35 C
Phnom Penh

គ.ជ.ប អះ​​​អាង​​​ថា ទឹក​​​ថ្នាំថ្មី​​​ដែលប្រើ​​​សម្រាប់ការ​​​បោះ​​​ឆ្នោត​​​លុប​​​មិន​​​ជ្រះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានលើកឡើងកាលពីម្សិលមិញថា ការធ្វើតេស្តទឹកថ្នាំថ្មីសម្រាប់ប្រើក្នុងការបោះឆ្នោតឃុំ សង្កាត់ នាពេលខាងមុខ បង្ហាញថាលុបមិនជ្រះទេ។ លោកបានលើកឡើងយ៉ាងដូច្នេះ មួយថ្ងៃបន្ទាប់ពីប្រាប់អ្នកយកព័ត៌មានថា ទឹកថ្នាំគំរូដែលផ្ដល់ដោយក្រុមហ៊ុនផលិតទឹកថ្នាំ អាចលុបជ្រះដោយប្រើផលិតផលថែរក្សាសក់។

កាលពីថ្ងៃពុធ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានមានប្រសាសន៍ថា គ.ជ.ប បានទិញទឹកថ្នាំសម្រាប់ប្រើក្នុងការបោះឆ្នោតក្នុងទឹកប្រាក់ជិត៨០០.០០០ដុល្លារពីក្រុមហ៊ុន Mysore Paints and Varnish Limited ជាក្រុមហ៊ុនឥណ្ឌា បើទោះជាក្រោយការធ្វើតេស្តបង្ហាញថា វាអាចលុបជ្រះដោយប្រើទឹកថ្នាំអ៊ុតសក់ក៏ដោយ។ លោកបានថ្លែងថា យើងនៅតែសម្រេចបន្តទិញទឹកថ្នាំនេះ ពីព្រោះសល់ពេលខ្លីណាស់មុនដល់ការបោះឆ្នោតនៅថ្ងៃទី៤ ខែមិថុនា។

កាលពីម្សិលមិញ លោក ហង្ស ពុទ្ធា បានមានប្រសាសន៍ថា  ការបញ្ជាទិញទឹកថ្នាំទាំងអស់ចំនួន៤៦.៥០០ដបបានមកដល់ហើយកាលពីថ្ងៃពុធ ហើយថា គ.ជ.ប បានយកមួយដបៗពីប្រអប់នីមួយៗមកធ្វើតេស្ត បង្ហាញថា វាមិនដូចទឹកថ្នាំគំរូឡើយ គឺលុបមិនជ្រះទេ។

លោក ហង្ស ពុទ្ធា បានមានប្រសាសន៍ថា “ទឹកថ្នាំបានមកដល់ហើយ ហើយគ.ជ.បបានធ្វើតេស្តរួចហើយ ហើយឃើញថាវាមានគុណភាពល្អ មានន័យថា វាលាងមិនជ្រះឡើយដោយការយកសារធាតុទាំងប្រាំមុខដដែលដូចដែលប្រើទៅលើទឹកថ្នាំគំរូនោះ។

អ្នកនាំពាក្យរូបនេះបានមានប្រសាសន៍ថា គណៈកម្មាធិការនឹងអញ្ជើញគណបក្សនយោបាយទាំងអស់  អង្គការមិនមែនរដ្ឋាភិបាល និងម្ចាស់ជំនួយអន្តរជាតិនៅពេលខាងមុខឱ្យធ្វើតេស្តទឹកថ្នាំនេះ។

លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលគណបក្សបានជ្រើសតាំងលោកស្រីជាអនុប្រធានគណបក្សកាលពីខែមីនានោះ  បានមានប្រសាសន៍ថា លោកស្រីមានអារម្មណ៍ទុកចិត្តឡើងវិញខ្លះក្រោយពីឮលោក ហង្ស ពុទ្ធា លើកឡើងពីការការពារផ្សេងៗដែល គ.ជ.ប បានអនុវត្តដើម្បីទប់ស្កាត់មិនឱ្យមានការបោះឆ្នោតបានពីរដង រួមមានការពិនិត្យហ្មត់ចត់នូវបញ្ជីឈ្មោះបោះឆ្នោត ជាការតម្រូវឱ្យបង្ហាញអត្តសញ្ញាណប័ណ្ណ  និងការពិន័យធ្ងន់ធ្ងរដល់អ្នកប្រព្រឹត្តជាដើម។

លោកស្រី មូរ សុខហួរ មានប្រសាសន៍ថា “ជាបឋម ខ្ញុំពេញចិត្តការដែលគ.ជ.ប បានយកបញ្ហានេះមកដាក់នៅលើតុ”។ លោកស្រីបានបន្ថែមថា  គណៈកម្មាធិការមិនបានធ្វើការប្រកាសបែបនេះក្នុងពេលកន្លងមកឡើយ។

ប៉ុន្តែលោកស្រី មូរ សុខហួរ បានថ្លែងថា ស្ថាប័ននេះចាំបាច់ត្រូវស្មោះត្រង់ស្មើគ្នាអំពីលទ្ធកម្ម និងដំណើរការធ្វើតេស្តដើម្បីឱ្យអ្នកបោះឆ្នោតមានជំនឿទុកចិត្ត ដោយលោកស្រីចង្អុលបង្ហាញទៅនឹងការផ្លាស់ប្ដូរភ្លាមៗពីថ្ងៃពុធមកថ្ងៃម្សិលមិញអំពីគុណភាពទឹកថ្នាំ។

លោកស្រីបានថ្លែងថា “ថ្ងៃនេះជារឿងមួយទៀត។ គ.ជ.ប ត្រូវតែបង្ហាញឱ្យឃើញពី ទឹកថ្នាំដឹកមកដល់ថ្មីថាវាខុសពីទឹកថ្នាំដឹកមកចាស់”។

នៅពេលទាក់ទងមុនពេលការប្រកាសរបស់លោក ហង្ស ពុទ្ធា ពីទឹកថ្នាំមកដល់ថ្មី លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាក៏បានសរសើរផងដែរអំពីតម្លាភាពរបស់គ.ជ.ប និងការធ្វើឱ្យមានជំនឿចិត្តលើនីតិវិធីបោះឆ្នោត។

លោកបានសរសេរនៅក្នុងអុីម៉េលថា “អ្នកសង្កេតការណ៍ក្នុងស្រុក និងភ្នាក់ងារគណបក្សនឹងអាចឃ្លាំមើលការអនុវត្តនីតិវិធីត្រឹមត្រូវនៅតាមមណ្ឌលបោះឆ្នោត”។

លោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគតបានមានប្រសាសន៍ថា ការប៉ះពាល់ដល់ជំនឿទុកចិត្តលើ គ.ជ.បបានកើតឡើងរួចទៅហើយ ប៉ុន្តែថា វាអាចស្ដារបានមកវិញតាមរយៈការសហការយ៉ាងប្រយ័ត្នប្រយែងជាមួយសង្គមស៊ីវិល និងគណបក្សប្រឆាំង។

លោកបានថ្លែងថា “វាមិនដូចដំណើរការជ្រើសរើសទឹកថ្នាំដែលត្រូវបានកុម៉្មង់បីឬបួនខែមុនឡើយ។ អ្នកត្រូវដឹងអ្នកតាំងពី១៥ឆ្នាំមុនម៉្លេះថានឹងមានការបោះឆ្នោតនៅឆ្នាំ២០១៧”។

លោកបានថ្លែងថា ហេតុការណ៍នេះ “គួូរតែជាមេរៀនមួយ ប៉ុន្តែខ្ញុំមិនដឹងថាពួកគេត្រូវការមេរៀនប៉ុន្មានទៀតនោះទេ”។

លោក Lee Morgenbesser អ្នកសិក្សាស្រាវជ្រាវអូស្ត្រាលី និងជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា “រឿងក្រោយឆាក៖ ការបោះឆ្នោតស្ថិតក្រោមរបបផ្ដាច់ការក្នុងតំបន់អាស៊ីអាគ្នេយ៍” បានមានប្រសាសន៍ថា ទឹកថ្នាំដែលលុបជ្រះនេះត្រូវគេប្រើក្នុងការបោះឆ្នោតក្រោមរបបផ្ដាច់ការក្នុងប្រទេសស៊ីរី វេណេស៊ុយអេឡា និងអាល់ហ្សេរី។

លោកសរសេរនៅក្នុងអុីម៉េលថា “ដោយមិនគិតថាមានការការពារដទៃទៀតដូចម្ដេចនោះឡើយ ទឹកថ្នាំលុបជ្រះប្រាកដណាស់វាធ្វើឱ្យប៉ះពាល់ដល់ការរាប់សន្លឹកឆ្នោតក្នុងមូលដ្ឋាន (ប៉ុន្តែ វាមិនដល់ការរាប់សន្លឹកឆ្នោតពេលបោះឆ្នោតសាកលឡើយ)”។ លោកបានបន្ថែមថា “នេះមានន័យថា អ្នកបោះឆ្នោតមិនអាចរើសបានតំណាងដែលខ្លួនចង់បានឡើយ”៕ សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស