34 C
Phnom Penh

នគរបាល​​​​​​ឃាត់ក្បួន​​​រថយន្ត​​​​​​អ្នក​​​ភូមិ​​​មិន​​​ឱ្យ​​​ធ្វើ​​​ដំណើ​​​រមក​​​ដាក់​​​ញត្តិ​​​នៅ​​​ភ្នំពេញ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ អាជ្ញាធរក្នុងខេត្តកំពង់ ស្ពឺបានឃាត់អ្នកភូមិប្រហែល២០០នាក់មិនឲ្យធ្វើដំណើរតាមរថយន្តមកកាន់រាជធានី ភ្នំពេញដើម្បីដាក់ញត្តិនៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធបញ្ហាក្រុម ហ៊ុនចម្ការអំពៅដែលពួកគាត់ចោទថា បានប្លន់យកដីរបស់ពួកគាត់ ដោយប្រាប់អ្នកដាក់ញត្តិទាំងនោះថា ពួកគេកំពុងតែបង្កើនការរក្សាសន្តិសុខ ពីព្រោះលោកនាយករដ្ឋមន្ត្រីធ្វើដំណើរមកកាន់តំបន់នេះ។

ក្រុមអ្នកភូមិមានគម្រោងមកជួបគ្នានៅក្នុងរាជធានីភ្នំពេញជាមួយអ្នកភូមិមកពីខេត្តកោះកុង និងខេត្តឧត្តរមានជ័យដែលមានទុក្ខ លំបាកស្រដៀងគ្នាដើម្បីស្នើឲ្យលោក ហ៊ុន  សែន  ចុះហត្ថលេខាលើផែនការធំមួយដែលរដ្ឋាភិបាលបាននិងកំពុងចរចាជាមួយសហភាព អឺរ៉ុបដែលនាំចូលស្ករសកម្ពុជាឱ្យផ្តល់សំណងសមរម្យដល់ពួកគាត់។

លោក សឿន សុខុម អ្នកដាក់ញត្តិម្នាក់ក្នុងចំណោមអ្នកដាក់ញត្តិទាំងអស់បាននិយាយថា នគរបាលបានឃាត់ខ្សែរថយន្តរបស់ពួកគាត់ដែលមាន១១គ្រឿងចំនួនពីរដងតាមផ្លូវមកពីស្រុកឱរ៉ាល់ ប៉ុន្តែ ពួកគាត់នៅតែបន្តបើកទៅមុខ ហើយលើកទី២បើកកាត់ចម្ការអំពៅ។ ពួកគាត់បានឈប់ទៅមុខលែងរួចដោយសារមានរបាំងផ្លូវធ្វើពីដែកដែលអាចចល័តបាននៅក្នុងស្រុកថ្ពង។លោកបាននិយាយថា “នគរបាលបានគំរាមប្រើអំពើហិង្សាប្រសិនបើយើងមិនស្តាប់ពួកគេ”។ លោកបានបន្តថា លោក មួង ធី អភិបាលស្រុក ឱរ៉ាល់បានយល់ព្រមអនុញ្ញាតឲ្យពួកគាត់ធ្វើដំណើរថ្ងៃអង្គារ ប៉ុន្តែ បានប្តូរចិត្តកាលពីព្រឹកម្សិលមិញ។ នគរបាលដែលបានឃាត់ពួកគាត់បាននិយាយថា ពួកគេបង្កើនការការពារសន្តិសុខជូនលោក ហ៊ុន សែន ដែលលោកមកកាន់ ខេត្តនេះដើម្បីជួបជាមួយមន្ត្រីរដ្ឋាភិបាល។

លោក សឿង សុខុម បាននិយាយថា “ខ្ញុំគិតថាអាជ្ញាធររឹតត្បិតសេរីភាពប្រជាពលរដ្ឋពីព្រោះពួកគេមិនបានធ្វើតាមច្បាប់ឡើយ”។ លោកបានថ្លែងថា អ្នកភូមិ “មានសិទ្ធិតវ៉ាទាមទារឲ្យមានដំណោះស្រាយ ពីព្រោះពួកគាត់កំពុងប្រឈមភាពអយុត្តិធម៌”។

លោក ឈាង ពយ អ្នកបើករថយន្តម្នាក់ក្នុងចំណោមអ្នកបើករថយន្តទាំងនោះ បាននិយាយថា លោកត្រូវបានគេគំរាមចាប់ខ្លួន។ លោកបាននិយាយថា “នគរបាលបានបញ្ជាខ្ញុំកុំឲ្យដឹកមនុស្សមកកាន់រាជធានីភ្នំពេញដើម្បីធ្វើការតវ៉ា ហើយពួកគេបានគំរាមចាប់ខ្លួនខ្ញុំ បើខ្ញុំទៅដោយគ្មានការអនុញ្ញាត”។

លោក មួង ធី បានទទួលស្គាល់ថា អ្នកដាក់ញត្តិទាំងេនះមិនបានរំលោភបំពានច្បាប់ណាមួយមែន ប៉ុន្តែអះអាងថា ពួកគាត់បានព្រមព្រៀងបញ្ជូនមនុស្សតែ២០នាក់ប៉ុណ្ណោះមកកាន់រាជធានីភ្នំពេញតាមរថយន្តទួរីសមួយគ្រឿង។

លោកបានមានប្រសាសន៍កាលពីម្សិលមិញថា “យើងបានឃាត់ពួកគាត់ ពីព្រោះពួកគាត់មិនបានគោរពតាមការសន្យា”។

លោកអភិបាលស្រុកដែលខឹងយ៉ាងខ្លាំងហើយចុចបិទទូរស័ព្ទបានមានប្រសាសន៍ ថា “វាមិនមែនជាច្បាប់អីទេ ប៉ុន្តែ ការព្រមព្រៀងនេះត្រូវបានធ្វើឡើងរវាងក្រុមអ្នកភូមិ និងអាជ្ញាធរ ដូច្នេះពួកគាត់ត្រូវតែគោរពតាមការសន្យារបស់ខ្លួន”។

លោក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពង បានបដិសេធការដែលថា មន្ត្រីរបស់ លោកបានគំរាមចាប់ខ្លួនអ្នកភូមិ ហើយបានថ្លែងថា ពួកគេបានឃាត់រថយន្តទាំងអស់មិនមែនតែខ្សែរថយន្តរបស់ពួកគាត់ប៉ុណ្ណោះទេ។

លោកបានថ្លែងថា “យើងបានឃាត់រថយន្ត ទាំងអស់ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈសម្រាប់គណៈប្រតិភូសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ យើងមានសិទ្ធិឃាត់រថយន្តទាំងនោះ ពីព្រោះយើងជាអាជ្ញាធរ”។

លោក សឿង សុខុម បាននិយាយថា ទីបំផុតលោក និងមនុស្សបីនាក់ទៀតនៅក្នុងក្រុមបានធ្វើដំណើរមកដល់រាជធានីភ្នំពេញ បន្ទាប់ពីត្រឡប់ទៅផ្ទះយកម៉ូតូជិះវិញ។ លោកបាននិយាយថា ពួកគាត់បានជួបជាមួយអ្នកភូមិជាង៥០នាក់ទៀតមកពីខេត្តកោះកុង និងខេត្តឧត្តរមានជ័យនៅសួនមុខវត្តបទុមកន្លែងដែលពួកគាត់បានប្រគល់ញត្តិទៅឲ្យតំណាងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី។

នៅពេលក្រុមដដែលនេះបានមកកាន់រាជធានីភ្នំពេញកាលពីខែកុម្ភៈដើម្បីដាក់ញត្តិស្រដៀងគ្នានេះ លោក ប៉ាល់ ច័ន្ទតារា មន្ត្រីម្នាក់នៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងថា សំណើនេះត្រូវបានបញ្ជូនទៅក្រសួងរៀបចំដែនដីហើយ។

កាលពីម្សិលមិញ លោក ប៉ាល់ ច័ន្ទតារាបានថ្លែងថា ញត្តិថ្មីរបស់ក្រុមនេះនឹងមានស្ថានភាពដូចគ្នាពេលមកដល់កន្លែងដដែលនេះ។លោកបានថ្លែងថា នៅពេលក្រសួងពិនិត្យរួចរាល់ ក្រសួងនឹងបញ្ជូនរបាយការណ៍ទៅលោកនាយករដ្ឋមន្ត្រី ដើម្បីស្នើសុំ “សេចក្តីសម្រេច”។ អ្នកភូមិរាប់ពាន់គ្រួសារនិយាយថា ពួកគាត់ត្រូវបានក្រុមហ៊ុនចម្ការអំពៅប្លន់យកដីលំនៅដ្ឋាននិងដីស្រែរបស់ពួកគាត់ ហើយបានអំពាវនាវទៅក្រសួងរៀបចំដែនដីច្រើនលើកច្រើនសាក្នុងរយៈពេលច្រើនឆ្នាំមកនេះ។

ផែនការ ឬ “លក្ខខណ្ឌសំអាង” ដែលពួកគាត់ចង់ឲ្យលោក ហ៊ុន សែន ចុះហត្ថលេខា ដើម្បីធានាថា ការទាមទារសំណងរបស់ពួកគាត់ត្រូវបានធ្វើសវនកម្មត្រឹមត្រូវ។ សហភាពអឺរ៉ុបបានចាប់ផ្តើមចរចាជាមួយគណៈកម្មាធិការអន្តរក្រសួងជាង៣ឆ្នាំមកហើយ ហើយបានលើកឡើងថា រដ្ឋាភិបាលបានពន្យារពេលដោះស្រាយបញ្ហានេះចាប់តាំងពីខែតុលា ឆ្នាំ២០១៥៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស