28 C
Phnom Penh

អ្នកនាំពាក្យ​គណបក្ស​ប្រជា​ជន​​កម្ពុជា​​​កំពុង​កាន់អំណាច​គំរាម​ថា កង​ទ័ពនឹង​​មិន​អព្យាក្រឹតឡើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ អ្នកនាំពាក្យគណបក្សកាន់អំណាចបានព្រមានថា កងទ័ពនឹងឈរនៅខាងរដ្ឋាភិបាលក្នុងករណីមានការប៉ះទង្គិចគ្នាដោយសារលទ្ធផលបោះឆ្នោត ហើយបានគាំទ្រការគំរាមកំហែងរបស់លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិដែលធ្វើឡើងកាលពីថ្ងៃអាទិត្យថានឹង “វាយបំបែកធ្មេញ” អ្នកតវ៉ាប្រឆាំងលទ្ធផលបោះឆ្នោត ជាវោហារសាស្ត្រដែលគណបក្សសង្គ្រោះជាតិនិយាយថារឹតតែធ្វើឲ្យអ្នកបោះឆ្នោតកាន់តែច្រើនងាកមកបោះឆ្នោតគាំទ្រខ្លួន។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា “កងកម្លាំងប្រដាប់អាវុធមិនអព្យាក្រឹតរវាងគណបក្សនយោបាយមួយ និងរាជរដ្ឋាភិបាលស្របច្បាប់ទេ ពីព្រោះកងកម្លាំងប្រដាប់អាវុធជាកងទ័ពជាតិ ហើយរាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោត គឺជារាជរដ្ឋាភិបាលរបស់ជាតិ”។

ទោះជាយ៉ាងណា យោងតាមលោក សុក សំអឿន អ្នកជំនាញខាងច្បាប់បានឱ្យដឹងថា ការធ្វើអត្ថាធិប្បាយទាំងនេះមិនមានចែងច្បាស់លាស់ទេនៅក្នុងច្បាប់របស់កម្ពុជា។

កងរាជអាវុធហត្ថចូលរួមក្នុងពិធីហ្វឹកហាត់នៅទីបញ្ជាការក្រុងរបស់ពួកគេនៅក្នុងខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីឆ្នាំ២០១៤។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
កងរាជអាវុធហត្ថចូលរួមក្នុងពិធីហ្វឹកហាត់នៅទីបញ្ជាការក្រុងរបស់ពួកគេនៅក្នុងខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីឆ្នាំ២០១៤។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទឆ្នាំ១៩៩៧ ហាមមន្ត្រីយោធាមិនឱ្យបញ្ចេញទស្សនៈនយោបាយរបស់ខ្លួន ឬចូលរួមក្នុងគណបក្សនយោបាយណាមួយឡើយ។ ប៉ុន្តែច្បាប់នោះ និងច្បាប់ផ្សេងៗទៀតមិនមានចែងដោយផ្ទាល់អំពីកងទ័ពការពារគណបក្សនយោបាយណាមួយ ឬបញ្ជាក់ឲ្យបានច្បាស់លាស់អំពីតួនាទីការពារសន្តិសុខផ្ទៃក្នុងរបស់ខ្លួនឡើយ នេះបើយោងតាមប្រសាសន៍របស់លោក សុក សំអឿន។

លោកបានថ្លែងថា ទាហានខ្លះអះអាងថា សេចក្ដីថ្លែងការណ៍ដែលមាននិន្នាការទៅរកគណបក្សដែលខ្លួនធ្វើ គឺគ្រាន់តែធ្វើឡើងក្នុងនាមជាជនស៊ីវិលប៉ុណ្ណោះ ដោយពេលខ្លះងាយៗដោយគ្រាន់តែប្ដូរឯកសណ្ឋានចេញប៉ុណ្ណោះ។ លោកលើកឡើងទៀតថា “ការបកស្រាយនេះធ្វើឱ្យយោធាមិនឯករាជ្យ”។

ថ្លែងនៅឯទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិកាលពីម្សិលមិញ លោក កឹម សុខា ប្រធានគណបក្សប្រឆាំងបានព្យាករថា ការគំរាមកំហែងទាំងនេះពីសំណាក់គណបក្សកាន់អំណាចនឹងរឹតតែធ្វើឱ្យគណបក្សប្រឆាំងទទួលបានការគាំទ្រកាន់តែខ្លាំង។

លោកថ្លែងប្រាប់ស្ត្រីៗជាបេក្ខជនមេឃុំដែលបានជួបជុំគ្នានៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិថា “ពីណាចង់ឱ្យគេវ៉ៃបាក់ធ្មេញ បោះឱ្យគេណុងចុះ។ ពីណាចង់ទុកធ្មេញហូបបាយមកខាងនេះ”។

លោក កឹម សុខា ដែលទើបវិលត្រឡប់មកវិញកាលពីថ្ងៃអង្គារ ពីដំណើររៃអង្គាសមូលនិធិនៅសហរដ្ឋអាមេរិក បានជំរុញឱ្យសត្រូវរបស់លោករក្សាភាពអត់ធ្មត់ឲ្យបានច្រើន ហើយលោកបានត្អូញត្អែរចំពោះស្តង់ដារពីរនៅក្នុងប្រភេទវោហារសាស្ត្រដែលអាចអនុញ្ញាតឱ្យបញ្ចេញបាន។

លោកថ្លែងថា “យើងចង់អំពាវនាវ សុំអំពាវនាវឱ្យគ្រប់គណបក្សនយោបាយទាំងអស់យកកម្មវិធីនយោបាយរបស់ខ្លួន យកគោលនយោបាយរបស់ខ្លួន យកសារនយោបាយរបស់ខ្លួនមកប្រកួត កុំប្រកួតកម្លាំងបាយ កុំគំរាមកំហែង កុំបំភិតបំភ័យ កុំលួចបន្លំ”។

លោកបានជំរុញឱ្យបេក្ខជនឃុំ សង្កាត់ និងអ្នកគាំទ្រគណបក្សរក្សាភាពស្ងាត់ស្ងៀមពេលប្រឈមការគំរាមកំហែងដែលលោកលើកឡើងថា  គណបក្សសង្គ្រោះជាតិគ្មានសិទ្ធិអំណាចនឹងតបតទៅវិញទេ។

លោកបានមានប្រសាសន៍ទៀតថា “មានពាក្យខ្លះ មានសម្ដីខ្លះ គេនិយាយបាន តែយើងនិយាយអត់បានទេ។ គេគំរាមយើងបាន តែយើងនិយាយបញ្ឆិតបញ្ឆៀងគេក៏រឿងដែរ…”។ លោកបន្តថា “គ្មានអ្នកណាចោទប្រកាន់ [ពួកគេ] ទេ គ្មានតុលាការណារករឿង [ពួកគេ] ទេ”។

លោក កឹម សុខា ក៏បានលើកឡើងជាថ្មីម្ដងទៀតដែរអំពីសេចក្ដីថ្លែងការណ៍កន្លងមកថា គណបក្សរបស់លោកនឹងដោះស្រាយការជាប់គាំងតាមរយៈមធ្យោបាយសន្តិវិធី  អហិង្សា ហើយបានសន្យាថានឹង “គ្មានសង្គ្រាមទេ នៅពេលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត” ដើម្បីតបទៅនឹងការគំរាមកំហែងម្ដងហើយម្ដងទៀតពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ប្រសិនបើគណបក្សប្រឆាំងឈ្នះការបោះឆ្នោត នឹងនាំទៅរកភាពចលាចល និងសង្គ្រាមដូចនៅប្រទេសស៊ីរី។

លោក កឹម សុខា មានប្រសាសន៍ថា “ជិតបោះឆ្នោត” “បើបានគេនិយាយអញ្ចឹងៗច្រើនទៀត យើងបានសន្លឹកឆ្នោតកាន់តែច្រើន”។

ទោះជាយ៉ាងណា លោក សុខ ឥសាន បានច្រានចោលការលើកឡើងបែបនេះ ដោយអះអាងថា អ្នកបោះឆ្នោតបានយល់ពីការពិតនៅក្នុងសេចក្ដីថ្លែងការណ៍របស់នាយឧត្ដមសេនីយ៍ ទៀ បាញ់ ដែលធ្វើឡើងកាលពីថ្ងៃអាទិត្យហើយ។

លោកថ្លែងថា “អញ្ចឹងទេ មានអ្នកណាតវ៉ាលទ្ធផលបោះឆ្នោត មានលក្ខណៈអនាធិបតេយ្យដូចជំនាន់ឆ្នាំ២០១៣ អាហ្នឹងកងកម្លាំងប្រដាប់អាវុធត្រូវតែចាត់វិធានការស្របច្បាប់ហើយ”។ លោកបន្តថា “មិនមែនជាការបំភិតបំភ័យ មិនមែនគំរាមកំហែងទេ ប៉ុន្តែវាជាការពិត”៕ សុខុម (រាយការណ៍បន្ថែមដោយ Ben Paviour)

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស