ខណៈរដូវកាលឃោសនាបោះឆ្នោតដំបូងឈានចូលមកដល់ចាប់តាំងពីគណបក្សសង្គ្រោះជាតិប៊ិះធ្វើឱ្យគណបក្សកាន់អំណាចទទួលបរាជ័យនៅក្នុងឆ្នាំ២០១៣មក គណបក្សប្រឆាំងជឿជាក់ថា ខ្លួននៅតែមានសម្ទុះគាំទ្រ។
មុនពេលថ្លែងទៅកាន់អ្នកគាំទ្រក្នុងពិធីជួបជុំមួយនៅខេត្តឧត្តរមានជ័យ ដែលអ្នករៀបចំរំពឹងថានឹងមានអ្នកចូលរួមពីរបីរយនាក់ លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា “ខ្ញុំសម្លឹងទៅខាងមុខខ្ញុំ ឃើញមានស្ត្រីរាប់ពាន់នាក់។ យើងកំពុងចូលទៅដល់មូលដ្ឋានដែលធ្លាប់តែជាតំបន់របស់គណបក្សប្រជាជនកម្ពុជា”។
លោកស្រី មូរ សុខហួរ មានសុទិដ្ឋិនិយមដោយសារហេតុផលមួយចំនួន។

ទោះបីជាដំបូងឡើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកការប៊ិះបរាជ័យរបស់គណបក្សលោកនៅក្នុងឆ្នាំ២០១៣ថាជាការដាស់ស្មារតីឱ្យធ្វើកំណែទម្រង់រដ្ឋក្ដី ក៏មានសញ្ញាតិចតួចណាស់ដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជាបានកែលម្អខ្លួនដើម្បីដោះស្រាយបញ្ហាកំហឹងដែលមានសម្ទុះកើនឡើងខ្លាំងនៅមុនរដូវកាលឃោសនាផ្លូវការនៃការបោះឆ្នោតឃុំ សង្កាត់ ដែលនឹងចាប់ផ្ដើមពីថ្ងៃសៅរ៍នេះទៅ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលមានសមាសភាពពីរគណបក្សចូលរួម បានធ្វើបញ្ជីបោះឆ្នោតថ្មី ដែលបណ្តាអ្នកសង្កេតការណ៍បោះឆ្នោតនៅពេលនេះចាត់ថាគួរជឿទុកចិត្តបាន ហើយបានចាប់ផ្ដើមធ្វើកំណែទម្រង់ផ្សេងៗទៀតដើម្បីបញ្ចៀសការលួចបន្លំដែលបណ្តាអ្នករិះគន់និយាយថា ធ្លាប់ជួយគណបក្សកាន់អំណាចច្រើនឱ្យមានប្រៀបលើសគេ។
ដោយរងបណ្ដឹងតុលាការជាបន្តបន្ទាប់ ហើយប្រឈមនឹងច្បាប់ដែលខ្លួនចាត់ទុកថាសុទ្ធតែជារឿងនយោបាយ បក្ខពួកនិយម និងគោលនយោបាយចម្រូងចម្រាស គណបក្សប្រឆាំងបានជម្នះឧបសគ្គដែលប្រហែលជាធំបំផុតរបស់ខ្លួន ដោយនៅតែឈរជើងរឹងមាំ និងដាក់បញ្ចូលបេក្ខជននៅគ្រប់ឃុំ សង្កាត់ ដោយជោគជ័យសម្រាប់ការបោះឆ្នោតនៅថ្ងៃទី៤ ខែមិថុនា។
ប៉ុន្តែក៏មានហេតុផលមួយចំនួនដែរដែលគេមានមន្ទិលថា គណបក្សសង្គ្រោះជាតិនឹងមិនអាចសម្រេចគោលដៅរបស់ខ្លួនក្នុងការដណ្ដើមឲ្យបានយ៉ាងតិច៤០ភាគរយនៃឃុំ សង្កាត់ ទាំង១.៦៤៦ អំឡុងការបោះឆ្នោតក្នុងពេលដ៏ខ្លីខាងមុខ ពីចំនួន២ភាគរយដែលបានបូកបញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សអំឡុងការបោះឆ្នោតលើកចុងក្រោយ។
លោក អ៊ា សុផល សាស្ត្រាចារ្យរងផ្នែកការទូត និងកិច្ចការពិភពលោកនៅមហាវិទ្យាល័យ Occidental College ក្នុងទីក្រុងឡូសអ៊ែនជើឡេស និងជាអ្នកសរសេររួមគ្នានូវរបាយការណ៍សិក្សាមួយកាលពីឆ្នាំមុនស្ដីពីអភិបាលកិច្ចមូលដ្ឋានក្នុងប្រទេសកម្ពុជា បានសរសេរថា “អ្វីៗត្រូវបានរៀបចំទុកជាមុន ធ្វើយ៉ាងណាឱ្យគណបក្សប្រឆាំងពិបាកខ្លាំងក្នុងការឈ្នះអាសនៈក្រុមប្រឹក្សា [ឃុំ សង្កាត់] ហើយកាន់តែពិបាកជាងនេះទៅទៀតក្នុងការឈ្នះអាសនៈមេឃុំ ចៅសង្កាត់។ ទោះបីជាពួកគេដណ្តើមគ្រប់គ្រងក្រុមប្រឹក្សា [ដែលមិនមែនជារឿងងាយស្រួល] បានក្ដី ក៏ពួកគេនឹងគ្មានលុយធ្វើដែរ”។
ប្រឈមនឹងក្បាលម៉ាស៊ីនរបស់គណបក្សប្រជាជនកម្ពុជា ដែលមានធនធានច្រើនជាងរដ្ឋអំណាចមូលដ្ឋាន រូបមន្តបោះឆ្នោតដែលគាំទ្រអ្នកកំពុងកាន់តំណែង និងការស្ទាក់ស្ទើរចិត្តរហូតមករបស់អ្នកបោះឆ្នោតដែលមិនហ៊ានបោះបង់ការគាំទ្រចាស់ គណបក្សប្រឆាំងប្រឈមផ្លូវវែងឆ្ងាយនៅខាងមុខ ទាំងការឈ្នះអាសនៈឃុំ សង្កាត់ និងការគ្រប់គ្រងវាដោយមានប្រសិទ្ធភាព។
ការបោះឆ្នោតឃុំ សង្កាត់ក្នុងឆ្នាំ២០១២ មានឧបសគ្គតិចតួចប៉ុណ្ណោះសម្រាប់គណបក្សប្រឆាំង។
ក្រោយមក គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សដែលបានច្របាច់បញ្ចូលគ្នានៅក្នុងឆ្នាំនោះដើម្បីបង្កើតគណបក្សសង្គ្រោះជាតិ ដណ្ដើមបានការគាំទ្រសរុប៣០,៦ភាគរយនៃសំឡេងឆ្នោតទាំងអស់បើប្រៀបធៀបទៅនឹងប្រហែល៦០ភាគរយសម្រាប់គណបក្សប្រជាជនកម្ពុជា។
ប៉ុន្តែដោយសារតែសំឡេងឆ្នោតរបស់គណបក្សប្រឆាំងត្រូវបានបែកខ្ញែកនៅតាមឃុំ សង្កាត់ជាច្រើន ដែលឃុំ សង្កាត់នីមួយៗតម្រូវឱ្យមានសំឡេងឆ្នោតភាគច្រើនជាងគេដើម្បីគ្រប់គ្រងតំណែងមេឃុំ ឬចៅសង្កាត់នេះ គណបក្សប្រជាជនកម្ពុជា អាចប្រែក្លាយសន្លឹកឆ្នោតរបស់ខ្លួនដើម្បីគ្រប់គ្រងប្រហែល៧២ភាគរយនៃអាសនៈក្រុមប្រឹក្សា និង៩៧ភាគរយនៃអាសនៈមេឃុំ ចៅសង្កាត់។
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ខុមហ្វ្រែល ដែលជាអង្គការឃ្លាំមើលការបោះឆ្នោតបានសរសេរនៅក្នុងរបាយការណ៍ក្រោយការបោះឆ្នោតរបស់ខ្លួនថា “គណបក្សប្រជាជនកម្ពុជាមានប្រៀបលើសលប់ដោយសារគិតតាមលក្ខណៈបច្ចេកទេសជាជាងហេតុផលនយោបាយ” ក្នុងនោះរួមទាំងរូបមន្តសម្រាប់ការតំណាងសមាមាត្រសម្រាប់មន្ត្រីក្រុមប្រឹក្សា “ដែលជាទូទៅគេចាត់ទុកថានាំឲ្យមានលទ្ធផលបោះឆ្នោតសមាមាត្រតិច” បើប្រៀបធៀបទៅនឹងប្រព័ន្ធផ្សេងទៀត។
លោក អ៊ា សុផល សរសេរថា “រចនាសម្ព័ន្ធនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ធ្វើឱ្យមានស្ថានភាពមួយដែលគណបក្សប្រឆាំងមានសំណាងទទួលបានមួយឬពីរអាសនៈ ហើយ ប៉ុន្តែនៅតែបាត់បង់ក្រុមប្រឹក្សា។ អត្ថប្រយោជន៍នៃការកំពុងកាន់តំណែងគឺធំធេងណាស់”។
សម្រាប់ថ្នាក់ដឹកនាំមូលដ្ឋានជាច្រើន គឺកាន់តំណែងតាំងពីឆ្នាំ១៩៧៩ និងខ្លះតាំងពីសម័យខ្មែរក្រហមមកម្លេ៉ះ នេះបើយោងតាមការសិក្សាឆ្នាំ២០០៨ដោយវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិ វឌ្ឍន៍កម្ពុជា (CDRI) ដែលរកឃើញថា អ្នកបោះឆ្នោតនៅភូមិក្នុងឃុំមិនបញ្ចេញឈ្មោះចំនួន៣ បានប្រាប់អ្នកសិក្សាស្រាវជ្រាវថា ពួកគាត់ចង់បានថ្នាក់ដឹកនាំចាស់ដែលកាន់តំណែងដុះស្លែជាងអ្នកថ្មីដែលមិនសូវមានទុនសង្គម ឬក៏ទំនាក់ទំនងជាមួយអ្នកគាំទ្រ។
ការសិក្សានេះលើកឡើងថា “ជាទូទៅអ្នកភូមិខ្លាចការផ្លាស់ប្តូរ ហើយថ្នាក់ដឹកនាំថ្មីត្រូវខិតខំ និងចំណាយពេលច្រើនដើម្បីឲ្យប្រជាពលរដ្ឋស្គាល់ និងទទួលយក”។
នៅក្នុងឃុំចំនួន៣ដែលខ្លួនបានចុះទៅ ក្រុមអ្នកសិក្សាស្រាវជ្រាវបានរកឃើញថា គណបក្សកាន់អំណាចមានទំនាក់ទំនងស៊ីជម្រៅជាមួយរដ្ឋាភិបាល ជាមួយអ្នកគាំទ្រដ៏ស្មោះស្ម័គ្រដែលកសាងវត្តអារាម ជាមួយក្រុមការងារដែលមើលការខុសត្រូវការស្ថាបនាផ្លូវថ្មី និងជាមួយក្រុមប្រឹក្សាឃុំដែលយកតួនាទីរដ្ឋបាលរបស់ខ្លួនមកលាយឡំជាមួយយុទ្ធនាការឃោសនារបស់គណបក្សគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការចែកអំណោយ។
គណបក្សប្រជាជនកម្ពុជាបានចាត់តាំងឲ្យអ្នកគាំទ្រដ៏ស្មោះស្ម័គ្រដែលមានទ្រព្យសម្បត្តិនិងអំណាចចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋជាប្រចាំ ផ្តល់មូលនិធិ និងមើលការខុសត្រូវលើគម្រោងនានានៅស្ទើរគ្រប់ស្រុក ខណ្ឌ និងខេត្ត ដើម្បីធានាថាប្រជាពលរដ្ឋបោះឆ្នោតឲ្យគណបក្សរបស់ខ្លួន។
ការសិក្សារបស់ CDRI បានគូសបញ្ជាក់ថា”គោលការណ៍មានទៅមានមកនេះនៅតែត្រូវបានប្រើប្រាស់ក្នុងផ្លូវមិនល្អដើម្បីធ្វើឲ្យភូមិអត់ពួកគេមិនបាន ហើយបោះឆ្នោតឲ្យអ្នកដែលផ្តល់ជំនួយ”។
នៅក្នុងករណីដែលថ្នាក់ដឹកនាំឃុំអាចឆក់យកបេះដូងអ្នកគាំទ្រខ្លួនបាន ដូចជាក្នុងករណីនៅឃុំមួយក្នុងចំណោមឃុំទាំងបីដែលក្រុម CDRI បានចុះទៅសិក្សានោះ គេឃើញថា អ្នកភូមិមិនសូវចង់មានការផ្លាស់ប្តូរទេ។
ប៉ុន្តែ អ្នកនិពន្ធក៏បានលើកឡើងដែរថា ថ្នាក់ដឹកនាំមូលដ្ឋានដែលគាំទ្រអ្នកជំនួញមានអំណាចបុណ្យស័ក្តិខ្ពស់ដែលជាប់ពាក់ព័ន្ធក្នុងការទន្ទ្រានយកដី ឬការប្រព្រឹត្តអំពើពុករលួយ នោះអាចបាត់បង់តំណែងរបស់ខ្លួន ជាការយល់ឃើញដែលលោក មាស នី អ្នកវិទ្យាសាស្ត្រ សង្គម និងវិទ្យាសាស្ត្រនយោបាយបានលើកឡើងថា លោកបានឮកាន់តែច្រើនឡើងៗអំឡុងពេលបំពេញការងារនៅតាមខេត្ត។
សំដៅដល់ការយល់ដឹងកាន់តែច្រើនឡើងៗអំពីអីុនធឺណិតដែលជួយឲ្យអ្នកបោះឆ្នោតដឹងព័ត៌មានកាន់តែច្រើនៗនោះ លោកបានថ្លែងថា “ខ្ញុំគិតថា ប្រជាពលរដ្ឋត្រៀមខ្លួនរួចហើយសម្រាប់ការផ្លាស់ប្តូរ”។ លោកបានបន្តថា “មិនមែនគ្រប់គ្នានោះទេប៉ុន្តែ មួយចំនួនធំ”។
សន្មតថាលោក មាស នី ត្រូវចុះ តែតាមបទពិសោធន៍កន្លងមក មេឃុំគណបក្សប្រឆាំងនឹងជួបការលំបាកច្រើនក្នុងការបំពេញការងារ។ ដោយថវិកាសម្រាប់ចំណាយផ្សេងៗស្ថិតនៅក្នុងដៃរដ្ឋាភិបាលដែលស្ទាក់ស្ទើរក្នុងការផ្តល់មូលនិធិ សូម្បីតែសម្រាប់ឃុំដែលគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត ទោះជាមានផែនការវិមជ្ឈការទូទាំងប្រទេសក៏ដោយ នោះ មេឃុំគណបក្សប្រឆាំងបានលើកឡើងថា ខ្លួនជួបឧបសគ្គទ្វេដងក្នុងបំពេញការ និងទទួលមូលនិធិសម្រាប់គម្រោងផ្សេងៗ។
មេឃុំគណបក្ស សម រង្ស៊ី ដែលគេមិនបញ្ចេញឈ្មោះនិងដែលត្រូវបានសម្ភាសដោយ CDRI នោះ បានលើកឡើងថា លោកស្រីមានការលំបាកនៅក្នុងការស្វែងរកប្រាក់សម្រាប់គម្រោងនានា ហើយជានិច្ចកាលតែងតែទទួលបានព័ត៌មានក្រោយគេ។
លោក សៀក មេគង្គ មេឃុំគណបក្សសម រង្ស៊ី នៅក្នុងខេត្តស្ទឹងត្រែងបានលើកឡើងថា អាជ្ញាធរស្រុក និងខេត្តជាទូទៅផ្តល់ប្រាក់៥០លានរៀលសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំ ប៉ុន្តែ បានបដិសេធសំណើរបស់លោកដែលស្នើសុំស្ថាបនាផ្លូវថ្មីមួយខ្សែក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយចោទប្រកាន់លោកថា ប្រើប្រាស់មូលនិធិរដ្ឋខុសគោលដៅ។
លោកបានថ្លែងទាក់ទិននឹងក្រុមប្រឹក្សាស្រុកនិងខេត្តដែលត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សាឃុំថា “គេតែងតែជំទាស់នឹងខ្ញុំ ឬក៏ច្រានចោលសំណើរបស់ខ្ញុំ ព្រោះពួកគេមិនចង់ឲ្យមានសមាជិកគណបក្សប្រឆាំងនៅទីនេះ”។
គណបក្សសង្គ្រោះជាតិគ្មានអ្វីៗដើម្បីប្រកួតប្រជែងនឹងក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាដែលមានអំណាច និងទ្រព្យសម្បត្តិក្នុងរយៈពេល៣ទសវត្សរ៍មកនេះនោះឡើយ។
លោក អ៊ា សុផល បានសរសេរថា “បើយើងក្រលេកមើលធនធាន ទីស្នាក់ការការិយាល័យមូលដ្ឋានរបស់គណបក្សកាន់អំណាចមើលទៅល្អប្រសើរជាងទីស្នាក់ការរបស់ទីប្រឹក្សាឃុំទៅទៀត”។ លោកបានបន្ថែមថា “វាច្បាស់ណាស់ថា តើលុយទាំងនេះបានមកពីណា”។
គណបក្សសង្គ្រោះជាតិសង្ឃឹមថា នឹងផ្លាស់ប្តូរអ្វីៗទាំងអស់នេះតាមរយៈការផ្តល់មូលនិធិ៥០០.០០០ដុល្លារទៅឲ្យឃុំនីមួយៗ ជាគម្រោងដែលលោកស្រី មូរ សុខហួរទទួលស្គាល់ថា អាស្រ័យលើជ័យជម្នះរបស់គណបក្សលោកស្រីនៅក្នុងការបោះឆ្នោតជាតិឆ្នាំក្រោយ។
លោកស្រីបានថ្លែងថា “ហេតុដូច្នេះ ហើយ ទើបយើងកំពុងភ្ជាប់សារឆ្នាំ២០១៧ជាមួយនឹងសារឆ្នាំ២០១៨”។ លោកស្រីបានបន្ថែមថា “តែថវិកាជាតិស្ថិតនៅក្នុងដៃរបស់គណបក្សកាន់អំណាច”។
គណបក្សសង្គ្រោះជាតិសង្ឃឹមថា អ្នកបោះឆ្នោតមូលដ្ឋានដែលមានទំនាក់ទំនងស៊ីជម្រៅជាមួយគណបក្សប្រជាជកម្ពុជា នឹងមិនបោះឆ្នោតឲ្យគណបក្សកាន់អំណាចនេះឡើយ ដោយសារប្រជាពលរដ្ឋខ្មែរបានដឹងអំពីការដឹកនាំរបស់រដ្ឋាភិបាលក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ហើយមិនចង់ឃើញអ្វីដែលពួកគាត់បានជួបទៀតនោះទេ។
លោកស្រី មូរ សុខហួរ បានមានប្រសាសន៍ ថា “សារតែមួយគត់របស់ពួកគេគឺបំភ័យ”។លោកស្រីបានបន្តថា “យុទ្ធសាស្ត្ររបស់យើង គឺពីផ្ទះមួយទៅផ្ទះមួយពីភូមិមួយទៅភូមិមួយ”។
លោក អ៊ា សុផល បានលើកឡើងទៀតថា លោកមិនជឿថា គណបក្សសង្គ្រោះជាតិអាចប្រែក្លាយការខិតខំនេះឲ្យទទួលបានលទ្ធផលដ៏ល្អប្រសើរដូចកាលពីឆ្នាំ២០១២ទៀតនោះឡើយ។
ប៉ុន្តែលោក មាស នី មានការប្រមើលមើល ក្នុងផ្លូវប្រសើរជាងសម្រាប់គណបក្សប្រឆាំងដោយព្យាករថា គណបក្សសង្គ្រោះជាតិនឹងទទួលបានអាសនៈឃុំសង្កាត់ប្រហែល៤០ភាគរយ ដោយសារគណបក្សប្រជាជនកម្ពុជានៅតែប្រកាន់ខ្ជាប់ “យុទ្ធសាស្ត្រចាស់របស់ខ្លួន” ។ លោកបានរៀបរាប់ពីសកម្មភាពដែលបានឃើញអ្នកភូមិចេញពីកន្លែងប្រជុំរបស់គណបក្សប្រជាជនមកវិញដោយទទួលបានប្រាក់២ម៉ឺនរៀលមកជាមួយក្នុងពេលថ្មីៗ។
លោកបានថ្លែងថា “ពេលពួកគាត់ចេញមកវិញពួកគាត់នាំគ្នាសើច”។ លោកបានលើក ឡើងបន្ត លោកបានឮអ្នកភូមិមូលដ្ឋាននិយាយ ថា “អស់លោកមិនអាចធ្វើឲ្យខ្ញុំផ្លាស់ប្តូរចិត្ត ឬបេះដូងបាននោះទេ”៕សុខុម និងស៊ុយឈាង (រាយការណ៍បន្ថែមដោយ សេក ឧត្តម)