33.3 C
Phnom Penh

កម្ពុជា​​​បើក​​​ការដ្ឋាន​​​សាងសង់​​​រោងចក្រ​​​ច​​​ម្រាញ់​​​ប្រេង​​​កាត​​​លើក​​​ដំបូងរបស់​​​ខ្លួន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងរ៉ែ និងថាមពលបានប្រកាសនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា កាលពីម្សិលមិញមានការចាប់ផ្ដើមបើកការដ្ឋានសាងសង់រោងចក្រចម្រាញ់ប្រេងកាតលើកដំបូងរបស់ប្រទេសកម្ពុជាក្នុងខេត្តព្រះសីហនុ ជាគម្រោងដ៏ធំមួយក្នុងទំហំទឹកប្រាក់១,៦ពាន់លានដុល្លារ ដែលមានសមត្ថភាពផលិតជិតបីដងនៃតម្រូវការក្នុងស្រុករបស់កម្ពុជា។

យោងតាមក្រសួងបានឱ្យដឹងថា គេរំពឹងថា រោងចក្រចម្រាញ់ប្រេងកាតនេះនឹងមានសមត្ថភាពផលិតបាន៥លានតោនក្នុង១ឆ្នាំ ដែលល្មមនឹងបំពេញតាមតម្រូវការក្នុងស្រុករបស់កម្ពុជា ដែលមានតម្រូវការ១,៨លានតោនក្នុងឆ្នាំ២០១៥ និងផ្ដល់ការផ្គត់ផ្គង់សម្រាប់នាំចេញទៀតផង។

18278125_718832258299693_5716396886760579927_oក្រសួងបានបន្តថា រោងចក្រចម្រាញ់ប្រេងកាតរបស់ក្រុមហ៊ុន ខេមបូឌាន ភេត្រូ ខេមីខល ខូអិលធីឌី (Cambodian Petrochemical Co. Ltd) នឹងសាងសង់ជាពីរដំណាក់កាល។ដំណាក់កាលទី១ នឹងបញ្ចប់នៅអំឡុងពាក់កណ្ដាលឆ្នាំ២០១៩ ដោយប្រើប្រាស់ទុនវិនិយោគ៦២០លានដុល្លារ ហើយមានសមត្ថភាពផលិតបាន២លានតោនសម្រាប់លក់ចែកចាយជាចម្បង ផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុក។

យោងតាមលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ដែលបានចូលរួមពិធីបើកការដ្ឋានសាងសង់កាលពីម្សិលមិញជាមួយលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានឱ្យដឹងថា ក្រុមហ៊ុន Sino Great Wall International Engineering ជាក្រុមហ៊ុនចិននឹងសាងសង់រោងចក្រចម្រាញ់ប្រេងនេះ ដែលនឹងចំណាយទឹកប្រាក់សរុបប្រហែល១,៦ពាន់លានដុល្លារ បន្ទាប់ពីដំណាក់កាលទី២ត្រូវបានបញ្ចប់។

លោក យន្ត មីន បានមានប្រសាសន៍ថា រោងចក្រចម្រាញ់ប្រេងកាតនេះសាងសង់លើផ្ទៃដីទំហំ៣៥០ហិកតា ស្ថិតក្នុងឃុំទឹកថ្លា ស្រុកព្រៃនប់។ មិនមានការប្រាប់អំពីតារាងពេលវេលាសម្រាប់ការបញ្ចប់ដំណាក់កាលទី២ទេ។

កាសែត Wall Street Journal បានរាយការណ៍កាលពីឆ្នាំ២០១៣ថា ធនាគារ Exim Bank ដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិនបានព្រមព្រៀងផ្ដល់ប្រាក់កម្ចីចំនួន១,៦៧ពាន់លានដុល្លារដល់ប្រទេសកម្ពុជាក្នុងខែតុលា ឆ្នាំ២០១៣ សម្រាប់សាងសង់រោងចក្រចម្រាញ់ប្រេងកាតមួយក្នុងតំបន់ដូចគ្នានេះដែលគ្រោងបញ្ចប់នៅឆ្នាំ២០១៨។ទោះជាយ៉ាងណា នៅពេលទាក់ទងកាលពីម្សិលមិញ តំណាងមកពីក្រសួង និងក្រុមហ៊ុន Sino Great Wall មិនដឹងថា តើជាគម្រោងដូចគ្នា ឬយ៉ាងណានោះឡើយ ហើយបានបង្វែរសំណួរទៅក្រុមហ៊ុន ភេត្រូ ខេមីខល ដែលបានបដិសេធមិនធ្វើអត្ថាធិប្បាយ។

លោក ប្រាក់ សំប្រាថ្នា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបានមានប្រសាសន៍ថា លោកបានមកកាន់តួនាទីនេះក្នុងឆ្នាំ២០១៥ ហើយមិនបានដឹងពីព័ត៌មានលម្អិតរបស់គម្រោងឡើយ។

ក្នុងសុន្ទរកថានៅពិធីបើកការដ្ឋាន លោករដ្ឋមន្ត្រី ស៊ុយ សែម បានមានប្រសាសន៍ថា ដំបូងឡើយ ប្រេងឆៅត្រូវបាននាំចូលពីប្រទេសតំបន់មជ្ឈិមបូពា៌ ប៉ុន្តែនៅពេលអនាគតតំបន់រ៉ែប្រេងផ្ទាល់របស់កម្ពុជាស្ថិតក្នុងសមុទ្រក្រុងព្រះសីហនុ នឹងផ្គត់ផ្គង់ដល់រោងចក្រចម្រាញ់នេះផងដែរ។

គេនៅមិនទាន់ច្បាស់ថាតើប្រទេសកម្ពុជានឹងត្រូវរង់ចាំរយៈពេលប៉ុណ្ណាឡើយក្នុងការទាញយកប្រេងឆៅរបស់ខ្លួននោះ។ តំបន់រ៉ែប្រេងតែមួយគត់របស់កម្ពុជាហៅថា ប្លុក A មិនបានផលិតប្រេងណាមួយឡើយចាប់តាំងពីក្រុមហ៊ុន ឈេហ្វរ៉ុន ជាក្រុមហ៊ុនប្រេងឥន្ធនៈដ៏ធំរបស់អាមេរិកបានចាប់ផ្ដើមធ្វើការរុករកក្នុងឆ្នាំ២០០២។ បន្ទាប់ពីមានការខ្វែងគំនិតគ្នាដ៏អូសបន្លាយជាមួយរដ្ឋាភិបាលជុំវិញប្រាក់ពន្ធមក ក្រុមហ៊ុន ឈេហ្វរ៉ុន បានលក់ភាគហ៊ុនរបស់ខ្លួននៅក្នុងប្លុកនេះទៅឱ្យក្រុមហ៊ុន KrisEnergy ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីក្នុងឆ្នាំ២០១៤។

ចាប់តាំងពីពេលនោះមក ការពន្យារពេល និងការចាប់ផ្តើមមិនបានជោគជ័យ បានញាំញីគម្រោងនេះ។ មន្ត្រីក្រសួងរ៉ែ និងថាមពល និងតំណាងក្រុមហ៊ុន KrisEnergy បានប្រាប់កាសែត ខ្មែរ ថាមស៍ កាលពីខែធ្នូថា កិច្ចព្រមព្រៀងមួយត្រូវគេរំពឹងថា នឹងចុះហត្ថលេខាក្នុងរយៈពេលពីរបីសប្ដាហ៍ទៀតប៉ុន្តែមិនមានការលើកឡើងពីកិច្ចសន្យាឡើយ។

បន្ទាប់មក ក្នុងខែកុម្ភៈ កាសែត ភ្នំពេញ ប៉ុស្តិ៍ បានរាយការណ៍ថា ក្រុមហ៊ុន KrisEnergy បានប្រកាសថា ខ្លួនកំពុងពិចារណាលក់ភាគហ៊ុនរបស់ខ្លួនក្នុងប្លុក A ដើម្បីសម្រាលបន្ទុកបំណុលរបស់ក្រុមហ៊ុន ជាផែនការដែលទីបំផុតក្រុមហ៊ុនបានសម្រេចបោះបង់ចោល។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ពីថ្ងៃទី២០ ខែមីនា ដកស្រង់សម្ដីលោក ម៉េង សាក់ធារ៉ា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលដែលលើកឡើងថា កិច្ចព្រមព្រៀងមួយនឹងត្រូវព្រាងបញ្ចប់នៅខែនោះ។ កាលពីថ្ងៃទី៣០ ខែមីនា លោក Kelvin Tang នាយកប្រតិបត្តិការក្រុមហ៊ុន KrisEnergy បានប្រាប់កាសែត ភ្នំពេញ ប៉ុស្តិ៍ថា កិច្ចព្រមព្រៀងនោះស្ទើរតែបានបញ្ចប់ទៅហើយ ហើយលោក ម៉េង សាក់ធារ៉ា បានលើកឡើងថា វាជាការធ្វើលិខិតស្នាមរួចរាល់តែប៉ុណ្ណោះ។

មិនមានការប្រកាសពីកិច្ចព្រមព្រៀងណាមួយឡើយដោយសារតំណាងក្រុមហ៊ុន KrisEnergy មិនអាចទាក់ទងបានកាលពីម្សិលមិញ៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស