ដោយប្រឈមនឹងការកើនឡើងនូវការជួញដូរ និងការប្រើប្រាស់ថ្នាំញៀនឥតឈប់ឈរជាពិសេសថ្នាំមេតំហ្វេតាមីន ប្រទេសកម្ពុជានិងបណ្ដាប្រទេសមហាអនុតំបន់មេគង្គប្រាំផ្សេងទៀតបានរួមគ្នាព្យាយាមទប់ស្កាត់នូវកំណើនថ្នាំញៀននេះ។
លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (NACD)បានមានប្រសាសន៍កាលពីម្សិលមិញថា កិច្ចព្រមព្រៀងឆ្លងដែនដែលត្រូវបានចុះហត្ថលេខាអំឡុងកិច្ចប្រជុំរយៈពេល៣ថ្ងៃនៅសប្ដាហ៍នេះ ដោះស្រាយការឆកល្វែងនៅក្នុងគោលនយោបាយគ្រប់គ្រងគ្រឿងញៀនឆ្នាំ១៩៩៣ រវាងប្រទេសទាំងនេះ។

លោកបានថ្លែងថា ការទប់ស្កាត់និងការបន្សាប ការអនុវត្តច្បាប់ ការគ្រប់គ្រងព្រំដែននិងកិច្ចសហប្រតិបត្តិការរបស់តុលាការ គឺជាចំណុចមួយក្នុងចំណោមចំណុចសំខាន់ៗដែលនឹងត្រូវលើកយកមកដោះស្រាយ។
ប្រទេសកម្ពុជា និងប្រទេសជិតខាងដូចជាប្រទេសវៀតណាម ឡាវ ថៃ ចិន និងភូមា សុទ្ធតែបានចុះហត្ថលេខាចូលរួមពាក់ព័ន្ធ។
លោក ជាមី ដូក្លាស (Jeremy Douglas) តំណាងប្រចាំតំបន់នៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងបទឧក្រិដ្ឋបានមានប្រសាសន៍ថា ប្រទេសទាំងប្រាំមួយជាថ្មីម្តងទៀតបានរាយការណ៍ពីកំណើននៃការប្រើប្រាស់ថ្នាំមេតំហ្វេតាមីនកាលពីដំណាច់ឆ្នាំមុន។
លោក ដូក្លាស បានថ្លែងថា “ការប្រើប្រាស់ថ្នាំមេតំហ្វេតាមីនកំពុងកើនឡើងទូទាំងតំបន់យ៉ាងឆាប់រហ័ស។ វាកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ”។
ដោយការប្រើប្រាស់គ្រឿងញៀនកើនឡើងក្នុងចំណោមយុវជននោះ លោកបានថ្លែងថា កម្មវិធីបន្សាបនិងទប់ស្កាត់ជាការចាំបាច់ណាស់ក្នុងការផ្ដោតគោលដៅលើយុវជន។
លោក ដូក្លាស បានមានប្រសាសន៍ថា ប្រទេសកម្ពុជាក៏ស្ថិតក្នុងចំណោមប្រទេសបួនដែលមានមន្ទីរពិសោធន៍គ្រឿងញៀនផងដែរ។ លោកបានថ្លែងថា វគ្គបណ្ដុះបណ្ដាលស្តីពីការអនុវត្តច្បាប់ដែលត្រូវបានគំាំទ្រដោយការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន នឹងផ្ដោតលើការកំណត់ទាំងគ្រឿងញៀន និងសារធាតុផ្សំ ព្រមទាំងសហការជាមួយបណ្ដាប្រទេសមួយចំនួន ដើម្បីបង្ក្រាបក្រុមជួញដូរគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
លោកបានមានប្រសាសន៍ថា “បញ្ហាមួយក្នុងចំណោមបញ្ហាធំៗគឺថា វាជាបទឧក្រិដ្ឋឆ្លងដែន ដែលកេងយកផលប្រយោជន៍ពីទីផ្សារដ៏ធំនេះ និងតម្រូវការខ្ពស់។ ប្រទេសដែលមានព្រំដែនធូររលុង…ពួកគេអាចឆ្លងកាត់បានយ៉ាងងាយស្រួល ហើយធ្វើការជួញដូរដើម្បីបំពេញតម្រូវការនោះ”។
លោក ដេវីឌ ហាឌីង (David Harding) អ្នកពិគ្រោះយោបល់ឯករាជ្យ បានស្វាគមន៍ការខិតខំប្រឹងប្រែងទប់ស្កាត់ការជួញដូរគ្រឿងញៀនឆ្លងដែននេះ ប៉ុន្តែបានលើកឡើងថា ការបន្សាបការញៀនថ្នាំទូទាំងតំបន់នៅមានបញ្ហាដែលការចែករំលែកធនធានមិនអាចជួយអ្វីបានឡើយ។
លោកបានបន្ថែមថា “ទាក់ទិនការបន្សាបគ្រឿងញៀន តាមខ្ញុំដឹង មិនមានប្រទេសណាមួយក្នុងចំណោមប្រទេសក្នុងមហាអនុតំបន់មេគង្គមានកម្មវិធីបន្សាបគ្រឿងញៀន ជាកម្មវិធីបន្សាបគ្រឿងញៀនគ្រប់គ្រងដោយរដ្ឋាភិបាល ដែលផ្អែកលើគោលការណ៍វិទ្យាសាស្ត្រឡើយ។ ដូច្នេះហើយ វាលំបាកក្នុងការស្វែងយល់ពីអ្វីដែលពួកគេអាចចែករំលែកពិតប្រាដកជាមួយគ្នាទៅវិញទៅមក ដែលអាចមានប្រសិទ្ធភាពណាស់”៕ សារុន (រាយការណ៍បន្ថែមដោយ Janelle Retka)