30 C
Phnom Penh

គណៈកម្មាធិការជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ទទួលស្គាល់​​​ថា​​​ ទឹក​​​ថ្នាំ​​​គំរូអាច​​​លុប​​​ជ្រះ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅសល់មិនដល់១ខែទៀតទេប្រជាពលរដ្ឋខ្មែរនឹងនាំគ្នាទៅបោះឆ្នោតហើយ តែកាលពីម្សិលមិញស្ថាប័នរៀបចំការបោះឆ្នោតកំពូលនៅកម្ពុជាបានទទួលស្គាល់ថា ខ្លួនបានបង់ប្រាក់ជិត៨០០.០០០ដុល្លាររួចហើយសម្រាប់ទឹកថ្នាំលុបមិនជ្រះ ដែលការធ្វើតេស្ត ដោយខ្លួនឯងផ្ទាល់បង្ហាញថា អាចលុបជ្រះដោយប្រើផលិតផលថែរក្សាសក់ ជាបញ្ហាដែលថ្នាក់ដឹកនាំគណបក្សប្រឆាំងមួយរូបចាត់ទុកថាជា “បញ្ហាធំ” ដែលអាចធ្វើឲ្យប៉ះពាល់ដល់ការជឿទុកចិត្តរបស់អ្នកបោះឆ្នោតនៅក្នុងការបោះឆ្នោតឃុំសង្កាត់នាថ្ងៃទី៤ខែមិថុនា។ 

លោកស្រី មូរ សុខហួរ តំណាងរាស្ត្រជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានលើកឡើងថា “យើងមិនអាចឆ្ពោះទៅមុខបានទេប្រសិន បើរឿងសំខាន់បំផុតគឺទឹកថ្នាំអាចលុបជ្រះនោះ”។ លោកស្រីបានបន្ថែមថា “វាមិនអាចទទួលយកបានទេ”។

លោកស្រី មូរ សុខហួរ បានឆ្លើយតបចំពោះការទទួលស្គាល់របស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) ដែលប្រាប់កាសែតខេមបូឌា ដេលី ក្នុងកិច្ចសម្ភាសផ្តាច់មុខមួយកាលពីម្សិលមិញថា គ.ជ.ប.បានធ្វើតេស្តទឹកថ្នាំគំរូទិញពីក្រុមហ៊ុនផ្គត់ផ្គង់នៅប្រទេសឥណ្ឌាប្រហែល១ខែកន្លងមកនេះ ហើយបានរកឃើញថា ទឹកថ្នាំនេះអាចលុបជ្រះដោយប្រើថ្នាំអ៊ុតសក់។

លោក ហង្ស ពុទ្ធា បានលើកឡើងថា គ.ជ.ប.សម្រេចបន្តគម្រោងទិញទឹកថ្នាំចំនួន៤៦.៥០០ដបក្នុងតម្លៃប្រហែល៧៩៣.០០០ដុល្លារនៅពាក់កណ្តាលខែ មេសាដោយសារសល់ពេលខ្លី។

គ.ជ.ប.បន្ទាប់មកបានបញ្ជូនទឹកថ្នាំគំរូត្រឡប់ ទៅក្រុមហ៊ុន Mysore Paints and Varnish Limited វិញ ហើយបានជូនដំណឹងអំពីបញ្ហានេះ ខណៈអ្នកជំនាញខាងបោះឆ្នោតមកពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានផ្តល់យោបល់ឲ្យគណៈកម្មាធិការនេះស្នើសុំគំរូថ្មីពីក្រុមហ៊ុនផ្សេងៗ។

លោក ហង្ស ពុទ្ធា បានលើកឡើងទៀតថា គំរូថ្មីទាំងនោះ “បានមកដល់ហើយ ប៉ុន្តែ មានពេលមិនគ្រប់គ្រាន់ទេ” នៅមុនការបោះឆ្នោត។លោកបានបន្តថា “ហេតុដូច្នេះយើងនៅតែត្រូវបញ្ជាទិញទឹកថ្នាំដដែល”។

cam-photo-nec-sovannara1ទោះជាយ៉ាងណា កាលពីម្សិលមិញ លោក Siddalingappa Pujari ប្រធានគ្រប់គ្រងក្រុមហ៊ុនទឹកថ្នាំនេះដែលមានមូលដ្ឋានស្ថិតនៅក្នុងក្រុង Mysore ចម្ងាយប្រហែល១៥០គីឡូម៉ែត្រពីទីក្រុង Bangalore បានលើកឡើងថា លោកមិនទាន់បានឮការតវ៉ាអំពីផលិតផលរបស់ខ្លួននៅឡើយទេ ហើយថាទឹកថ្នាំផ្នែកនៅសល់ត្រូវមកដល់ប្រទេសកម្ពុជាយ៉ាងយូរត្រឹមថ្ងៃម្សិលមិញ។

លោកបានសួរថា “នរណាប្រាប់អ្នកថា វាអាចលុបជ្រះ?” ។លោកបានបន្ថែមថា “ទេវាមិនអាចលុបជ្រះទេ”។

ប្រធានគ្រប់គ្រងរូបនេះបានលើកឡើងទៀតថា ដំណើរការផលិត និងដឹកជញ្ជូនផលិតផលចំណាយពេល១៥ថ្ងៃ ជាពេលវេលាទំនងជាសមល្មមនឹងអាចផលិតទឹកថ្នាំថ្មីនិងដឹកជញ្ជូនបាន មុនការបោះឆ្នោតមកដល់ ប្រសិនបើទឹកថ្នាំបញ្ជាទិញរួចបញ្ជាក់ថាមានបញ្ហា។

ក្រុមហ៊ុននេះគឺជាក្រុមហ៊ុនតែមួយគត់នៅក្នុងប្រទេសឥណ្ឌាដែលទទួលបានសិទ្ធិផលិតទឹកថ្នាំលុបមិនជ្រះដែលត្រូវបានប្រើប្រាស់ក្នុងការបោះឆ្នោតដើម្បីទប់ស្កាត់ប្រជាពលរដ្ឋកុំឲ្យបោះឆ្នោតបានច្រើនដង។ អ្នកបោះឆ្នោតជ្រលក់ចង្អុលដៃទៅក្នុងដបទឹកថ្នាំពេលពួកគាត់ចុះវត្តមាននៅការិយាល័យបោះឆ្នោតដើម្បីជាសញ្ញាបង្ហាញថា ពួកគាត់បានបោះឆ្នោតរួចហើយ។

គ.ជ.ប.បានពន្យារពេលជូនដំណឹងដល់គណបក្សនយោបាយ រហូតទាល់តែខ្លួនធ្វើតេស្តទឹកថ្នាំថ្មីរួចសិន ដើម្បីពិនិត្យថា តើវាមានសារធាតុ Silver Nitrate ២៥ភាគរយត្រូវតាមអ្វីដែលបានព្រមព្រៀងដែរឬអត់។

សារធាតុ Silver Nitrate គឺជាសារធាតុផ្សំនៅក្នុងទឹកថ្នាំដែលធ្វើឲ្យទឹកថ្នាំលុបមិនជ្រះ។

ទោះបីជាមានការព្រួយបារម្ភនៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ថា ទឹកថ្នាំទិញពីក្រុមហ៊ុនផ្គត់ផ្គង់ដដែលនេះអាចលុបជ្រះដោយប្រើផលិតផលថែរក្សាសក់ និងមានសេចក្តីរាយការណ៍ពីអ្នកបោះឆ្នោតនៅឥណ្ឌាថា ទឹកថ្នាំនេះងាយលុបជ្រះនៅក្នុងការបោះឆ្នោតឆ្នាំ២០១៤នៅទីនោះក៏ដោយ តែលោក ហង្ស ពុទ្ធា បានលើកឡើងថា មិនទាន់មាននរណាយកភ័ស្តុតាងមកបង្ហាញគ.ជ.ប. បញ្ជាក់ពីបញ្ហាណាមួយនៅឡើយទេ រហូតទាល់តែគ.ជ.ប.ធ្វើ តេស្តដោយខ្លួនឯងផ្ទាល់។

អ្នកនាំពាក្យរូបនេះក៏បាននិយាយការពារដំណើរការលទ្ធកម្ម និងការសម្រេចក្នុងការរង់ចាំរហូតដល់ពេលឥឡូវទើបទិញទឹកថ្នាំផងដែរ ដោយលើកឡើងថា គ.ជ.ប.ជឿជាក់លើក្រុមហ៊ុនផ្គត់ផ្គង់មួយនេះដោយសារទឹកថ្នាំរបស់ក្រុមហ៊ុននេះត្រូវបានប្រើប្រាស់នៅក្នុងការបោះឆ្នោតទូទាំងពិភពលោក។

លោកបានថ្លែងថា “យើងមិនគិតថា ទឹកថ្នាំ នេះអាចលុប ជ្រះទេ ព្រោះទឹកថ្នាំនេះ ក៏ត្រូវ បានប្រើប្រាស់ក្នុងប្រទេសផ្សេងៗដែរ”។លោកបានបន្ថែមថា ទីបញ្ចប់ក្រុមហ៊ុនត្រូវតែទទួលខុសត្រូវចំពោះផលិតផលដែលមានបញ្ហាណាមួយ។

លោក ហង្ស ពុទ្ធា អតីតប្រធានអង្គការឃ្លាំមើលការបោះឆ្នោតគឺគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា  (និកហ្វិក) បានលើកឡើងថា គ.ជ.ប.មានការខកចិត្តដែលរកឃើញថា ទឹកថ្នាំដែលគេផ្តល់ឲ្យមកធ្វើជាគំរូអាចលុបជ្រះ ប៉ុន្តែលោកជឿជាក់ថា នីតិវិធីផ្សេងៗដែលបង្កើតឡើងដោយគណៈកម្មាធិការនេះនឹងអាចទប់ស្កាត់ការបោះឆ្នោតពីរដងបាន។

លោក ហង្ស ពុទ្ធា បានលើកឡើងថា អង្គការឃ្លាំមើលការបោះឆ្នោត បានរកឃើញថា បញ្ជីឈ្មោះបោះឆ្នោតថ្មី ច្បាស់លាស់ និងមិនជាន់ឈ្មោះគ្នាទេ ហើយបញ្ជីឈ្មោះអ្នកបោះឆ្នោតនឹងបញ្ចូលរូបថត ព្រមទាំងប្រអប់សម្រាប់ មន្ត្រីរៀបចំការបោះឆ្នោតនិងអ្នកបោះឆ្នោតគូសធីក ពេលបោះឆ្នោតផងដែរ។ ការពិន័យសម្រាប់ករណីរំលោភបំពានក៏ត្រូវបានបង្កើនរហូតដល់២០លានរៀល ឬប្រហែល៥.០០០ដុល្លារផងដែរជាផ្នែកនៃកញ្ចប់កំណែទម្រង់ដ៏ទូលំទូលាយដែលត្រូវបានព្រមព្រៀងដោយគណបក្សទាំងពីរក្រោយការបោះឆ្នោតឆ្នាំ២០១៣ដ៏ចម្រូងចម្រាស។

ប៉ុន្តែ លោកស្រី មូរ សុខហួរ ដែលត្រូវបានជ្រើសតាំងជាអនុប្រធានក្នុងចំណោមអនុប្រធានទាំងបីនោះបានលើកឡើងថា គ.ជ.ប. មានសមាជិក៩រូប ដែលមុនកំណែទម្រង់ជាដៃជើងរបស់គណបក្សកាន់អំណាចនិងដែលឥឡូវបានបែងចែករវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រឆាំងដោយមានលោក ហង្ស ពុទ្ធា ជាតំណាងសង្គមស៊ីវិលនោះ ប្រឈមការបាត់បង់ជំនឿចិត្តពីអ្នកបោះឆ្នោត ប្រសិនបើស្ថាប័នរៀបចំការបោះឆ្នោតមួយនេះប្រើប្រាស់ទឹកថ្នាំដែលមានបញ្ហា។

លោកស្រីបានទទូចឲ្យគណបក្សនយោបាយទាំងអស់ក៏ដូចជាម្ចាស់ជំនួយអន្តរជាតិជំរុញឲ្យគណៈកម្មាធិការនេះប្រើប្រាស់ទឹកថ្នាំដែលមិនអាចលុបជ្រះ ហើយបានច្រានចោលការអះអាងដែលថា ស្ថាប័នរៀបចំការបោះឆ្នោតនេះអស់ពេលក្នុងការទិញផលិតផលថ្មី ។ លោកស្រីបានមានប្រសាសន៍ថា “ប្រសិន បើមានភ័ស្តុតាងច្បាស់លាស់ហើយ អស់លោក ត្រូវតែរកពេលវេលា”។ លោកស្រីបានបន្តថា “គ.ជ.ប.ត្រូវតែទទួលខុសត្រូវចំពោះអ្នកបោះឆ្នោត”។

លោកស្រី មូរ សុខហួរ ក៏បានចោទសួរអំពីដំណើរការលទ្ធកម្មដែលឈានដល់ការបញ្ជាទិញនេះផងដែរ។

លោកស្រីបានសួរថា “តើនរណាជាអ្នកទទួលខុសត្រូវចំពោះបញ្ហានេះ?”។ លោកស្រីបានបន្តថា “នេះជាបញ្ហាធំ”។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណចមិនសូវជាខ្វាយខ្វល់នោះទេ។

លោកបានមានប្រសាសន៍ថា “យើងអត់បារម្ភទេ ព្រោះទឹកថ្នាំឥណ្ឌាត្រូវបានប្រើប្រាស់ ទូទាំងប្រទេសដោយប្រជាពលរដ្ឋរាប់សែនរាប់លាននាក់”នៅ ក្នុងប្រទេសឥណ្ឌា។ លោក បានបន្ថែមថា លោកជឿទុកចិត្តថា អ្នកបោះឆ្នោតនឹងមិនរំលោភបំពានប្រព័ន្ធនេះឡើយ។

លោកបានថ្លែងថា “ខ្ញុំជឿជាក់ថា ប្រជាពលរដ្ឋដែលត្រូវបោះឆ្នោតនឹងមិនយកទឹកថ្នាំលាបសក់និងទឹកលាងក្រចកទៅជាមួយនោះទេ”។

លោក សំ គន្ធាមី ដែលជាប្រធាននិកហ្វិក ក្នុងពេលបច្ចុប្បន្នបានលើកឡើងថា ការធ្វើតេស្តទឹកថ្នាំបង្ហាញថាលុបជ្រះ ជារឿងគួរឲ្យព្រួយបារម្ភ ប៉ុន្តែលោកនៅតែមានសុទិដ្ឋិនិយមថា នីតិវិធីផ្សេងនឹងទប់ស្កាត់អ្នកបោះឆ្នោតកុំឲ្យបន្លំបាន។

លោកបានថ្លែងថា “ខ្ញុំមិនគិតថា វាជាបញ្ហាទេ ប្រសិនបើគ.ជ.ប.ត្រួតពិនិត្យឲ្យបានតឹងរឹុងលើ[អត្តសញ្ញាណប័ណ្ណរបស់អ្នកបោះឆ្នោត] ពេលប្រគល់សន្លឹកឆ្នោត”។

ម្ចាស់ជំនួយអន្តរជាតិដែលជួយឧបត្ថម្ភដល់យុទ្ធនាការបោះឆ្នោត និងដែលលោកហង្ស ពុទ្ធា បានលើកឡើងថា បានជូនដំណឹងរួចហើយអំពីទឹកថ្នាំគំរូមានបញ្ហានោះបានជួបជាមួយគ.ជ.ប.កាលពីថ្ងៃច័ន្ទដើម្បីពិភាក្សាអំពីក្តីព្រួយបារម្ភរបស់ពួកគេទាក់ទិននឹងទឹកថ្នាំនេះ ព្រមទាំងសន្លឹកឆ្នោតបម្រុងចំនួន១,៥ លានសន្លឹក ដែល គ.ជ.ប.បានបោះពុម្ពបម្រុងទុក៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស