26 C
Phnom Penh

ការ​​​ប្រើ​​​ប្រាស់​​​ស្ប៉តបង្ហាញ​​​ពី​​​​​លោក ​​​​​​សម ​​​រង្ស៊ី អំឡុង​យុទ្ធនាការ​ឃោសនា​​​​​​របស់ ​​​CNRP ត្រូវ​​​បាន​​​ហាម​​​ឃាត់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ប៉តសម្រាប់ចាក់តាមកញ្ចក់ទូរទស្សន៍របស់គណបក្សសង្គ្រោះជាតិ ដែលបង្ហាញអំពីលោក សម រង្ស៊ី អតីតប្រធានគណបក្សនេះ ប្រហែលជាត្រូវបានច្រានចោលកាលពីម្សិលមិញ ប៉ុន្តែគណបក្សប្រឆាំងដ៏សំខាន់មួយនេះបានរិះរកមធ្យោបាយផ្សេងដើម្បីផ្សព្វផ្សាយថ្នាក់ដឹកនាំនិរទេសរូបនេះនៅក្នុងយុទ្ធនាការឃោសនារបស់ខ្លួន មុនថ្ងៃបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី ៤ ខែ មិថុនា ។

សំឡេងរបស់លោក សម រង្ស៊ី គេបានឮកាលពីម្សិលមិញនៅតាមដងផ្លូវមួយក្នុងខណ្ឌ ៧មករា រាជធានីភ្នំពេញ  ដោយជំរុញឲ្យអ្នកបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ នៅពេលរ៉ឺម៉កម៉ូតូកង់បីដែលចងភ្ជាប់ដោយឧគ្ឃោសនាសព្ទម្តងចាក់ចម្រៀងម្តងចាក់សុន្ទរកថានយោបាយឆ្លាស់ចុះឆ្លាស់ឡើង។

លោក កែវ សារិន ចៅសង្កាត់រងគណបក្សសង្គ្រោះជាតិដែលអមរ៉ឺម៉កកង់បីមួយគ្រឿងនេះកាលពីម្សិលមិញជាមួយអ្នកគាំទ្រមួយចំនួនតូច បានលើកឡើងថា “ប្រជាពលរដ្ឋនៅតែស្រឡាញ់គាត់”។ លោកបានលើកឡើងទៀតថា លោក យឹម សុវណ្ណ តំណាងរាស្ត្រជាន់ខ្ពស់គណបក្សនេះបានចែកខ្សែអាត់សំឡេងនៃសុន្ទរកថារបស់លោក សម រង្ស៊ី នេះឲ្យសមាជិកគណបក្សប្រើប្រាស់។

ទោះជាយ៉ាងណា គណបក្សប្រជាជនកម្ពុជាបានរិះគន់គណបក្សប្រឆាំងមួយនេះយ៉ាងដំណំកាលពីម្សិលមិញចំពោះការប្រើប្រាស់សុន្ទរកថា និងរូបភាពលោក សម រង្ស៊ី នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួន។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចបានលើកឡើងថា លោក សមរង្ស៊ី ហួសពេលធ្វើនយោបាយហើយ ហើយឥឡូវជាបុគ្គល “ហួសដឺឡេ” ។

អ្នកនាំពាក្យរូបនេះបានលើកឡើងទៀតថា ការប្រើប្រាស់រូបលោក សម រង្ស៊ី អំឡុងយុទ្ធនាការឃោសនារបស់គណបក្សសង្គ្រោះ ជាតិគឺខុសច្បាប់ ហើយលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានលើកឡើងថា ទោសព្រហ្មទណ្ឌរបស់លោក សម រង្ស៊ី ជាមូលហេតុដែលធ្វើឲ្យលោកគ្មានសិទ្ធិបង្ហាញមុខនៅក្នុងស្ប៉តតាមកញ្ចក់ទូរទស្សន៍ជាតិ។

លោកបានថ្លែងថា “គ.ជ.បបានពិភាក្សាយ៉ាងល្អិតល្អន់ ហើយនឹងចេញលិខិតផ្លូវការមួយច្បាប់ជូនគណបក្សសង្គ្រោះជាតិជម្រាបថា មិនអាចផ្សព្វផ្សាយអាស្ប៉តហ្នឹងបានទេ” ។

ការសម្រេចរបស់គណបក្សប្រឆាំងក្នុងការប្រើប្រាស់រូបភាព និងសំឡេងរបស់លោក សម រង្ស៊ី នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតគឺជាការសម្រេចប្រកបដោយការគិតគូរថ្លឹងថ្លែង ហើយត្រូវបានយល់ព្រម និងជំរុញដោយថ្នាក់ដឹកនាំគណបក្ស នេះបើយោងតាមមន្ត្រីគណបក្សសង្គ្រោះជាតិមួយចំនួននិងលោក សម រង្ស៊ី ខ្លួនឯងផ្ទាល់។ ហើយ បើយើងតាមទិន្នន័យនៃលទ្ធផលបោះឆ្នោតកាលពីឆ្នាំ២០១២ បង្ហាញថា វាអាចជាចំណាត់ ការនយោបាយប្រកបដោយសុភវិនិច្ឆ័យ ។

កន្លែងដែលមានពណ៌ចាស់ជាងគឺ តំណាងឲ្យសំឡេងឆ្នោតច្រើនភាគរយជាងដែលទទួលបានដោយគណបក្សនីមួយៗ នៅឆ្នាំ២០១២ ។ ប្រភពៈ Open Development Cambodia/NEC
កន្លែងដែលមានពណ៌ចាស់ជាងគឺ តំណាងឲ្យសំឡេងឆ្នោតច្រើនភាគរយជាងដែលទទួលបានដោយគណបក្សនីមួយៗ នៅឆ្នាំ២០១២ ។ ប្រភពៈ Open Development Cambodia/NEC

ទិន្នន័យរបស់គ.ជ.បដែលចេញជាទម្រង់ឌីជីថល ដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍន៍ (Open Development Cambodia) បង្ហាញថា គណបក្ស សម រង្ស៊ី ទទួលបានការគាំទ្រខ្លាំងនៅតាមបណ្តាខេត្តមួយចំនួននាភាគខាងជើង រីឯប្រជាប្រិយភាពរបស់គណបក្សសិទ្ធិមនុស្សវាយលុកភាគច្រើននៅបែ៉កខាងត្បូង អំឡុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២ ដែលធ្វើឡើងមុនគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា និងគណបក្ស សម រង្ស៊ី ច្របាច់បញ្ចូលគ្នាដើម្បីបង្កើតជាគណបក្សសង្គ្រោះជាតិក្នុងឆ្នាំ២០១៣ ។

អ្នកគាំទ្រគណបក្ស សម រង្ស៊ីអាចបង្ហាញថាមានសារៈសំខាន់សម្រាប់គណបក្សប្រឆាំងនៅក្នុងឃុំដែលស្ថិតនៅភាគខាងជើងទាំងនោះ ដោយសារមេដឹកនាំគណបក្សប្រឆាំងជាយូរមកហើយរូបនេះនៅតែទទួលបានការគាំទ្រ ទោះបីជាបាននិរទេសខ្លួនទៅរស់នៅក្នុងប្រទេសបារាំងតាំងពីឆ្នាំ២០១៥ មកដើម្បីគេចពីការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពាក់ព័ន្ធការកាត់ឲ្យជាប់ទោសពីបទបរិហារកេរ្តិ៍ ហើយត្រូវបានរារាំងមិនឲ្យចូលប្រទេសវិញដោយរដ្ឋាភិបាលកាលពីខែតុលាក៏ដោយ ។

លោក សម រង្ស៊ី បានលាលែងពីតំណែងជាប្រធានគណបក្សសង្គ្រោះជាតិកាលពីខែកុម្ភៈ ក្រោយពេលមានការអនុម័តវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលអាចធ្វើឲ្យបញ្ហាផ្លូវច្បាប់ផ្ទាល់ខ្លួនរបស់អតីតប្រធានបក្សរូបនេះ មានផលប៉ះពាល់ដល់គណបក្សរបស់លោកនោះ ។

ប៉ុន្តែ លោកនៅតែជាផ្នែកដ៏សំខាន់នៃការអំពាវនាវរបស់គណបក្សប្រឆាំង នេះបើយោងតាមការលើកឡើងរស់លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ហើយទោះបីជាលោកបានលាលែងពីតំណែងក៏ដោយ តែលោកទំនងជានៅតែផ្ញើសារមកកាន់ប្រទេសកម្ពុជាដដែល ។

លោក សម រង្ស៊ី បានបញ្ជាក់តាមអីុម៉េលកាលពីម្សិលមិញថា លោកកំពុងតែធ្វើសកម្មភាពជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ហើយថាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅតែចាត់ទុករូបលោកថា ជា “និមិត្តរូប” ។

លោកបានមានប្រសាសន៍ថា “ខ្ញុំដឹងថា សកម្មជនគណបក្សសង្គ្រោះជាតិនឹងអ្នកគាំទ្រ នៅតែមានបំណង [ស្តាប់ការផ្តល់យោបល់ពីខ្ញុំ] ហើយថា ខ្ញុំសប្បាយរីករាយក្នុងការផ្តល់យោបល់ដល់ពួកគាត់ស្តីពីបញ្ហាជាតិ”។ លោក បានបន្ថែមថា លោកនិងលោក កឹម សុខា ដែលជាប្រធានបក្សក្នុងពេលចប្ចុប្បន្ន”យល់ស្របនឹងវិធីដែលខ្ញុំគាំទ្រគណបក្សសង្គ្រោះជាតិ” ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្យាយាមម្តងហើយម្តងទៀតដើម្បីបំបែកបំបាក់គណបក្សប្រឆាំងមួយនេះ ហើយអ្នកអង្កេតការណ៍នយោបាយព្រមទាំងបុគ្គលមួយចំនួនក្នុងគណបក្សសង្គ្រោះជាតិ លើកឡើងថា គណបក្សនេះនៅតែមានភាពប្រេះឆាដោយសារទទួលរងនូវឥទ្ធិពលប៉ះពាល់ពីបក្សសម្ព័ន្ធចាស់។ ទោះជាយ៉ាងណា គណបក្ស នេះមិនបានបែកបាក់គ្នានោះឡើយរហូតមកទល់ពេលនេះ ហើយលោក កឹម សុខាបានធ្វើដំណើរចុះតាមបណ្តាខេត្តចាប់តាំងពីបានឡើងកាន់តំណែងជាប្រធានគណបក្សមកដើម្បីកៀងគរការគាំទ្រពីសមាជិកបក្ស ហើយ បានទទួលយកតួនាទីរ៉ៃអង្គាសមូលនិធិក្នុងចំណោមសហគមន៍អាណិកជនខ្មែរនៅសហរដ្ឋអាមេរិក និងប្រទេសផ្សេងៗទៀត ។

លោកស្រី មូរ សុខហួរ ដែលជាមន្ត្រីនៅក្នុងគណបក្ស សម រង្ស៊ី មុនពេលមានការច្របាច់បក្សបញ្ចូលគ្នានោះបានលើកឡើងកាលពីម្សិលមិញថា លោក សម រង្ស៊ី និងលោក កឹម សុខា នៅតែជា”មេដឹកនាំប្រទេស” ហើយជានិមិត្តរូបប្រកបដោយសីលធម៌ដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ។ លោកស្រីបន្តថា “យើងទៅកន្លែងណាក៏ដោយ គឺយើងតែងតែនិយាយ អំពីលោក សម រង្ស៊ី ” ។ លោកស្រីបន្ថែមថា “គាត់ស្ថិតក្នុងបេះដូងរបស់ប្រជាពលរដ្ឋ ទោះបីជាទៅទីណាក៏ដោយ” ។

លោក សុខ ឥសាន បានលើកឡើងកាលពីម្សិលមិញថា ទោះបីជាការប្រើប្រាស់រូបភាព និងសំឡេងទណ្ឌិតរូបនេះរបស់គណបក្សប្រឆាំងជាផ្នែកនៃយុទ្ធនាការឃោសនារបស់ខ្លួនបានរំលោភលើច្បាប់បោះឆ្នោតក៏ដោយ តែថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានឹងមិនយកបញ្ហានេះប្តឹងគ.ជ.បទេ ។

លោកបានថ្លែងថា “ប្រសិនបើគណបក្សប្រជាជនកម្ពុជាចង់រករឿងគាត់តាមផ្លូវច្បាប់ វានឹងមានការបកស្រាយខុសថា គណបក្សប្រជាជនកម្ពុជាខ្លាចមនុស្សហួសដឺឡេរូបនេះ។វាមិនត្រឹមត្រូវទេ”។ លោកបានបន្តថា វាអាស្រ័យលើមន្ត្រីឃុំសង្កាត់តាមមូលដ្ឋានថាតើពួកគាត់ចង់ដាក់ពាក្យបណ្តឹងឬយ៉ាងណា ។

ពេលសួរថា តើការប្រើប្រាស់សំឡេងនិងរូបភាពលោក សម រង្ស៊ី របស់គណបក្សប្រឆាំងខុសច្បាប់ដែរឬអត់នោះ លោក ខៀវ  សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានឆ្លើយតបថា វាគឺជា”ធាតុផ្សំនៃបទល្មើស” ហើយបានបង្វែរសំណួរបន្ថែមទៅគ.ជ.ប ។

លោក ហង្ស ពុទ្ធា បានលើកឡើងទៀតថា ខណៈស្ប៉តសម្រាប់ចាក់តាមទូរទស្សន៍ជាតិដែលបង្ហាញអំពីទណ្ឌិត នឹងជាការខុសច្បាប់នោះ រាល់បណ្តឹងអំពីការប្រើប្រាស់សំឡេង ឬរូបភាពរបស់លោក សម រង្ស៊ី នឹងត្រូវពិចារណា ផ្អែកលើមូលដ្ឋានបុគ្គល ។

លោកបានថ្លែងថា “ប្រសិនបើមានគណបក្សណាមួយប្តឹង គ.ជ.ប នឹងលើកយកករណីនេះមកពិចារណា” ៕ ស៊ុយឈាង

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស