34 C
Phnom Penh

បក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ធ្វើ​ពិធី​​​ជួបជុំ​​នៅ​ខេត្ត​រតនគិរី​ ទោះបី​ជា​​មាន​ការ​បំភិត​បំភ័យ​​ពី​អាជ្ញាធរ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមមន្ត្រីគណបក្សប្រឆាំងមួយរូបបានឱ្យដឹងថា នគរបាលរាប់សិបនាក់បានចុះទៅដល់កន្លែងធ្វើពិធីជួបជុំសកម្មជនគណបក្សសង្គ្រោះជាតិរាប់រយនាក់ជាលក្ខណៈឯកជន នៅក្នុងខេត្តរតនគិរីកាលពីម្សិលមិញ ដើម្បីព្យាយាមរារាំងមិនឱ្យដំណើរការពិធីនេះដែលមានវត្តមានលោកស្រី មូរ សុខហួរ និងលោក ប៉ុល ហំម អនុប្រធានគណបក្សសង្គ្រោះជាតិចូលរួមថ្លែងទៅកាន់អ្នកគាំទ្រ។

គណបក្សសង្គ្រោះជាតិនៅតែបន្តធ្វើការជួបជុំគ្នាក្នុងពិធីរៀបចំឡើងនៅក្នុងបរិវេណផ្ទះរបស់សកម្មជនម្នាក់ បន្ទាប់ពីនគរបាលបានដកថយទៅវិញនៅពេលឃើញចំនួនប្រជាពលរដ្ឋដែលមានវត្តមានចូលរួម។

កាលពីម្សិលមិញ នៅពេលអធិការនគរបាលស្រុកនិយាយការពារចំណាត់ការរបស់អាជ្ញាធរ ដោយលើកឡើងថាច្បាប់ហាមឃាត់មិនឱ្យធ្វើយុទ្ធនាការឃោសនារហូតនៅសល់តែពីរសប្ដាហ៍មុនការបោះឆ្នោតឃុំ សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា អ្នករៀបចំពិធីជួបជុំនេះបានអះអាងយ៉ាងម៉ឺងម៉ាត់ថា វាគ្រាន់តែជាការជួបជុំអ្នកគាំទ្រប៉ុណ្ណោះ។

អ្នកគាំទ្រគណបក្សសង្គ្រោះជាតិលើកដៃនៅក្នុងពិធីជួបជុំមួយរបស់គណបក្សនៅខេត្តរតនគិរីកាលពីម្សិលមិញ។ Facebook
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិលើកដៃនៅក្នុងពិធីជួបជុំមួយរបស់គណបក្សនៅខេត្តរតនគិរីកាលពីម្សិលមិញ។ Facebook

លោក ទឹម ផល្លី សមាជិកគណៈកម្មការប្រតិបត្តិខេត្តនៃគណបក្សសង្គ្រោះជាតិដែលបានរៀបចំពិធីជួបជុំគ្នានេះ មានប្រសាសន៍ថា ដំបូង នគរបាល និងអាជ្ញាធរស្រុកបានបង្ហាញមុខនៅកន្លែងរៀបចំពិធីនៅក្នុងស្រុកកូនមុំនេះ កាលពីថ្ងៃពុធ ដើម្បីប៉ុនប៉ងរុះរើតង់ដែលដំឡើងសម្រាប់ពិធីជួបជុំជាមួយលោកស្រី មូរ សុខហួរ និងលោក ប៉ុល ហំម។

លោកបានលើកឡើងថា “ខាងស្រុកគំរាមកំហែងថា បើមិនសុំច្បាប់ គេនឹងចាត់វិធានការ”។ លោកបានបន្ថែមថា “គេថា បើមិនស្ដាប់គេ គេនឹងឱ្យសមត្ថកិច្ចរុះរើរោងចោល។ ពេលហ្នឹងសមត្ថកិច្ចមក ធ្វើឱ្យតឹងមាត់តឹងកដាក់គ្នា”។

ទោះបីជាយល់ថា ច្បាប់មិនតម្រូវឱ្យគណបក្សសុំការអនុញ្ញាតដើម្បីរៀបចំពិធីជួបជុំក្ដី ក៏លោក ទឹម ផល្លី បញ្ជាក់ថា មន្ត្រីគណបក្សសង្គ្រោះជាតិបានដាក់លិខិតមួយច្បាប់ជូនអភិបាលស្រុកដើម្បីសុំការអនុញ្ញាត។ ការជួបជុំគ្នានៅតាមផ្ទះឯកជនសម្រាប់ពិធីដូចជា អាពាហ៍ពិពាហ៍ជាដើម ជាធម្មតាត្រូវជូនដំណឹងទៅអាជ្ញាធរ  ប៉ុន្តែមិនមែនសុំការអនុញ្ញាតនោះទេ។

ទោះជាយ៉ាងណា កាលពីព្រឹកម្សិលមិញនគរបាលរាប់សិបនាក់បានត្រឡប់ទៅកន្លែងរៀបចំពិធីជួបជុំនោះម្ដងទៀត។ ប៉ុន្តែពួកគេបានដកថយទៅវិញភ្លាមៗនៅពេលឃើញអ្នកគាំទ្រគណបក្សប្រឆាំងរាប់រយនាក់ទាំងនៅក្នុង និងនៅក្រៅតង់ នេះបើតាមការលើកឡើងរបស់លោក ទឹម ផល្លី។ មានតែនគរបាលបួននាក់ប៉ុណ្ណោះដែលគេទុកឱ្យឃ្លាំមើលពិធីនេះ។

លោកបានមានប្រសាសន៍ថា “ក្រោយពី [នគរបាល] ឃើញពលរដ្ឋមកច្រើន ឃើញថ្នាក់ដឹកនាំយើងអត់ខ្លាច សភាពការណ៍ស្ងប់ស្ងាត់ គេដកថយទៅវិញអស់ខ្លះ”។

លោកបានលើកឡើងទៀតថា បន្ទាប់មកលោកស្រី មូរ សុខហួរ និងលោក ប៉ុល ហំម ដែលសុទ្ធតែត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រឆាំង ទោះជារដ្ឋាភិបាលមិនទាន់ទទួលស្គាល់ពួកគាត់ក្ដី បានថ្លែងទៅកាន់អ្នកគាំទ្រ។

ពេលទាក់ទងក្រោយពីពិធីនេះ លោក ប៉ុល ហំម បានមានប្រសាសន៍ថា លោក “ឮថាមានបញ្ហា” ប៉ុន្តែលោកមិនអាចធ្វើអត្ថាធិប្បាយបានទេ  ព្រោះលោកទៅដល់ទីនោះបន្ទាប់ពីសភាពការណ៍បានស្ងប់ស្ងាត់។

លោកស្រី មួរ សុខហួរ ថ្លែងទៅកាន់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅក្នុងពិធីជួបជុំមួយរបស់គណបក្សនៅខេត្តរតនគិរី កាលពីម្សិលមិញ។ រូបភាពនៅលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី

លោក ទឹម ផល្លី មានប្រសាសន៍ថា ច្បាស់ណាស់ថា ទង្វើរបស់អាជ្ញាធរបែបនេះគឺជាការប៉ុនប៉ងបំភិតបំភ័យគណបក្សប្រឆាំងនៅមុនការបោះឆ្នោតឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅខែក្រោយ។

លោកថ្លែងថា “យើងមិនមកឃោសនាទេ យើងគ្រាន់តែមកជួបសកម្មជនរបស់យើង”។ លោកបន្តថា “រឿងពិត! វាជាការបំភិតបំភ័យ។ គេយកអំណាចតាមការដឹកនាំ មិនមែនជាផ្លូវច្បាប់ទេ”។

លោក ភោគ បូរិទ្ធ អធិការនគរបាលស្រុកបានបញ្ជាក់ថា កម្លាំងនគរបាលពិតជាត្រូវបានបញ្ជូនទៅកន្លែងរៀបចំពិធីជួបជុំនោះមែន ដើម្បី “សួរនាំ” អ្នករៀបចំថាតើពួកគាត់ទទួលបានការអនុញ្ញាតដែរឬក៏អត់។ ច្បាប់ស្ដីពីការបោះឆ្នោតចែងថា គណបក្សនយោបាយត្រូវបានអនុញ្ញាតឱ្យធ្វើយុទ្ធនាការឃោសនាតែរយៈពេល២សប្ដាហ៍ប៉ុណ្ណោះមុនការបោះឆ្នោត។

លោកបានមានប្រសាសន៍ថា “យោងតាមផែនការ ការឃោសនាគឺមិនទាន់ដល់ទេ”។ លោកបន្តថា “[ពួកគាត់] ត្រូវសុំ [ការអនុញ្ញាត] ខេត្ត ជម្រាបស្រុក ជម្រាបឃុំ ដើម្បីផ្ដល់សុវត្ថិភាពជូនគាត់”។ លោកបានបន្ថែមទៀតថា លោកបារម្ភខ្លាច “ជនខិលខូច” គប់ដុំថ្មទៅលើវាគ្មិន។

នៅពេលសួរថាតើគណបក្សប្រឆាំងបំពានច្បាប់អ្វីគ្រាន់តែរៀបចំពិធីជួបជុំគ្នា លោក ញ៉ែម សំអឿន អភិបាលរងខេត្តបានឆ្លើយថា ជាគោលការណ៍ គួរតែសុំការអនុញ្ញាតជាមុន។

លោកថ្លែងថា “វាជាគោលការណ៍ ដោយសារកន្លងមក ពេលមានបញ្ហាអីកើតឡើងអញ្ចឹងទៅ មានការចោទប្រកាន់ [យើង]”។

ឧប្បត្តិហេតុនេះកើតឡើងមួយថ្ងៃបន្ទាប់ពីអធិការនគរបាលក្រុងម្នាក់នៅខេត្តកោះកុង បានទទួលស្គាល់ថាគ្មានច្បាប់ណាចែងថាត្រឹមត្រូវនោះទេ ចំពោះសកម្មភាពនគរបាលរុះរើបដាទាមទារឱ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស ប៉ុន្តែបានលើកឡើងថា អង្គការមិនមែនរដ្ឋាភិបាលដែលលើកបដាទាំងនោះចាំបាច់ត្រូវតែសុំការអនុញ្ញាតជាមុន”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស