កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយរឿងនយោបាយអំឡុងព្រឹត្តិការណ៍រៃអង្គាសប្រាក់ប្រចាំឆ្នាំសម្រាប់កាកបាទក្រហមកម្ពុជា ជាអង្គការអព្យាក្រឹត្យតែសម្បកក្រៅដែលភរិយារបស់លោកនាយករដ្ឋមន្ត្រីធ្លាប់បានប្រើប្រាស់ពីមុនមកដើម្បីធ្វើ យុទ្ធនាការសម្រាប់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច។
ថ្លែងទៅកាន់អ្នកបរិច្ចាគមានទ្រព្យសម្បត្តិស្តុកស្តមជាច្រើន បន្ទាប់ពីភរិយារបស់លោកគឺលោកស្រី ប៊ុនរ៉ានី ដែលជាប្រធានកាកបាទក្រហមកម្ពុជានោះ លោក ហ៊ុន សែន បានឆ្លៀតឱកាសយកវេទិកានេះវាយប្រហារបញ្ឆិតបញ្ឆៀងទៅរកគណបក្សសង្គ្រោះជាតិ ដែលថ្នាក់ដឹកនាំរបស់ខ្លួនកំពុងចុះតាមសហគមន៍ខ្មែរនៅក្រៅប្រទេសដើម្បីរៃអង្គាសប្រាក់សម្រាប់ការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលខាងមុខ។

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ហេតុផលដែលយើងរៃអង្គាសប្រាក់គឺដើម្បីជួួយជនរងគ្រោះ”។លោកបានថ្លែងបន្តថា “ហេតុផលដែលមនុស្សមួយចំនួនកំពុងធ្វើបុណ្យផ្កា និងរៃអង្គាសប្រាក់គឺដើម្បីជួយគណបក្សនយោបាយ”។
គណបក្សប្រជាជនកម្ពុជាត្រូវបានចោទប្រកាន់ជាយូរមកហើយថា បានយកឥទ្ធិពលនៃការគ្រប់គ្រងរបស់ខ្លួនលើកាកបាទក្រហមកម្ពុជាដើម្បីយកឈ្នះនិងកៀវគរការគាំទ្រសម្រាប់គណបក្សកាន់អំណាចរបស់ខ្លួន។
ពេលចែកជំនួយរបស់កាកបាទក្រហមកម្ពុជាដល់ជនរងគ្រោះដោយសារទឹកជំនន់ក្នុងខេត្តប៉ៃលិនកាលពីឆ្នាំ២០១៣ ស្របពេលប្រទេសកំពុងជួបការប្រឈមមុខដាក់គ្នាផ្នែកនយោបាយ ដោយសារលទ្ធផលដ៏ចម្រូងចម្រាសនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនោះ លោកស្រី ប៊ុន រ៉ានី បានថ្លែងទៅកាន់អ្នកចូលរួមយ៉ាងច្រើនថា មានតែគណបក្សប្រជាជនកម្ពុជារបស់ស្វាមីលោកស្រីទេដែលយកចិត្តទក្ខដាក់ចំពោះការខ្វះខាតរបស់ប្រជាពលរដ្ឋ។
លោកស្រីបានមានប្រសាសន៍នៅពេលនោះថា “ពេលមានទឹកជំនន់ ឬឧប្បត្តិហេតុផ្សេងៗណាមួយ ពុកម៉ែបងប្អូនបានឃើញហើយថា គ្មានគណបក្សផ្សេងមកជួួយពុកម៉ែបងប្អូននៅទីនេះទេ…គឺមានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះដោយសារមន្ត្រីរាជការទាំងអស់ គឺសុទ្ធតែមន្ត្រីគណបក្សប្រជាជនកម្ពុជា”។ កាកបាទក្រហមកម្ពុជារៃអង្គាសប្រាក់បានរាប់លានដុល្លារ អំឡុងព្រឹត្តិការណ៍រៃអង្គាសប្រចាំឆ្នាំរបស់ខ្លួនពីអ្នកជំនួញធំៗ និងអ្នកនយោបាយនៅក្នុងប្រទេស ដែលភាគច្រើនជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជាសមាជិកជាន់ខ្ពស់នៅក្នុងគណបក្សនេះ។
ព្រឹត្តិការណ៍រៃអង្គាសប្រាក់នៅក្នុងឆ្នាំនេះរៃអង្គាសបានចំនួន១៣,៤លានដុល្លារ ស្ទើរតែស្មើនឹងទឹកប្រាក់ដែលរៃអង្គាសបានកាលពីឆ្នាំមុន។

កាលពីឆ្នាំមុន លោក ហុង ពីវ ម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិភពថ្មីឈរលេខរៀងលើគេក្នុងបញ្ជីអ្នកបរិច្ចាគប្រាក់ ហើយនៅក្នុងឆ្នាំនេះលោកបានបរិច្ចាគប្រាក់ចំនួន១,២៨លានដុល្លារ។
ក្រុមហ៊ុន Naga Corp ដែលទទួលបានសិទ្ធិផ្តាច់មុខពីរដ្ឋាភិបាលក្នុងការបើកកាស៊ីណូតែមួយគត់ក្នុងរាជធានី គឺណាហ្គាវើល នោះបាន បរិច្ចាគ១លានដុល្លារដូចរាល់់ឆ្នាំ។ លោក សុខ គង់ ម្ចាស់ក្រុមហ៊ុនសូគីមិុចបរិច្ចាគ១៥០.០០០ដុល្លារ។ អ្នកជំនួញ លឹម វណ្ណា និងលោក គិត ម៉េង ដែលជាម្ចាស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានបរិច្ចាគម្នាក់ៗចំនួន១០០.០០០ដុល្លារ។
លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាសមាជិកគណៈកម្មាធិការឃោសនា និងអប់រំនៃគណបក្សប្រជាជនកម្ពុជា បានបរិច្ចាគចំនួន៦៧.៥០០ដុល្លារ។ លោក ម៉ុង រិទ្ធី សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា និងលោកស្រី បាន ស្រីមុំ សមាជិកសភាគណបក្សប្រជាជនកម្ពុជា បានបរិច្ចាគម្នាក់ៗ១០.០០០ដុល្លារ ស្មើនឹងស្ថានទូតវៀតណាមដែរ។
រីឯ ស្ថានទូតចិនបរិច្ចាគ ២០.០០០ដុល្លារ៕ ស៊ុយឈាង