28.4 C
Phnom Penh

មេឃុំ​​​ប្តឹង​​​អ្នក​​​កាសែត​​​​ដែល​សួរ​​​​សំណួរ​​​​អ្នកភូមិ​ពាក់ព័ន្ធការ​​​បោះឆ្នោត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេឃុំម្នាក់បានដាក់ពាក្យបណ្ដឹងផ្លូវការប្ដឹងអ្នកយកព័ត៌មានកាសែត ខេមបូឌា ដេលី ពីរនាក់ដែលបានសម្ភាសអ្នកភូមិក្នុងខេត្តរតនគិរី ជាផ្នែកមួយនៃការយកព័ត៌មានស្ដីពីការបោះឆ្នោតឃុំ សង្កាត់ របស់កាសែតនេះ ដោយចោទប្រកាន់អ្នកទាំងពីរថាចូលមក “ក្នុងគោលបំណងមិនល្អ”។

ពាក្យបណ្ដឹងដែលបានប្ដឹងកាលពីថ្ងៃច័ន្ទ មានខ្លឹមសារថា “ពួកគេចូលមកក្នុងគោលបំណងមិនល្អ។ ពួកគេមកធ្វើការស្រាវជ្រាវ តាមដានក្នុងការបោះឆ្នោត និងញុះញង់ប្រជាពលរដ្ឋ”។

លោក ដាក្លាស ស្ទៀល (Douglas Steele) នាយកគ្រប់គ្រងទូទៅ និងជាមេធាវីនៃកាសែត ខេមបូឌា ដេលី បានមានប្រសាសន៍កាលពីម្សិលមិញថា អ្នកយកព័ត៌មានទាំងពីរនាក់នេះគ្រាន់តែបំពេញការងាររបស់ខ្លួនប៉ុណ្ណោះ ហើយបានចាត់ទុកពាក្យបណ្ដឹងនេះថា “មិនសមហេតុផលទេ”។

លោកបានសួរថា “អ្នកយកព័ត៌មានសួរសំណួរអំពីនយោបាយអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត តើវាមិនមែនជាផ្នែកនៃការងាររបស់ពួកគេទេ?”។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើឱ្យស្ថានភាពនេះកាន់តែតឹងតែងឡើងកាលពីម្សិលមិញ ដោយបង្ហោះច្បាប់ចម្លងនៃលិខិតឆ្លងដែនមួយរបស់អ្នកយកព័ត៌មានទាំងពីរនាក់នៅក្នុងទំព័រហ្វេសប៊ុករបស់លោក ហើយបានព្រមានអ្នកកាសែតទាំងអស់ឱ្យដឹងអំពីច្បាប់។

លោក ខៀវ កាញារីទ្ធ បានសរសេរថា “សូមអ្នកកាសែតទាំងអស់រៀនច្បាប់បោះឆ្នោត និងក្រមសីលធម៌ក្នុងពេលបោះឆ្នោតឱ្យបានខ្ជាប់ខ្ជួន ចៀសវាងការចោទប្រកាន់នានា”។

ពាក្យបណ្ដឹងនេះត្រូវបានប្ដឹងដោយលោក រម៉ាម យួត មេឃុំប៉ាតេនៃគណបក្ស សម រង្ស៊ី ក្នុងស្រុកអូរយ៉ាដាវ ជាឃុំតែមួយគត់ក្នុងខេត្តនេះដែលគណបក្សប្រឆាំងជាប់ជាមេឃុំក្នុងឆ្នាំ២០១២។

ដោយដាក់ពាក្យបណ្ដឹងទៅអភិបាលស្រុក ពាក្យបណ្ដឹងនេះពាក់ព័ន្ធសំណួរដែលអ្នកទាំងពីរនាក់នេះសួរប្រជាពលរដ្ឋនៅក្នុងឃុំនេះ។

ពាក្យបណ្ដឹងនេះលើកឡើងថា អ្នកភូមិត្រូវបានសួរថា  ”តើប្រជាពលរដ្ឋបោះឆ្នោតឱ្យគណបក្សណាក្នុងឆ្នាំ២០១២? ហេតុអ្វីបានជាខេត្តរតនគិរីបោះឆ្នោតជាប់ឆ្នោតគណបក្សប្រជាជនទាំងអស់ មានតែភូមិគងធំ ឃុំប៉ាតេឈ្នះឆ្នោតលើគណបក្ស សម រង្ស៊ី? តើមានវិធីសាស្ត្រ និងយុទ្ធនាការបែបណាបានជាជាប់ឆ្នោត?”។

ពាក្យបណ្ដឹងដដែលនេះបន្តថា អ្នកយកព័ត៌មានទាំងពីរនាក់នេះ “បានញុះញង់ប្រជាពលរដ្ឋ” ដោយមិនគោរពច្បាប់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានប្រកាសមិនឱ្យនិយាយពីនយោបាយពេលដែលកំពុងធ្វើការដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោត”។ បណ្ដឹងដដែលនេះមិនបានលើកឡើងពីច្បាប់ជាក់លាក់ណាមួយដែលតាមចោទថា អ្នកយកព័ត៌មានទាំងពីរនាក់នេះរំលោភឡើុយ។

អ្នកយកព័ត៌មានទាំងពីរគឺលោក Zsombor Peter និងលោក អូន ភាព ដែលរងបណ្តឹងរបស់គាត់បានធ្វើសេចក្តីរាយការណ៍យ៉ាងច្រើនអំពីការកាប់ឈើខុសច្បាប់ដ៏រាលដាលក្នុងតំបន់នេះ រួមទាំងការស៊ើបអង្កេតកាលពីសប្ដាហ៍មុនដែលរកឃើញថា មានយោធាជាប់ពាក់ព័ន្ធក្នុងករណីនេះ។

លោក ម៉ា វិចិត្រ អភិបាលនៃគណៈអភិបាលស្រុកបានមានប្រសាសន៍ថា អ្នកយកព័ត៌មានទាំងពីរនាក់នេះក៏បានធ្វើហួសព្រំដែនផងដែរ ដោយសម្ភាសលោកមេឃុំអំពីបញ្ហានយោបាយនៅក្នុងការិយាល័យរបស់លោក។ លោកបានមានប្រសាសន៍ថា ពួកគេគួរតែសួរអំពី “ការអភិវឌ្ឍ” ជំនួសវិញ។

លោកបានថ្លែងថា “វាខុសហើយក្នុងការសួរសំណួរទាក់ទងរឿងនយោបាយដល់លោកមេឃុំនៅក្នុងការិយាល័យឃុំរបស់លោក។ សូមឱ្យកូនចៅកុំធ្វើអញ្ចឹង”។

នៅពេលទាក់ទងក្រោយមក លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា “លោកគ្រាន់តែរំឭកប្រាប់អ្នកកាសែតទាំងអស់ឱ្យមានការប្រុងប្រយ័ត្នតែប៉ុណ្ណោះ”។ នៅពេលសួរថាតើហេតុអ្វីបានជាលោកគិតថា ចាំបាច់ត្រូវបង្ហោះព័ត៌មានលម្អិតអំពីលិខិតឆ្លងដែន លោកថ្លែងថា វាគ្រាន់តែ “បង្ហាញថាករណីវាអញ្ចឹង”។

លោក ឆាំ ប៊ុនថេត អ្នកវិភាគនយោបាយបានមានប្រសាសន៍ថា ទំនងជាមានមូលដ្ឋានតិចតួចប៉ុណ្ណោះសម្រាប់ពាក្យបណ្ដឹងនេះ។

លោកបានថ្លែងថា “តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ គឺរាយការណ៍ព័ត៌មាន មែនអត់?។ ប្រជាពលរដ្ឋត្រូវដឹងការពិត… នៅក្នុងឃុំនោះ នោះហើយជាតួនាទីរបស់អ្នកយកព័ត៌មាន… រាយការណ៍ពីព័ត៌មាននោះប្រាប់ប្រជាពលរដ្ឋនៅក្នុងស្រុកនោះ ឬនៅទូទាំងប្រទេស”។

លោក ឆាំ ប៊ុនថេត បានមានប្រសាសន៍ថា ការសម្រេចរបស់លោក ខៀវ កាញារីទ្ធ បង្ហោះព័ត៌មានលម្អិតអំពីលិខិតឆ្លងដែនរបស់អ្នកយកព័ត៌មានបរទេសរូបនេះទំនងជាការប្រឹងប្រែងដើម្បីធ្វើឱ្យអ្នកយកព័ត៌មានដទៃទៀតខ្លាចរអានៅមុនការបោះឆ្នោតឃុំ សង្កាត់។

លោកបានថ្លែងថា “ខ្ញុំគិតថា នេះជារូបភាពនៃការបំភិតបំភ័យ ការព្រមាន និងការគំរាមកំហែង។ វាបានកើតឡើងយូរមកហើយចេញពីគាត់ និងអ្នកផ្សេងទៀត ដូច្នេះខ្ញុំមិនយល់ថាវាគួរឱ្យភ្ញាក់ផ្អើលទេ”។

គ្រាន់តែពីរសប្ដាហ៍មុនតែប៉ុណ្ណោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ទៅកាន់អ្នកយកព័ត៌មានពីរនាក់ រួមមានម្នាក់មកពីកាសែត ខេមបូឌា ដេលី អំឡុងសន្និសីទសារព័ត៌មាននៅវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាននៅរាជធានីភ្នំពេញ ដោយលើកឡើងថា អ្នកយកព័ត៌មានដែលមិនបានរាយការណ៍ត្រឹមត្រូវអំពីរដ្ឋាភិបាលនឹងត្រូវចាត់ទុកថា “ខ្ញុំបម្រើជនបរទេស”។

ពាក្យបណ្ដឹងនេះកើតមានតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងព័ត៌មានបានព្រមានប្រព័ន្ធផ្សព្វផ្សាយថា ត្រូវគោរពគោលការណ៍សម្រាប់ការបោះឆ្នោតនៅកម្ពុជា របស់ គ.ជ.ប បើមិនដូច្នោះទេប្រឈមនឹងការបិទចោល។

ទោះជាយ៉ាងណា គោលការណ៍នេះចែងយ៉ាងច្បាស់អំពីភារកិច្ចរបស់ប្រព័ន្ធផ្សព្វផ្សាយ គឺត្រូវ “ស្វែងរកព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានអំពីមតិយោបល់ និងគំនិតខុសគ្នារបស់អ្នកពាក់ព័ន្ធទាំងអស់អំឡុងដំណើរការបោះឆ្នោត”។

គណបក្ស សម រង្ស៊ី ដែលមានលោក រម៉ាម យួត ជាមេឃុំ បានច្របាច់បញ្ចូលគ្នាជាមួយគណបក្សសិទ្ធិមនុស្ស បន្ទាប់ពីការបោះឆ្នោតឃុំ សង្កាត់ ក្នុងឆ្នាំ២០១២ ដើម្បីបង្កើតជាគណបក្សសង្គ្រោះជាតិ បច្ចុប្បន្ននេះជាគណបក្សប្រឆាំងដ៏សំខាន់នៅក្នុងប្រទេស។ នៅពេលគណបក្សថ្មីនេះជ្រើសរើសបេក្ខជនឃុំ សង្កាត់ សម្រាប់ការបោះឆ្នោតនៅឆ្នាំនេះ គឺនៅថ្ងៃទី៤ ខែមិថុនា លោក រម៉ាម យួត ត្រូវបានដកឈ្មោះចេញពីបញ្ជីឈ្មោះបេក្ខជន ហើយបានលើកឡើងនៅពេលនោះថា លោកភ្ញាក់ផ្អើលចំពោះសេចក្តីសម្រេចបែបនេះ៕ សារុន (រាយការណ៍បន្ថែមដោយ គីម ចាន់)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស