ជនរងគ្រោះប្រហែល៣០០នាក់ដោយសារគម្រោងបោកប្រាស់បានដាក់ពាក្យបណ្តឹងមកកាន់សាលាដំបូងរាជធានីភ្នំពេញក្រសួងយុត្តិធម៌ និងរដ្ឋសភាកាលពីព្រឹកម្សិលមិញ ដោយស្នើឲ្យរដ្ឋាភិបាលជួយដោះស្រាយការខាតបង់របស់ពួកគេ។
ក្នុងចំណោមពួកគេគឺអ្នកស្រី គល់ គៀម អាយុ៤៦ជាប្រជាពលរដ្ឋមកពីខេត្តកំពង់ធំដែលលើកឡើងថា អ្នកស្រីបានខាតបង់ប្រាក់ប្រហែល២០.០០០ដុល្លារ បន្ទាប់វិនិយោគនៅក្នុងក្រុមហ៊ុន Empire Big Capital (EBC) ជាក្រុមហ៊ុនហិរញ្ញវត្ថុមានមូលដ្ឋាននៅក្នុងទីក្រុងហុងកុងដែលឥឡូវលែងមាន។
អ្នកស្រីបាននិយាយថា “យើងចង់រកយុត្តិធម៌ជូនប្រជាពលរដ្ឋតាមរយៈការយកលុយមកឲ្យពួកគាត់វិញ”។
មនុស្សចំនួន១៤នាក់ត្រូវបានចាប់ខ្លួនកាលពីខែមីថុនា ឆ្នាំ២០១៥ដោយសារមានជាប់ពាក់ព័ន្ធក្នុងការជួយសម្រួលការវិនិយោគរបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងក្រុមហ៊ុន EBC មួយខែបន្ទាប់ពីគណៈកម្មាធិការមូលបត្រកម្ពុជាបានចោទប្រកាន់ពួកគេពីបទឆបោក និងដាស់តឿនសាធារណជនកុំឲ្យវិនិយោគនៅក្នុងក្រុមហ៊ុននេះ ឬក្រុមហ៊ុនដែលពាក់ព័ន្ធ។
អ្នកស្រី គល់ គៀម បានលើកឡើងកាលពីម្សិលមិញថា ជនរងគ្រោះមិនដែលបានឃើញប្រាក់ដែលពួកគាត់បានវិនិយោគម្តងទៀតនោះទេ ហើយឥឡូវនេះ អ្នកខ្លះបានបាត់បង់ផ្ទះសំបែង ឬរត់ទៅប្រទេសថៃទៀតផង។
អ្នកស្រីបាននិយាយថា “គ្រប់ៗគ្នាសុទ្ធតែបាត់បង់ដីធ្លី”។ អ្នកស្រីបានបន្តថា “ពួកគាត់ទាំងអស់សុទ្ធតែខ្ចីលុយពីធនាគារ។ឥឡូវនេះខ្ញុំសល់តែសម្បកខ្លួនទេ”។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានលើកឡើងកាលពីម្សិលមិញថា រដ្ឋសភាទទួលបានពាក្យបណ្តឹងហើយ ហើយនឹងស្វះស្វែងជួយជនរងគ្រោះ។
លោកបានមានប្រសាសន៍ថា “ជំហានបន្ទាប់ គឺរដ្ឋសភានឹងពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ”។ លោកបានបន្ថែមថា “បន្ទាប់មកទៀត យើងនឹងចេញលិខិតស្នើសុំអន្តរាគមន៍ពីក្រសួងទាំងនោះដើម្បីដោះស្រាយ ឬពន្យល់អំពីបញ្ហានេះ”។
ការដាក់ពាក្យបណ្តឹងនេះកើតមានបន្ទាប់ពីគ្មានចំណាត់ការពីថ្នាក់ខេត្ត នេះបើយោងតាមអ្នកស្រី គល់ គៀម ដែលបានលើកឡើងថា អាជ្ញាធរមិនបានដោះស្រាយពាក្យបណ្តឹងដែលដាក់ប្តឹងទៅសាលាដំបូងខេត្តកំពង់ធំកាលពីខែមុន។
ជនរងគ្រោះប្រហែល១០០នាក់ដោយសារគម្រោងបោកប្រាស់នេះបានប្រមូលផ្តុំគ្នានៅខាងមុខក្រសួងមហាផ្ទៃកាលពីកុម្ភៈប៉ុន្តែមន្ត្រីក្រសួងមួយរូបបានលើកឡើងនៅពេលនោះថា លោកមិនអាចជួយជនរងគ្រោះបានទេ ដោយសារក្រសួងមិនដែលបានចេញអាជ្ញាប័ណ្ណឲ្យមូលនិធិ Asean Instrument Foundation ដែលជំរុញឲ្យវិនិយោគិនទិញភាគហ៊ុននៅក្នុងក្រុមហ៊ុន EBC ធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។
ការអះអាងនេះត្រូវបានអ្នកដាក់ពាក្យបណ្តឹងច្រានចោលម្តងទៀតកាលពីមិ្សលមិញ។
លោក តឿន ផានិត អាយុ៣៦ឆ្នាំជាវិនិយោគិនមកពីខេត្តកំពង់ចាមបានលើកឡើងថា “រដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណទៅឲ្យក្រុមហ៊ុនទាំងនោះ”។
លោកបានបន្ថែមថា ” ប្រសិនបើនៅតែគ្មានដំណោះស្រាយសម្រាប់យើង យើងនឹងដាក់ពាក្យបណ្តឹងម្តងហើយម្តងទៀត ហើយនឹងបន្តសុំឲ្យរដ្ឋាភិបាលជួយយើងតទៅមុខទៀត”៕ ស៊ុយឈាង