27 C
Phnom Penh

ក្រុម​​​តន្ត្រី​​​ជន​​​ពិការ​​​ត្រឡប់​​​ទៅ​​​​ប្រគំ​​​​តន្ត្រី​តាម​​​ផ្លូវ​​​​​​​វិញ​​​ ​ទោះជាមាន​​​បម្រាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយមិនគោរពតាមបទបញ្ជារបស់រដ្ឋាភិបាលហាមមិនឱ្យប្រគំតន្ត្រីនៅតាមផ្លូវនានាក្នុងរាជធានីភ្នំពេញ មាន ស្រីម៉ិច និងអ្នកចម្រៀងជនពិការមួយចំនួនទៀតនៅតែធ្វើើការប្រគំតាមមហាវិថីព្រះសីហនុកាលពីម្សិលមិញដោយអះអាងថា ពួកគេនៅតែបន្តប្រគំតន្ត្រីដដែល។

អាជ្ញាធរបានប្រឹងប្រែងយ៉ាងខ្លាំងធ្វើយ៉ាងណាហាមមិនឱ្យក្រុមតន្ត្រីជនពិការប្រគំនៅតាមទីសាធារណៈទៀត ដោយលើកឡើងថាគឺដើម្បីសុវត្ថិភាពរបស់ពួកគេ និងដោយសារពួកគេបង្កឱ្យមានការកកស្ទះចរាចរណ៍ ខណៈដែលពួកគេរៃអង្គាសប្រាក់បែបនេះ។

បូ ពុទ្ធា អ្នកចម្រៀងពិការភ្នែកច្រៀងនៅតាមមហាវិថីព្រះសីហនុក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ បើទោះជា រដ្ឋាភិបាលហាមមិនឲ្យក្រុមតន្ត្រីជនពិការប្រគំនៅតាមដងផ្លូវទៀតក៏ដោយ។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
បូ ពុទ្ធា អ្នកចម្រៀងពិការភ្នែកច្រៀងនៅតាមមហាវិថីព្រះសីហនុក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ បើទោះជា រដ្ឋាភិបាលហាមមិនឲ្យក្រុមតន្ត្រីជនពិការប្រគំនៅតាមដងផ្លូវទៀតក៏ដោយ។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

កាលពីដើមឆ្នាំនេះ សាលារាជធានីបានបញ្ជាឱ្យក្រុមតន្ត្រីដែលមានគ្នាប្រហែល២០០នាក់ បែងចែកជាប្រាំក្រុម ហើយកំណត់ឱ្យពួកគេប្រគំនៅតាមទីតាំងចំនួនបីតែប៉ុណ្ណោះ គឺវត្តភ្នំ ទីលានប្រជាធិបតេយ្យ និងសួនមុខវត្តបទុម។

នៅពេលដែលក្រុមតន្ត្រីទាំងនេះមិនយកចិត្តទុកដាក់នឹងបទបញ្ជា ហើយមិនព្រមមកប្រគំនៅតាមកន្លែងដែលបានកំណត់នោះ  កាលពីខែមុនក្រសួងសង្គមកិច្ចបានទិញឧបករណ៍តន្ត្រី និងឧបករណ៍សំឡេងគិតជាទឹកប្រាក់១៥០.០០០ដុល្លារផ្តល់ដល់ក្រុមតន្ត្រីទាំងនេះ។ ក្រសួងក៏បានសន្យាធ្វើការផ្សព្វផ្សាយអំពីការប្រគំរបស់ពួកគេនៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីផងដែរ ប៉ុន្តែវីដេអូឃ្លីបមិនទាន់ចាប់ផ្ដើមផ្សព្វផ្សាយទេ។

លោក ហ៊ុន សែន ក៏បានមានប្រសាសន៍ផងដែរថា លោកនឹងផ្ដល់ប្រាក់ចំនួន១លានរៀល (ប្រហែល២៥០ដុល្លារ) ប្រចាំខែដល់ក្រុមតន្ត្រីទាំងប្រាំ ដើម្បីផ្គត់ផ្គង់សមាជិកក្រុមតន្ត្រីទាំងអស់សម្រាប់ឆ្នាំទី១នៃកម្មវិធីនេះ។

បូ ពុទ្ធា អ្នកចម្រៀងពិការភ្នែកច្រៀងនៅតាមមហាវិថីព្រះសីហនុក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ បើទោះជា រដ្ឋាភិបាលហាមមិនឲ្យក្រុមតន្ត្រីជនពិការប្រគំនៅតាមដងផ្លូវទៀតក៏ដោយ។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
បូ ពុទ្ធា អ្នកចម្រៀងពិការភ្នែកច្រៀងនៅតាមមហាវិថីព្រះសីហនុក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ បើទោះជា រដ្ឋាភិបាលហាមមិនឲ្យក្រុមតន្ត្រីជនពិការប្រគំនៅតាមដងផ្លូវទៀតក៏ដោយ។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

មាន ស្រីម៉ិច អាយុ១៨ឆ្នាំ និង បូ ពុទ្ធា អាយុ៣១ឆ្នាំ ដែលស្ថិតក្នុងចំណោមសមាជិកក្រុមតន្ត្រីដែលប្រគំនៅតាមមហាវិថីព្រះសីហនុនិយាយថា ពួកគេទាំងពីរបានដឹងអំពីបម្រាមនេះ ប៉ុន្តែបានសម្រេចចិត្តប្រថុយប្រឈមមុខជាមួយអាជ្ញាធរ ដើម្បីរកប្រាក់។

មាន ស្រីម៉ិច និយាយថា “ខ្ញុំមានអារម្មណ៍ភ័យខ្លាចថា  សន្តិសុខខណ្ឌនឹងឆ្មក់ចាប់ពួកយើងដែរ ប៉ុន្តែយើងគ្មានជម្រើស…។ ខ្ញុំត្រូវការប្រាក់ផ្គត់ផ្គង់ជីវភាពរបស់ខ្ញុំ”។ នាងបានបន្ថែមថា “បើខ្ញុំមិនមកច្រៀងដូចនេះ តើឱ្យខ្ញុំទៅធ្វើការនៅកន្លែងណា? តើឱ្យខ្ញុំរស់ដូចម្ដេចទៅ?”។

បូ ពុទ្ធា បាននិយាយថា ពួកគេមិនបានចូលរួមក្នុងក្រុមតន្ត្រីដែលតម្រូវឱ្យទៅប្រគំនៅទីកន្លែងថ្មីដែលរដ្ឋាភិបាលបានកំណត់ឡើយ ពីព្រោះពួកគេគ្មានទំនុកចិត្តថាផែនការនោះដំណើរការបានល្អឡើយ។

អ៊ុក សុឡាវី អាយុ៤៧ឆ្នាំ ជាអ្នកលេងអ័កបាននិយាយថា ក្រុមរបស់លោកបានទៅប្រគំនៅសួនច្បារមុខវត្តបទុមបានមួយដងចាប់តាំងពីក្រសួងបានផ្ដល់ឧបករណ៍តន្ត្រី និងសម្ភារមួយចំនួនមក ប៉ុន្តែរហូតមកដល់ពេលនេះ យល់ឃើញថា រកប្រាក់បានតិចតួចប៉ុណ្ណោះ។

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍កាលពីម្សិលមិញថា មន្ត្រីក្រសួងនឹងជជែកជាមួយក្រុមតន្ត្រីជនពិការដែលនៅតែប្រគំតាមដងផ្លូវដដែលនោះ ដើម្បីរកឱ្យឃើញថាតើហេតុអ្វីបានជាពួកគេមិនព្រមមកប្រគំតាមទីតាំងថ្មីដែលបានកំណត់ឱ្យ។ លោកបានថ្លែងថា “យើងនឹងសួរពីបំណងរបស់ពួកគាត់”៕ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស