ឆ្លៀតឱកាសក្នុងសន្និសីទកាសែតនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាននៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានព្រមានថា ស្ថាប័នព័ត៌មានពីរដែលគ្រប់គ្រងដោយបរទេស រួមទាំងកាសែត ខេមបូឌា ដេលី ផង “ ប្រឆាំង ” រដ្ឋាភិបាល ហើយថា អ្នកកាសែតដែលមិនធ្វើសេចក្តីរាយការណ៍ “ត្រឹមត្រូវ” នឹងត្រូវបានមើលឃើញថា ជា “ខ្ញុំបម្រើបរទេស”។
អំឡុងសន្និសីទកាសែតរយៈពេល៣៧នាទីនៅថ្ងៃទី២នៃកិច្ចប្រជុំកំពូលធុរកិច្ចអន្តរជាតិនេះ លោក ហ៊ុន សែន បានចាត់ទុកវិទ្យុអាស៊ីសេរី (RFA) ថា ជា “វិទ្យុប្រឆាំងរដ្ឋាភិបាល” ហើយថា កាសែត ខេមបូឌា ដេលី “ប្រឆាំងពូជានិច្ច” នេះបើយោងតាមការបកប្រែប្រដេញជាភាសាអង់គ្លេស តាមប្រសាសន៍ របស់លោកនាយករដ្ឋមន្ត្រី។

ចង្អុរទៅអ្នកកាសែតពីររូបនៅជួរមុខគេនៃក្រុមប្រព័ន្ធផ្សព្វផ្សាយ លោក ហ៊ុន សែន បានមានប្រសាសន៍ថា “សូមក្មួយទាំងពីរដែល ជាវិទ្យុអាស៊ីសេរី និងខេមបូឌា ដេលី សរសេរឲ្យបានត្រឹមត្រូវណា៎ ព្រោះនេះកំពុងផ្សាយផ្ទាល់”។
អ្នកកាសែតទាំងពីររូបនេះបានសួរសំណួរលោកនាយករដ្ឋមន្ត្រីពាក់ព័ន្ធបញ្ហាថា តើថាត្រូវផ្តល់ការបណ្តុះបណ្តាលបែបណាដល់យុវជសម្រាប់ការងារនាពេលអនាគត និងថា តើកម្ពុជានឹងត្រៀមខ្លួនយ៉ាងណាសម្រាប់ចូលរួមគម្រោង “ខ្សែក្រវាត់មួយ ផ្លូវមួយ”របស់ប្រទេសចិន។
លោកហ៊ុនសែន បានមានប្រសាសន៍បន្តថា “បើក្មួយយកទៅសរសេរខុស អត្ថាធិប្បាយ ខុស នោះគេនឹងឃើញបានថា ពួកក្មួយៗដែលធ្វើការឲ្យបរទេស គឺពិតជាខ្ញុំបម្រើបរទេសពិតប្រាកដហើយ។ពូមិនចង់ឮពាក្យនេះទេ”។
លោកស្រី ទ្រីបទី ឡាហីុរី (Tripti Lahiri) ប្រធានការិយាល័យប្រចាំតំបន់អាស៊ីរបស់គេហទំព័រ Quartz ជាផ្នែកមួយនៃប្រព័ន្ធផ្សព្វផ្សាយ Atlantic Media មានមូលដ្ឋាននៅក្នុងទីក្រុងវ៉ាស៊ីនតោន ដែលបានចូលរួមក្នុងសន្និសីទកាសែតនេះ បានលើកឡើងថា លោកស្រីមានការភ្ញាក់ផ្អើលចំពោះការឆ្លើយតបរបស់លោកនាយករដ្ឋមន្ត្រី។
លោកស្រីបានថ្លែងថា “លោកនាយករដ្ឋមន្ត្រីបានចំណាយពេលភាគច្រើននៃការឆ្លើយរបស់លោក រិះគន់ប្រព័ន្ធផ្សព្វផ្សាយដែលអ្នកយកព័ត៌មានទាំងនេះធ្វើការឲ្យ ជាជាងឆ្លើយតបនឹងសំណួរសមហេតុសមផលពីរ”។
ឆ្លើយតបទៅនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី លោក រ៉ូហីត ម៉ាហាចាន(Rohit Mahajan) អ្នកនាំពាក្យវិទ្យុអាស៊ីសេរីបាននិយាយថា ការលើកឡើងទាំងនេះ”បង្ហាញថា រដ្ឋាភិបាលកម្ពុជាមិនសូវឲ្យតម្លៃសារព័ត៌មានសេរី និងឯករាជ្យទេ”។ វិទ្យុអាស៊ីសេរីទទួលបានមូលនិធិពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។
លើកឡើងពីបាវចនារបស់កាសែត ខេមបូឌា ដេលី លោក ដាក្លាស ស្ទៀល (Douglas Steele) នាយកគ្រប់គ្រងទូទៅរបស់កាសែតនេះបានមានប្រសាសន៍ថា “យើងមិនបម្រើឱ្យអ្នកណា ឬគណបក្សណាមួយទេ ហើយយើងក៏មិនប្រឆាំងអ្នកណាឬគណបក្សណាមួយនោះដែរ។ បេសកកម្មរបស់យើងគឺរាល់ដំណឹងទាំងអស់គ្មានការភ័យខ្លាច ឬលម្អៀង”។
ថ្លែងបិទសន្និសីទកាសែតនេះ លោក អេឌ្រាន ម៉ង់ (Adrian Monck) ប្រធានផ្នែកទំនាក់ទំនងសាធារណៈ និងសង្គមនៃវេទិកានេះមានប្រសាសន៍ថា ស្ថាប័នព័ត៌មានរិះគន់គឺជាផ្នែកមួយដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច។
លោកបានថ្លែងទៅកាន់ក្រុមអ្នកកាសែតថា “ខ្ញុំយល់ថា លទ្ធផលរកឃើញមួយក្នុងចំណោមលទ្ធផលរកឃើញសំខាន់ចេញពីរបាយការណ៍ស្ដីពីការប្រកួតប្រជែងជាសាកល (Global Competitiveness Report) របស់វេទិកានេះគឺថា ប្រព័ន្ធផ្សព្វផ្សាយរិះគន់ដែលប្រកបដោយការទទួលខុសត្រូវ គឺជាផ្នែកដ៏សំខាន់មួយនៃសេដ្ឋកិច្ចដែលរីកលូតលាស់”។
ក្រោយមកក្នុងថ្ងៃម្សិលមិញដដែល លោកលើកឡើងបន្ថែមទៀតតាមរយៈសារអេឡិចត្រូនិកថា ”ការដាក់ចំណាត់ថ្នាក់ជាសាកលរបស់វេទិកាសេដ្ឋកិច្ចពិភពលោកបង្ហាញថា គណនេយ្យភាព និងការពិនិត្យពិច័យជួយឱ្យសេដ្ឋកិច្ចនានាកាន់តែមានការប្រកួតប្រជែង។ ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់ជាភាគីពាក់ព័ន្ធមួយនៅក្នុងដំណើរការនោះ”។
លោកគូសបញ្ជាក់ថា វេទិកាបានគាំទ្រតួនាទីនេះតាមរយៈការអញ្ជើញអ្នកយកព័ត៌មានជាង២០០នាក់ឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ និង”សួរសំណួររបស់ខ្លួនទៅបណ្ដាមេដឹកនាំជាសាធារណៈ”។
លោកបានបន្តថា “វាសម្រាប់អ្នកទស្សនា និងអ្នកអានសម្រេចថា តើចម្លើយដែលផ្ដល់ជូន ឆ្លើយតបទៅនឹងក្ដីបារម្ភរបស់ពួកគាត់បានគ្រប់គ្រាន់ដែរឬទេ”។
អំឡុងសន្និសីទកាសែតនៅឯវេទិកានេះ លោក ហ៊ុន សែន ក៏បានលើកឡើងដែរអំពីអំណោយជាទឹកប្រាក់ចំនួន២០.០០០ដុល្លារដែល កាលពីថ្ងៃពុធលោកបានផ្ដល់ឱ្យលោក សាំង សុឥន្ទរិទ្ធ ការីនិពន្ធនៃកាសែត ខេមបូឌា ដេលី ដែលកំពុងមានជំងឺដើម្បី “ជួយសង្គ្រោះគាត់”។ លោក ហ៊ុន សែន មានប្រសាសន៍អំពីលោក សាំង សុឥន្ទរិទ្ធ ថា “គាត់សរសេរឱ្យ ខេមបូឌា ដេលី ជេរពូស្ទើរតែ២០ឆ្នាំ…ពេលដែលឈឺ ខេមបូឌា ដេលី បានបោះបង់គាត់ចោល”។
លោក សាំង សុឥន្ទរិទ្ធ បានបញ្ជាក់កាលពីម្សិលមិញថា លោកបានឈប់ធ្វើការកាលពីខែឧសភាឆ្នាំមុន ដោយសារតែមានជំងឺត្រូវដូរក្រលៀនចេញ និងត្រូវទទួលការវិភាគជំងឺពីរដងក្នុងមួយសប្ដាហ៍។ លោកបានលើកឡើងថា លោកត្រូវគេកាត់ប្រាក់ខែ១.០០០ដុល្លារក្នុងមួយខែ មុនពេលគេដាក់ឱ្យគាត់ឈប់សម្រាកដោយគ្មានប្រាក់ខែ។
លោកថ្លែងថា “ឈ្មោះខ្ញុំស្ថិតនៅក្នុងរចនាសម្ព័ន្ធបុគ្គលិកនៅឡើយ” ហើយលោកមានអារម្មណ៍ថា គណៈគ្រប់គ្រងរបស់កាសែត ខេមបូឌា ដេលី “បានបោះបង់” លោកចោល។ លោកបានបន្តថា អ្នកយកព័ត៌មានឱ្យកាសែត ខេមបូឌា ដេលី ទាំងអតីតនិងបច្ចុប្បន្នបានបរិច្ចាគប្រាក់ និងរៃអង្គាសមូលនិធិដើម្បីជួយចេញថ្លៃព្យាបាលជំងឺរបស់លោក។
នៅពេលសួរថា ហេតុអ្វីបានជាលោក ហ៊ុន សែន ផ្ដល់ប្រាក់ជួយលោក លោកឆ្លើយថា លោកមិនដឹងប្រាកដទេ។ លោកលើកឡើងថា “ខ្ញុំមិនដឹងពីគំនិតរបស់គាត់ទេ ប៉ុន្តែនៅពេលគាត់បានដឹងពីប្រវត្តិរបស់ខ្ញុំ គាត់អាណិតអាសូរខ្ញុំ ហើយគាត់ក៏ជួយឧបត្ថម្ភខ្ញុំ”។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានសន្យាផ្ដល់ជំនួយ៥.០០០ដុល្លារបន្ថែមដល់លោក សាំង សុឥទ្ទរិទ្ធ ដែលនិយាយថា លោកនឹងទទួលបានលុយនេះនៅថ្ងៃនេះ។
ថ្វីបើរិះគន់ស្ថាប័នព័ត៌មានទាំងនេះក្ដី ក៏លោក ហ៊ុន សែន បានប្រាប់បណ្ដាអ្នកយកព័ត៌មាននៅឯវេទិកានេះថា សំណួររបស់ពួកគេធ្វើឱ្យលោកពេញចិត្ត។ ឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតមកពីវិទ្យុអាស៊ីសេរីម្នាក់ ឈ្មោះ សាន សែល ជុំវិញថាតើកម្ពុជាធ្វើយ៉ាងណាក្នុងការអប់រំយុវជនសម្រាប់ទទួលយកការងារនៅពេលអនាគត លោក ហ៊ុន សែន បានលើកឡើងពីអាជីពរបស់អ្នកយកព័ត៌មានកម្ពុជាទាំងពីរដែលបានសួរសំណួរលោក មកធ្វើជាឧទាហរណ៍ស្ដីពីឱកាសអប់រំដែលមានសម្រាប់យុវជននៅក្នុងប្រទេស។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា ក្រោយពីសង្គ្រាមជាច្រើនឆ្នាំ “យើងបានងើបឈរឡើង រាប់ទាំងជីដូនជីតា ឪពុកម្ដាយរបស់ក្មួយៗ ក៏បានរស់រានមានជីវិត ហើយបណ្ដុះបណ្ដាលក្មួយៗ…ឥឡូវនេះ [ក្មួយៗ] ធ្វើការឱ្យវិទ្យុអាមេរិកាំង ឱ្យកាសែតអាមេរិកាំង។ តើនេះជាឧទាហរណ៍ជាក់ស្ដែងនៃសមិទ្ធផលដែលរាជរដ្ឋាភិបាលបានធ្វើសម្រាប់ក្មួយៗទេ”៕ ស៊ុយឈាង និង សុខុម (រាយការណ៍បន្ថែមដោយ ហង់ សុគន្ធា)