34 C
Phnom Penh

​​​សេដ្ឋវិទូ​ធនាគារ​​​ពិភព​​​លោក​​​ត្រូវ​​​បាន​​​ជជីក​​​សួរ​​​​​ពាក់​​​ព័ន្ធ​​​​​​បំណុល​​​នៅ​​​តាម​​​ទីជន​​​បទ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឆ្លៀតក្នុងឱកាសធនាគារពិភពលោកចេញរបាយការណ៍សេដ្ឋកិច្ចរបស់ខ្លួនកាលពីម្សិលមិញ ប្រធានអង្គការតម្លាភាពកម្ពុជាបានជជីកសួរសេដ្ឋវិទូរបស់ស្ថាប័នផ្តល់ប្រាក់កម្ចីមួយនេះអំពីការជំពាក់បំណុលនៅតាមទីជនបទ និងការអះអាងរបស់ពួកគេដែលថា កំណើនផលិតក្នុងស្រុកសរុបដ៏ខ្លាំងរបស់ប្រទេសកម្ពុជាកំពុងជួយអ្នកក្រីក្រនៅក្នុងប្រទេស។

លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការមិនមែនរដ្ឋាភិបាលមួយនេះដែលផ្តោតលើអំពើពុករលួួយនោះបានលើកឡើងថា គ្មានអ្វីជាប់ទាក់ទងគ្នាទេរវាងកំណើនផលិតផលក្នុងស្រុកសរុបដែលព្យាករដោយធនាគារពិភពលោក និងការលំបាកកំពុងកើនឡើងរបស់អ្នកក្រីក្រតាមទីជនបទដែលជាប់បំណុលកាន់តែច្រើនឡើងៗ។

លោកបានលើកឡើងអំឡុងវគ្គសំណួរចម្លើយក្រោយមានការធ្វើបទបង្ហាញអំពីរបាយការណ៍នេះដែលចេញរាល់៦ខែម្តងថា “អ្នកសេដ្ឋកិច្ច និងអ្នកជំនាញជួយធ្វើឲ្យខ្ញុំយល់”។ លោកបានបន្ថែមថា “ខ្ញុំព្យាយាមស្វែងយល់អំពីរបាយការណ៍នេះ… និងអ្វីដែលកម្ពុជាកំពុងប្រឈមពិតប្រាកដ”។

ថ្វីបើកម្ពុជាមានកំណើនសេដ្ឋកិច្ច “ដ៏ល្អប្រសើរ” ពោលគឺបានកើនឡើងជិត៧ភាគរយក៏ដោយ តែលោក ព្រាប កុល នៅតែចោទជាសំណួរថា ហេតុអ្វីបានជាគ្រួសារតាមទីជនបទភាគច្រើនជំពាក់បំណុលគេ ។ លោកបានសួរថា “តើកំណើន៦,៩ ភាគរយនេះនឹងជួយពលរដ្ឋខ្មែរភាគច្រើនតាមរបៀបណា?”។

របាយការណ៍របស់ធនាគារពិភពលោកបានលើកឡើងថា ក្នុងចំណោមគ្រួសារដែលជំពាក់បំណុលទាំងអស់ មាន៨៨ភាគរយទៅហើយនៅតាមទីជនបទ នៅក្នុងឆ្នាំ២០១៥ពោលគឺកើនឡើងពី៨០ភាគរយនៅក្នុងឆ្នាំ២០០៩ រីឯទំហំនៃកម្ចីដែលផ្តល់ឲ្យសម្រាប់”គោលបំណងផលិត” ឬក៏ការវិនិយោគក្នុងអាជីវកម្មនានានោះបានធ្លាក់ចុះក្នុងរយៈពេលដូចគ្នា។

លោក លី សុដែត សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោកបានឆ្លើយតបថា ទិន្នន័យ ផលធៀបបំណុលប្រាក់ចំណូលនៅកម្ពុជាតាមពិត”មិនអាក្រក់ណាស់ណាទេ មិនគ្រោះថ្នាក់ខ្លាំងទេ”។

លោក មីហ្គូអែល សែនចេស ម៉ាទីន (Miguel Sanchez Martin) សេដ្ឋវិទូប្រចាំប្រទេសនៃធនាគារពិភពលោកនេះបានលើកឡើងក្នុងបទសម្ភាសន៍មួយក្រោយវគ្គសំណួរ-ចម្លើយថា លោក ព្រាប កុល បានលើកឡើងតែពីការអង្កេតលើសេដ្ឋកិច្ចកម្រិតតូចតាចប៉ុណ្ណោះ រីឯទិន្នន័យម៉ាក្រូសេដ្ឋកិច្ចពីធនាគារជាតិនៃកម្ពុជា និងការស្ទាបស្ទង់មតិលើគ្រួសារនីមួយៗបង្ហាញថា វិសមភាព និងបំណុលនៅកម្ពុជាមិនស្ថិតក្នុងកម្រិតមានវិបត្តិនោះទេ។

ប៉ុន្តែ ការសន្និដ្ឋានរបស់ធនាគារពិភពលោកផ្អែកតែលើទិន្នន័យបំណុលផ្លូវការប៉ុណ្ណោះ នេះបើយោងតាមការលើកឡើងរបស់លោក ព្រាប កុល នៅក្នុងអីុម៉េលមួយ ដោយជំទាស់ថា ធនាគារនេះមិនបានរាប់បញ្ជូលកម្ចីមិនបានចុះបញ្ជីដែលផ្តល់តាមរយៈ “ប្រភពចងការប្រាក់” ដែលបើបូករួមជាមួយកម្ចីផ្លូវការមានន័យថា បំណុលនៅតាមទីជនបទ “ពិតជាខ្ពស់ខ្លាំង ហើយគួរឲ្យព្រួយបារម្ភ”។

អ្នកចងការប្រាក់ត្រូវបានលើកឡើងក្នុងរបាយការណ៍ធនាគារពិភពលោកថា ជាក្រុមដែលធ្វើឲ្យរដ្ឋាភិបាលមានអន្តរាគមន៍នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។

បន្ទាប់ពីយុទ្ធនាការផ្សព្វផ្សាយសារដើម្បីប្រាប់ឲ្យសាធារណជនដឹងថា គ្រឹះស្ថានមីក្រូហិរញ្ញ វត្ថុមិនមែនជារបស់រដ្ឋនោះ ធនាគារជាតិនៃកម្ពុជាបានចេញប្រកាសមួយនៅខែមីនាដោយ ហាមគ្រឹះស្ថានទាំងនេះមិនឲ្យយកការប្រាក់ប្រចាំឆ្នាំលើសពី១៨ភាគរយនៃកម្ចីរបស់ខ្លួននោះឡើយ។

យោងតាមធនាគារពិភពលោក គោលនយោបាយធ្វើឲ្យមានការផ្លាស់ប្តូរទីផ្សារបែបនេះអាចធ្វើឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលបានចុះបញ្ជីត្រឹមត្រូវឈានជើងដើរចេញពីទីផ្សារ ដោយបើកឱកាសឲ្យអ្នកចងការប្រាក់”ដែលមិនផ្តល់កម្ចីប្រកបដោយការទទួលខុសត្រូវ”។

និយាយជារួមមក របាយការណ៍របស់ធនាគារពិភពលោកបានរៀបរាប់ក្នុងផ្លូវវិជ្ជមានពាក់ព័ន្ធកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពក្រីក្ររបស់កម្ពុជា ដែលធនាគារនេះលើកឡើងថា មានភាពប្រសើរឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារពលរដ្ឋក្រីក្រចេះបង្កើតឲ្យមានផលិតផលថ្មីផ្សេងៗពីគ្នា ដោយមិនផ្តេកផ្តួលលើជីវភាពដែលពឹងផ្អែកតែលើកសិកម្មមួយមុខគត់ដូចមុន។

របាយការណ៍ នេះក៏ផ្តោតលើនិន្នាការសេដ្ឋកិច្ចដ៏ទូលំទូលាយ និងផ្តល់ព័ត៌មានលម្អិតស្តីពីអត្រាកំណើនដ៏ខ្លាំងដែលគេរំពឹងថា នឹងនៅតែកើនក្នុងរង្វង់៦,៩ភាគរយរហូតដល់ដំណាច់ឆ្នាំបន្ទាប់ផងដែរ។

គេនៅតែព្យាករយ៉ាងដូច្នេះ ទោះបីជាវិស័យកាត់ដេរ មានកំណើនយឺតដោយសារប្រាក់ដុល្លារឡើងថ្លៃដែលធ្វើឲ្យផលិតផលនាំចេញរបស់កម្ពុជាទៅកាន់តំបន់ដ៏សំខាន់គឺសហភាពអឺរ៉ុបមានតម្លៃកាន់តែថ្លៃក៏ដោយ។

លោក មីហ្គូអែល សែនចេស ម៉ាទីន បានលើកឡើងបន្តថា ផ្ទុយពីប្រាក់ដុល្លារឡើងថ្លៃវិស័យសំណង និងអចលនទ្រព្យនៅកម្ពុជាដែលប៉ះពាល់យ៉ាងខ្លាំងដោយសារប្រាក់ដុល្លារឡើងថ្លៃនោះកំពុងមានការកើនឡើង ជាផ្នែកនៃកំណើតសេដ្ឋកិច្ចសរុបរបស់ប្រទេសកម្ពុជា។

លោក មីហ្គូអែល សែនចេស ម៉ាទីន  និងលោក លី សុដេត បានលើកឡើងថា ខ្លួនរំពឹងថា កំណើននៅក្នុងវិស័យនេះនឹងបន្តកើនឡើងយ៉ាងតិចប៉ុន្មានឆ្នាំទៅមុខទៀត ដោយសារមូលនិធិភាគច្រើនគឺមកពីប្រទេសក្រៅជាពិសេសមកពីប្រទេសចិន និងកូរ៉េខាងត្បូង ដោយមិនគិតដល់តម្រូវការផ្ទះថ្មីនៅក្នុងស្រុក។ លោក មីហ្គូអែល សែនចេស ម៉ាទីន បានថ្លែងថា “ដល់ចំណុចមួយ យើងគិតថាវានឹងធ្លាក់ចុះ”។ លោកបានបន្ថែមថា “រហូតមកទល់ពេលនេះធនាគារពិភពលោកនៅមិនទាន់ឃើញមានសញ្ញាអំពីការឡើងឬធ្លាក់ចុះនៅក្នុងវិស័យសំណង់នេះនៅឡើយទេ”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស