តំណាងមកពីសហភាពអឺរ៉ុប គណបក្សសង្គ្រោះជាតិ និងអង្គការសង្គមស៊ីវិលបានយកទឹកថ្នាំដែលទើបដឹកមកដល់់ថ្មីៗទៅធ្វើតេស្តកាលពីម្សិលមិញ គឺរយៈពេលមួយសប្តាហ៍បន្ទាប់ពីអ្នកនាំពាក្យមួយរូបនៅស្ថាប័នកំពូលរៀបចំការបោះឆ្នោតបានព្រមានថា ទឹកថ្នាំគំរូអាចលុបជ្រះដោយប្រើផលិតផលថែរក្សាសក់នោះ។
តំណាងភាគច្រើនដែលបានជ្រលក់ម្រាមដៃក្នុងទឹកថ្នាំដែលលុបមិនជ្រះនោះបាននិយាយថា ពួកគាត់ពេញចិត្តនឹងលទ្ធផលនេះ ប៉ុន្តែអ្នកធ្វើតេស្តម្នាក់ដែលតំណាងឱ្យគណបក្សប្រឆាំងបានបង្ហាញថា ស្នាមប្រឡាក់ទឹកថ្នាំភាគច្រើនអាចលុបជ្រះក្នុងរយៈពេល៥នាទី។

អ្នកធ្វើតេស្តមួយក្រុមមានគ្នា១៦នាក់នៅទីស្នាក់ការកណ្តាលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងរាជធានីភ្នំពេញបានព្យាយាមលុបទឹកថ្នាំនេះដោយប្រើផលិតផលអ៊ុតសក់ ដែលការធ្វើតេស្តទឹកថ្នាំគំរូលើកមុនបានបង្ហាញថា អាចលុបជ្រះ។គ.ជ.ប បានអះអាងក្រោយមកថា ទឹកថ្នាំដែលទិញជាច្រើនសម្រាប់យកទៅប្រើក្នុងការបោះឆ្នោត មិនមានបញ្ហាដូចគ្នានេះទេ។
ពេលនោះ តំណាងទាំងនោះបានបង្ហាញម្រាមដៃដែលប្រឡាក់ទឹកថ្នាំទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ដោយភាគច្រើននៅមានស្នាមប្រឡាក់ដដែល។ ប៉ុន្តែ ម្រាមដៃរបស់លោក ម៉ន ផល្លា ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញបង្ហាញថា នៅសល់ស្នាមប្រឡាក់ទឹកថ្នាំព្រាលៗប៉ុណ្ណោះ។
លោក ម៉ន ផល្លា បានមានប្រសាសន៍ថា “ដូចប្រព័ន្ធផ្សព្វផ្សាយបានឃើញហើយ ទឹកថ្នាំនេះពិតជាអាចលុបជ្រះក្នុងរយៈពេលខ្លីមែន”។លោកបានស្នើឱ្យគ.ជ.បរកទឹកថ្នាំមកជំនួសសម្រាប់ការបោះឆ្នោត។
យ៉ាងណាក៏ដោយ លោក ម៉ន ផល្លា និងអ្នកផ្សេងទៀតដែលបានចូលរួមមានគំនិតសុទិដ្ឋិនិយមថា កំណែទម្រង់ថ្មីៗមួយចំនួនទៀតរបស់គ.ជ.បនឹងយាមការពារមិនឱ្យមានការបោះឆ្នោតបានពីរដង រួមមានបញ្ជីឈ្មោះបោះឆ្នោតដែលបានកែសម្រួល ការតម្រូវឱ្យអ្នកបោះឆ្នោតបង្ហាញប័ណ្ណបោះឆ្នោតនៅការិយាល័យបោះឆ្នោត ការឃ្លាំមើលពីរគណបក្សនៅតាមការិយាល័យបោះឆ្នោត និងការពិន័យធ្ងន់ធ្ងរដល់អ្នករំលោភបំពានក្នុងទឹកប្រាក់រហូតដល់២០លានរៀល ដែលបានដាក់ចេញឱ្យប្រើក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ដ៏ចម្រូងចម្រាស។

លោក ម៉ន ផល្លា បានមានប្រសាសន៍ថា “ខ្ញុំបារម្ភពីអ្នកដែលមានបំណងមិនល្អបោះឆ្នោតលើសពីមួយដង ប៉ុន្តែក្តីសង្ឃឹមរបស់ខ្ញុំគឺថា គ.ជ.ប ធានាថា អ្នកបោះឆ្នោតនឹងមានឈ្មោះរបស់ខ្លួននៅក្នុងបញ្ជីឈ្មោះបោះឆ្នោតតែមួយដងប៉ុណ្ណោះ”។ លោកបានថ្លែងថា វានឹងលំបាកសម្រាប់អ្នកបោះឆ្នោតក្នុងការល្មើសប្រព័ន្ធនេះណាស់។
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាបានមានប្រសាសន៍ថា ម្រាមដៃលោកនៅប្រឡាក់ទឹកថ្នាំរាប់ម៉ោងឯណោះបន្ទាប់ពីការបោះឆ្នោត។
លោកបានសរសេរក្នុងអីុម៉េលកាលពីម្សិលមិញថា “ខ្ញុំមានជំនឿថា បើរួមបញ្ចូលគ្នាវិធានការទាំងនេះដែលគ្រោងដោយគ.ជ.បនឹងផ្តល់ការការពាររឹងមាំមិនឱ្យមានការបោះឆ្នោតច្រើនដង។ អ្នកសង្កេតការណ៍ក្នុងស្រុកនិងភ្នាក់ងារគណបក្សនឹងអាចឃ្លាំមើលការអនុវត្តនីតិវិធីត្រឹមត្រូវនៅតាមមណ្ឌលបោះឆ្នោត”។
លោក កន សាវ៉ាង អ្នកសម្របសម្រួលផ្នែកឃ្លាំមើលនៅគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា(ខុមហ្វ្រែល) ជាស្ថាប័នឃ្លាំមើលការបោះឆ្នោតឯករាជ្យធំបំផុតក្នុងប្រទេសបានសរសើរអំពីតម្លាភាពនៅពីក្រោយការសម្រេចរបស់គ.ជ.បក្នុងការធ្វើតេស្តទឹកថ្នាំជាសាធារណៈ ប៉ុន្តែបានលើកឡើងថា លោកនៅតែមានការបារម្ភនៅឡើយ។
លោកបានថ្លែងថា “យើងនៅបារម្ភនៅឡើយ ពីព្រោះទឹកថ្នាំនេះ…ត្រូវតែជាទឹកថ្នាំលុបមិនជ្រះ និងជាពិសេសត្រូវគេប្រើដើម្បីចំណាំអ្នកដែលបោះឆ្នោតលើសពីមួយដង”។
លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.បបានអះអាងថា គ្មានទឹកថ្នាំណាដែលជាប់រហូតលាងមិនជ្រះនោះទេ ហើយបានសន្យាចាត់វិធានការផ្លូវច្បាប់លើអ្នកដែលប៉ុនប៉ងធ្វើឱ្យអន្តរាយដល់ការបោះឆ្នោត។
លោកបានមានប្រសាសន៍ថា “ស្ថាប័នណាមួយដែលធ្វើអ្វីៗដើម្បីបំផ្លាញការបោះឆ្នោត សូមចាំមើលថា តើគ.ជ.បអនុវត្តតាមច្បាប់តឹងរ៉ឹងដូចម្តេចនោះ”៕សារុន