26 C
Phnom Penh

អាជ្ញាធរ​​​៖ មាន​​​ការ​​​ផ្ទុះ​​​ឡើង​​​នូវ​​​ជំងឺ​​​អុត​​​ក្តាម​​​​​​លើសត្វ​​​​​​គោ​​​ជាច្រើន​​​ក្បាល​​​នៅ​​​ក្នុង​​​ខេត្ត​​​ស្វាយ​​​រៀង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ អាជ្ញាធរខេត្តស្វាយរៀងបានលើកឡើងថា ការផ្ទុះឡើងថ្មីបំផុតនៃជំងឺអុតក្តាមស្ថិតក្រោមការគ្រប់គ្រងបានតាមរយៈការព្យាបាលទាន់ពេលវេលា ប៉ុន្តែតួលេខរបស់ពួកគេស្តីពីចំនួនគោដែលឆ្លងមេរោគនេះខុសគ្នាឆ្ងាយណាស់។

លោក មាស សុខ មេឃុំឈើទាលស្រុកស្វាយជ្រុំបានមានប្រសាសន៍ថា គោប្រហែល២០០ក្បាលបានឆ្លងចាប់តាំងពីខែមុន ហើយថា ដោយសារការចាក់វ៉ាក់សាំងទាន់ពេលវេលាបានធ្វើឲ្យចំនួនសត្វគោដែលឆ្លងជំងឺនេះថយចុះមកនៅត្រឹម៣០ក្បាលប៉ុណ្ណោះ។

ប៉ុន្តែលោក សុខ សុធាវុធ អនុប្រធានមន្ទីរកសិកម្មខេត្តបានលើកឡើងថា ចំនួនខ្ពស់បំផុតនៃសត្វគោដែលឆ្លងជំងឺនេះមានត្រឹមតែ៣៥ក្បាលប៉ុណ្ណោះ។លោកបានថ្លែងថា ពេទ្យសត្វបានចាប់ផ្តើមចាក់វ៉ាក់សាំងដល់សត្វគោទាំងនោះភ្លាមៗបន្ទាប់ពីមានការផ្ទុះឡើង ហើយបានបន្តការងារនេះដដែល។

លោកបានមានប្រសាសន៍ថា “យើងបានចុះទៅទីនោះកាលពីម្សិលមិញម្ងៃ៉ ហើយបានផ្តល់ថ្នាំពេទ្យដល់អ្នកភូមិដើម្បីព្យាបាលសត្វគោទាំងនោះ”។

លោក សេន សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វមានប្រសាសន៍ថា គោដែលឆ្លងជំងឺនេះ មានចំនួនប្រហែល១០០ក្បាល។

បុរសពីរនាក់ដំបូងនិយាយថា គ្មានសត្វគោដែលឆ្លងជំងឺនេះងាប់ ប៉ុន្តែ លោក សេន សុវណ្ណ បានមានប្រសាសន៍ថា កូនគោពីរក្បាលបានងាប់ដោយសារជំងឺនេះ។

លោកបានថ្លែងថា ក៏មានការផ្ទុះឡើងផងដែរនៅក្នុងខេត្តសៀមរាប និងខេត្តកំពង់ធំកាលពីខែមីនា ប៉ុន្តែ លោកមិនចាំថាមានចំនួនប៉ុន្មាននោះឡើយ។ លោកបានថ្លែងថា លោកបានស្នើឲ្យរដ្ឋាភិបាលបញ្ជាទិញវ៉ាក់សាំងជាង២០.០០០ដូសដើម្បីត្រៀម ទុកសម្រាប់ខែមិថុនា និងខែកក្កដា ជាខែដែលអាចមានកំណើនខ្ពស់បំផុត។

ជំងឺអុតក្តាមកើតឡើងរាល់ឆ្នាំនៅកម្ពុជា។ រោគសញ្ញានៃជំងឺនេះមានដូចជា ឡើងកម្តៅខ្លាំង ពងបែកត្រង់មាត់ និងជើង ស្រកទម្ងន់ និងចំនួនទឹកដោះធ្លាក់ចុះជាដើម៕សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស