្រៀមក្រំ”។

រដ្ឋាភិបាលបានបញ្ចប់ការធ្វើសេចក្ដីព្រាងកិច្ចព្រមព្រៀងដែលបានធ្វើវិសោធនកម្មរួចហើយ ហើយមិនយូរទេនឹងលើកសំណើនេះទៅសហរដ្ឋអាមេរិក នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសកាលពីសប្ដាហ៍មុន។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ និងអ្នកនាំពាក្យក្រសួងការបរទេសមិនអាចទាក់ទងបានទេកាលពីម្សិលមិញ។

ពលរដ្ឋខ្មែរជាង៥០០នាក់ត្រូវបាននិរទេសពីសហរដ្ឋអាមេរិក ក្រោមកិច្ចព្រមព្រៀងខាងលើចាប់តាំងពីឆ្នាំ២០០២មក ក្នុងនោះរួមមាន១៣នាក់ដែលត្រូវបានបញ្ជូនមកកម្ពុជា កាលពីដើមឆ្នាំនេះផងដែរ។

លោក ប៊ីល ហឺរ៉ដ បានមានប្រសាសន៍ថា សម្រាប់អ្នកមកដល់ចុងក្រោយដែលគ្មានសាច់ញាតិទាំងនេះ RISC នឹងផ្ដល់កន្លែងស្នាក់នៅបណ្ដោះអាសន្ន ជួយពួកគេស្វែងការងារធ្វើ និងបង្រៀនពួកគេអំពីទំនៀមទម្លាប់ក្នុងស្រុក។ អង្គការនេះក៏បានគាំទ្រពលរដ្ឋខ្មែរពីរនាក់មកពីក្រុមមានគ្នាប្រាំបីនាក់ដែលត្រូវបាននិរទេសកាលពីខែមុនផងដែរ។

សម្រាប់និរទេសជនដែលមួយចំនួនធំកើតនៅជំរំជនភៀសខ្លួនថៃ ហើយធ្វើអន្តោប្រវេសន៍ទៅកាន់សហរដ្ឋអាមេរិក តាំងពីនៅក្មេងជាមួយក្រុមគ្រួសារដើម្បីគេចពីសង្គ្រាម លោក ប៊ីល ហឺរ៉ដ មានប្រសាសន៍ថា វាត្រូវការពេលវេលាខ្លះពួកគេសម្របខ្លួនបាន។

លោកបានបន្តថា “ពួកគាត់ត្រូវតែដឹងថាខ្លួនឯងនៅទីណា ហើយត្រូវសម្របខ្លួនដោយរបៀបណា។ ធម្មតាទេ ទម្រាំតែឆ្លងផុតការលំបាកនេះ ម៉េចក៏ត្រូវការពេលពីរបីខែដែរ”។

លោកលើកឡើងទៀតថា ជាញឹកញាប់ពួកគេសួរថាតើទឹកក្បាលរ៉ូប៊ីណេមានសុវត្ថិភាពអាចផឹកបានទេ សួរពីរបៀបតថ្លៃនៅក្នុងផ្សារ និងសួរថាហេតុអ្វីបានជានគរបាលដែលល្បាតតាមផ្លូវនានាក្នុងរាជធានីភ្នំពេញ កាន់អាវុធស្វ័យប្រវត្តិ និងធំៗ។

លោក ស្ទីវ ផេភីន ដែលបានរាប់អានគ្នាជាមិត្តភក្ដិអស់រយៈពេលប្រមាណ២០ឆ្នាំមកហើយជាមួយលោក សឿន ឆេង ម្នាក់ក្នុងចំណោមប្រាំបីនាក់ដែលត្រូវបាននិរទេសក្នុងសប្ដាហ៍នេះ និងដែលប្រពន្ធរបស់ខ្លួនទើបតែសម្រាលកូនកាលពីសប្ដាហ៍មុន កំពុងតែព្យាយាមសម្របខ្លួនដោយខ្លួនឯង បន្ទាប់ពីបាត់បង់មិត្តភក្ដិ។

លោក ស្ទីវ ផេភីន បាននិយាយកាលពីម្សិលមិញពីរដ្ឋមីនីសូតា សហរដ្ឋអាមេរិកថា “ខ្ញុំពិបាកចិត្តណាស់”។ ពួកគេទាំងពីរបានស្គាល់គ្នានៅក្នុងពន្ធនាគារតាំងពីវ័យជំទង់ រៀនកាត់សក់ជាមួយគ្នាពេលជាប់ពន្ធនាគារ និងធ្លាប់ធ្វើការជាមួយគ្នានៅក្នុងហាងកាត់សក់របស់លោក ស្ទីវ ផេភីន ចាប់តាំងពីលោក សឿន ឆេង ត្រូវបានដោះលែងពីពន្ធនាគារក្នុងឆ្នាំ២០១២ ក្រោយពីអនុវត្តទោសជាប់ពន្ធនាគារជាង១៧ឆ្នាំពីបទបាញ់ប្រហារបណ្ដាលឱ្យមនុស្សស្លាប់។

គាត់និយាយថា “ខ្ញុំនៅតែចងចាំថ្ងៃ និងយប់ដែលយើងបាននិយាយគ្នាអំពីគម្រោងរបស់យើងធ្វើការជាមួយគ្នានៅក្នុងហាងកាត់សក់ ហើយចាស់ជាមួយគ្នា ធ្វើរឿងល្អៗ ធ្វើជាមនុស្សល្អដែលមិនអនុញ្ញាតឱ្យមានរឿងអាក្រក់កើតឡើងទៀត។  គ្មានពាក្យអ្វីអាចរៀបរាប់ពីការឈឺចាប់របស់ខ្ញុំបានទេ”។

លោក មាស លូកា ដែលត្រូវបាននិរទេសកាលពីឆ្នាំ២០១១ បាននិយាយកាលពីខែមុនថា នៅពេលគាត់ត្រឡប់មកប្រទេសកម្ពុជា វិញបន្ទាប់ពីរស់នៅក្នុងសហរដ្ឋអាមេរិក អស់រយៈពេល៣ទសវត្សរ៍ គាត់បារម្ភអំពីសុខភាពរបស់គាត់ និងអ្វីដែលគាត់នឹងត្រូវបរិភោគ។

បុរសរូបនេះនិយាយទៀតថា “ខ្ញុំគិត ហើយនិយាយប្រាប់ខ្លួនឯងថា ខ្ញុំមិនរស់ទេនៅទីនេះ”។

បច្ចុប្បន្នគាត់មានប្រពន្ធ និងកូនប្រុសម្នាក់នៅកម្ពុជា ដោយប្រកបមុខរបរជាអ្នករត់រ៉ឺម៉កម៉ូតូកង់បីនៅរាជធានីភ្នំពេញ ហើយគាត់បានសម្របខ្លួននឹងការរស់នៅក្នុងប្រទេសនេះ ដែលគាត់បានរត់ភៀសខ្លួនតាំងពីនៅក្មេង ប៉ុន្តែគាត់មិនទាន់ចាត់ទុកកម្ពុជា ជាផ្ទះរបស់ខ្លួននៅឡើយទេ។

គាត់និយាយថា “ទីនេះជាកន្លែងដែលខ្ញុំកើត ប៉ុន្តែពេញមួយជីវិតរបស់ខ្ញុំគឺធំដឹងក្ដីនៅសហរដ្ឋអាមេរិក”៕ សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស