34 C
Phnom Penh

លោក ហ៊ុន សាន បង​ប្រុសបង្កើត​របស់នាយករដ្ឋមន្ត្រី​ស្នើ​ឱ្យ​​​​​មាន​​​​​​​​​​​វិធាន​​ការ​លើ​អគ្គស្នង​ការ​​រង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សាន ដែលជាបងប្រុសបង្កើតរបស់នាយករដ្ឋមន្ត្រីបានផ្ញើលិខិតមួយច្បាប់ជូនក្រសួងមហាផ្ទៃ ស្នើសុំឱ្យមាន “វិធានការម៉ឺងម៉ាត់” លើអគ្គស្នងការរងនគរបាលជាតិមួយរូបពាក់ព័ន្ធវិវាទលើដីធ្លីរបស់លោកក្នុងខេត្តបន្ទាយមានជ័យ។

លិខិតចុះថ្ងៃទី២ ខែឧសភានេះលើកឡើងថា ឧត្ដមសេនីយ៍ឯក ម៉ក់ ជីតូ បានរំលោភអំណាចរបស់ខ្លួន និងបណ្ដោយឲ្យមន្ត្រីក្រោមបង្គាប់កាន់កាប់ដីទំហំ១១៩ហិកតារបស់លោក ហ៊ុន សាន ក្នុងក្រុងប៉ោយប៉ែត ហើយថែមទាំងបំភិតបំភ័យអ្នកដែលធ្វើការឱ្យលោកទៀតផង។

លិខិតផ្ញើជូនលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះបានបញ្ជាក់ថា “មន្ត្រីរបស់សម្ដេចចេះតែមកគំរាមកំហែងមកលើរូបខ្ញុំ ក្រុមគ្រួសាររបស់ខ្ញុំ និងសហការីខ្ញុំ”។

លិខិតនេះស្នើសុំឱ្យលោក ស ខេង “ណែនាំ” ឧត្ដមសេនីយ៍ឯក ម៉ក់ ជីតូ “ដែលតែងតែការពារជនល្មើសក្នុងការរំលោភយកដីរបស់ខ្ញុំ និងកូនខ្ញុំ ធ្វើឱ្យបាត់បង់ភាពកក់ក្ដៅ ធ្លាក់ចុះនូវប្រជាប្រិយភាព បាត់បង់សាមគ្គីភាពផ្ទៃក្នុង ជំនឿទុកចិត្តក្នុងជួរគណបក្សប្រជាជន ពិសេសក្រុមគ្រួសារថ្នាក់ដឹកនាំប្រទេស”។

ពីឆ្វេងទៅស្ដាំៈ លោកទូច ណារុថ ប្រធាននាយកដ្ឋានអង្គរក្សក្រសួងមហាផ្ទៃ, កណ្ដាល, លោក ហ៊ឹម យ៉ាន ប្រធាននាយកដ្ឋានកណ្តាលនគរបាលសណ្តាប់ធ្នាប់សាធារណៈ និងលោក ម៉ក់ ជីតូ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ចូលរួមក្នុងពិធីមួយនៅក្រសួងមហាផ្ទៃនៅឆ្នាំ២០១៥ ដែលក្នុងនោះអ្នកទាំងបីត្រូវបានតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
ពីឆ្វេងទៅស្ដាំៈ លោកទូច ណារុថ ប្រធាននាយកដ្ឋានអង្គរក្សក្រសួងមហាផ្ទៃ, កណ្ដាល, លោក ហ៊ឹម យ៉ាន ប្រធាននាយកដ្ឋានកណ្តាលនគរបាលសណ្តាប់ធ្នាប់សាធារណៈ និងលោក ម៉ក់ ជីតូ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ចូលរួមក្នុងពិធីមួយនៅក្រសួងមហាផ្ទៃនៅឆ្នាំ២០១៥ ដែលក្នុងនោះអ្នកទាំងបីត្រូវបានតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លិខិតនេះស្នើឱ្យមាន “វិធានការម៉ឺងម៉ាត់” លើឧត្ដមសេនីយ៍ឯក ម៉ក់ ជីតូ “ដែលតែងតែប្រើអំណាចគាបសង្កត់ ជិះជាន់អ្នកស្លូតត្រង់ដើម្បីផលប្រយោជន៍ខ្លួន និងបក្ខពួកខិលខូចមួយក្ដាប់តូច”។

ទោះជាយ៉ាងណា លោក ម៉ក់ ជីតូ បានមានប្រសាសន៍ឆ្លើយតបកាលពីម្សិលមិញថា លោកមិនបានដឹងពីជម្លោះណាមួយលើដីនោះទេក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺលោកទើបតែដឹងពេលឃើញលិខិតនេះប៉ុណ្ណោះ។

លោកបានថ្លែងថា កូនប្រសាប្រុសរបស់លោក ហ៊ុន សាន បានទាក់ទងទៅលោកកាលពីប្រមាណ១០ឆ្នាំមុន ដើម្បីសុំឱ្យលោកជួយឈ្មោះ វី ណៃ ម្ចាស់ដីដើមដែលកំពុងប្តឹងផ្តល់គ្នាតាមផ្លូវច្បាប់ជាមួយបុរសម្នាក់ឈ្មោះ លី គឹមហុង ពាក់ព័ន្ធការកាន់កាប់ដីនោះដោយខុសច្បាប់។ លោកបញ្ជាក់ថា “ខ្ញុំបាននិយាយថា វាជាសំណុំរឿងតុលាការ ហើយខ្ញុំគ្មានសិទ្ធិអំណាចអាចធ្វើអ្វីបានទេ”។

លោកលើកឡើងទៀតថា លោកបានទូរស័ព្ទទៅលោក ហ៊ុន សាន បន្ទាប់ពីទទួលបានដំណឹងទាក់ទិនលិខិតនេះដើម្បីសួរថាហេតុអ្វីបានជាដាក់ពាក្យប្ដឹងរូបលោកបែបនេះ ហើយលោក ហ៊ុន សាន បានបញ្ជាក់ជាថ្មីទៀតថា ឧត្ដមសេនីយ៍ឯក ម៉ក់ ជីតូ បាន “គំរាមជំនួយការរបស់លោក”។ លោកថ្លែងថា “ប្រហែលជាគាត់ខឹងខ្ញុំដែលបដិសេធមិនជួយគាត់” កាលពីប៉ុន្មានឆ្នាំមុន។

ចំណែកឯលោក ហ៊ុន សាន មិនអាចទាក់ទងសុំការបំភ្លឺបានទេទាក់ទិនបញ្ហានេះ។ ទោះជាយ៉ាងណា យោងតាមលោក ថៃ ម៉ាប់ កូនប្រសារបស់លោកបានឱ្យដឹងថា នេះជាជម្លោះថ្មី។ គាត់និយាយថា លោក វី ណៃ បានប្រគល់កម្មសិទ្ធិដីនេះតាមផ្លូវច្បាប់ជូនលោក ហ៊ុន សាន កាលពីប្រហែល១ឆ្នាំមុន ដោយសង្ឃឹមថានឹងអាចឈ្នះនៅក្នុងវិវាទដីធ្លីថ្មី។

គាត់និយាយថា បុរសម្នាក់ឈ្មោះ ហង្ស ម៉ៅ ដែលលោក ថៃ ម៉ាប់ ប្រាប់ថាជាមន្ត្រីយោធានៅក្រសួងការពារជាតិ បានចាប់ផ្ដើមទន្ទ្រានចូលដីនោះ។ គាត់បានបន្តថា នៅក្នុងខែកន្លងទៅ លោក ហង្ស ម៉ៅ បានចាប់ផ្ដើមចាក់ដី ហើយបានទាក់ទងទៅឧត្ដមសេនីយ៍ឯក ម៉ក់ ជីតូ ដើម្បីសុំឲ្យជួយដណ្ដើមយកដីនោះ។

គាត់បានលើកឡើងបន្ថែមទៀតថា ពេលនោះឧត្ដមសេនីយ៍ឯក ម៉ក់ ជីតូ បានទូរស័ព្ទទៅលោក ហ៊ីង ប៊ុនហៀង ប្រធានកងអង្គរក្សរបស់នាយករដ្ឋមន្ត្រី។ ” ម៉ក់ ជីតូ បានទាក់ទងទៅលោក ហ៊ីង ប៊ុនហៀង ដើម្បីគំរាមគ្រួសារខ្ញុំ”។ គាត់គូសបញ្ជាក់ថា “គ្មានភាគីណាក្រៅពីសម្ដេចក្រឡាហោម [រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ] ទេដែលអាចចាត់វិធានការបាន”។

លោក ម៉ក់ ជីតូ មានប្រសាសន៍ឆ្លើយតបថា លោកមិនដែលស្គាល់ឈ្មោះ ហង្ស ម៉ៅ ទេ ចំណែកឯលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងថា លោកក៏មិនស្គាល់អ្នកណាឈ្មោះ ហង្ស ម៉ៅ នោះដែរ ប៉ុន្តែប្រាប់ថា ភ្លាមៗមិនអាចរកឯកសាររបស់ក្រសួងដើម្បីបញ្ជាក់បានទេ។ ចំណែកឯមន្ត្រីមូលដ្ឋាន និងមន្ត្រីខេត្តមិនអាចទាក់ទងសុំការបំភ្លឺបានឡើយ។

កន្លងមក លោក ហ៊ុន សាន ក៏ធ្លាប់មានវិវាទដីធ្លីដែរ ក្នុងនោះរួមមានករណីមួយកាលពីឆ្នាំ២០០៥ នៅក្រុងព្រះសីហនុ ដែលមានឧកញ៉ាម្នាក់អះអាងសិទ្ធិកាន់កាប់លើដីសង់ផ្ទះសំណាក់ដែលលោក ហ៊ុន សាន ជាម្ចាស់ភាគហ៊ុនមួយរូបដែរ។

ទាក់ទិញបញ្ហានេះ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមិនអាចទាក់ទងសុំការបំភ្លឺបានទេ៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស