មន្ត្រីមួយរូបបានលើកឡើងថា កាលពីម្សិលមិញអាជ្ញាធរបានឆ្មក់ចូលផ្ទះមួយផ្សេងទៀតដែលស្តុកសុទ្ធតែគ្រឿងសម្អាងក្លែងក្លាយនៅក្នុងរាជធានីភ្នំពេញ ដោយរឹបអូសបានផលិតផលជាង ៣០តោន ដែលនាំចូលពីប្រទេសជិតខាង ហើយវេចខ្ចប់ជាថ្មីដោយបិទយីហោប្រទេសក្រៅ ។
លោក ទូច យុទ្ធា លេខារងនៃគណៈកម្មា ធិការប្រឆាំងផលិតផលក្លែងក្លាយនៅក្រសួងមហាផ្ទៃបានលើកឡើងថា ផលិតផលគ្រឿងសម្អាង និងឡេទាំងនេះទំនងជានាំចូលពីប្រទេសថៃ និងវៀតណាម ហើយច្រកនៅក្នុងដបថ្មី និងបិទស្ទីកគ័រនាំចូលពីបរទេស ។

លោក ទូច យុទ្ធា បានថ្លែងថា “បន្ទាប់ពីយើងត្រួតពិនិត្យផលិតផលទាំងនេះ បើយើងរកឃើញថា ផលិតទាំងនេះសុទ្ធតែខុសច្បាប់យើងនឹងសរសេរលិខិតផ្ញើទៅតុលាការស្នើសុំបំផ្លាញផលិតផលទាំងនេះចោល” ។
លោកបានបន្ថែមថា “ឡេ និងគ្រឿងសម្អាងទាំងនេះ [អាចបង្ក]ផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព” ។
លោកឧត្តមសេនីយ៍ត្រី ទូច យុទ្ធា បានលើកឡើងទៀតថា ផលិតផលនៅក្នុងផ្ទះនេះដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន គឺជាកម្មសិទ្ធិរបស់ ឈ្មោះ អីុង ទូច ជាបុរសដដែល ដែលឃ្លាំងរបស់គាត់ត្រូវបានឆ្មក់ចូលកាលពីថ្ងៃ ច័ន្ទ ដោយចាប់បានផលិតផលក្លែងក្លាយប្រហែល ២០តោន ។
ឧត្តមសេនីយ៍ត្រីរូបនេះបានលើកឡើងបន្តទៀតថា លោក អីុង ទូចអាយុ ៤២ ឆ្នាំ ត្រូវបានចាប់ខ្លួនអំឡុងពេលឆ្មក់ចូលកាលពីថ្ងៃ ច័ន្ទ ហើយកំពុងត្រូវបានសាកសួរនៅក្រសួង។ ជនសង្ស័យរូបនេះនឹងត្រូវបញ្ជូនទៅឲ្យនគរបាលដើម្បីសាកសួរបន្ថែម ។
ឧត្តមសេនីយ៍ត្រី ទូច យុទ្ធា បានលើកឡើងកាលពីថ្ងៃច័ន្ទថា ការឆ្មក់ចូលទាំងពីរលើកក្នុងសប្តាហ៍នេះធ្វើឡើងបន្ទាប់ពីមានប្រតិបត្តិការសម្ងាត់រយៈពេល ៦សប្តាហ៍ដែលអំឡុងពេលនោះមន្ត្រីរដ្ឋាភិបាលមួយរូបបានបន្លំចូលទៅកន្លែងប្រកបអាជីវកម្មខុសច្បាប់នេះ ហើយបានរាយការណ៍អំពីសកម្មភាពនៅទីនោះ ។
វាគឺជាផ្នែកនៃយុទ្ធនាការបង្ក្រាបរបស់ក្រសួងលើផលិតផលក្លែងក្លាយ ដោយមានផលិតផលគ្រឿងសម្អាងជិត ៧០តោន ត្រូវបានរឹបអូសក្នុងការឆ្មក់ចូលចំនួនពីរលើកផ្សេងទៀតកាលពីដើមខែនេះ។ផលិតផលទាំងនេះរួមមានដូចជា សាប៊ូ និងឡេលាបឲ្យស្បែកស ដោយវេចខ្ចប់ឲ្យមើលទៅដូចជាផលិតផលយីហោល្បីៗមកពីប្រទេសក្រៅហើយអាចមានតម្លៃរាប់លានដុល្លារ ។
លោក មាច សុផាន់ណា ប្រធានគណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយនៅក្រសួងដដែលនេះបានចាត់ទុកការបង្ក្រាបនេះថា ជាការបង្ក្រាប”ជាប្រវត្តិសាស្ត្រ” ៕ ស៊ុយឈាង