មន្ត្រីសហជីពម្នាក់បាននិយាយថា កម្មករជាង១.០០០នាក់មកពីរោងចក្រកាត់ដេរមួយក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល បានបិទផ្លូវសាធារណៈមួយកាលពីម្សិលមិញ តវ៉ាចំពោះការបើកប្រាក់ខែយឺតយ៉ាវ ដែលធ្វើឱ្យពួកគាត់ជួបការលំបាកក្នុងការចំណាយលើម្ហូបអាហារ និងថ្លៃឈ្នួលផ្ទះ។
លោក រ៉ាន់ បូរ៉ា តំណាងសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាបាននិយាយថា កម្មកររោងចក្រកាត់ដេរ ហ្គាវ័ន្ត មិនទាន់បានបើកប្រាក់ខែរបស់ខ្លួនកាលពីថ្ងៃទី១០ ខែឧសភាដែលជាថ្ងៃបើកប្រាក់ខែតាមទម្លាប់នៅឡើយទេ ហើយបានប្រមូលផ្ដុំគ្នានៅផ្លូវជាតិលេខ២១ក្បែរនោះ ស្ថិតក្នុងសង្កាត់តាខ្មៅ។
លោក រ៉ាន់ បូរ៉ា បាននិយាយថា កម្មករមួយចំនួនបានត្អូញត្អែរពីការគ្មានលទ្ធភាពបង់ប្រាក់កម្មីទៅឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានការប្រាក់ខ្ពស់ និងធ្វើការផាកពិន័យចំពោះការបង់យឺតយ៉ាវ ហើយអ្នកផ្សេងទៀតមានបញ្ហាក្នុងការចំណាយលើរបស់ចាំបាច់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងថ្លៃឈ្នួលផ្ទះជាដើម។
លោកបាននិយាយថា “កម្មករត្រូវការប្រាក់ដើម្បីបង់ថ្លៃឈ្នួលផ្ទះ និងចំណាយលើម្ហូបអាហារ នេះហើយជាមូលហេតុដែលពួកគាត់ចេញមកបិទផ្លូវ ដើម្បីទាមទារឱ្យថៅកែរោងចក្របើកប្រាក់ខែ”។
លោក រ៉ាន់ បូរ៉ា បាននិយាយថា កម្មករបានធ្វើការបិទផ្លូវចាប់ពីម៉ោងប្រហែល៧និង៣០នាទីព្រឹក ដើម្បីធ្វើឱ្យស្ថានភាពរបស់ពួកគាត់បានជ្រួតជ្រាបដល់អាជ្ញាធរ ដែលបន្ទាប់មកអាចដាក់សម្ពាធដល់ថៅកែរោងចក្រគឺអ្នកស្រី Cha Kyeong-hee ជនជាតិកូរ៉េខាងត្បូងឱ្យបើកប្រាក់ខែឱ្យពួកគាត់។
លោកបាននិយាយថា ការតវ៉ាបានបញ្ចប់ទៅវិញនៅម៉ោងប្រហែល២និង៣០នាទីរសៀល ក្រោយពីអ្នកស្រី Kyeong-hee បានចេញមកចរចាជាមួយកម្មករ ដោយបើកប្រាក់ដល់កម្មករក្នុងម្នាក់ៗ៥០ដុល្លារសិន ហើយសន្យាបើកប្រាក់ខែដែលនៅសល់ត្រឹមថ្ងៃសៅរ៍ ជាសំណើដែលកម្មករបានទទួលយក។
លោក គ្រីស ចន្ថា អ្នកគ្រប់គ្រងផ្នែកកាត់នៅរោងចក្រនេះបាននិយាយថា អ្នកស្រី Kyeong-hee បានបើកប្រាក់ដល់កម្មករក្នុងម្នាក់ៗ២០ដុល្លាររួចហើយកាលពីថ្ងៃទី១២ ខែឧសភា ប៉ុន្តែកម្មករមិនព្រមទទួលយក ហើយបានឈានទៅដល់ការតវ៉ាទ្រង់ទ្រាយតូចនៅយប់នោះ ដែលបានឈប់ទៅវិញក្រោយពីមេឃងងឹត។
លោកនិយាយថា “នៅថ្ងៃទី១២ កម្មករបានបិទផ្លូវរយៈពេលខ្លី ដោយសាររោងចក្រមិនទាន់បានបើកប្រាក់ខែសម្រាប់ខែមេសានៅឡើយ”។
លោក ម៉ៃ និមិត្ត ប្រធានរដ្ឋបាលរោងចក្របាននិយាយកាលពីម្សិលមិញថា ការបើកប្រាក់ខែយឺតនេះ គឺដោយសារបញ្ហារំហូរសាច់ប្រាក់ និងកង្វះការបញ្ជាទិញ។
លោកនិយាយថា “អ្នកបញ្ជាទិញថ្មីដែលបានបញ្ជាទិញកាលពីពេលថ្មីៗ រោងចក្រមិនទាន់បានដឹកសម្លៀកបំពាក់ទៅឱ្យពួកគេនៅឡើយទេ នេះហើយជាមូលហេតុដែលរោងចក្រមិនទាន់ទទួលបានប្រាក់នៅឡើយ”។
យោងតាមសមាគមរោងចក្រកាត់ដេរនៅកម្្ពុជាបានឱ្យដឹងថា រោងចក្រកាត់ដេរ ហ្គាវ័ន្ត បានចុះបញ្ជីជាមួយរដ្ឋាភិបាលក្នុងឆ្នាំ២០០៥ ហើយមានកម្មករបម្រើការងារចំនួន១.៤០០នាក់ក្នុងក្រុងតាខ្មៅ៕ សារុន