27 C
Phnom Penh

លោក កឹម សុខា សន្យា​​​អំឡុង​​​យុទ្ទនាការ​​​ឃោសនា​​​ថា នឹង​​​ធ្វើការ​​​ផ្លាស់​​​ប្តូរ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយចៀសវាងការមិនប្រើពាក្យពេចន៍ធ្ងន់ៗដូចដែលខ្លួនធ្លាប់បានប្រើអំឡុងពេលជួបជុំកន្លងៗមក និងការឆ្លើយតបធ្ងន់ធ្ងរដែលខ្លួនជារឿយៗទទួលរងពីសំណាក់អាជ្ញាធរនោះ គណបក្សសង្គ្រោះជាតិបានចាប់ផ្តើមយុទ្ធនាការឃោសនារបស់ខ្លួនសម្រាប់ការបោះឆ្នោតឃុំសង្កាត់អមដោយសារផ្លាស់ប្តូរ។

អំឡុងពេលហែក្បួនដែលមានអ្នកគាំទ្រជាច្រើនពាន់នាក់ចូលរួមក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានសន្យាធ្វើកំណែទម្រង់មួយចំនួន នៅពេលគណបក្សរបស់លោកកាន់អំណាចក្នុងឆ្នាំ២០១៨។

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សនេះជិះលើរថយន្តទ្រុង អំឡុងពេលហែក្បួនឃោសនាបោះឆ្នោតកាលពីថ្ងៃសៅរ៍ រូបថតបង្ហោះតាមទំព័រហ្វេសប៊ុករបស់លោក កឹម សុខា។

លោកបានសួរកាលពីព្រឹកថ្ងៃសៅរ៍ពេលឈរនៅលើរថយន្តក្នុងក្បួនដង្ហែតាមបណ្តាយ មហាវិថី ហ៊ុន សែន ថា “ដូរមិនដូរ? ដកមិនដក?” ។អ្នកគាំទ្រយ៉ាងច្រើនបានស្រែកបន្ទរថា “ដូរ!ដូរ!ដូរ!”។

យុទ្ធនាការកាលពីថ្ងៃសៅរ៍ គឺជាការចាប់ផ្តើមនៃយុទ្ធនាការឃោសនារយៈពេល២សប្តាហ៍សម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៤ខែមិថុនា ដែលត្រូវបានគេតាមដានយ៉ាងយកចិត្តទុកដាក់ដោយសារ វាជាតម្រុយ សម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំក្រោយ។ លោក កឹម សុខា បានបន្តធ្វើការយុទ្ធនាការឃោសនាដោយចុះទៅតាមបណ្តាខេត្ត រីឯគណបក្សប្រជាជនកម្ពុជានឹងនៅតែធ្វើយុទ្ធនាការឃោសនាតាមឃុំសង្កាត់ មុនពេលរៀបចំការជួបជុំដ៏ធំទូទាំងប្រទេសនៅថ្ងៃចុងក្រោយនៃរយៈពេលធ្វើយុទ្ធនាការឃោសនា។

រថយន្ត រឺុម៉ក់ម៉ូតូកង់បី និងម៉ូតូជាច្រើនរយគ្រឿងបានហែឆ្ពោះទៅទិសខាងជើង បន្ទាប់មកទៅទិសខាងលិច ក្នុងរយៈពេលយ៉ាងតិច៧ម៉ោងកាលពីថ្ងៃសៅរ៍ ដោយចៀសវាងការប្រឈមមុខជាមួយអាជ្ញាធរ បន្ទាប់ពីសាលា រាជធានីបានចេញបម្រាមមិនឱ្យគណបក្សនយោបាយធ្វើយុទ្ធនាការតាមផ្លូវ ផ្សារ និងសួនសាធារណៈសំខាន់ៗមួយចំនួន។

ឆ្លៀតឱកាសក្នុងពេលថ្លែងសុន្ទរកថាកាលពីថ្ងៃសៅរ៍ ព្រមទាំងអំឡុងពេលជួបជុំមួយទៀតកាលពីម្សិលមិញក្នុងខេត្តកំពត ប្រធានគណបក្សថ្មីរូបនេះបានសង្កត់ធ្ងន់លើគោលការណ៍ផ្តល់សិទ្ធិអំណាចដល់អាជ្ញាធរមូលដ្ឋាន និងចៀសវាងអំពើពុករលួយ ការរំលោភយកដីធ្លីដែលលោកលើកឡើងថា កើតមានអំឡុងរបបបច្ចុប្បន្ន។

លោកបានថ្លែងកាលពីម្សិលមិញថា “អញ្ចឹងក្រោយឆ្នាំ២០១៨ទៅគណបក្សសង្គ្រោះ ជាតិដឹកនាំរាជរដ្ឋាភិបាល ២០១៨ គឺយើងចង់ ធ្វើប្រឡាយ ចង់ធ្វើអណ្តូង ចង់ធ្វើបង្គន់ ចង់ធ្វើ ផ្លូវលំ គឺលុយយើងមានធ្វើដោយខ្លួនយើង មិនចាំបាច់សុំពីក្រសួងអភិវឌ្ឍន៍ជនបទទេ”។

លោក កឹម សុខា បានប្តេជ្ញាលុបបំបាត់ក្រសួងនេះ ប្រសិនបើជាប់ឆ្នោតដោយលើកឡើងម្តងទៀតពីគោលការណ៍បក្សរបស់លោកនៅក្នុងការផ្តល់ប្រាក់ចំនួន៥០០.០០០ដុល្លារក្នុងមូលនិធិប្រចាំឆ្នាំដល់ឃុំសង្កាត់នីមួយៗដើម្បីអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្ទាល់ខ្លួន ហើយលោកបានលើកឡើងកាលពីថ្ងៃសៅរ៍ថា ទំហំទឹកប្រាក់នេះអាចកើនឡើងទ្វេដង។

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងទៅកាន់អ្នកគាំទ្រអំឡុងពេលហែក្បួនឃោសនាបោះឆ្នោតកាលពីថ្ងៃសៅរ៍ រូបថតបង្ហោះតាមទំព័រហ្វេសប៊ុករបស់លោក កឹម សុខា។

លោកមិនបានរៀបរាប់លម្អិតអំពីសំណើនេះទេ ដែលនឹងចំណាយប្រាក់ប្រហែល៨០០លានដុល្លាររហូតទល់ទៅ១,៦ ពាន់លានដុល្លារ អាស្រ័យលើថា តើឃុំសង្កាត់នីមួយៗក្នុងចំណោមឃុំសង្កាត់ដែលមានចំនួនសរុប១.៦៤៦ ទទួលបានមូលនិធិប៉ុន្មាន។

ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានថា ជ័យជម្នះរបស់គណបក្សសង្គ្រោះជាតិនឹងធ្វើឲ្យផ្ទុះសង្គ្រាមស៊ីវិលហើយលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានគំរាមកាលពីសប្តាហ៍មុនថា នឹង”វ៉ៃបំបែកធ្មេញ” អ្នកតវ៉ាដែលជំទាស់នឹងលទ្ធផលនៃការបោះឆ្នោតនោះ លោក កឹម សុខា បានឆ្លៀតឱកាសក្នុងពេលឈប់នៅខេត្តកំពតកាលពីថ្ងៃម្សិលមិញ ឃោសនាអំពីជម្រើសមិនប្រើអំពើហិង្សារបស់គណបក្សលោក។

លោកបានមានប្រសាសន៍ទៅកាន់អ្នកគាំទ្រជាច្រើនពាន់នាក់ថា “ខ្ញុំសូមបញ្ជាក់ថា ជ័យជម្នះរបស់គណបក្សសង្គ្រោះជាតិមិនមែនបានមកដោយការគំរាមកំហែង ដោយការជេរប្រមាថ ដោយការបំភិតបំភ័យដោយសម្លុតយកសន្លឹកឆ្នោតទេ”។

លោក កឹម សុខា បានថ្លែងបន្តថា “ហើយជាពិសេសគ្មានទេការប្លន់យកដីរបស់ប្រជាពលរដ្ឋ គ្មានទេការកាប់បំផ្លាញព្រៃឈើ គ្មានទេអំពើពុករលួយ ដែលលួចធនធានរបស់ជាតិ យើងនឹងបញ្ឈប់រាល់ពេលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតដឹកនាំប្រទេស”។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងថា វាជាកំហុសឆ្គងដែលបូកបញ្ចូលសកម្មភាពបុគ្គលជាមួយរដ្ឋាភិបាល។

លោកបានមានប្រសាសន៍ដោយសំដៅដល់ជនប្រព្រឹត្តអំពើពុករលួយ និងទន្ទ្រានទឹកដីថា “វាជារឿងបុគ្គល”។ លោកបានបន្ថែមថា “មិនមែនរដ្ឋាភិបាលទេ។ មិនមែនគណបក្សនយោបាយណាមួយ ទេ”។

លោក ផៃ ស៊ីផាន ក៏បានចាត់ទុកការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទថា “សំខាន់ណាស់”ផងដែរ ដោយលើកឡើងថា កម្មវិធីវិមជ្ឈការរបស់រដ្ឋាភិបាលបាននាំឲ្យកើតមានទម្រង់អភិបាលកិច្ចថ្នាក់មូលដ្ឋានដែលទទួលបានសិទ្ធិអំណាចច្រើនជាងមុន។

អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ហែក្បួនឃោសនាបោះឆ្នោតក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃសៅរ៍។ រូបថតៈ Ben Paviour/ឌឹ ខេមបូឌា ដេលី
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ហែក្បួនឃោសនាបោះឆ្នោតក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃសៅរ៍។ រូបថតៈ Ben Paviour/ឌឹ ខេមបូឌា ដេលី

ប៉ុន្តែ សាររបស់លោក កឹម សុខា ទំនងជាបានជ្រួតជ្រាបដល់អ្នកគាំទ្ររបស់លោកនៅក្នុងរាជធានីភ្នំពេញ ដែលនាំគ្នាចេញមកហែក្បួនកាលពីថ្ងៃសៅរ៍ក្នុងចំនួនដែល លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សប្រឆាំងមួយនេះបា៉ាន់ប្រមាណថា មានរហូតដល់២០.០០០នាក់ ប៉ុន្តែចំនួននោះមិនអាចបញ្ជាក់ច្បាស់លាស់បានទេ។ (គណបក្សកាន់អំណាចបានអះអាងថា ក្នុងព្រឹត្តិការណ៍ជួបជុំចំនួនពីរក្នុងរាជធានីភ្នំពេញរបស់ខ្លួនកាលពីចុងសប្តាហ៍មានអ្នកចូលរួមចំនួនចន្លោះពី៥០.០០០នាក់ដល់១១០.០០០នាក់ តែក៏គ្មានការបញ្ជាក់ច្បាស់លាស់ដែរ)។អ្នកគាំទ្របាននាំគ្នាគ្រវីទង់ជាតិ និងទង់បក្ស ហើយមានពាក់អាវ និងពាក់មួកដែលមានរូបសញ្ញាព្រះអាទិត្យរះ។

អ្នកគាំទ្រឈ្មោះ ផាន់ លីន អាយុ៤២ឆ្នាំ បុគ្គលិកធ្វើការនៅក្នុងក្រុមហ៊ុនទទួលបោសសម្អាតដែលឈរក្នុងចំណោមមនុស្សដែលភាគច្រើនជាបុរសនៅក្នុងរាជធានីភ្នំពេញបានលើកឡើងថា “ខ្ញុំមើលឃើញថា មន្ត្រីគណបក្សកាន់អំណាចភាគច្រើនមិនយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋទេ”។ បុគ្គលិកបោសសំអាតរូបនេះបានលើកឡើងទៀតថា “ពួកគេគ្មានបំណងដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋឡើយ”។

អ្នកគាំទ្រម្នាក់ទៀតឈ្មោះ ផេង រដ្ឋាអាយុ៦៣ឆ្នាំ ដែលចូលនិវត្តន៍ហើយវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅក្នុងឆ្នាំ២០១០ បន្ទាប់ពីភៀសខ្លួនចេញពីប្រទេសទៅកាន់ប្រទេសស្វីស ក្រោយរបបប៉ុល ពតនោះបានលើកឡើងថា វាដល់ពេលសម្រាប់ថ្នាក់ដឹកនាំថ្មីហើយ។

លោកបានមានប្រសាសន៍ជាភាសាបារាំងថា “គណបក្សប្រជាជនកម្ពុជាកាន់អំណាចជាង៣០ឆ្នាំមកហើយ”។លោកបានបន្តថា “ពួកគេមិនបានធ្វើអ្វីទេ… ពួកគេមិនគោរពសិទ្ធិមនុស្សឡើយ”។

អ្នកគាំទ្រនិងអ្នកឈរមើលនិយាយថា អារម្មណ៍របស់អ្នកគាំទ្រមិនសូវពុះកញ្ជ្រោលខ្លាំងដូចពេលអ្នកគាំទ្រគបណបក្សប្រឆាំងនាំគ្នាហែក្បួនតវ៉ាតាមផ្លូវក្នុងចំនួនយ៉ាងច្រើន ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ដ៏ចម្រូងចម្រាសនោះឡើយ។

លោក សុខមុន្នីនាថ អាយុ២៥ឆ្នាំ ជាអ្នកគូរប្លង់ឲ្យក្រុមហ៊ុនសំណង់មួយដែលមើលការហែក្បួនចេញពីតេលាម៉ាតមួយកន្លែងបានប៉ាន់ប្រមាណថា លោកបានចំណាយពេល១ម៉ោងឈរមើលគេហែក្បួនឆ្លងកាត់ ប៉ុនថា ការចេញមកចូលរួមហែក្បួនមានចំនួនតិចជាងការហែក្បួនមួយចំនួនក្នុងឆ្នាំ២០១៣។

លោកបានលើកឡើងទៀតថា លោកមិនចូលរួមក្នុងការជួបជុំរបស់គណបក្សនយោបាយណាទាំងអស់ដោយសារខ្លាចកើតមាន”ឧប្បត្តិហេតុ” មួយចំនួន ប៉ុន្តែថា លោកនឹងបោះឆ្នោតឲ្យគណបក្សណាដែលធ្វើឲ្យសេដ្ឋកិច្ចមានកំណើន និងបង្កើតការងារ។លោកបាននិយាយថា “សេដ្ឋកិច្ចរបស់យើងមានកំណើន ប្រជាពលរដ្ឋរបស់យើងជាច្រើនមានការងារធ្វើ ហើយជីវភាពរបស់ពួកគាត់នឹងប្រសើរឡើង”។

មិត្តភក្តិរបស់លោក ឈ្មោះ អេង គៀង ដែលមានតួនាទីនៅក្រសួងការងារបានលើកឡើងថា លោកចៀសមិនផុតពីបោះឆ្នោតឲ្យគណបក្សកាន់អំណាចទេ។

ពេលសួរថា តើការសម្រេចចិត្តនេះទទួល រងឥទ្ធិពលពីថ្នាក់លើ ឬយ៉ាងណានោះ លោកអេង គៀង បានបដិសេធមិនឆ្លើយតបឡើយ។ លោកបាននិយាយថា “អ្នកដឹងហើយថា តើនៅកម្ពុជាវាយ៉ាងម៉េច?”៕ ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស