28.4 C
Phnom Penh

គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ប្តឹង​​​គណបក្ស​​​សង្គ្រោះជាតិ​​​​​​ទាក់ទិនការ​​​ហែក្បួន​​​ឃោសនា​​​បោះ​​​ឆ្នោត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា គណបក្សប្រជាជនកម្ពុជាបានដាក់ពាក្យបណ្ដឹងទៅគណៈកម្មការរៀបចំការបោះឆ្នោតឃុំ ក្នុងខេត្តតាកែវ ដោយអះអាងថាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមួយក្រុមបានរារាំងការហែក្បួនរបស់គណបក្សកាន់អំណាច ដែលមានអ្នកគាំទ្រប្រហែល៤០០នាក់កាលពីថ្ងៃសៅរ៍។

អ្នកស្រី ប៉ិច ឈីម អនុប្រធានគណបក្សប្រជាជនកម្ពុជាឃុំព្រៃខ្លា ស្រុកកោះអណ្ដែត បានមានប្រសាសន៍ថា អ្នកគាំទ្រគណបក្សប្រឆាំងដែលមានគ្នាមិនដល់២០នាក់ផង បានរារាំងការហែក្បួនមិនឱ្យធ្វើដំណើរកាត់ផ្លូវមួយនៅម៉ោងប្រហែល៨និង៣០នាទីព្រឹក។ អ្នកស្រី ប៉ិច ឈីម បានមានប្រសាសន៍ថា “វាអត់ព្រមឱ្យយើងទៅ”។ អ្នកស្រីបានបន្ថែម ថា “បើចង់ទៅឱ្យដើរកាត់ទឹកទៅ”។

IMG_20170520_093206-800x600រូបភាពវីដេអូស្ដីពីហេតុការណ៍នោះបង្ហាញថា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ម្នាក់សុំឱ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់ដែលមានកំហឹងអនុញ្ញាតឱ្យក្រុមរបស់គាត់ធ្វើដំណើរកាត់ផ្លូវ ហើយសកម្មជនគណបក្សប្រឆាំងរូបនេះទំនងជាចោទគណបក្សប្រជាជនកម្ពុជាពីបទមនុស្សឃាត ការជាសំដៅច្បាស់ក្រឡែតចំពោះការអះអាងរបស់ក្រុមអ្នករិះគន់ពីករណីមនុស្សឃាតដែលគាំទ្រដោយរដ្ឋាភិបាល។

អ្នកគាំទ្រគណបក្សសង្គ្រោះជាតិរូបនេះបាននិយាយថា “អាភ្លើ”។ គាត់បានបន្ថែមទៀតថា “គណបក្សអញមិនដែលសម្លាប់អាណាបានមួយទេ”។

អ្នកស្រី ប៉ិច ឈីម បានមានប្រសាសន៍ថា ស្ថានការណ៍បានធូរស្រាលវិញនៅពេលមន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតឃុំ និងមន្ត្រីនគរបាលបានធ្វើអន្តរាគមន៍។ អ្នកស្រីបានថ្លែងថា ពាក្យបណ្ដឹងរបស់លោកស្រីទាមទារឱ្យលុបឈ្មោះសកម្មជនគណបក្សសង្គ្រោះជាតិ១៦នាក់ចេញពីបញ្ជីបោះឆ្នោតសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា និងពិន័យជាប្រាក់២០លានរៀល (ប្រហែល៥.០០០ដុល្លារ) ក្នុងម្នាក់ៗ ហើយឱ្យហាមឃាត់គណបក្សប្រឆាំងនេះមិនឱ្យធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងឃុំនេះ។ លោក នាង សុគន្ធ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតឃុំនេះបានមានប្រសាសន៍ថា ការប្រឈមមុខគ្នានេះប៊ិះនឹងធ្ងន់ធ្ងរទៅហើយនៅពេលលោកមកដល់។លោកបានថ្លែងថា “ឥឡូវហ្នឹង ខ្ញុំកំពុងចរចាសម្របសម្រួលជាមួយភាគីទាំងសងខាងហ្នឹងដើម្បីដោះស្រាយបញ្ហា”។

ច្បាប់បោះឆ្នោតចែងថា គណបក្សទាំងអស់អាចចរចារកដំណោះស្រាយសម្រាប់ករណីតូចតាចបាន ហើយបញ្ជាក់ថា ជម្លោះនេះអាចបញ្ជូនទៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ប្រសិនបើគណបក្សទាំងអស់មិនអាចសម្របសម្រួលគ្នាបាន។

លោក កែវ អ៊ាត ប្រធានគណបក្សសង្គ្រោះ ជាតិក្នុងឃុំនេះ និងដែលអ្នកស្រី ប៉ិច ឈីម ចោទថា បានញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នានោះ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស