26 C
Phnom Penh

CPP បោះពុម្ព​​​អាវ​​​យឺត​​​និង​​​មួក​​​​​​ច្រើន​លើស​គេ​ដើម្បីឈ្នះ​ការ​បោះ​ឆ្នោត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅរោងពុម្ពដៃឯកស្ថិតក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ អ្នកស្រី កែវ រីដា និងបុគ្គលិកស្ត្រីពីរនាក់ទៀតអង្គុយនៅលើឥដ្ឋ កាត់ស្ទីកគ័រ និងរាប់ទង់ជាតិដែលមានរូបសញ្ញាគណបក្សប្រជាជនកម្ពុជា។

អ្នកស្រី កែវ រីដា ជាកូនស្រីម្ចាស់រោងពុម្ពបាននិយាយថា រោងពុម្ពរបស់គាត់ស្ថិតនៅតាមផ្លូវហួសពីវិមានឯករាជ្យបន្តិច បានចាប់ផ្ដើមបោះពុម្ពអាវយឺតដែលមានរូបសញ្ញាគណបក្សប្រជាជនកម្ពុជារយៈពេល៦ខែមកហើយ។ អ្នកស្រីបាននិយាយថា “ប្រសិនបើគេចង់យកឥឡូវ យើងបានបោះពុម្ពរួចរាល់ហើយ”។

ដោយការចាប់ផ្ដើមយុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់ នៅសល់តែបីថ្ងៃទៀតប៉ុណ្ណោះ បុគ្គលិកជាស្ត្រីរវល់ជាងពេលមុន ដោយព័ទ្ធជុំវិញដោយគំនរអាវ និងមួកដែលមានរូបសញ្ញាគណបក្សប្រជាជនកម្ពុជាត្រៀមសម្រាប់អតិថិជនមកយក។

រោងពុម្ព និងប៉ាក់មួយកន្លែងដាក់តាំងលក់អាវ មួក និងសម្ភារផ្សេងៗដែលមានរូបសញ្ញាគណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ មុនពេលចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
រោងពុម្ព និងប៉ាក់មួយកន្លែងដាក់តាំងលក់អាវ មួក និងសម្ភារផ្សេងៗដែលមានរូបសញ្ញាគណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ មុនពេលចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

អាជីវកម្មមានភាពប្រសើរនៅខែនេះសម្រាប់ហាងដៃឯក។ អ្នកស្រី កែវ រីដា បាននិយាយថា អ្នកស្រីមិនប្រាកដថាតើអាវយឺតប៉ុន្មានដែលគាត់បោះពុម្ពរួចឡើយ គាត់ “រវល់ខ្លាំងណាស់ក្នុងការរាប់ចំនួន” ប៉ុន្តែបានប៉ាន់ប្រមាណថា មានអាវយឺតប្រហែល១០០.០០០អាវ ឬប្រហែល៩០ភាគរយនៃអាជីវកម្មរបស់គាត់នៅខែនេះ។ គាត់បាននិយាយថា “យើងបោះពុម្ព [អំឡុងរយៈពេលយុទ្ធនាការឃោសនាបោះឆ្នោត] ច្រើនជាងខែធម្មតា”។

រោងពុម្ព និងប៉ាក់មួយចំនួនស្ថិតនៅកណ្ដាលរាជធានីកាលពីម្សិលមិញ មានគំនរអាវយឺត មួក និងទង់ជាតិ ដែលមានរូបទេវតាតំណាងគណបក្សប្រជាជនកម្ពុជា។ យោងតាមបុគ្គលិកមួយចំនួនបានឱ្យដឹងថា រៀងរាល់ថ្ងៃប្រហែលជាមួយសប្ដាហ៍មកហើយ  មន្ត្រីគណបក្សកាន់អំណាចមកពីទូទាំងប្រទេសបានមកកាន់រោងពុម្ពមួយចំនួនដើម្បីទិញអាវ និងមួករាប់ពាន់ក្នុងមួយលើកៗ  យកទៅដាក់នៅផ្នែកខាងក្រោយរថយន្ត ហើយដឹកទៅកាន់បណ្ដាខេត្តនានា។

រយៈពេលយុទ្ធនាការឃោសនាបោះឆ្នោតមិនទាន់ចាប់ផ្ដើមទេ  គឺរហូតដល់ថ្ងៃសៅរ៍ឯណោះ ប៉ុន្តែសន្ទុះទិញ និងចែកចាយពេញទំហឹងតែម្តង ហើយគណបក្សប្រជាជនកម្ពុជាទំនងជាគណបក្សឈានមុខគេក្នុងរឿងនេះ  នេះបើតាមការវិនិច្ឆ័យរបស់ហាងបីដែលបានចុះទៅមើលកាលពីម្សិលមិញ។

អ្នកស្រី ជើត ចិន្តា ជាម្ចាស់រោងពុម្ព អង្គរទិព្វ បោះពុម្ព និងប៉ាក់ ជារោងពុម្ពតូចមួយស្ថិតនៅតាមមហាវិថីព្រះនរោត្តម បាននិយាយថា ”យើងលក់បានច្រើនឥឡូវនេះទៅឱ្យគណបក្សប្រជាជនកម្ពុជា”។

ដោយប៉ាន់ប្រមាណថា រោងពុម្ពរបស់គាត់បោះពុម្ពអាវយឺតសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតប្រហែល១០.០០០អាវឱ្យគណបក្សកាន់អំណាចនោះ អ្នកស្រី ចិន្តា បាននិយាយថា “ពេលជិតដល់ការបោះឆ្នោតម្ដងៗ យើងមានអតិថិជនច្រើន”។  អាវមួយតម្លៃប្រហែល១,៥ដុល្លារ។

ផ្អែកតាមចំនួនដែលផ្ដល់ដោយបុគ្គលិកនៅរោងពុម្ពចំនួនបីក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ គណបក្សប្រជាជនកម្ពុជាគ្រោងចំណាយថវិកាប្រហែល២០០.០០០ដុល្លារលើអាវ និងមួកគណបក្ស ហើយតួលេខសរុបសម្រាប់អាវ និងមួកដែលចំណាយនោះទំនងជាខ្ពស់ជាងនេះ។

អាវ មួក និងសម្ភារផ្សេងៗដែលមានរូបសញ្ញាគណបក្សប្រជាជនកម្ពុជា ក្នុងរោងពុម្ព និងប៉ាក់មួយកន្លែងក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ មុនពេលចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
អាវ មួក និងសម្ភារផ្សេងៗដែលមានរូបសញ្ញាគណបក្សប្រជាជនកម្ពុជា ក្នុងរោងពុម្ព និងប៉ាក់មួយកន្លែងក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ មុនពេលចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍កាលពីម្សិលមិញថា លោកមិនមានការប៉ាន់ស្មានពីការចំណាយសរុបរបស់គណបក្សទេ ពីព្រោះក្រុមការងារថ្នាក់ឃុំ និងខេត្តទទួលខុសត្រូវចំពោះការទិញនេះ។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិក៏បានមានប្រសាសន៍ផងដែរថា វាអាស្រ័យលើមន្ត្រីមូលដ្ឋានទិញអាវ និងមួកសម្រាប់យុទ្ធនាការឃោសនា។ លោកបានថ្លែងថា “គណបក្សសង្គ្រោះជាតិមិនបានផ្ដល់អាវយឺតឱ្យទេ”។

លោក ហេង ជីតូ អ្នករចនាម៉ូដនៅរោងពុម្ពវិមានឯករាជ្យ បោះពុម្ព និងប៉ាក់ បាននិយាយថា លោកចាំបានថា ការបោះឆ្នោតឃុំ សង្កាត់ កាលពីឆ្នាំ២០១២មិនសូវរវល់ច្រើនទេ។ លោក ហេង ជីតូ បាននិយាយថា “អាជីវកម្មមិនសូវរវល់ទេកាលពីការបោះឆ្នោតអាណត្តិមុន ប៉ុន្តែឥឡូវនេះរវល់ណាស់”។

លោកបានប៉ាន់ប្រមាណថា រោងពុម្ពរបស់លោកបានបោះពុម្ពអាវយឺតពី២០.០០០ទៅ៣០.០០០អាវ និងមួកមានចំនួនស្មើគ្នានោះដែរសម្រាប់គណបក្សកាន់អំណាច។ លោកហេង ជីតូ បាននិយាយថា “នៅខែនេះ វាស្ទើរតែអាជីវកម្មសម្រាប់គណបក្សទៅហើយ”។ លោកបានបន្ថែមថា ”ការបោះពុម្ពស្ទើរតែទាំងអស់លើអាវយឺត និងមួកគណបក្សប្រជាជនកម្ពុជា”។

នៅរោងពុម្ពដៃឯក អ្នកស្រី រីដា ទទួលបានការកុម៉្មង់ខ្លះដែរពីគណបក្សសង្គ្រោះជាតិ ប៉ុន្តែការកុម៉្មង់របស់គណបក្សប្រឆាំងមានប្រហែល១.០០០អាវតែប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងការកុម្ម៉ង់របស់គណបក្សប្រជាជនកម្ពុជាគឺខុសគ្នាឆ្ងាយណាស់ដែលមានពេសពេញ។

អ្នកស្រី រីដា បាននិយាយថា “គណបក្សសង្គ្រោះជាតិទិញមិនច្រើនទេ។ ពួកគេគ្មានលុយ”៕ សារុន (រាយការណ៍បន្ថែមដោយ វណ្ណ រើន)

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស