30.7 C
Phnom Penh

ការហែក្បួន​​​យុទ្ធនាការ​​​ឃោស​​​នា​​​​​​បោះ​​​ឆ្នោត​​​ត្រូវ​​​បាន​​​ហាម​​​ឃាត់​​​​​​មិន​​​ឲ្យ​​​ធ្វើ​​​នៅ​​​តាម​​​ផ្លូវ​​​សំខាន់​​​ៗ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រតិកម្មតបទៅនឹងការរិះគន់ពីគណបក្សសង្គ្រោះជាតិ និងអង្គការផ្សេងៗទៀត ស្ថាប័នរៀបចំការបោះឆ្នោតកំពូលនៅកម្ពុជាកាលពីម្សិលមិញបានការពារការគាំទ្ររបស់ខ្លួនចំពោះបម្រាមលើការហែក្បួនឃោសនាបោះឆ្នោតតាមទីសាធារណៈសំខាន់ៗនៅក្នុងរាជធានីភ្នំពេញ ដោយលើកឡើងថា ដោយសារសុវត្ថិភាពសាធារណៈ។

អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិហែរក្បួនឃោសនាជ្រូសគ្នានៅភ្នំពេញក្នុងថ្ងៃទី១ នៃយុទ្ធនាការឃោសនាបោះឆ្នោតជាតិជាផ្លូវការឆ្នាំ២០១៣។ រូបថតដោយ Lauren Crothers/The Cambodia Daily

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ក៏បានបង្ខំចិត្តបកស្រាយអំពីសេចក្តីសម្រេចរបស់ខ្លួនក្នុងការបោះពុម្ពសន្លឹកឆ្នោតចំនួន១,៥លានសន្លឹកបន្ថែមទៀតសម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៤ ខែមិថុនាផងដែរ។

ចំណាត់ការទាំងពីរនេះបានធ្វើឲ្យអ្នកវិភាគមួយរូបចោទជាសំណួរថ្មីៗកាលពីម្សិលមិញអំពីអព្យាក្រឹតភាពរបស់គណៈកម្មាធិការនេះ។

នៅក្នុងលិខិតមួយចុះថ្ងៃទី២៨ខែមេសាលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានប្រាប់លោក មាស ឆពណ្ណ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ជាសាខាមូលដ្ឋានរបស់គ.ជ.ប.ឲ្យជូនដំណឹងដល់គណបក្សនយោបាយថា ពួកគេនឹងមិនត្រូវបានអនុញ្ញាតឲ្យរៀបចំការហែក្បួនឬការជួបជុំនៅតាមផ្លូវ សួនច្បារ និងផ្សារសំខាន់ៗ ក្នុងរាជធានីនោះឡើយ អំឡុងយុទ្ធនាការឃោសនារយៈពេល២សប្តាហ៍ដែលនឹងចាប់ផ្តើមពីថ្ងៃទី២០ខែឧសភា។

តំបន់ដែលស្ថិតនៅក្នុងការហាមឃាត់គឺ សួនច្បារសាធារណៈចំនួន៧កន្លែង ដែលនៅក្បែរព្រះបរមរាជវាំង វត្តភ្នំ និងវិមានឯករាជ្យផ្សារចំនួន៦រួមមាន ផ្សារកណ្តាល ផ្សារអូរឫស្សី ផ្សារទួលទំពូង និងកំណាត់ផ្លូវចំនួន៩ រួមមានមហាវិថីព្រះនរោត្តម មហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីព្រះមុនីវង្ស និងមហាវិថីព្រះសីហនុជាដើម។

វិធានការនេះបង្កើតឡើងដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ ហើយនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ នេះបើយោងតាមលោក មេ៉ត មាសភក្តី អ្នកនាំពាក្យសាលារាជធានី។លោកបានមានប្រសាសន៍ថា “គោលបំណង ដូចដែលយើងបានបញ្ជាក់ច្បាស់នៅក្នុងលិខិត គឺដើម្បីការពារ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ និងសំខាន់បំផុតនោះគឺចៀសវាងការកកស្ទះចរាចរណ៍”។

លោក មាស ឆពណ្ណ បានលើកឡើងទៀតថា គ.ជ.ប. បានអនុម័តរួចហើយលើសារាចរណែនាំគណបក្សនីមួយៗដោយលើកឡើងពីគោលការណ៍ច្បាប់បោះឆ្នោតដែលតម្រូវឲ្យគណបក្សនីមួយរក្សាសណ្តាប់ធ្នាប់ពេលធ្វើយុទ្ធនាការឃោសនា។

អ្នករំលោភបំពាន នឹងប្រឈមវិធានការផ្អែកលើកម្រិតភាពធ្ងន់ធ្ងរនៃអំពើល្មើសរបស់ពួកគេ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា គណបក្សកាន់អំណាចគាំទ្រទាំងស្រុងចំពោះវិធានការនេះដោយរិះគន់គណបក្សប្រឆាំងចំពោះការរៀបចំឲ្យមានការជួបជុំដែលមិនអាចគ្រប់គ្រងបាននាពេលកន្លងមក ជាពិសេសអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣។

ដោយរៀបរាប់អំពីហេតុការណ៍ដែលអ្នកគាំទ្រគណបក្សគូប្រជែងរបស់ខ្លួន រិះគន់ និងគប់ដបទឹកដាក់គ្នា លោកបានមានប្រសាសន៍ ថា “វារញ៉េរញ៉ៃ និងមានភាពចលាចលរញ៉េរញ៉ៃគ្រប់ទីកន្លែង ហើយជាពិសេសនោះគឺវាកើតចេញពីគណបក្សប្រឆាំង”។

ទោះបីជាអ្នកគាំទ្រគណបក្សប្រឆាំងបានប៉ះទង្គិចគ្នាជាមួយអាជ្ញាធរប៉ុន្មានលើកបន្ទាប់ពីការបោះឆ្នោតក៏ដោយ តែយុទ្ធនាការបោះឆ្នោតនៅក្នុងរាជធានីភ្នំពេញបានប្រព្រឹត្តទៅដោយគ្មានការប៉ះអង្គិចគ្នាធំដំនោះឡើយ។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានចាត់ទុកវិធានការរបស់សាលារាជធានីថា មិនសមហេតុផល ហើយថា ពួកគេគ្មានអ្វីត្រូវខ្លាចការជួបជុំធ្វើយុទ្ធនាការ ឃោសនានោះឡើយ។ លោកបានលើកឡើងថា ការរិតបន្តឹងនេះធ្វើឲ្យអ្នកបោះឆ្នោតរស់នៅតាមបណ្តោយផ្លូវធំៗដែលត្រូវបានហាមឃាត់មិនមានឱកាសចូលរួមនៅក្នុងសកម្មភាពនយោបាយ។

លោកបានមានប្រសាសន៍ថា “ប្រសិនបើការហាមឃាត់អនុវត្តតាមផ្លូវមួយចំនួន ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវនោះគ្មានឱកាសឮសារនយោបាយទេ”។ លោកបានបន្ថែមថា គណបក្សសង្គ្រោះជាតិនឹងរង់ចាំលោកប្រធាន កឹម សុខា វិលត្រឡប់មកវិញសិន មុនពេលបញ្ចេញប្រតិកម្មតបនឹងវិធានការនេះ។

ប៉ុន្តែលោក មាស ឆពណ្ណ មានប្រសាសន៍ថា ការព្រួយបារម្ភជុំវិញការហែក្បួនគឺជាការបំផ្លើស ដោយលោកលើកឡើងថា គណបក្សនយោបាយមានមធ្យោបាយជាច្រើនក្នុងការទំនាក់ទំនងជាមួយអ្នកបោះឆ្នោត។

លោកមានប្រសាសន៍ថា “ខ្ញុំគិតថា យុទ្ធនាការឃោសនាមិនមែនមានត្រឹមតែហែក្បួនទេ។ មានមធ្យោបាយជាច្រើន [ក្នុងការទំនាក់ទំនងជាមួយអ្នកបោះឆ្នោត] ដូចជាការចែកខិត្តប័ណ្ណ ការជួបជុំគ្នា ការប្រគុំតន្ត្រី ការប្រកួតកីឡា។ល។”។

លោក សំ គន្ធាមី ប្រធានគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ និកហ្វិក មានប្រសាសន៍ថា អាជ្ញាធរមានធនធានគ្រប់គ្រាន់សម្រាប់គ្រប់គ្រងការហែក្បួនដោយសុវត្ថិភាពដោយមិនចាំបាច់ហាមឃាត់វាទាំងស្រុងឡើយ។

លោកគូសបញ្ជាក់ថា “នៅក្នុងច្បាប់ចែងថា គណបក្សនយោបាយអាចធ្វើយុទ្ធនាការឃោសនាបានដោយសេរី”។

ក្នុងសេចក្ដីថ្លែងការណ៍មួយចេញពីកាលពីថ្ងៃពុធ គ.ជ.ប. ក៏បានការពារការបោះពុម្ពរបស់ខ្លួននូវសន្លឹកឆ្នោតចំនួន៩,៤លានសន្លឹកសម្រាប់អ្នកបោះឆ្នោតដែលបានចុះឈ្មោះចំនួន៧,៩លាននាក់ផងដែរ បន្ទាប់ពីអ្នកសង្កេតការណ៍បោះឆ្នោតរួមទាំងនិកហ្វិកផង បានចោទសួរពីហេតុផល និងតម្លាភាពនៅពីក្រោយសន្លឹកឆ្នោតបម្រុងទាំង១,៥លានសន្លឹកនេះ។

ក្នុងសេចក្ដីថ្លែងការណ៍នេះ គ.ជ.ប. បានអះអាងថា សន្លឹកឆ្នោតបម្រុងទាំងនេះមានសារៈសំខាន់ក្នុងករណីមានកំហុសឆ្គងដែលអាចកើតមានក្នុងថ្ងៃបោះឆ្នោតដូចជា ការបោះពុម្ពខុស មន្ត្រីបោះឆ្នោតធ្វើឱ្យរហែកសន្លឹកឆ្នោតដោយចៃដន្យអំឡុងពេលចែកចាយ ឬក្នុងករណីអ្នកបោះឆ្នោតគូសច្រឡំបេក្ខជនដែលពួកគាត់មិនគាំទ្រជាដើម។

សេចក្ដីថ្លែងការណ៍នេះគូសបញ្ជាក់ថា ការិយាល័យបោះឆ្នោតនីមួយៗនឹងមានសន្លឹកឆ្នោតបម្រុងចន្លោះពី៥០ទៅ៩៩សន្លឹក ដោយសន្លឹកឆ្នោតដែលមិនបានប្រើប្រាស់នឹងត្រូវហែកចោល ឬចោះឱ្យប្រហោង។

លោក សំ គន្ធាមី បានចោទសួរថា ហេតុអ្វីបានជា គ.ជ.ប. បោះពុម្ពសន្លឹកឆ្នោតច្រើនជាងអ្នកបោះឆ្នោតដល់ទៅ២០ភាគរយ បើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗដែលលោកធ្លាប់បានទៅសង្កេតការណ៍មានតែប្រមាណ៥ភាគរយ។

លោកបានមានប្រសាសន៍ថា “ខ្ញុំមិនប្រាកដទេចំពោះតម្លាភាពនៃការប្រើប្រាស់សន្លឹកឆ្នោតបម្រុង”។

ទាក់ទិនបញ្ហានេះ លោក យឹម សុវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា សន្លឹកឆ្នោតបម្រុងទាំងនេះាចនឹងត្រូវបានមន្ត្រីការិយាល័យបោះឆ្នោតខិលខូចប្រើប្រាស់ដើម្បីបន្លំសន្លឹកឆ្នោតឲ្យគណបក្សកាន់អំណាច។ លោកថ្លែងថា “យើងបានប្រាប់តំណាងបក្សរបស់យើងនៅគ្រប់ទីកន្លែង នៅគ្រប់ការិយាល័យបោះឆ្នោតឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះសន្លឹកឆ្នោតនេះ”។

ទោះជាយ៉ាងណា ទាក់ទិនបញ្ហានេះ អ្នកនាំពាក្យ គ.ជ.ប. មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។

លោក យឹម សុវណ្ណ បានលើកឡើងពីក្ដីបារម្ភស្រដៀងគ្នានៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣  ដែលពេលនោះ គ.ជ.ប. បានបោះពុម្ពសន្លឹកឆ្នោតបម្រុងរហូតដល់ទៅ២,៥លានសន្លឹក។

គណបក្សសង្គ្រោះជាតិ និងអ្នកសង្កេតការណ៍បោះឆ្នោតនិយាយថា ការបោះឆ្នោតនោះមានភាពមិនប្រក្រតី ជាការចោទប្រកាន់ដែលទីបំផុតធ្វើឱ្យអ្នកបោះឆ្នោតចេញមកតវ៉ាតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ និងធ្វើឱ្យគណបក្សប្រជាជនកម្ពុជាចូលតុចរចា។

គ.ជ.ប. ត្រូវបានគណបក្សប្រឆាំងអះអាងជាយូរមកហើយថាស្ថិតក្នុងកណ្ដាប់ដៃរបស់គណបក្សកាន់អំណាច។ ហើយការធ្វើកំណែទម្រង់ គ.ជ.ប. ដែលមានសមាជិក៩រូបដែលគណបក្សប្រឆាំងសង្ឃឹមថានឹងក្លាយជាស្ថាប័នមានគណបក្សចូលរួម គឺជាសម្បទានដ៏សំខាន់មួូយទទួលបានពីគណបក្សកាន់អំណាចកាលពីឆ្នាំ២០១៤។

ប៉ុន្តែក្ដីប្រាថ្នាទាំងនោះហាក់រលាយបាត់ទៅវិញខ្លះ ដោយសារស្ថាប័ននេះបានតែងតាំងលោក ទេព នីថា អតីតសមាជិកគណបក្សប្រជាជនកម្ពុជាដែលធ្លាប់គ្រប់គ្រងការបោះឆ្នោតតាំងពីឆ្នាំ២០០២ ឱ្យធ្វើជាអគ្គលេខាធិការរបស់ស្ថាប័ននេះឡើងវិញ។ ទន្ទឹមនេះ លោក នី ចរិយា អតីតមន្ត្រីសិទ្ធិមនុស្សត្រូវបានបោះឆ្នោតឱ្យធ្វើជាអគ្គលេខាធិការរងនៃស្ថាប័ននេះកាលពីខែមករា ប៉ុន្តែកាន់តំណែងមិនបាន៤ខែផង លោកក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារក្នុងសំណុំរឿងសូកប៉ាន់ពាក់ព័ន្ធមន្ត្រីសមាគមអាដហុកទាំងប្រាំរូប

ដែលអង្គការមិនមែនរដ្ឋាភិបាលនានា និងគណបក្សសង្គ្រោះជាតិបានរិះគន់ខ្លាំងៗថាជារឿងនយោបាយ។

លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយបានមានប្រសាសន៍ថា សេចក្ដីសម្រេចកាលពីពេលថ្មីៗរបស់ស្ថាប័ននេះបានធ្វើឱ្យមានសំណួរចោទសួរ “ថាតើគណបក្សកាន់អំណាចអនុញ្ញាតឱ្យវាឯករាជ្យដែរទេ”។

លោកបានបន្តថា “សេចក្ដីសម្រេចរបស់ស្ថាប័ននេះកាលពីពេលថ្មីៗនេះបានធ្វើឱ្យសាធារណជនមានមន្ទិលខ្លះ [ថាតើ] វាពិតជាឯករាជ្យដូចដែលគេបង្កើតវាឡើងឬយ៉ាងណា។ ខ្ញុំគិតថា វាមិនផ្លាស់ប្ដូរច្រើនទេ”៕ ស៊ុយឈាង និង សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស