31 C
Phnom Penh

ក្រសួង​ការពារ​​ការ​នាំចេញខ្សាច់​ ខណៈ​​​​​​​ NGO ​គាំទ្រ​ការ​អះអាង​​​​​​​របស់​​​​​​​​​​​​ខ្លួន​​​​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីថ្ងៃសុក្រ ក្រសួងរ៉ែ និងថាមពលបានការពារការនាំចេញខ្សាច់ដែលអង្គការបរិស្ថានមួយបានរាយការណ៍កាលពីសប្ដាហ៍មុន ដោយនិយាយថា បម្រាមខ្សាច់ដាក់ចេញដោយកម្ពុជា មិនបានរាប់បញ្ចូលខ្សាច់ដូចក្នុងវីដេអូដែលបង្ហាញពីសកម្មភាពផ្ទុកខ្សាច់លើនាវានៅឆ្នេរសមុទ្រក្រុងព្រះសីហនុនោះទេ។

អង្គការមាតាធម្មជាតិបានបង្ហោះវីដេអូនេះតាមទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃច័ន្ទ ដែលបានទាក់ទាញការចូលមើលជាង៦២៨.០០០ដង ហើយវាបង្ហាញពីសកម្មភាពនាវាឈ្មោះ Deryoung Sunflower ជានាវាដឹកខ្សាច់ឆ្ពោះទៅកោះតៃវ៉ាន់ ផ្ទុកខ្សាច់នៅចន្លោះក្រុងព្រះសីហនុ និងកោះរ៉ុងកាលពីថ្ងៃទី២៩ ខែមេសា។

cof

អង្គការមិនមែនរដ្ឋាភិបាលមួយនេះនិយាយថា ការធ្វើបែបនេះបានបំពានច្បាប់ ពីព្រោះក្រសួងបានឈប់ចេញអាជ្ញាប័ណ្ណថ្មីៗសម្រាប់ការបូមខ្សាច់ និងការនាំចេញខ្សាច់កាលពីខែវិច្ឆិកា ស្របពេលមានសម្ពាធកាន់តែខ្លាំងឡើងដោយសាររបាយការណ៍នាំចេញខ្សាច់ដែលបង្ហាញពីភាពខុសគ្នារាប់សែនលានម៉ែត្រគូប។

បន្ទាប់ពីប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងស៊ើបអង្កេត ក្រសួងនេះបានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនរកមិនឃើញថាខុសអ្វីឡើយ ព្រោះនោះជាប្រភេទខ្សាច់ដែលច្បាប់អនុញ្ញាត។

សេចក្ដីថ្លែងការណ៍របស់ក្រសួងលើកឡើងថា ”ថ្ងៃដែលអង្គការមាតាធម្មជាតិបង្ហោះវីដេអូនេះគឺជាថ្ងៃដែលនាវានោះចាកចេញពីកម្ពុជា។ នាវា Deryoung Sunflower បានមកដឹកខ្សាច់សជាប្រភេទខ្សាច់សម្រាប់ឧស្សាហកម្មផលិតកញ្ចក់ កែវ និងដប”។

សេចក្ដីថ្លែងការណ៍ដដែលបន្តថា “ការផ្អាកការនាំចេញខ្សាច់ទៅបរទេសនៅតែមានសុពលភាព លើកលែងតែខ្សាច់សដូចមានចែងក្នុងលិខិតរបស់ក្រសួង”។

ក្រសួងនេះក៏បានអះអាងដែរថា ខ្សាច់ដែលក្រុមហ៊ុនម៉ុងឫទ្ធី គ្រុប ជាក្រុមហ៊ុនរួមផ្នែកកសិឧស្សាហកម្មដឹក មានប្រភពចេញពីដីស្ថិតនៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មិនមែនចេញពីមាត់ពាមទេ។

លោក អាឡិច ហ្គន់សាឡេស ដាវីដសុន នាយកអង្គការមាតាធម្មជាតិដែលត្រូវបានបណ្ដេញចេញពីកម្ពុជា បានច្រានចោលការអះអាងរបស់ក្រសួង ដោយលើកឡើងថា “វាជាការនិយាយកុហកដែលមិនសមទំនងទាល់តែសោះ”។

លោកលើកឡើងថា “អ្នកនាំពាក្យ ម៉េង សាក់ធារ៉ា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ថា ការស៊ើបអង្កេតដោយទីភ្នាក់ងារមួយចំនួនរបស់រដ្ឋាភិបាលបង្ហាញថា គ្មាននាវាដឹកខ្សាច់ណាចូលកម្ពុជាទេ ហើយពេលនេះពួកគេបែរជាទទួលស្គាល់ថា មាននាវាមួយគ្រឿង”។ លោកបានបន្តថា “ទី២ បម្រាមនាំចេញខ្សាច់ដែលបានចូលជាធរមានចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន មិនបានចែងអំពីករណីលើកលែងទេ”។

លោកបន្ថែមទៀតថា វីដេអូនេះបង្ហាញថា ពួកគេ “ឃុបឃិតជាមួយក្រុមដែលគ្រប់គ្រង់រ៉ែខ្សាច់ និងការនាំចេញ”។ លោកព្រមានថា “យើងកំពុងបន្តស៊ើបអង្កេត ហើយយើងសង្ឃឹមថានឹងលាតត្រដាងវាបន្ថែមទៀតក្នុងពេលឆាប់ៗ”៕ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស