28 C
Phnom Penh

គ.ជ.ប ពិចារណា​សំណើ​​​រ​បស់ ​CNRP ឲ្យ​​​កែប្រែ​បម្រាម​លើ​​​ការ​​ហែ​​​ក្បួន​អំឡុង​យុទ្ធនាការ​ឃោសនា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកនាំពាក្យម្នាក់បានលើកឡើងថា កាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិបានស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ជួយនៅក្នុងការកែប្រែបម្រាមរបស់សាលារាជធានីលើការហែក្បួនឃោសនាបោះឆ្នោតនៅតាមផ្លូវសំខាន់ក្នុងរាជធានីភ្នំពេញ។ ទោះជាយ៉ាងណា គ.ជ.ប ទំនងជាទាញការសន្និដ្ឋានផ្ទុយពីកិច្ចប្រជុំ។

បន្ទាប់ពីពិភាក្សាជាង២ម៉ោង លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានចេញពីទីស្នាក់ការកណ្តាលរបស់ គ.ជ.ប ហើយប្រាប់អ្នកយកព័ត៌មានថា លោកបានស្នើឲ្យគណៈកម្មាធិការនេះជួយផ្តល់យោបល់ដល់សាលារាជធានីភ្នំពេញឲ្យដកបម្រាមនេះដែលដាក់លើមហាវិថី និងទីតាំងសំខាន់ៗ រួមមានមហាវិថីព្រះនរោត្តម មហាវិថីព្រះមុនីវង្ស មហាវិថីសហព័ន្ធរុស្ស៊ី និងមហាវិថីព្រះសីហនុ ព្រមទាំងសួនសាធារណៈ និងផ្សារសំខាន់ៗមួយចំនួនទៀត។

យុទ្ធនាការឃោសនាបោះឆ្នោតនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ ហើយបញ្ចប់ពីរថ្ងៃ មុនការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៤ខែមិថុនា។

WP-LastImage-35-800x533លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា “ខ្ញុំយល់ឃើញថា ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវហ្នឹងច្រើន ហើយគាត់ក៏មានសិទ្ធិទទួលបានព័ត៌មានពីគណបក្សនយោបាយ”។ លោកបានបន្ថែមថា ហេតុដូច្នេះសាលារាជធានី “គួរតែបើកឲ្យទូលាយ ហើយរៀបចំសហការជាមួយអាជ្ញាធរដើម្បីរៀបចំសណ្តាប់ធ្នាប់កុំឲ្យមានការកកស្ទះ”។

ទោះជាយ៉ាងណា លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប ដែលមានវត្តមានអំឡុងកិច្ចប្រជុំនេះបានប្រាប់អ្នកយកព័ត៌មានថា គណបក្សសង្គ្រោះជាតិបានទទួលយកការហាមមិនឲ្យហែក្បួនតាមផ្លូវសំខាន់ៗ ស្រដៀង នឹងបម្រាមដែលដាក់ចេញអំឡុងយុទ្ធនាការឃោសនាជាតិឆ្នាំ២០១៣ដែរ។

លោក សោម សូរីដា បានមានប្រសាសន៍ថា “ចំណុចនេះគឺលើកឡើង គឺគាត់មិនជំទាស់ទេ អ្វីដែលគាត់ស្នើគឺឲ្យបានចែកខិត្តប័ណ្ណឃោសនានៅក្នុងផ្សារ និងចាក់ផ្សាយមេក្រូនៅខាងក្រៅផ្សារ”។

លោកបានបន្ថែមថា ស្ថាប័នបោះឆ្នោតនឹងឆ្លើយតបចំពោះសំណើរបស់គណបក្សសង្គ្រោះជាតិនៅមុនថ្ងៃសៅរ៍។ ពេលទាក់ទងនៅល្ងាចថ្ងៃដដែលនោះ លោក យឹម សុវណ្ណ បានបញ្ជាក់ជាថ្មីថា លោកមិនទទួលយកបម្រាមលើការហែក្បួនតាមផ្លូវសំខាន់ៗនោះឡើយ ហើយបានគូសបញ្ជាក់ថា គណ បក្សនយោបាយត្រូវបានអនុញ្ញាតឲ្យហែក្បួនតាមផ្លូវសំខាន់ៗអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតកន្លងៗមក។

លោកបានមានប្រសាសន៍ថា “គេនិយាយយ៉ាងម៉េច ខ្ញុំអត់ដឹងទេ”។ លោកបានថ្លែងថា លោកក៏បានស្នើឲ្យគ.ជ.ប អនុញ្ញាតឲ្យគណ បក្សនយោបាយចែកខិត្តប័ណ្ណ និងប្រើមេក្រូនៅតាមផ្សារ ព្រមទាំងធ្វើយុទ្ធនាការតាមសួនសំខាន់ៗដែរ។

លោក សោម សូរីដា “បានយល់ស្របអាការចែកខិត្តប័ណ្ណហ្នឹង អត់មានត្រូវហាមឃាត់ទៀតទេ”។ ដោយសំដៅដល់សមាជិកប្រតិបត្តិប្រាំបួនរូបនៃស្ថាប័នបោះឆ្នោតលោកបានថ្លែងថា “មេក្រូចាំបាច់ពិភាក្សាជាមួយសមាជិក គ.ជ.បដទៃទៀតសិន”។

លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា នៅថ្ងៃសៅរ៍ គណបក្សរបស់លោកនឹងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតដោយការហែក្បួនកាត់តាមសង្កាត់ចំនួន១៩ ដោយចាប់ផ្តើមចេញពីទីស្នាក់ការកណ្តាលគណបក្ស ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

លោក សុខ ឥសាន អ្នកនាំាពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា គណបក្សរបស់លោកក៏ត្រៀមរួចរាល់ផងដែរក្នុងការជួបជុំគ្នានៅថ្ងៃសៅរ៍ ប៉ុន្តែការហែក្បួនដាច់ដោយឡែក នឹងធ្វើនៅក្នុងសង្កាត់នីមួយៗប៉ុណ្ណោះ មិនហែក្បួនឆ្លងសង្កាត់ទេ។ លោកបានថ្លែងថា គណបក្សនឹងគោរពតាមបម្រាមរបស់សាលារាជធានី៕ ស៊ុយឈាង និងសារុន

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស