28 C
Phnom Penh

ក្នុង​ពិធី​ជួបជុំ​ និង​ហែក្បួន​របស់​​​​គណបក្ស​កាន់​​អំណាច​​​​​ ​អ្នក​គាំទ្រ​​​ខ្លះ​មាន​និន្នាការ​នយោបាយ​ចម្រុះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកគាំទ្រពាក់អាវស និងមួកសដែលមានរូបសញ្ញាគណបក្សប្រជាជនកម្ពុជា បានចាប់ផ្ដើមយុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់របស់គណបក្សកាន់អំណាចជាផ្លូវការនៅក្នុងរាជធានីភ្នំពេញ កាលពីចុងសប្ដាហ៍កន្លងទៅ។

ទោះជាយ៉ាងណា ខណៈការធ្វើយុទ្ធនាការឃោសនាថ្នាក់ឃុំ សង្កាត់នៅពេលនេះមានទ្រង់ទ្រាយតូច អ្នកចូលរួមខ្លះនិយាយថា ខ្លួនត្រូវគេបង្ខំ ឬទិញទឹកចិត្តឱ្យចូលរួម ក្នុងនោះរួមមានអ្នកដែលនិយាយថាខ្លួនគ្រោងបោះឆ្នោតទម្លាក់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃបោះឆ្នោតផងដែរ។

កាលពីថ្ងៃសៅរ៍ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងចំនួនបើមិនដល់ច្រើនម៉ឺននាក់ ក៏ច្រើនពាន់នាក់ដែរ បានប្រមូលផ្ដុំគ្នានៅកោះពេជ្រ រាជធានីភ្នំពេញ សម្រាប់ការចាប់ផ្ដើមយុទ្ធនាការឃោសនារយៈពេលពីរសប្ដាហ៍នៅមុនការបោះឆ្នោតឃុំ សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ដោយពួកគេគ្រវីទង់ និងស្រែកហ៊ោកញ្ជ្រៀវ។ ទាហានចូលនិវត្តន៍ម្នាក់និយាយថា គាត់គាំទ្រគណបក្សកាន់អំណាចដោយសារគណបក្សនេះផ្ដល់ប្រាក់ខែឱ្យគាត់ និង ទិញដីឱ្យគាត់។ ស្ត្រីវ័យក្មេងម្នាក់ដែលបោះឆ្នោតលើកដំបូងនិយាយថា គណបក្សប្រជាជនកម្ពុជាជាអ្នកជួយអភិវឌ្ឍប្រទេសជាតិ។

អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាប្រមូលផ្ដំុគ្នានៅកោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាប្រមូលផ្ដំុគ្នានៅកោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ទោះជាយ៉ាងណា ប្រហែល១ម៉ោងក្រោយមកការប្រមូលផ្ដុំគ្នានោះក៏បានបំបែកហ្វូង។

អ្វីដែលគួរឱ្យកត់សម្គាល់គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានបង្ហាញវត្តមានក្នុងពិធីហែក្បួនកាលពីថ្ងៃសៅរ៍ទេ ហើយសុន្ទរកថាដែលត្រៀមដោយនាយករដ្ឋមន្ត្រីត្រូវបានអានជំនួសដោយលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។

លោក ប៉ា សុជាតិវង្ស មានប្រសាសន៍តាងនាមឱ្យលោក ហ៊ុន សែន ថា “ខ្ញុំសូមសម្ដែងនូវការគោរពដឹងគុណ និងសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតជូនជនរួមជាតិគ្រប់ទិសទី ដែលជានិច្ចកាលបានផ្ដល់យុត្តិធម៌ ការជឿជាក់ និងការគាំទ្រដ៏រឹងមាំដល់គណបក្សប្រជាជនកម្ពុជា។ បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា កំពុងឈានទៅមុខលើមាគា៌សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ប្រកបដោយមោទនភាព”។

នៅឯវេទិកានោះ លោក សាយ ឈុំ ប្រធានព្រឹទ្ធសភាក៏បានថ្លែងសុន្ទរកថាខ្លីមួយដែរ ដោយជំរុញឱ្យប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សកាន់អំណាចជាថ្មីទៀត។

ទោះបីជាស្លៀកពាក់ដូចៗគ្នាក្ដី ក៏អ្នកចូលរួមកាលពីថ្ងៃសៅរ៍មិនមែនសុទ្ធតែសម្រេចចិត្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានោះទេ ហើយអ្នកហែក្បួនយ៉ាងតិចម្នាក់ថែមទាំងមិនមែនជាអ្នកគាំទ្រគណបក្សកាន់អំណាចទៀតផង។

ការប្រមូលផ្ដំុគ្នារបស់គណបក្សប្រជាជនកម្ពុជានៅកោះពេជ្រ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃសៅរ៍។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
ការប្រមូលផ្ដំុគ្នារបស់គណបក្សប្រជាជនកម្ពុជានៅកោះពេជ្រ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃសៅរ៍។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

យុវជនម្នាក់ឈ្មោះ ស្មាន់ ហ្សាគ្រីយ៉ា អាយុ២៣ឆ្នាំមកពីខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និយាយថា ខ្លួន “ស្រឡាញ់” គណបក្សកាន់អំណាចដោយសារតែគណបក្សនេះបាននាំមកនូវការអភិវឌ្ឍដល់ប្រទេសជាតិ ប៉ុន្តែលើកឡើងថា “ខ្ញុំមិនទាន់សម្រេចចិត្តថាបោះឆ្នោតគាំទ្រគណបក្សណាមួយទេ”។

អ្នកចូលរួមម្នាក់ទៀតកាលពីថ្ងៃសៅរ៍ មកពីខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលពាក់អាវ និងមួកគណបក្សប្រជាជនកម្ពុជា បានឈរលើចិញ្ចើមផ្លូវបញ្ចេញទឹកមុខយ៉ាងមាំ។ បុរសរូបនេះដែលសុំមិនបញ្ចេញឈ្មោះដោយសារខ្លាចមានផលលំបាកដល់ខ្លួននិយាយថា តាមពិតគាត់ និងគ្រួសាររបស់គាត់គឺជាអ្នកគាំទ្រគណបក្សប្រឆាំង។

គាត់និយាយទៀតថា ” គេ [គណបក្សប្រជាជនកម្ពុជា] ឱ្យពួកយើងមក យើងត្រូវតែមក។ យើងចង់បញ្ឆោតប្រធានភូមិ និងចៅសង្កាត់ឱ្យឈប់តាមដានពួកយើង” ហើយបង្ហើបថា គាត់នឹងទៅចូលរួមហែក្បួនគណបក្សសង្គ្រោះជាតិជាក្រោយនៅក្នុងថ្ងៃដដែល។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា លោកមិនដឹងពីមូលហេតុដែលលោក ហ៊ុន សែន មិនបានចូលរួមក្នុងពិធីជួបជុំអ្នកគាំទ្រនេះទេ ឬថាតើលោកនាយករដ្ឋមន្ត្រីបានចូលរួមក្នុងពិធីឃោសនាផ្សេង ឬថាតើលោកនឹងចូលរួមកម្មវិធីយុទ្ធនាការផ្សេងទៀតនៅរយៈពេលពីរសប្ដាហ៍ក្រោយ ក៏លោកមិនដឹងដែរ ហើយថ្លែងថា “គ្មានអ្វីចម្លែកទេ”។

ក្រោយយុទ្ធនាការឃោសនាចាប់ផ្ដើមកាលពីថ្ងៃសៅរ៍ គណបក្សកាន់អំណាចបានហែក្បួនទូទាំងរាជធានីភ្នំពេញ តាមម៉ូតូ រថយន្តធុនតូច និងរថយន្តទ្រុងកាលពីម្សិលមិញ។

លោក ង៉ែត ចាត់ដាវី ប្រធានមន្ទីរបក្សរាជធានីនៃគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា “ខ្ញុំសប្បាយចិត្តដែលមានមនុស្សចូលរួមច្រើន។ វាលើសពីការរំពឹងទុករបស់យើង”។

អ្នកចូលរួមម្នាក់ឈ្មោះ ហេង ប៊ុនហាក់ អាយុ២៨ឆ្នាំដែលបានចូលរួមការហែក្បួនឃោសនាកាលពីម្សិលមិញនិយាយថា គាត់ត្រូវបានមេភូមិជួលឱ្យហែ ដោយទទួលបានប្រាក់១០.០០០រៀលសម្រាប់ចាក់សាំង។

នៅពេលសួរទាក់ទិនការឱ្យលុយកាក់បែបនេះ លោក ង៉ែត ចាត់ដាវី ឆ្លើយថា លោក “មិនដឹងពីព័ត៌មាននេះទេ ព្រោះគេ [គណបក្សប្រជាជនកម្ពុជា] មិនអនុញ្ញាតឱ្យបញ្ហានេះកើតឡើងទេ”។

លោក សុខ ឥសាន មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា “ចែក” អំណោយដល់អ្នកគាំទ្រគឺជាប្រពៃណីទៅហើយ ប៉ុន្តែថា គណបក្សកាន់អំណាចគោរពតាមគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។លោកគូសបញ្ជាក់ថា “យើងនឹងមិនធ្វើអ្វីដែលល្មើសនីតិវិធី ឬក្រមសីលធម៌របស់ គ.ជ.ប ទេ”។

លោក មាស ឆពណ្ណ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរបស់ គ.ជ.ប ប្រចាំរាជធានីភ្នំពេញមានប្រសាសន៍ថា លោកមិនអាចធ្វើអត្ថាធិប្បាយបានទេជុំវិញភាពស្របច្បាប់នៃការផ្ដល់លុយកាក់បែបនេះ ពីព្រោះច្បាប់មិនបានចែងច្បាស់អំពីអំណោយបែបនេះ។ លោកគូសបញ្ជាក់ថា ”វាមិនមានចែងច្បាស់លាស់ទេ [នៅក្នុងច្បាប់] ដូច្នេះខ្ញុំក៏ពិបាកដែរត្រង់ចំណុចនេះ។ ខ្ញុំមិនហា៊នឆ្លើយទេពាក់ព័ន្ធចំណុចនេះ”។

លោកលើកឡើងបន្ថែមទៀតថា ការជួបជុំ និងការហែក្បួនរបស់គណបក្សប្រជែងធំៗទាំងពីរកាលពីចុងសប្ដាហ៍កន្លងទៅនេះ គ្មានបញ្ហា ឬពាក្យបណ្ដឹងនោះទេ។

ទោះជាយ៉ាងណា កញ្ញា កឹម មនោវិទ្យា អនុប្រធានកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិបានចោទប្រកាន់គណបក្សកាន់អំណាចថា ទិញទឹកចិត្តអ្នកចូលរួម។

កញ្ញាបានសរសេរក្នុងបណ្ដាញទំនាក់ទំនងសង្គមទ្វីតទ័រ កាលពីម្សិលមិញ ដែលទំនងជាបាញ់ឆ្ពោះទៅរកគណបក្សប្រជាជនកម្ពុជាថា “គណបក្សមួយឱ្យលុយក្នុងម្នាក់១២,៥ដុល្លារ រ៉ឺម៉កកង់បីមួយ២៥ដុល្លារសម្រាប់ការចូលរួមការជួបជុំរបស់គណបក្សមួយនោះនៅថ្ងៃនេះ”។

របាយការណ៍មួយរបស់គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (និកហ្វិច) ស្ដីពីការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០១២បញ្ជាក់ថា មានការទិញសន្លឹកឆ្នោត “ស្ទើរគ្រប់ខេត្ត” ខណៈគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) បានប៉ាន់ប្រមាណថា គណបក្សប្រជាជនកម្ពុជា បានចំណាយច្រើនជាងគណបក្ស សម រង្ស៊ី ដែលជាគូប្រជែងប្រកៀកប្រកិតបំផុតរបស់ខ្លួនដល់ទៅ៦ដង។

បទបញ្ជា និងនីតិវិធីស្ដីអំពីការហែក្បួនឃោសនាបោះឆ្នោតចេញដោយ គ.ជ.ប កាលពីថ្ងៃសុក្រ អនុញ្ញាតឱ្យគណបក្សនីមួយៗធ្វើការហែក្បួនពីរប្រភេទដូចជា  រថយន្តចាប់ពីមួយគ្រឿងឡើងទៅអមដោយទោចក្រយានយន្ត ឬ/និងត្រីចក្រយានយន្តចាប់ពីប្រាំគ្រឿងឡើងទៅ ឬទោចក្រយានយន្ត ឬ/និងត្រីចក្រយានយន្តចាប់ពី១០គ្រឿងឡើងទៅ នៅក្នុងខេត្តនីមួយៗអំឡុងពេលឃោសនារយៈពេល២សប្ដាហ៍។

លោក ង៉ែត ចាត់ដាវី មានប្រសាសន៍ថា នៅរយៈពេល២សប្ដាហ៍ក្រោយនេះ សកម្មជនគណបក្សនឹងបន្តធ្វើយុទ្ធនាការឃោសនានៅថ្នាក់ឃុំ សង្កាត់ ដើម្បីចែកខិត្តប័ណ្ណ ស្ទីកគ័រ និងប៉ូស្ទ័រដែលមានព័ត៌មានស្ដីពីគោលនយោបាយ និងបេក្ខជនរបស់គណបក្ស៕ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស