អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានលើកឡើងកាលពីម្សិលមិញថា គណបក្សប្រឆាំងមួយនេះនឹងកាត់បន្ថយថវិការបស់ក្រសួងទាំងអស់ចំនួន២០ភាគរយ ប្រសិនបើខ្លួនឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំក្រោយ ដើម្បីយកថវិកាទាំងនោះទៅផ្ដល់ដល់ឃុំ សង្កាត់នីមួយៗចំនួន៥០០.០០០ដុល្លារក្នុងមួយឆ្នាំ ជាសំណើដែលគណបក្សប្រជាជនកម្ពុជាច្រានចោលថាគ្រាន់តែជាការសន្យាខ្យល់ក្នុងរដូវកាលបោះឆ្នោត។
លោក យឹម សុវណ្ណ ដែលជាអ្នកនាំពាក្យបានមានប្រសាសន៍ថា ក្រសួង “បង្កឱ្យមានអំពើពុករលួយយ៉ាងច្រើន ហើយបំប៉ោងការចំណាយប្រតិបត្តិការ” ដោយអះអាងថា ការកាត់បន្ថយថវិកាបូករួមជាមួយយុទ្ធនាការប្រឆាំងអំពើពុករលួយ នឹងជំរុញឱ្យប្រតិបត្តិការនានាកាន់តែមានប្រសិទ្ធភាព។
លោកលើកឡើងបន្ថែមទៀតថា “នេះមិនមែននៅសហរដ្ឋអាមេរិក ឬអឺរ៉ុបដែលគេធ្វើថវិកាយ៉ាងប្រុងប្រយ័ត្ននោះទេ។ នៅក្នុងប្រទេសនេះអំពើពុករលួយគឺធំណាស់”។

កម្មវិធីនយោបាយប្រាំចំណុចរបស់គណបក្សសង្គ្រោះជាតិសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់ អំពាវនាវឱ្យផ្ដល់ថវិកាដល់ឃុំ សង្កាត់ នីមួយៗចំនួន៥០០.០០០ដុល្លារដើម្បីទាត់ចោលប្រព័ន្ធមួយដែលខ្លួននិយាយថាញាំញីដោយបក្ខពួកនិយម និងការិយាធិបតេយ្យហួសហេតុ។
នៅឯពិធីហែក្បួនឃោសនាបោះឆ្នោតក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍ លោក កឹម សុខា ប្រធានគណបក្សប្រឆាំងថ្លែងថា នៅក្នុងឃុំ សង្កាត់ខ្លះ ចំនួនថវិកានេះប្រហែលជាអាចបង្កើនដល់១.០០០.០០០ដុល្លារ ហើយគូសបញ្ជាក់ថា គណបក្សរបស់លោកនឹងលុបបំបាត់ក្រសួងអភិវឌ្ឍន៍ជនបទចោល ប្រសិនបើខ្លួនឈ្នះការបោះឆ្នោតនៅឆ្នាំ២០១៨។
នៅឯពិធីហែក្បួនឃោសនាមួយក្នុងខេត្តកោះកុងកាលពីម្សិលមិញ នៅមុនការបោះឆ្នោតថ្ងៃទី៤ ខែមិថុនា លោក កឹម សុខា មានប្រសាសន៍ថា ៧០ភាគរយនៃថវិកាឃុំ សង្កាត់ នឹងទុកសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានាដូចជាសាលារៀន អណ្ដូងទឹក និងមន្ទីរពេទ្យជាដើម។ លោកបញ្ជាក់ថា មេឃុំ ចៅសង្កាត់ណាដែលចំណាយថវិកាទាំងនេះដោយខ្ជះខ្ជាយ នឹងត្រូវដកចេញពីតំណែង។
លោក កឹម សុខា មានប្រសាសន៍ថា “អ្នកខ្លះគេថា កុំជឿ អត់មានលុយទេ ចេះតែថា”។ ប៉ុន្តែលោកហាក់មិនទាន់ច្បាស់លាស់ទេជុំវិញវិធីផ្ដល់ថវិកាជួយដល់កិច្ចប្រឹងប្រែងវិមជ្ឈការនេះ។
លោកមានប្រសាសន៍អំពីថវិកាជាតិឆ្នាំ២០១៧ថា “ឥឡូវខ្ញុំ កឹម សុខា ក្នុងនាមគណបក្សសង្គ្រោះជាតិ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិថា បច្ចុប្បន្ននេះថវិកាជាតិ រដ្ឋសភាអនុម័តឱ្យរាជរដ្ឋាភិបាលចាយក្នុង១ឆ្នាំប្រហែល៥.០០០លានដុល្លារអាមេរិក” ដោយលើកឡើងថា ថវិកាសរុបចំនួន៨២៣លានដុល្លារសម្រាប់ចែកចាយ៥០០.០០០ដុល្លារទៅដល់ឃុំសង្កាត់នីមួយៗក្នុងចំណោមឃុំ សង្កាត់ ទាំង១.៦៤៦គឺងាយស្រួលគ្រប់គ្រងណាស់។
នៅពេលជជីកសួរថា តើត្រូវបង្កើតកញ្ចប់ថវិកាមូលនិធិឃុំ សង្កាត់នោះដោយវិធីណា លោក យឹម សុវណ្ណ ឆ្លើយថា ការកាត់ថវិកា២០ភាគរយពីគ្រប់ក្រសួងនឹងធ្វើឡើងអមជាមួយការតាក់តែងឡើងវិញនូវច្បាប់ប្រឆាំងអំពើពុករលួយ និងកំណែទម្រង់ប្រព័ន្ធតុលាការដែលលោកមានប្រសាសន៍ថា ភ្លាមៗនឹងជំរុញឱ្យមានអ្នកហ៊ានទម្លាយការអនុវត្តខុសច្បាប់របស់មន្ត្រី កំហិតការកិបកេង និងធ្វើឱ្យប្រសិទ្ធភាពប្រតិបត្តិការកាន់តែប្រសើរឡើង។
អ្នកនាំពាក្យដដែលឆ្លើយទៀតថា “បើយើងកែលម្អឆន្ទៈនយោបាយ ក្នុងរយៈពេល១ឆ្នាំវានឹងប្រសើរឡើង”។
ប៉ុន្តែលោកបានបដិសេធមិនបញ្ជាក់លម្អិតអំពីយុទ្ធនាការឃោសនាប្រឆាំងអំពើពុករលួយ ប្រសិនបើខ្លួនទទួលបានជ័យជម្នះនៅឆ្នាំ២០១៨ ដោយនិយាយថា គណបក្សសង្គ្រោះជាតិមានសិទ្ធិរក្សាយុទ្ធសាស្ត្ររបស់ខ្លួនទុកជាការសម្ងាត់។ លោកបន្តថា គណបក្សប្រឆាំងយល់ពីការរំពឹងរបស់អ្នកបោះឆ្នោតដែលចង់ឱ្យធ្វើកំណែទម្រង់។
លោក យឹម សុវណ្ណ គូសបញ្ជាក់ថា “បើយើងមិនធ្វើទេ យើងសុខចិត្តធ្វើអត្តឃាត”។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានទទួលស្គាល់ថា លោក កឹម សុខា អាចធ្វើអ្វីក៏បានតាមចិត្តរបស់លោក ប្រសិនបើគណបក្សរបស់លោកឈ្នះការបោះឆ្នោតនៅឆ្នាំ២០១៨ ប៉ុន្តែបានច្រានចោលលទ្ធភាពនោះវិញភ្លាមៗ។
លោកមានប្រសាសន៍ថា “ពេលគាត់កាន់អំណាច គាត់ធ្វើអីក៏បានដែរ កុំថាឡើយ២០ភាគរយ កាត់១០០ភាគរយក៏បានដែរ។ យើងមិនចាប់អារម្មណ៍អីទេ ចង់ធ្វើអីធ្វើទៅ”។
លោកថ្លែងថា គណបក្សកាន់អំណាចបានបំពេញតម្រូវការរបស់មណ្ឌលបោះឆ្នោតថ្នាក់មូលដ្ឋានរួចហើយ។ លោកបន្តថា “គណបក្សប្រជាជនកម្ពុជាបានផ្ដល់ [មូលនិធិ] ច្រើនជាងហ្នឹងទៅទៀតរួចទៅហើយតាមរយៈថវិកាជាតិ កសាងផ្លូវថ្នល់ឆ្លងកាត់ឃុំ ឆ្លងភូមិ ហ្នឹងហើយសួរថា ថ្នល់មួយប៉ុន្មានសិបលាន [ដុល្លារ]”។
លោកចោទសួរថា តើថ្នាក់ដឹកនាំមូលដ្ឋានរបស់គណបក្សប្រឆាំងមានសមត្ថភាពអាចគ្រប់គ្រងរំហូរសាច់ប្រាក់ដោយគ្មានការបណ្ដុះបណ្ដាលត្រឹមត្រូវបានដែរទេ ហើយបានច្រានចោលការលើកឡើងរបស់លោក កឹម សុខា ថា “ប្រជាភិថុតិ”។ លោកមានប្រសាសន៍ថា “មិនមែនចេះតែនិយាយបានទេ។
លោក ឆាំ ប៊ុនថេត អ្នកវិភាគនយោបាយបានមានប្រសាសន៍ថា គម្រោងរបស់គណបក្សសង្គ្រោះជាតិដើម្បីកាត់តម្រឹមថវិការបស់ក្រសួងគឺអាចធ្វើទៅរួច។ ក្នុងឋានៈជាទីប្រឹក្សាគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលជាគណបក្សដ៏ក្មេងខ្ចី លោក ឆាំ បុ៊នថេត ថ្លែងថា លោកបានផ្ដល់អនុសាសន៍ឱ្យគណបក្សនេះបន្តកម្មវិធីលុបបំបាត់ក្រសួងទាំងអស់ទុកតែ១១ក្រសួងបានហើយ។
លើកឡើងពីក្រសួងផែនការ និងក្រសួងអភិវឌ្ឍន៍ជនបទមកធ្វើជាឧទាហរណ៍ លោកមានប្រសាសន៍ថា “មានច្រើនដែលអាចច្របាច់បញ្ចូលគ្នាបាន”។
លោកបានបន្តថា រដ្ឋាភិបាលបច្ចុប្បន្នមាន “ក្បាលយ៉ាងធំ ហើយដៃតូចជើងតូច។បើរដ្ឋាភិបាលបច្ចុប្បន្នព្យាយាមកាត់បន្ថយថវិកានៅលើក្បាល ហើយបង្កើនវានៅលើដៃ និងជើង ខ្ញុំគិតថា គណបក្សប្រជាជនកម្ពុជានឹងដឹកនាំប្រទេសរហូត”៕ សុខុម