29 C
Phnom Penh

រូបភាព​ផ្កាយ​រណប​បង្ហាញ​ថា មានការ​កាប់បំផ្លាញព្រៃ​ជាថ្មី​នៅ​ដែនជម្រក​សត្វព្រៃ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រូបភាពផ្កាយរណបថ្មីស្តីពីតំបន់ភាគកណ្តាលនៃប្រទេសកម្ពុជាបង្ហាញឲ្យឃើញអំពីការបន្តកាប់បំផ្លាញព្រៃឈើល្អៗរាប់មឺុនហិកតានៅក្នុងតំបន់ការពារមួយក្នុងចំណោមតំបន់ការពារផ្សេងៗទៀត ប្រាំឆ្នាំបន្ទាប់ពីរដ្ឋាភិបាលបានប្រកាសចាត់វិធានការបង្ក្រាបទ្រង់ទ្រាយធំលើការកាប់បំផ្លាញព្រៃឈើបែបនេះដែលអនុវត្តដោយក្រុមហ៊ុនចម្ការកៅស៊ូនានា។

រូបភាពបញ្ចេញតាមអីុនធឺណិតដោយទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិកកាលពីខែមីនា ជាផ្នែកនៃរូបភាពផ្កាយរណបដែលកំពុងបន្តផ្តិតយករូបភាពជាបន្តបន្ទាប់ជុំវិញពិភពលោកនោះ បានចាប់យករូបភាពនៃដែនជម្រកសត្វព្រៃបឹងពែ ដែលមានទំហំ២៤៣.០០០ហិកតាពីរដង ម្តងនៅក្នុងឆ្នាំ១៩៩៩ និងម្តងទៀតនៅខែកុម្ភៈក្នុងឆ្នាំនេះ។

រូបភាពនេះបង្ហាញថា ជាង១ភាគ៣នៃព្រៃដ៏ខៀវស្រងាត់នៅក្នុងដែនជម្រកសត្វព្រៃនេះត្រូវបានជំនួសដោយចម្ការកៅស៊ូក្នុងពេលបច្ចុប្បន្ន ឬក៏ត្រូវបានកាប់រានត្រៀមសម្រាប់កសិពាណិជ្ជកម្ម។

Forest-mapការកាប់បំផ្លាញភាគច្រើនកើតឡើង មុនពេលរដ្ឋាភិបាលផ្អាកការផ្តល់ដីសម្បទានសេដ្ឋកិច្ចថ្មី និងបានចេញបទបញ្ជាឲ្យពិនិត្យឡើងវិញលើដីសម្បទានដែលមានស្រាប់ដើម្បីពិនិត្យមើលថា តើមានការរំលោភបំពានកិច្ចសន្យាដែរឬអត់កាលពីឆ្នាំ២០១២។ ដីរដ្ឋក្នុងទំហំដ៏ធំត្រូវបានជួលទៅឲ្យក្រុមហ៊ុនឯកជនដើម្បីដាំដំណាំសម្រាប់លក់យកប្រាក់។

ប៉ុន្តែ ការកាប់រានព្រៃនៅតែបន្តដោយរំលោភបំពានលើច្បាប់របស់កម្ពុជា។

រូបភាពផ្កាយរណបដែលថតបានកាលពីខែកុម្ភៈបង្ហាញថា ដីព្រៃរាប់ម៉ឺនហិកតាត្រូវបានកាប់រានតាំងពីខែមករាឆ្នាំ២០១៦មក។ ទិន្នន័យស្តីពីការកាប់បំផ្លាញព្រៃឈើក្នុងពិភពលោកដែលប្រមូលរហូតដល់ចុងឆ្នាំ២០១៥ដោយ Global Forest Watch ជាប្រព័ន្ធ ឃ្លាំមើលព្រៃឈើតាមអីុនធឺណិតដែលក៏ប្រើផ្កាយរណបរបស់សហរដ្ឋអាមេរិកដែរនោះ បង្ហាញថា តំបន់ដដែលនេះមានព្រៃឈើនៅល្អភាគច្រើន។

ការកាប់បំផ្លាញព្រៃឈើនាពេលថ្មីៗនេះ កើតឡើងនៅលើដីសម្បទានសេដ្ឋកិច្ចចំនួនពីរកន្លែងនៅជាប់នោះ។ ដីសម្បទានសេដ្ឋកិច្ចទាំងពីរកន្លែងនេះ គឺជារបស់អ្នកជំនួញម្នាក់ឈ្មោះ អាន ម៉ាឌី ដែលជាម្ចាស់ក្រុមហ៊ុន CADI និងក្រុមហ៊ុន An Mady Group ដែលដាក់ឈ្មោះតាមអ្នកជំនួញរូបនេះ។

យោងតាមច្បាប់ ក្រុមហ៊ុនតម្រូវឲ្យសុំការយល់ព្រមពី អ្នកភូមិមូលដ្ឋានមុនពេលចាប់ផ្តើមគម្រោងរបស់ខ្លួន និងតម្រូវឲ្យធ្វើការវាយតម្លៃអំពីផលប៉ះពាល់សង្គម និងបរិស្ថានដើម្បីធានាថា ពួកគេចៀសវាងឬមិនសូវធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ។ជាក់ស្តែងការអនុវត្តកម្រកើតមានណាស់ហើយរដ្ឋាភិបាលភាគច្រើនធ្វើព្រងើយកន្តើយចំពោះការអំពាវនាវពីអង្គការបរិស្ថាន និងអង្គការសិទ្ធិមនុស្ស ឲ្យប្រាប់ក្រុមហ៊ុនឲ្យឈប់កាប់រានព្រៃតទៅមុខទៀតរហូតទាល់តែពួកគេធ្វើតាមនីតិវិធីត្រឹមត្រូវ។

តាមការសន្និដ្ឋាន រដ្ឋាភិបាលអាចជួលបានតែដីព្រៃណាដែលនៅក្នុងផ្នែកនៃតំបន់ការពារកំណត់សម្រាប់ការអភិវិឌ្ឍប្រកបដោយនិរន្តរភាព និងក្នុងលក្ខខណ្ឌដែលដីព្រៃនោះបានសឹករេចរឹលរួចហើយប៉ុណ្ណោះ។ប៉ុន្តែដែនជម្រកសត្វព្រៃបឹងពែនៅមិនទាន់កំណត់តំបន់នៅឡើយទេ ហើយរដ្ឋាភិបាលក៏មិនបានបង្ហាញភ័ស្តុតាងណាមួយថា ដីព្រៃនោះសឹករេចរឹលរួចហើយដែរ ពេលជួលទៅ ឲ្យក្រុមហ៊ុន។ អ្នកភូមិមូលដ្ឋាន និងអង្គការមិនមែនរដ្ឋាភិបាលលើកឡើងថា ព្រៃនៅ   ក្នុងដែនជម្រកសត្វព្រៃបឹងពែមានការដុះលូតលាស់ល្អ ប៉ុន្តែបានហិនហោចពេលក្រុមហ៊ុនចម្ការកៅស៊ូមកដល់។

លោក ហួន ជាណូ ប្រធានសហគមន៍បឹងទន្លេម្រេចក្នុងស្រុករវៀងដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃនេះបានលើកឡើងថា ក្រុមហ៊ុនចម្ការកៅស៊ូរបស់លោក អាន ម៉ាឌី បានចាប់ផ្តើមកាប់រានព្រៃនេះក្នុងទ្រង់ទ្រាយធំ នៅចុងឆ្នាំ២០១៥និងដើមឆ្នាំ២០១៦។

លោកបាននិយាយថា “ក្រុមហ៊ុននេះ និងអាជ្ញាធរមិនដែលពិគ្រោះយោបល់ជាមួយយើងអំពីដីសម្បទានសេដ្ឋកិច្ចទេ។ ពួកគេមកកាប់រានដី ហើយទន្ទ្រានយកដីសហគមន៍របស់យើង”។

លោកបានបន្ថែមថា “កាលពីមុនព្រៃទាំងអស់នៅទីនេះខៀវស្រងាត់ល្អណាស់”។លោកបានបន្ថែមទៀតថា “ឥឡូវហិនហោចអស់ហើយ។ ឥឡូវនេះវាគឺជាទីវាលដ៏ធំដែលគ្មានដើមឈើ។ វាវាលអស់ហើយក្នុងពេលនេះ។ ដើមជ័រទឹកលែងមានទៀតហើយ ហើយសត្វព្រៃក៏លែងមានដែរ។ ព្រៃឈើហិនហោចឲ្យខ្ទេចខ្ទី ហើយជីវភាពរបស់យើងបានរងផលប៉ះពាល់យ៉ាងខ្លាំង”។

អ្វីដែលលោក ហួន ជាណូ បានលើក ឡើង ដូចនឹងអ្វីដែលមាននៅក្នុងរបាយ ការណ៍រដ្ឋាភិបាលដែរ។

របាយការណ៍ស្តីពីការគ្រប់គ្រងតំបន់ការពារដែលក្រសួងបរិស្ថានបានចេញកាលពីឆ្នាំ២០០៤ជាមួយមូលនិធិសត្វព្រៃពិភពលោក(World Wildlife Fund) បានចាត់ទុកផ្នែកខ្លះនៃចម្ការទាំងនេះថា ជា”សហគមន៍ដាំដុះ ដែលគួរយកគំរូតាម”។

លោក ឡាត់ គី ប្រធានកម្មវិធីដីធ្លី និង ធន ធានធម្មជាតិនៅសមាគមសិទ្ធិមនុស្សអាដហុកបានលើកឡើងថា រដ្ឋាភិបាលគួរតែបានប្រាប់ក្រុមហ៊ុនចម្ការកៅស៊ូឲ្យឈប់កាប់រានព្រៃរហូតទាល់តែពួកគេបំពេញតាមកាតព្វកិច្ចផ្លូវច្បាប់របស់ខ្លួន។

លោកបានថ្លែងថា ”វាជារឿងសំខាន់ណាស់ក្នុងការវាយតម្លៃទុកជាមុន ដើម្បីចៀសវាងផលប៉ះពាល់លើសហគមន៍នៅក្នុងតំបន់នេះ។ ប្រសិនបើយើងធ្វើ [ការវាយតម្លៃ]ប្រកបដោយតម្លាភាព និងគណនេយ្យភាពនោះ យើងអាចចៀសវាងផលប៉ះពាល់លើសហគមន៍ដែលរស់នៅទីនោះជាយូរមកហើយ”។

លោក ឡាត់ គី បានលើកឡើងទៀតថា រដ្ឋាភិបាលដែលជាអ្នកទទួលខុសត្រូវលើដីនេះចាំបាច់ត្រូវតែចាត់វិធានការឲ្យបានតឹងរឹុងលើក្រុមហ៊ុន។

លោកបានមានប្រសាសន៍ថា “រដ្ឋាភិបាលចាំបាច់ត្រូវតែពង្រឹងការសហការជាមួយក្រុមហ៊ុន ហើយក្រុមហ៊ុនត្រូវតែធ្វើការជាមួយសហគមន៍”។

អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះមានការស្ទាក់ស្ទើរក្នុងការធ្វើអត្ថាធិប្បាយតើថាហេតុអ្វីបានជាបញ្ហាហ្នឹងមិនកើតមានឡើង។ អ្នកផ្សេងៗទៀតបានរិះគន់ចំពោះទំនាក់ទំនងដ៏ស្និទ្ធស្នាលរបស់រដ្ឋាភិបាលជាមួយម្ចាស់ចម្ការកៅស៊ូដែលមួយចំនួនគឺជាតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចឬក៏ជាអ្នកដែលផ្តល់ជំនួយមនុស្សធម៌ជាប្រចាំដល់រដ្ឋាភិបាល។ លោក ទ្រី ភាព ដែលចម្ការកៅស៊ូនៅក្នុងដែនជម្រកសត្វព្រៃបឹងពែរបស់លោក ស្ថិតនៅក្បែរចម្ការកៅស៊ូលោក អាន ម៉ាឌី នោះបានបរិច្ចាគប្រាក់រាប់លានដុល្លារ ហើយជាទីប្រឹក្សាមួយរូបក្នុងចំណោមទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ក្រុមហ៊ុនចម្ការកៅស៊ូរបស់លោក ក៏ត្រូវបានអនុញ្ញាតឲ្យកាប់រានព្រៃក្រាស់ ដោយគ្មានការវាយតម្លៃពីការប៉ះពាល់ណាមួយផងដែរ ពោលគឺបន្ទាប់ពីមានការផ្អាកផ្តល់ដីសម្បទានសេដ្ឋកិច្ចថ្មី។

យោងតាម Global Forest Watchបានលើកឡើងថា ដីសម្បទានសេដ្ឋកិច្ចនៅកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាបំផ្លាញព្រៃឈើខ្ពស់បំផុតនៅលើពិភពលោក ចន្លោះ ឆ្នាំ២០០០ដល់ឆ្នាំ២០១៤ និងបានធ្វើឲ្យព្រៃឈើបានបាត់បង់យ៉ាងឆាប់រហ័សបំផុតនៅក្នុងរយៈពេលដូចគ្នានេះ។

ពេលទាក់ទងកាលពីម្សិលមិញ លោក អាន ម៉ាឌី បានលើកឡើងថា លោកបានលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុន CADI និងក្រុមហ៊ុន An Mady Group កាលពីឆ្នាំ ២០១២ ហើយលោកលែងជាអ្នកទទួលខុសត្រូវលើក្រុមហ៊ុនទាំងពីរនេះទៀតហើយ។ ទោះជាយ៉ាងណា ទិន្នន័យតាមអីុនធឺណិតរបស់ក្រសួងពាណិជ្ជកម្មលើកឡើងថា ក្រុមហ៊ុនទាំងពីរនេះបានចុះបញ្ជីសារជាថ្មីនៅពាក់កណ្តាលឆ្នាំ ២០១៦ ហើយចុះបញ្ជីថា លោក អាន ម៉ាឌី គឺជាប្រធានក្រុមហ៊ុនទាំងពីរនេះ។

លោក អាន ម៉ាឌី បានលើកឡើងទៀតថា លោកបានលក់ភាគហ៊ុនរបស់លោកទៅឲ្យបុរសម្នាក់ឈ្មោះ ហួច ដែលមិនអាចទាក់ទងបានតាមលេខទូរស័ព្ទដែលលោកបានផ្តល់ឲ្យ។

លោកពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារដែលមើលការខុសត្រូវលើដីសម្បទាននៅខេត្តនេះបានលើកឡើងថា ក្រុមហ៊ុនចម្ការកៅស៊ូទាំងពីរនេះ ត្រូវបានអាជ្ញាធរប្រាប់ឲ្យឈប់កាប់រានព្រៃពីរបីខែមុន ដោយសារក្រុមហ៊ុនទាំងពីរនេះបានបញ្ចប់ត្រឹមតែការវាយតម្លៃពីបះ៉ពាល់បឋមប៉ុណ្ណោះ ហើយមិនដែលបានដាក់ជូនផែនការមេនោះឡើយ។លោក បានលើកឡើងទៀតថា ក្រុមហ៊ុនទាំងពីរនេះចាំបាច់ត្រូវតែទទួលបានការយល់ព្រមលើគម្រោង និងការវាយតម្លៃនៃផលប៉ះពាល់ពេញលេញរបស់ខ្លួន ជាមុនសិនមុនពេលចាប់ផ្តើមម្តងទៀត។ លោកបានមានប្រសាសន៍ ថា “ក្រុមហ៊ុននេះមិនអាចធ្វើប្រតិបត្តិការបានទេ លុះត្រាតែធ្វើការវាយតម្លៃ[ពីផលប៉ះពាល់]ជាមុនសិន”។

ជនជាតិដើមភាគតិចកួយម្នាក់ឈ្មោះ ព្រះ កៃ ដែលជីដូនជីតារបស់គាត់បានរស់នៅប្រកបរបចិញ្ចឹមជីវិតប្រកបដោយនិរន្តរភាពនៅលើដីព្រៃនេះជាច្រើនជំនាន់មកហើយនោះ គិតថាវាប្រហែលជាយឺតពេលហើយ។ ។

លោកបាននិយាយថា “ឥឡូវនេះដើមឈើធំៗបាត់បង់អស់ហើយ”។លោក បានបន្តទៀតថា “ឥឡូវនេះយើងមិនដឹងថា ពឹងផ្អែកលើអ្វីទៀតទេក្រៅពីធ្វើការឲ្យក្រុមហ៊ុនដើម្បីរកកម្រៃចិញ្ចឹមជីវិតនោះ”៕ស៊ុយឈាង

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស