ក្នុងអ្វីដែលទំនងជាការទទួលស្គាល់ផ្លូវ ការលើកដំបូងរបស់រដ្ឋាភិបាលថា ការបង្ក្រាបការជួញដូរឈើខុសច្បាប់ពិតជាបរាជ័យនោះ កាលពីម្សិលមិញ ក្រសួងកសិកម្មបានបញ្ជាឲ្យការិយាល័យខេត្តទាំងអស់ទប់ស្កាត់អ្វីដែលខ្លួនហៅថា ជាការកើនឡើងថ្មីៗក្នុងការកាប់ឈើនិងការជួញដូរឈើខុសច្បាប់។
បទបញ្ជានេះកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់មានពីការចេញផ្សាយរបាយ ការណ៍ មួយចំនួនបង្ហាញឲ្យឃើញពីប្រតិបត្តិការលាងឈើទ្រង់ទ្រាយឧស្សាហកម្មដែលចាប់ផ្តើមដោយក្រុមហ៊ុនវៀតណាម និងអាជ្ញាធរកម្ពុជាពុករលួយក្នុងខេត្តរតនគិរីកាលពីចុងឆ្នាំមុន។
ចាប់តាំងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ឲ្យមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសទទួលបន្ទុកបង្ក្រាបការកាប់ឈើខុសច្បាប់ដ៏រាលដាលក្នុងប្រទេសកម្ពុជាភាគបូពា៌ក្នុងខែមករាឆ្នាំ២០១៦មកអាជ្ញាធរអះអាងថា មានការបង្ក្រាបលើការកាប់ឈើខុសច្បាប់ទាំងអស់នោះលើកលែងតែទីផ្សារងងឹត បើទោះជាមានភ័ស្តុតាងច្រើន ឡើងៗផ្ទុយពីនេះក៏ដោយ។
នៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះក្នុងគេហទំព័ររបស់ខ្លួនកាលពីម្សិលមិញ ក្រសួងកសិកម្មទទួលស្គាល់ថា ការកាប់ឈើ និងការជួញដូរឈើខុសច្បាប់នៅក្នុងខេត្តមួយចំនួនបានកើនឡើងចាប់តាំងពីរដ្ឋបាលព្រៃឈើដែលពីមុនផ្តល់ព័ត៌មានទៅឲ្យទីស្នាក់ការថ្នាក់ជាតិផ្ទាល់តែម្តងនោះ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមចំណុះអាជ្ញាធរខេត្តកាលពីឆ្នាំមុន។
សេចក្តីថ្លែងការណ៍ដដែលនេះបន្តថាចាប់តាំងពីពេលនោះមក “សកម្មភាពកាប់បំផ្លាញព្រៃឈើ និងការដឹកជញ្ជូនឈើល្មើសច្បាប់បានកក្រើកឡើងវិញគួរឲ្យកត់សម្គាល់នៅតាមបណ្តាខេត្តមួយចំនួន”។
សេចក្តីថ្លែងការណ៍ដដែលនេះបានបន្ថែមថា “មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្តត្រូវសហការយ៉ាងជិតស្និទ្ធជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្តរឹតបន្តឹង និងទប់ស្កាត់ឲ្យបានលើការកាប់ទន្ទ្រានដីព្រៃឈើ បង្ក្រាបបទល្មើសព្រៃឈើតាមគ្រប់រូបភាព និងមានវិធានការផ្លូវច្បាប់ប្រកបដោយប្រសិទ្ធភាពខ្ពស់”។
សេចក្តីថ្លែងការណ៍ដដែលនេះមិនបានលើកឡើងលម្អិតពីលក្ខណៈនៃសកម្មភាពខុសច្បាប់ ឬកន្លែងដែលសកម្មភាពនោះកើតឡើងឡើយ ហើយលោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្មមិនបានជួយផ្តល់ព័ត៌មានអ្វីបន្ថែមទៀតឡើយ។
លោកបានថ្លែងថា “វាជាការក្រើនរំឭកដល់មន្ទីរកសិកម្មខេត្តទាំងអស់ទប់ស្កាត់ការរានព្រៃ និងការអះអាងសិទ្ធិកាន់កាប់ព្រៃដែលយើងដកហូតពីក្រុមហ៊ុនមួយចំនួនពីព្រោះយើងទទួលបានព័ត៌មានមួយចំនួនថា ការរានព្រៃនៅតែបន្ត”។
លោករដ្ឋមន្ត្រីបានសំដៅដល់ដីសម្បទានសេដ្ឋកិច្ចរាប់សិបដែលមួយភាគធំជាដីរបស់រដ្ឋជួលទៅឲ្យក្រុមហ៊ុនឯកជនដើម្បីដាំដំណាំហើយរដ្ឋាភិបាលបានលុបចោលវិញចាប់តាំងពីឆ្នាំ២០១៥មកចំពោះការរំលោភបំពាន ច្បាប់ និងកិច្ចសន្យា។
លោកបានបដិសេធការដែលថា សេចក្តីថ្លែងការណ៍នោះជាប្រតិកម្មតបចំពោះរបាយការណ៍របស់ទីភ្នាក់ងារសើុបអង្កេតបរិស្ថាន(EIA) របស់អង់គ្លេស ដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទស្តីពីការសើុបអង្កេតសម្ងាត់ពីការកើនឡើងនូវការកាប់ឈើខុសច្បាប់ក្នុងតំបន់ការពារក្នុងខេត្តរតនគិរី។យោងតាមរបាយការណ៍នេះបានឱ្យដឹងថា អាជ្ញាធរកម្ពុជាក្នុងខេត្តនេះទទួលបានប្រាក់សគុណរាប់លានដុល្លារដើម្បីជួួយឱ្យក្រុមហ៊ុនវៀតណាមកាប់ឈើក្នុងតំបន់នោះចាប់តាំងពីចុងឆ្នាំមុនមក ហើយដឹកឈើរាប់មឺុនម៉ែត្រគូបឆ្លងព្រំដែន ជាការបំពានបម្រាមរបស់រដ្ឋាភិបាលមិនឱ្យនាំឈើទាំងអស់ចេញទៅវៀតណាម។
លោក សយ សូណា ប្រធានមន្ទីរកសិកម្មខេត្តរតនគិរីបានមានប្រសាសន៍ថា ខេត្តរបស់លោករកឃើញមានការកើនឡើងបន្តិចបន្តូចក្នុងការជួញឈើខុសច្បាប់នៅមុនបុណ្យចូលឆ្នាំខ្មែរ នាពាក់កណ្តាលខែមេសា ប៉ុន្តែអះអាងថា សកម្មភាពបែបនោះត្រូវបានទប់ស្កាត់ហើយ។
លោកបានថ្លែងថា “ក្នុងខែមីនា និងមេសាមុនបុណ្យចូលឆ្នាំខ្មែរ យើងឃើញមានការដឹកឈើខ្លះមែន ប៉ុន្តែយើងបានបង្ក្រាបហើយ”។ លោកបានបន្ថែមថា ឥឡូវនេះ “មានតែដឹកតាមម៉ូតូប៉ុណ្ណោះ។ យើងតឹងរ៉ឹងណាស់ពីបញ្ហា នេះ”។ ក្រុមមន្ត្រីខេត្តក៏បានបដិសេធលទ្ធផលរបស់ទីភ្នាក់ងារសើុបអង្កេតបរិស្ថានផងដែរ។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានដែលពីមុនក៏បានបដិសេធភ័ស្តុតាងច្រើនឡើងៗបញ្ជាក់ពីបរាជ័យនៃបម្រាមនាំចេញនោះ បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការអះអាងនេះទេ រហូតទាល់តែបុគ្គលិករបស់លោកបញ្ចប់ការរៀបចំរបាយការណ៍ថ្មីរួចរាល់សិន៕ សារុន