32 C
Phnom Penh

រដ្ឋមន្ត្រី​​ការបរទេស​​លើក​ឡើង​ថា សហរដ្ឋ​អាមេរិក​ប្រាប់​ឱ្យ​កម្ពុជា​​បន្តទទួល​យក​និរទេស​ជន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានមានប្រសាសន៍កាលពីម្សិលមិញថា សហរដ្ឋអាមេរិកបានប្រាប់ឱ្យកម្ពុជាបន្តទទួលយកពលរដ្ឋខ្មែរដែលត្រូវបាននិរទេសពីសហរដ្ឋអាមេរិក ថ្វីបើកម្ពុជាបានស្នើសុំម្ដងហើយម្ដងទៀតដើម្បីចរចាឡើងវិញជុំវិញកិច្ចព្រមព្រៀងនិរទេសរវាងប្រទេសទាំងពីរក្ដី។

បន្ទាប់ពីធ្វើដំណើរមកដល់រាជធានីភ្នំពេញក្រោយជួបប្រជុំជាមួយមន្ត្រីអាមេរិក  និងរដ្ឋមន្ត្រីការបរទេសអាស៊ាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ លោក ប្រាក់ សុខុន បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា “យើងបានស្នើឱ្យផ្អាកការនិរទេសសិនដើម្បីយើងអាចពិភាក្សាគ្នាបន្ថែមទៀត ប៉ុន្តែសហរដ្ឋអាមេរិកមិនបានឆ្លើយតបទេ ហើយចង់ឱ្យយើងបន្តទទួលយកអ្នកទាំងនោះ”។ លោកបានលើកឡើងទៀតថា “យើងនឹងនៅតែបន្តទទួលយកនិរទេសជន”។

scsរយៈពេលប៉ុន្មានខែនេះ មន្ត្រីបានបង្ហាញថាកម្ពុជាចង់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងនិរទេសដើម្បីកុំឱ្យឃោរឃៅពេក និងដើម្បីឱ្យការនិរទេសធ្វើឡើងតាមការស្ម័គ្រចិត្ត។

លោក ប្រាក់ សុខុន បានមានប្រសាសន៍កាលពីម្សិលមិញថា “យើងគ្រាន់តែចង់ធ្វើអ្វីម្យ៉ាងដើម្បីធ្វើឱ្យជីវិតនិរទេសជនអាចរស់នៅកម្ពុជាបានប៉ុណ្ណោះ”។ លោកថ្លែងថា ពលរដ្ឋខ្មែរដែលត្រូវបាននិរទេសគួរតែមានសិទ្ធិទៅសួរសុខទុក្ខក្រុមគ្រួសាររបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក។

យោងតាមសេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសដែលចេញផ្សាយកាលពីម្សិលមិញឱ្យដឹងថា កម្ពុជាក៏បានស្នើឱ្យសហរដ្ឋអាមេរិកពិចារណាបង្កើតមជ្ឈមណ្ឌលមួយដែលនិរទេសជន ”អាចស្នាក់នៅបានមួយរយៈពេលដើម្បីរៀនភាសាខ្មែរ ប្រពៃណីខ្មែរ និងទទួលការបណ្ដុះបណ្ដាលវិជ្ជាជីវៈ” ផងដែរ។

កាលពីថ្ងៃព្រហស្បតិ៍អំឡុងជំនួបទ្វេភាគី លោក ប្រាក់ សុខុន និងលោក ចន ខេលី រដ្ឋមន្ត្រីសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកបានពិភាក្សាគ្នារិះរកវិធីធ្វើយ៉ាងណាឱ្យប្រទេសទាំងពីរអាចធ្វើសហប្រតិបត្តិការកាន់តែល្អប្រសើរលើការនិរទេសអ្នកដែលជាប់ទោសប្រព្រឹត្តបទល្មើសក្នុងចំណោមបញ្ហាផ្សេងៗទៀត នេះបើយោងតាមសេចក្ដីថ្លែងការណ៍ដដែល។

ឆ្នាំនេះសហរដ្ឋអាមេរិកបាននិរទេសពលរដ្ឋខ្មែរចំនួន២១នាក់  ដែលបានអនុវត្តទោសជាប់ពន្ធនាគាររួចពីបទប្រព្រឹត្តបទឧក្រិដ្ឋនៅក្នុងសហរដ្ឋអាមេរិក។ សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០២មក ពលរដ្ឋខ្មែរជាង៥៥០នាក់ដែលមួយចំនួនធំក្នុងចំណោមនោះបានធ្វើអន្តោប្រវេសន៍ទៅកាន់សហរដ្ឋអាមេរិកកាលពីនៅតូច  ត្រូវបាននិរទេសមកកម្ពុុជាវិញ៕ សុខុម

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស