ទាហានកងរក្សាសន្តិភាពអង្គការសហប្រជាជាតិម្នាក់ទៅពីប្រទេសកម្ពុជា បានបាត់បង់ជីវិតក្នុងហេតុការណ៍ពួនស្ទាក់បាញ់ប្រហារមួយនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល កាលពីម្សិលមិញ ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវសុំឱ្យដោះលែងទាហានដែលកំពុងបាត់ខ្លួនបីនាក់ទៀតដោយសុវត្ថិភាព។
លោកបានមានប្រសាសន៍ថា ” [ខ្ញុំ] ស្នើឱ្យអង្គការសហប្រជាជាតិដែលជាអ្នកទទួលខុសត្រូវ យកចិត្តទុកដាក់ធានាការពារអាយុជីវិតពលរដ្ឋកម្ពុជា”។
មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) បានលើកឡើងថា កាលពីថ្ងៃច័ន្ទ ជនវាយប្រហារបានប៉ុងប៉ងរំដោះគ្នីគ្នារបស់ខ្លួនដែលត្រូវបានចាប់ឃុំខ្លួនដោយកងកម្លាំងម៉ារ៉ុក ដែលធ្វើការជាមួយទាហានកម្ពុជា។
អំឡុងពេលថ្លែងសុន្ទរកថានៅខេត្តត្បូងឃ្មុំ លោក ហ៊ុន សែន បានលើកឡើងថា “យើងមានការសោកស្ដាយមួយដែលខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះដើម្បីចូលរួមមរណទុក្ខចំពោះកងកម្លាំងរបស់យើងដែលកំពុងស្ថិតនៅអាហ្វ្រិកកណ្ដាល ការពារឱ្យកងកម្លាំងរបស់ម៉ារ៉ុក…ត្រូវពួកឧទ្ទាមវាយប្រហារ បណ្ដាលឱ្យស្លាប់ម្នាក់ និងកំពុងបាត់ខ្លួនបីនាក់”។
លោកបានបន្តថា “គោលដៅនៃការវាយប្រហាររបស់ក្រុមឧទ្ទាមគឺសំដៅរំដោះឈ្លើយសឹកដែលចាប់បាន ហើយវានៅកៀកជាមួយនឹងកន្លែងដែលកងទ័ពរបស់យើងស្នាក់នៅ អញ្ចឹងប្រហែលជាអាច…ប្រសិនទេ…[ខ្ញុំ] អាចប៉ាន់ស្មានថា គេអាចនឹងធ្វើការទាមទារដោះដូរជាថ្នូររវាងឈ្លើយសឹករបស់គេជាមួយនឹងទាហានរបស់យើង”។
ការប្រកាសនេះធ្វើឡើងក្រោយពីលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង បានបង្ហោះសារតាមហ្វេសប៊ុកដែលក្នុងនោះលោកបានសរសេរថា អនុសេនីយ៍ឯកម្នាក់ត្រូវបានពួកឧទ្ទាមកាត់ក្បាល។
លោកសរសេរថា “[ខ្ញុំ] សូមជម្រាបដំណឹងរន្ធត់ និងសោកសៅ ស្ដាយស្រណោះចំពោះយោធិនកម្ពុជា មួយរូបដែលបានបាត់បង់ជីវិតនៅអាហ្វ្រិកកណ្ដាល ពេលបំពេញបេសកកម្មក្នុងក្របខ័ណ្ឌថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយពួកឧទ្ទាមកាត់ក្បាល”។
សារនេះត្រូវបានកែសម្រួលត្រឹមពេលរសៀល ដោយបានលុបចោលឃ្លាដែលពាក់ព័ន្ធនឹងការកាត់ក្បាល។
សេចក្ដីថ្លែងការណ៍មួយចេញដោយ NPMEC កាលពីរសៀលបានបញ្ជាក់ថា ទាហានដែលបានបាត់បង់ជីវិតមានឈ្មោះ អឹុម សំ ជាអ្នកបើកត្រាក់ទ័រឈូសឆាយ និងទាហានដែលបាត់ខ្លួនទាំង៣នាក់ទៀតមានដូចជា អនុសេនីយ៍ត្រី ស្រា៊ង នរិន្ទ ពលបាលឯក មុំ តុលា និងឈ្មោះ ម៉ៅ អេង ដែលជាបុគ្គលិកពេទ្យ។ ចំណែកឯលោក ធុច ធីម ដែលជាអ្នកបើកបរបានរងរបួសដៃខាងឆ្វេង។
សេចក្ដីថ្លែងការណ៍ដដែលលើកឡើងថា ការវាយប្រហារនេះបានកើតឡើងនៅម៉ោងប្រហែល៨យប់ថ្ងៃច័ន្ទ ជិតទីក្រុងបានហ្គាសូ (Bangassou) នាភាគអាគ្នេយ៍ នៅពេលដែលកងកម្លាំងវិស្វកម្មកម្ពុជា មួយក្រុមមានសមាជិក១២នាក់ ការពារដោយកងកម្លាំងប្រទេសម៉ារ៉ុក បានវិលត្រឡប់ពីបំពេញបេសកកម្មមួយក្នុងតំបន់រ៉ាហ្វៃ (Rafai)។
សេចក្ដីថ្លែងការណ៍នេះបានលើកឡើងសំដៅដល់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិមានមូលដ្ឋាននៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាលថា ”មានការពួនស្ទាក់បាញ់ប្រហារមកលើក្បួនយុទ្ធដំណើររបស់កងកម្លាំង MINUSCA ដោយក្រុមប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណ”។
វាបានបន្តថា “សូមបញ្ជាក់ដែរថា នេះជាការវាយប្រហាររបស់កងកម្លាំងឧទ្ទាមដើម្បីរំដោះឈ្លើយសឹកដែលកងកម្លាំងម៉ារ៉ុក ចាប់បាន”។កងកម្លាំង MINUSCA បានរុករកតំបន់នោះតាមថ្មើរជើង និងតាមឧទ្ធម្ភាគចក្រដើម្បីព្យាយាមតាមស្វែងរកទាហានដែលបាត់ខ្លួន។ ហើយក្នុងហេតុការណ៍នេះ ទាហានម៉ារ៉ុក ក៏បានរងរបួសប្រាំនាក់ដែរ និងម្នាក់ទៀតកំពុងបាត់ខ្លួន។
ពេលទាក់ទងកាលពីពេលល្ងាច លោកស្រី កុសល ម៉ាលីនដា អ្នកនាំពាក្យ NPMEC បានមានប្រសាសន៍ថា លោក អុឹម សំ បានត្រូវគ្រាប់ក្នុង “ប្រតិបត្តិការពួនស្ទាក់បាញ់ប្រហារដោយក្រុមមិនស្គាល់អត្តសញ្ញាណ” ហើយសាកសពត្រូវបានបញ្ជូនទៅដល់ទីក្រុងបានហ្គី (Bangui) ហើយ។
សេចក្ដីថ្លែងការណ៍មួយចេញដោយ MINUSCA កាលពីយប់មិញ បានថ្កោលទោសការវាយប្រហារនេះ ហើយនិយាយថា ខ្លួននឹង ”ធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីធានាថាជនល្មើសនៅក្នុងហេតុការណ៍វាយប្រហារនេះត្រូវបានចាប់ខ្លួនយកមកផ្ដន្ទាទោស”។ សេចក្ដីថ្លែងការណ៍ដដែលក៏បានគូសបញ្ជាក់ដែរថា ការធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតរបស់ទាហានកងរក្សាសន្តិភាពអាចចាត់ទុកបានថាជាឧក្រិដ្ឋកម្មសង្គ្រាម។
លោក ប៉ាហ្វេត អូណានហ្គា អានយ៉ានហ្គា (Parfait Onanga-Anyanga) ប្រធាន MINUSCA បាន “ចូលរួមមរណទុក្ខដ៏ក្រៀមក្រំបំផុត និងក្ដុកក្ដួលបំផុតជាមួយក្រុមគ្រួសារជនរងគ្រោះ ក្រុមរបស់គាត់ និងប្រទេសរបស់គាត់”។
ថ្វីបើតាមការអះអាងថាគាត់ត្រូវគ្រាប់ក្ដី ក៏រូបថតសាកសពនៅទាំងមូលរបស់លោក អុឹម សំ ដែលលោក ផែង វណ្ណៈ មន្ត្រីក្រសួងមហាផ្ទៃបង្ហោះតាមទំព័រហ្វេសប៊ុក បង្ហាញពីស្នាមរបួសធ្លាយពោះយ៉ាងធំ។
សូមរំឭកថា អំពើហិង្សាបានផ្ទុះឡើងនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាលមួយនេះកាលពីឆ្នាំ២០១៣ នៅពេលពួកឧទ្ទាមមូស្លីម (អុិស្លាមសាសនិក) បានផ្ដួលរំលំប្រធានាធិបតីគ្រីស្ទៀន (គ្រិស្តសាសនិក)។ អង្គការសហប្រជាជាតិបានចាប់ផ្ដើមបេសកកម្មរក្សាសន្តិភាពនៅឆ្នាំ២០១៤ ហើយបច្ចុប្បន្នទាហានដែលត្រូវបានបញ្ជូនទៅក្នុងប្រទេសនេះមានចំនួនជាង១២.០០០នាក់ ដើម្បីការពារជនស៊ីវិលពីការផ្ទុះអំពើហិង្សារវាងក្រុមគ្រីស្ទៀន និងក្រុមមូស្លីម។
កាលពីចុងសប្តាហ៍កន្លងទៅ អង្គការសហប្រជាជាតិបានលើកឡើងថា អង្គការផ្តល់ជំនួយអន្តរជាតិចំនួនបួននឹងដកមន្ត្រីរបស់ខ្លួនជាបណ្ដោះអាសន្នចេញពីតំបន់នានានៅភាគខាងជើងនៃប្រទេសនេះដោយសារការវាយប្រហារលើពួកគេបានកើនឡើងយ៉ាងឆាប់រហ័ស។ ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូន ទាហានជាង៤.១៨០នាក់ក្នុងក្របខ័ណ្ឌបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសស៊ូដង់ ប្រទេសស៊ូដង់ខាងត្បូង សាធារណរដ្ឋអាហ្វ្រិកកណ្ដាល ប្រទេសឆាដ ប្រទេសស៊ីរី ប្រទេសលីបង់ ប្រទេសម៉ាលី និងប្រទេសស៊ីប។
កាលពីខែមករា មន្ត្រីយោធាម្នាក់បានក្លាយជាទាហានកងរក្សាសន្តិភាពទី៥ ដែលបានបាត់បង់ជីវិតក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិ បន្ទាប់ពីគាត់បានស្លាប់ដោយសារជំងឺគ្រុនចាញ់នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល។ ការស្លាប់បួនករណីទៀតបានកើតឡើងនៅក្នុងប្រទេសម៉ាលី ដោយពីរនាក់ស្លាប់ដោយសារពុលអាហារ ម្នាក់ស្លាប់ដោយសារព្យុះខ្សាច់ដ៏កំណាច និងអ្នកទី៤ស្លាប់ដោយសារជំងឺគ្រុនចាញ់៕ សុខុម (រាយការណ៍បន្ថែមដោយ George Wright)