38.1 C
Phnom Penh

CNRP និង CPP ព្រមាន​ធ្ងន់ៗ​ថា​នឹង​មាន​ផល​វិបាក​​កើត​ចេញពី​​ការ​បោះឆ្នោត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះ ជាតិបានព្រមានកាលពីម្សិលមិញថា ការជ្រើសរើសខុសនៅក្នុងការបោះឆ្នោតឃុំ សង្កាត់ ក្នុងពេលដ៏ខ្លីខាងមុខនឹងនាំមកនូវភាពក្រីក្រ ទុក្ខវេទនា និងការភ័យខ្លាច ស្របពេលមន្ត្រីគណបក្សកាន់អំណាចបន្តចាត់ទុកការបោះឆ្នោតគាំទ្រគណបក្សប្រឆាំងថាជាការបោះឆ្នោតគាំទ្រឱ្យមានសង្គ្រាម និងចលាចលក្នុងសង្គម។

នៅក្នុងយុទ្ធនាការឃោសនាមុនការបោះឆ្នោតថ្ងៃទី៤ ខែមិថុនា លោក កឹម សុខា បានថ្លែងទៅកាន់អ្នកគាំទ្រជាច្រើនរយនាក់ក្នុងខេត្តកំពង់ឆ្នាំងថា ការបោះឆ្នោតនេះមានហានិភ័យខ្ពស់ណាស់។

abc-800x600លោកមានប្រសាសន៍តាមឧគ្ឃោសនស័ព្ទពីលើរថយន្តទ្រុងថា “បងប្អូនជនរួមជាតិជ្រាបហើយថា ថ្នាក់ដឹកនាំក្នុងឃុំ សង្កាត់ គឺមានសារៈសំខាន់ណាស់។ បើបងប្អូនជ្រើសរើសបានថ្នាក់ដឹកនាំដែលកាចសាហាវ បងប្អូននឹងរងការឈឺចាប់។ បើកាលណាបងប្អូនជ្រើសបានថ្នាក់ដឹកនាំដែលពុករលួយគឺបងប្អូនមានជីវភាពក្រីក្រ ទុក្ខវេទនា។ កាលណាបងប្អូនជ្រើសបានថ្នាក់ដឹកនាំដែលគំរាមកំហែង និងបំភិតបំភ័យ បងប្អូននឹងភ័យខ្លាច”។

គណបក្សសង្គ្រោះជាតិបានបង្កើតគោលនយោបាយចេញពីថ្នាក់មូលដ្ឋាន ហើយលោក កឹម សុខា បានសន្យាថា គោលនយោបាយនេះ នឹង “បំបាត់អំពើពុករលួយពីលើចុះក្រោម”។

ទោះជាយ៉ាងណា លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ឆ្លើយតបថា អ្នកបោះឆ្នោតដឹងច្បាស់ណាស់ គឺមិនចាញ់បោកលោក កឹម សុខា ដែលលោកថា “គ្មានប្រជាធិបតេយ្យ” នោះទេ។

អ្នកនាំពាក្យរូបនេះលើកឡើងថា “វាគ្មានប៉ះពាល់អីទេ ពីព្រោះពលរដ្ឋលោកដឹងពីអ្វីជាប្រជាធិបតេយ្យ អ្វីជាអ្នកប្រជាធិបតេយ្យ។ គាត់បោះឆ្នោតឱ្យអ្នកនយោបាយណាដែលមានស្នាដៃ មានគុណសម្បត្តិសម្រាប់បម្រើផលប្រយោជន៍ជាតិ”។

គណបក្សកាន់អំណាចតែងតែប្រើស្នៀតដដែលៗ។ រយៈពេលប៉ុន្មានសប្ដាហ៍មុនដល់ពេលធ្វើយុទ្ធនាការឃោសនាកាលពីថ្ងៃ សៅរ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាង ម្ដងហើយម្ដងទៀតថា ការបោះឆ្នោតគាំទ្រគណបក្សប្រឆាំងនឹងនាំឱ្យមានចលាចលក្នុងសង្គម និងសូម្បីសង្គ្រាមស៊ីវិលទៀតផង។

លោក ហ៊ុន សែន តែងតែធ្វើការព្រមានបែបនេះ សូម្បីនៅក្រៅរដូវកាលបោះឆ្នោត ហើយត្រូវបានមន្ត្រីគណបក្សកាន់អំណាចបន្ទរតាម។ ជាក់ស្ដែងកាលពីសប្ដាហ៍មុន លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានគំរាមវាយបំបែកធ្មេញអ្នកដែលហា៊នតវ៉ាប្រឆាំងលទ្ធផលបោះឆ្នោត។

នៅពេលយុទ្ធនាការឃោសនាបោះឆ្នោតបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ មន្ត្រីផ្សេងទៀតក្នុងជួរគណបក្សកាន់អំណាចបានលើកឡើងស្រដៀងៗគ្នាជាថ្មីម្ដងទៀត។

កាលពីម្សិលមិញ លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាបានធ្វើបទបង្ហាញដោយការបញ្ចាំងស្លាយស្ដីពី១២ដំណាក់កាលនៃបដិវត្តន៍ ចំណែកឯលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាល បានព្រមានប្រឆាំងការយកគំរូតាមបដិវត្តន៍នៅមជ្ឈិមបូពា៌ ហើយលោក ហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជារបស់រដ្ឋាភិបាល បានបង្ហោះរូបថតអ្នកគាំទ្រគណបក្សប្រឆាំងម្នាក់ដែលស្លៀកពាក់ខ្មៅកាលពីថ្ងៃច័ន្ទ ដោយអះអាងថា បុរសរូបនោះ “បានផ្សព្វផ្សាយយ៉ាងសកម្មនូវមនោគមវិជ្ជាប្រល័យពូជសាសន៍របស់ខ្មែរក្រហមក្នុងចំណោមពលរដ្ឋខ្មែរក្រីក្រ”។

លោក សុខ ឥសាន បានបដិសេធថា គណបក្សកាន់អំណាចមិនមែនកំពុងព្យាយាមបំភ័យអ្នកបោះឆ្នោតឡើយ។ លោកថ្លែងថា “មិនមែន [ការគំរាមកំហែង] ទេ អាហ្នឹងគ្រាន់តែឧទាហរណ៍ជូនតើ”។

លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិក៏បានបដិសេធដែរថា សុន្ទរកថារបស់លោក កឹម សុខា គ្មានបំណងបង្កការភ័យខ្លាចទេ។លោកស្រីថ្លែងថា “គ្មានការគំរាមកំហែងទាល់តែសោះ” ហើយថា លោក កឹម សុខា គ្រាន់តែទាញការចាប់អារម្មណ៍ មកលើហេតុការណ៍ពិតដែលកំពុងកើតមានប៉ុណ្ណោះ។

លោក មាស នី អ្នកវិភាគនយោបាយមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិទំនងជាព្យាយាមរកវិធីទប់ទល់នឹងភាសាខ្លាំងៗរបស់គណបក្សប្រជាជនកម្ពុជា ដោយមិនឱ្យបំពានច្បាប់បោះឆ្នោតដែលហាមប្រាមការជេរប្រមាថ។ លោកលើកឡើងទៀតថា “ពួកគាត់មិនអាចនិយាយអ្វីប្រឆាំងលោក ហ៊ុន សែន បានដូចក្នុងការបោះឆ្នោតមុនៗទេ”។

ថ្វីបើគណបក្សប្រជាជនកម្ពុជាប្រើវោហារក្ដៅគគុកក្ដី ក៏លោក មាស នី លើកឡើងថា គណបក្សកាន់អំណាចមិនទាន់សម្ញែងកម្លាំងដោយចំហដូចជាការចល័តរថក្រោះ និងទាហានពេញរាជធានីភ្នំពេញ ដូចដែលខ្លួនធ្លាប់បានធ្វើនៅក្នុងការបោះឆ្នោតមុនៗនៅឡើយទេ។

លោកមានប្រសាសន៍ទៀតថា “ខ្ញុំក៏បានសង្កេតឃើញដែរថា យុទ្ធនាការឃោសនាបោះឆ្នោតនេះហាក់ធ្វើឡើងដោយសន្តិវិធី”៕ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស