ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វុនស៊ិនប៉ិចបានមានបន្ទូលកាលពីម្សិលមិញថា ទ្រង់នឹងយាងធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើងនៅខែក្រោយ ឬពីរខែទៀតដើម្បីជួយបញ្ចុះបញ្ចូលប្រទេសកុម្មុយនីស្តដ៏ឯកោមួយនេះឱ្យចៀសវាងសង្គ្រាមអាវុធនុយក្លេអ៊ែរជាមួយប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
ភាពតានតឹងនៅក្នុងតំបន់បានកើនឡើងកាលពីពេលថ្មីៗនេះ ប៉ុន្តែក្នុងចំណោមប្រទេសទាំងនេះគ្មានប្រទេសណាមួយបានប្រកាសពីបំណងធ្វើសង្គ្រាមឡើយ។
អំឡុងពេលផ្ដល់បទសម្ភាសន៍ដល់ក្រុមអ្នកយកព័ត៌មាននៅព្រះបរមរាជវាំងកាលពីម្សិលមិញ ព្រះអង្គម្ចាស់បានមានបន្ទូលថា “ខ្ញុំនឹងធ្វើទស្សនកិច្ចជាលក្ខណៈឯកជននៅ ប្រទេសកូរ៉េខាងជើងដើម្បីសុំឱ្យមេដឹកនាំប្រទេសនេះបញ្ឈប់ផែនការធ្វើសង្គ្រាមនុយក្លេអ៊ែរ ពីព្រោះយើងយល់ថា ពេលដំរីជល់គ្នា គឺងាប់តែស្រមោចសង្អារ”។
សូមបញ្ជាក់ថា សម្ដេចឪ នរោត្តម សីហនុ ដែលជាបិតារបស់ព្រះអង្គម្ចាស់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោក គីម អុីលស៊ុង អតីតមេដឹកនាំកូរ៉េខាងជើង ដោយចាប់ផ្ដើមពីចំណុចប្រទេសទាំងពីរចូលជាសមាជិកនៃចលនាមិនចូលបក្សសម្ព័ន្ធក្នុងសង្គ្រាមត្រជាក់អំឡុងទសវត្សរ៍ឆ្នាំ១៩៦០។ ជាញឹកញាប់ សម្ដេចឪបានយាងទៅគង់នៅព្រះរាជដំណាក់ដ៏ធំស្កឹមស្កៃមួយដែលមិត្តរបស់ព្រះអង្គបានសាងសង់ថ្វាយទ្រង់នៅក្រៅរដ្ឋធានីព្យុងយ៉ាង អំឡុងពេលជាច្រើនឆ្នាំដែលព្រះអង្គនិរទេសព្រះកាយ ហើយទ្រង់ថែមទាំងបានឱ្យព្រះរាជដំណាក់ ដែលព្រះអង្គប្រសូតនៅក្បែរវិមានឯករាជ្យ ទៅកូរ៉េខាងជើងខ្ចីធ្វើជាស្ថានទូតទៀតផង។
ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានមានបន្ទូលថា “ខ្ញុំសង្ឃឹមថា មេដឹកនាំកូរ៉េខាងជើងនឹងស្ដាប់ខ្ញុំ ព្រោះបិតារបស់ខ្ញុំមានទំនាក់ទំនងជាយូរមកហើយជាមួយអតីតមេដឹកនាំរបស់ពួកគេ”។ ទ្រង់បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះគ្រោងធ្វើឡើងនៅចុងខែមិថុនា ឬក៏នៅដើមខែកក្កដា។
តាមលក្ខណៈបច្ចេកទេសមានន័យថា ប្រទេសកូរ៉េទាំងពីរកំពុងតែធ្វើសង្គ្រាមជាមួយគ្នានៅឡើយ ដោយភាពតានតឹងបានកើនឡើងក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ បន្ទាប់ពីប្រទេសកូរ៉េខាងជើងបានធ្វើតេស្តសាកល្បងនុយក្លេអ៊ែរ ហើយសហរដ្ឋអាមេរិកបានបញ្ជូនប្រព័ន្ធការពារមីស៊ីល THAAD ទៅក្នុងប្រទេសកូរ៉េខាងត្បូងដែលជាសម្ពន្ធមិត្តរបស់ខ្លួន។
ព្រះអង្គម្ចាស់មានបន្ទូលថា “យើងស្វាគមន៍ផែនការចរចារវាងប្រទេសទាំងពីរ ហើយខ្ញុំឮថាប្រធានាធិបតីទើបជាប់ឆ្នោតរបស់កូរ៉េខាងត្បូងនឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង ដើម្បីធ្វើការចរចាទប់ស្កាត់សង្គ្រាម”។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា មិនមានការជំទាស់ទៅនឹងដំណើរទស្សនកិច្ចនេះទេ ពីព្រោះរដ្ឋាភិបាលក៏មានបំណងដូចព្រះអង្គម្ចាស់ដែរ ហើយជឿជាក់ថាទំនាក់ទំនងជាប្រវត្តិសាស្ត្ររបស់រាជវង្សានុវង្សនឹងធ្វើឱ្យទ្រង់អាចជួយកាត់បន្ថយភាពតានតឹងបាន។
លោកបានថ្លែងថា “ទោះបីនេះជាដំណើរ ទស្សនកិច្ចផ្ទាល់ខ្លួនក្ដី ក៏វាស្របទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាល ពីព្រោះរដ្ឋាភិបាលរបស់យើងមិនចង់ឃើញសង្គ្រាមនុយក្លេអ៊ែរនៅក្នុងតំបន់នោះទេ”។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែរំឭកដាស់តឿនប្រទេសកូរ៉េខាងជើងជុំវិញការធ្វើតេស្តនុយក្លេអ៊ែរ ហើយអំឡុងសុន្ទរកថាមួយកាលពីដើមសប្ដាហ៍នេះ លោកបានជំរុញឱ្យគ្រប់ភាគីនៃជម្លោះបន្ថយការប្រើវោហារសាស្ត្ររបស់ខ្លួន បើមិនដូច្នោះទេ វានឹងអាចទាញប្រទេសផ្សេងៗនៅក្នុងតំបន់ឱ្យធ្លាក់ចូលក្នុងជម្លោះនេះ។
លោកបានមានប្រសាសន៍កាលពីថ្ងៃច័ន្ទថា “ខ្ញុំមិនមែនទូន្មានប្រធានាធិបតី ឬមេដឹកនាំប្រទេសផ្សេងនោះទេ ប៉ុន្តែពាក្យសម្ដីរបស់អស់លោកធ្វើឱ្យប៉ះពាល់ដល់ប្រទេសផ្សេង”។ ទន្ទឹមនឹងនេះដែរ លោកបានច្រានចោលថា ការផ្ទុះសង្គ្រាមទំនងជាមិនកើតឡើងនោះទេ៕ សុខុម