34 C
Phnom Penh

ពលរដ្ឋខ្មែរ​​ប្រាំពីរ​នាក់​​បន្ថែម​ទៀត​​​ត្រូវ​បាន​​​និរទេស​ចេញពី​សហរដ្ឋអាមេរិក​មកកាន់កម្ពុជា​វិញ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋខ្មែរប្រាំពីរនាក់ទៀតដែលត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិក បានមកដល់រាជធានីភ្នំពេញហើយកាលពីម្សិលមិញ ថ្វីបើរដ្ឋាភិបាលបានធ្វើសំណើមួយទៀតកាលពីដើមខែនេះសុំឱ្យផ្អាកការនិរទេសសិន រហូតដល់ប្រទេសទាំងពីរចរចាគ្នាឡើងវិញលើកិច្ចព្រមព្រៀងនិរទេសរបស់ខ្លួនក្ដី។

លោក ចេយ៍ រ៉ាមែន (Jay Raman) អ្នកនាំពាក្យស្ថានទូតអាមេរិកបានបញ្ជាក់តាមរយៈសារអេឡិចត្រូនិកថា ពលរដ្ឋខ្មែរទាំងប្រាំពីរនាក់ខាងលើនេះពិតជាត្រូវបាននិរទេសដោយក្រសួងសន្តិសុខជាតិរបស់អាមេរិកមែន។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០២មក ពលរដ្ឋខ្មែរចំនួន៥៦៦នាក់ត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិកក្រោមកិច្ចព្រមព្រៀងទ្វេភាគីនេះ ដែលរួមជាមួយច្បាប់អន្តោប្រវេសន៍របស់សហរដ្ឋអាមេរិកអនុញ្ញាតឱ្យនិរទេសពលរដ្ឋខ្មែរ  ដែលជាអ្នករស់នៅស្របច្បាប់ក្នុងទឹកដីសហរដ្ឋអាមេរិក ក្រោយពីពួកគេអនុវត្តទោសជាប់ពន្ធនាគារនៅទីនោះរួច។ មួយចំនួនធំក្នុងចំណោមពួកគេបានធ្វើអន្តោប្រវេសន៍ទៅរស់នៅសហរដ្ឋអាមេរិកតាំងពីក្មេងក្នុងនាមជាជនភៀសខ្លួន ហើយពួកគេមិនដែលរស់នៅក្នុងប្រទេសកម្ពុជានោះទេ។

មន្ត្រីនៅកម្ពុជាបាននិយាយម្ដងហើយម្ដងទៀតថា ខ្លួនចង់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងនេះ ដោយលើកឡើងពីការលំបាកដែលមានទៅលើអ្នកទាំងនេះ និងក្រុមគ្រួសាររបស់អ្នកដែលត្រូវបាននិរទេស។

កាលពីដើមខែនេះ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសមានប្រសាសន៍ថា សហរដ្ឋអាមេរិកបានប្រាប់ឱ្យកម្ពុជាបន្តទទួលយកពលរដ្ឋខ្មែរដែលត្រូវបាននិរទេស ថ្វីបើរដ្ឋាភិបាលអង្វរករយ៉ាងណាក្ដី។

លោកថ្លែងថា “យើងបានធ្វើសំណើសុំឱ្យផ្អាកការនិរទេសសិន ដើម្បីឱ្យយើងអាចជជែកគ្នាបន្ថែមទៀត ប៉ុន្តែសហរដ្ឋអាមេរិកមិនបានឆ្លើយតបទេ ហើយចង់ឱ្យយើងបន្ត។ យើងនឹងបន្តទទួលយកនិរទេសជនទាំងនេះ”។

កាលពីម្សិលមិញ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបង្វែរសំណួរអំពីការចរចារវាងកម្ពុជានិងសហរដ្ឋអាមេរិក ទៅអ្នកនាំពាក្យក្រសួងការបរទេស ដែលមិនអាចទាក់ទងសុំការបំភ្លឺបាន។

ប៉ុន្តែលោកបានគូសបញ្ជាក់ជាថ្មីម្ដងទៀតថា រដ្ឋាភិបាលមានបំណងចង់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងនេះ ”ពីព្រោះនៅពេលអ្នកទាំងនោះមកកម្ពុជា ពួកគាត់យំ ព្រោះពួកគាត់ត្រូវគេបង្ខំឱ្យចាកចេញពីគ្រួសាររបស់ខ្លួន”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស