32 C
Phnom Penh

អគ្គមេបញ្ជាការ​​​កងយោធពល​​​ខេមរភូមិន្ទ​​​បញ្ជា​​​ឲ្យ​​​កងទ័ព​​​​​​ប្រឆាំង​​​ ‘បដិវត្តន៍ពណ៌’

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានបញ្ជាឱ្យកងទ័ពទាំងអស់ការពារ “សណ្តាប់ធ្នាប់សាធារណៈ” នៅថ្ងៃទី៤ខែមិថុនា នៅពេលអ្នកបោះឆ្នោតនឹងបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ថ្មី និងប្រយុទ្ធប្រឆាំង “បដិវត្តន៍ពណ៌” ដែលអាចកើតមាន។

នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានលើកឡើងនៅក្នុងសារបង្ហោះក្នុងទំព័រហ្វេស ប៊ុករបស់លោក បន្ទាប់ពីថ្លែងសុន្ទរកថានៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៧០ក្នុងរាជធានីភ្នំពេញក្នុងពិធីត្រួតពិនិត្យកម្លាំង និងមធ្យោបាយគ្រឿងបំពាក់មានអាវុធ និងរថយន្តជាដើមថា “កងទ័ពត្រូវបន្តថែរក្សាការពារឱ្យបានរឹងមាំនូវសុខសន្តិភាព និងការអភិវឌ្ឍ។កងទ័ពត្រូវប្រឆាំងដាច់ខាតបដិវត្តន៍ពណ៌ មិនឱ្យកើតមាននៅលើទឹកដីកម្ពុជានោះឡើយ”។

 

លោក ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទត្រួតពិនិត្យរថយន្តយោធានៅទីបញ្ជាការកងពលតូចលេខ៧០ ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ ហ្វេសប៊ុក
លោក ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទត្រួតពិនិត្យរថយន្តយោធានៅទីបញ្ជាការកងពលតូចលេខ៧០ ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ ហ្វេសប៊ុក

បដិវត្តន៍ពណ៌គឺជាចលនាប្រជាពលរដ្ឋដោយសន្តិវិធីដែលទាមទារឲ្យមានការផ្លាស់ប្តូរតាមបែបលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែជាញឹកញាប់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  និងមន្ត្រីដទៃទៀតច្រើនតែប្រើពាក្យ “បដិវត្តន៍ពណ៌” នេះដោយធ្វើការប្រៀបធៀបខុស មិនថា ដោយចេតនា ឬអចេតនាទៅនឹងសង្គ្រាមស៊ីវិលនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង។ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានលើកឡើងក្នុងសារបង្ហោះនោះថា កងទ័ពត្រូវ “គោរពឱ្យបានម៉ឺងម៉ាត់ និងអនុវត្តឱ្យបានជោគជ័យ១០០% នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការប្រគល់ជូន”។

លោកបានថ្លែងថា “ត្រូវរួមសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធ ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងពេលបោះឆ្នោត ឃុំ សង្កាត់។ កងទ័ពត្រូវការពាររាជរដ្ឋាភិបាលស្របច្បាប់”។

លោក ឈុំ សុជាតិ អ្នកនាំាពាក្យក្រសួងការពារជាតិបានបដិសេធមិនធ្វើអត្ថាធិប្បាយទេកាលពីម្សិលមិញ ព្រោះលោកមិនបានឃើញការអត្ថាធិប្បាយរបស់នាយឧត្តមសេនីយ៍ ប៉ុល សារឿន។

cam-photo-pol-saroeun-800x533ប៉ុន្តែ លោក មាស នី អ្នកវិភាគនយោបាយបានមានប្រសាសន៍ថា នាយឧត្តមសេនីយ៍រូបនេះមិនគួរនិយាយអំពីបដិវត្តន៍ពណ៌អំឡុងយុទ្ធនាការឃោសនាដែលមានរយៈពេលពីរសប្តាហ៍មុនដល់ថ្ងៃបោះឆ្នោតឡើយ ពីព្រោះ សេចក្តីថ្លែងការណ៍របស់លោកអាចត្រូវបានចាត់ទុកថា ជាការគំរាមកំហែង។

លោក មាសនី បានមានប្រសាសន៍ថា “ពាក្យ នេះមិនគួរនិយាយទេ ខណៈដែលយុទ្ធនាការឃោសនាបោះឆ្នោតត្រូវបានធ្វើឡើងពីព្រោះប្រជាពលរដ្ឋនឹងគិតថា វាជាការគំរាមកំហែង”។ លោកបានបន្ថែមថា កងកម្លាំងប្រដាប់អាវុធត្រូវការពាររដ្ឋាភិបាលជាប់ឆ្នោត។

កាលពីសប្តាហ៍មុន លោក ទៀ បាញ់ រដ្ឋមន្ត្រី ក្រសួងការពារជាតិគំរាមថា នឹង “វ៉ៃបំបែកធ្មេញ” អ្នកតវ៉ាដែលជំទាស់នឹងលទ្ធផលនៃការបោះឆ្នោត ឃុំ សង្កាត់។ លោកបានចេញមករំឭកពីបាតុកម្មរបស់គណបក្សប្រឆាំងនៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដ៏ចម្រូងចម្រាសក្នុងឆ្នាំ២០១៣ ហើយប្តេជ្ញាទប់ស្កាត់បាតុកម្មស្រដៀងគ្នានេះមិនឱ្យកើតឡើងទៀតឡើយ។

នាយឧត្តមសេនីយ៍ ទៀ បាញ់ បានមានប្រសាសន៍ថា “ពេលដែលបោះឆ្នោតចាញ់ហើយ គឺមិនព្រមចាញ់ទេ ចេញមកព្រោងព្រាត ទាមទារនេះ ទាមទារនោះ ដាក់បែកធ្មេញឥឡូវហើយ។ លើកនេះមិនទុកទេ ប្រាប់ឱ្យហើយ”។

កាលពីដើមខែនេះ លោក ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា មន្ត្រីនគរបាល កងរាជអាវុធហត្ថ និងកងទ័ពជាង៣០.០០០នាក់ នឹងត្រូវដាក់ពង្រាយនៅថ្ងៃទី៤ ខែមិថុនាដើម្បីធានាថា គ្មានជនណាអាច “បំផ្លាញ” ការបោះឆ្នោតបានឡើយ៕សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស