31 C
Phnom Penh

សហជីព​និយា​យ​ថា គួរ​​អនុញ្ញាត​​​ឱ្យ​​​កម្មករ​​រោងចក្រ​​​ឈប់សម្រាក​​ត្រឡប់​​ទៅ​​​​ស្រុក​ ដើម្បី​បោះឆ្នោត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហជីពចំនួនពីរក្នុងចំណោមសហជីពកម្មករកាត់ដេរធំៗបំផុតនៅក្នុងប្រទេសកម្ពុជា បានស្នើសុំឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍ ធ្វើយ៉ាងណាឲ្យរោងចក្រនានាអនុញ្ញាតឲ្យកម្មកររបស់ខ្លួនបានឈប់សម្រាកដោយមានបៀវត្សរ៍រយៈពេលបីថ្ងៃ និងផ្ដល់ប្រាក់បុរេប្រទាន (ប្រាក់បើកមុន) ខ្លះដល់ពួកគេសម្រាប់ជាសោហ៊ុយធ្វើដំណើរទៅស្រុកកំណើតដើម្បីបោះឆ្នោតឃុំ សង្កាត់ ក្នុងពេលដ៏ខ្លីខាងមុខ។

ដោយមានចំនួនប្រមាណ៧០០.០០០នាក់នៅទូទាំងប្រទេស កម្មកររោងចក្រកាត់ដេរក្នុងចំណោមប្រជាពលរដ្ឋខ្មែរ ដែលបានចុះឈ្មោះបោះឆ្នោតជិត៨ភាគរយ គឺជាសំឡេងឆ្នោតដ៏សំខាន់មួយសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា។ ទោះជាយ៉ាងណា ពួកគេមួយចំនួនធំបានធ្វើចំណាកស្រុកដើម្បីស្វែងរកការងារធ្វើ ហើយប្រសិនបើពួកគេចុះឈ្មោះបោះឆ្នោតនៅឃុំ សង្កាត់ របស់ខ្លួននៅឯស្រុកកំណើត ពួកគេត្រូវធ្វើដំណើរត្រឡប់ទៅវិញដើម្បីចូលរួមការបោះឆ្នោត។

កម្មការិនីពេលដើរចេញពីរោងចក្រ សេង យ៉ុង ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ Hannah Hawkins/ឌឹ ខេមបូឌា ដេលី
កម្មការិនីពេលដើរចេញពីរោងចក្រ សេង យ៉ុង ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ Hannah Hawkins/ឌឹ ខេមបូឌា ដេលី

សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ហៅកាត់ FTUWKC និងសម្ព័ន្ធសហជីពសេរីស្ត្រីកាត់ដេរ ហៅកាត់ CFTUWT បានចេញសេចក្ដីថ្លែងការណ៍ដូចគ្នាបេះបិទកាលពីយប់ថ្ងៃអង្គារ ស្នើសុំឱ្យក្រសួងការងារ “ជួយអន្តរាគមន៍ទៅនិយោជករោងចក្រ សហគ្រាសផ្ដល់ប្រាក់បុរេប្រទានដល់កម្មករ និយោជិតតាមបណ្ដាខេត្តឆ្ងាយៗ និងកំណត់ពេលវេលាឈប់សម្រាកសមស្រប ដើម្បីឱ្យកម្មករ និយោជិតបានទៅចូលរួមបោះឆ្នោត”។

សេចក្ដីថ្លែងការណ៍ដដែលក៏ស្នើឱ្យក្រសួង “សម្រួលដល់កម្មករនិយោជិតមានសិទ្ធិបោះឆ្នោតទាំងអស់គ្នាដែលរស់នៅតាមបណ្ដាខេត្តឆ្ងាយៗអាចមានលទ្ធភាពឈប់សម្រាកធ្វើដំណើរទៅចូលរួមបោះឆ្នោត”។

ការបោះឆ្នោតនេះនឹងធ្វើឡើងនៅថ្ងៃអាទិត្យ។ ទោះជាយ៉ាងណា សប្តាហ៍ធ្វើការតាមស្តង់ដារសម្រាប់កម្មករកាត់ដេរ គឺពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ ហើយឱកាសឈប់សម្រាកសម្រាប់អ្នកដែលត្រូវធ្វើដំណើរផ្លូវឆ្ងាយគឺមានតិចណាស់។ សូមបញ្ជាក់ថា កម្មករទទួលបានប្រាក់ខែគោល១៥៣ដុល្លារ។

លោកស្រី អ៊ុំ ឌីណា អគ្គលេខាធិការនៃសម្ព័ន្ធសហជីពសេរីស្ត្រីកាត់ដេរ បានមានប្រសាសន៍ថា កម្មករទំនងជាត្រូវការជំនួយហិរញ្ញវត្ថុសម្រាប់ធ្វើដំណើទៅតាមបណ្ដាខេត្តដោយសារតែភាគច្រើនក្នុងចំណោមពួកគេបើកប្រាក់ខែនៅថ្ងៃទី១០នៃខែនីមួយៗ។

កម្មការិនីពេលដើរចេញពីរោងចក្រ សេង យ៉ុង ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ Hannah Hawkins/ឌឹ ខេមបូឌា ដេលី
កម្មការិនីពេលដើរចេញពីរោងចក្រ សេង យ៉ុង ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ Hannah Hawkins/ឌឹ ខេមបូឌា ដេលី

លោកស្រីថ្លែងថា “ការបោះឆ្នោតគឺនៅថ្ងៃទី៤ ខែមិថុនា ដូច្នេះនិយោជកគួរតែអនុញ្ញាតឱ្យកម្មករខ្ចីប្រាក់ខ្លះសម្រាប់ជាសោហ៊ុយធ្វើដំណើរទៅតាមបណ្ដាខេត្ត”។ លោកស្រីបានបន្តថា ”ជាធម្មតាសោហ៊ុយធ្វើដំណើរកើនឡើង ពួកគាត់នឹងត្រូវការលុយខ្លះសម្រាប់ទិញសំបុត្រឡានក្រុង ឬសំបុត្រឡាន”។

លោកស្រីគូសបញ្ជាក់ថា អំឡុងការបោះឆ្នោតមុនៗធ្លាប់មានបញ្ហាកើតឡើង ដោយរោងចក្រខ្លះបានបង្កការលំបាក ធ្វើយ៉ាងណាមិនឱ្យបុគ្គលិកបានឈប់សម្រាកទៅបោះឆ្នោតឡើយ។។

លោកស្រីថ្លែងថា “កម្មករខ្លះបានបាត់បង់អត្ថប្រយោជន៍របស់ពួកគាត់ គឺក្រុមហ៊ុនបានកាត់ប្រាក់ដំឡើងប្រចាំឆ្នាំ ប្រាក់ខែគិតជាថ្ងៃ និងអត្ថប្រយោជន៍ផ្សេងៗទៀត។ យើងចង់ធ្វើសំណើនេះ ពីព្រោះយើងចង់ឱ្យកម្មករអាចទៅបោះឆ្នោតតាមឆន្ទៈរបស់ខ្លួន”។

លោកស្រីលើកឡើងបន្ថែមទៀតថា “វាជាការល្អបើក្រសួងការងារអាចឆ្លើយតបបានឆាប់រហ័ស ពីព្រោះកម្មករកំពុងរង់ចាំាការសម្រេចរបស់ពួកគេ”។

នៅខាងក្រៅរោងចក្រសេង យ៉ុង (Zheng Yong Garment Factory) ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីម្សិលមិញ ស្ត្រីឈ្មោះ ធី ឡេង អាយុ៣១ឆ្នាំដែលមានស្រុកកំណើតមកពីខេត្តព្រៃវែងនិយាយថា គាត់នឹងធ្វើដំណើរទៅបោះឆ្នោតនៅស្រុកនៅខែក្រោយ ប្រសិនបើមានការធានាថាគេនឹងមិនកាត់ប្រាក់ខែរបស់គាត់ ថ្វើបើឈប់សម្រាកប៉ុន្មានថ្ងៃសម្រាប់ការធ្វើដំណើរក្តី។

គាត់និយាយថា ”បើវាមិនប៉ះពាល់ប្រាក់ខែរបស់ខ្ញុំទេ ខ្ញុំនឹងទៅបោះឆ្នោត ហើយក៏នឹងមានអ្នកទៅជាច្រើនដែរ។ ការបោះឆ្នោតនេះមានសារៈសំខាន់”។

អ្នកស្រី ចក់ ត្រប់ អាយុ៣៥ឆ្នាំដែលមានដើមកំណើតពីខេត្តព្រៃវែងនិយាយថា ក្នុងអាណត្តិនេះគាត់បានចុះឈ្មោះបោះឆ្នោតនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សម្រាប់ការបោះឆ្នោតនេះ កម្មករចំណាកស្រុកត្រូវបានអនុញ្ញាតឲ្យចុះឈ្មោះបោះឆ្នោតនៅក្នុងឃុំសង្កាត់ដែលពួកគេធ្វើការតែម្តង។

ទោះជាយ៉ាងណា អំឡុងពេលចុះឈ្មោះបោះឆ្នោតកាលពីឆ្នាំមុន គណបក្សសង្គ្រោះជាតិបានជំរុញឱ្យកម្មករចំណាកស្រុកចុះឈ្មោះនៅស្រុកកំណើតតាមបណ្ដាខេត្ត ជាជាងចុះឈ្មោះនៅរាជធានីភ្នំពេញ ដែលគណបក្សប្រឆាំងទទួលបានការគាំទ្រខ្លាំងរួចទៅហើយ។អ្នកខ្លះក៏និយាយដែរថា នៅឃុំសង្កាត់ដែលជាស្រុកកំណើតរបស់ពួកគេ លក្ខខណ្ឌតម្រូវឲ្យបង្ហាញអត្តសញ្ញាណប័ណ្ណ និងសៀវភៅស្នាក់នៅងាយស្រួលជាងនៅកន្លែងដែលពួកគេធ្វើការ។

លោក កែន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ GMAC មិនយល់ស្របតាមសហជីពទាំងនេះថាកម្មករត្រូវការពេលឈប់សម្រាកឡើយសម្រាប់ការបោះឆ្នោតនេះ។

លោកបានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា “វាមិនចាំបាច់ទេ។ ភាពខុសគ្នានៅត្រង់ថា សម្រាប់ការបោះឆ្នោតនេះពួកគាត់ត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះ និងបោះឆ្នោតនៅជិតកន្លែងដែលពួកគាត់ធ្វើការ។ មិនចាំបាច់ទៅបោះឆ្នោតនៅស្រុកទេ”។

លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ សង់ត្រាល់ មានប្រសាសន៍ថា កម្មករមានសិទ្ធិប្រើប្រាស់ច្បាប់ឈប់សម្រាកប្រចាំឆ្នាំរយៈពេល១៨ថ្ងៃរបស់ខ្លួន។

លោកលើកឡើងថា “ដើម្បីចាប់បង្ខំឱ្យនិយោជកធ្វើតាម ខ្ញុំយល់ថា រដ្ឋាភិបាលគួរតែចេញសេចក្តីណែនាំទៅដល់រោងចក្រសហគ្រាសនានាអនុញ្ញាតឱ្យកម្មករប្រើប្រាស់ច្បាប់ឈប់សម្រាក់ប្រចាំឆ្នាំសម្រាប់ការបោះឆ្នោតនេះ។

លោកគូសបញ្ជាក់ថា ប្រជាពលរដ្ឋជាច្រើនបានធ្វើចំណាកស្រុកពេញប្រទេសដើម្បីស្វែងរកការងារធ្វើ ហើយគួរតែអនុញ្ញាតឲ្យពួកគាត់បានឈប់សម្រាកសម្រាប់ធ្វើដំណើរ។ លោកបន្តថា “សម្រាប់ការបោះឆ្នោតនេះ ពួកគាត់ត្រូវត្រឡប់ទៅស្រុកកំណើត…។ និយាយឱ្យសមហេតុផល គឺពួកគាត់ត្រូវការពេលប្រហែល៣ថ្ងៃសម្រាប់ធ្វើដំណើរទៅមក”។

ទោះជាយ៉ាងណា លោក ហេង សួគ៌ អ្នកនាំពាក្យក្រសួងការងារមិនអាចទាក់ទងសុំការបំភ្លឺបានទេទាក់ទិនបញ្ហានេះ៕ សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស