27 C
Phnom Penh

កឹម សុខា ៖ CPP ធ្វើ​កំណែទម្រង់​​​ប្រាក់​​បៀវត្សរ៍​​​ និង​អគ្គិសនី​តាមCNRP

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា អ្នករិះគន់ដែលនិយាយថា កម្មវិធីនយោបាយសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ របស់គណបក្សសង្គ្រោះជាតិមិនប្រាកដនិយមនោះ គួរតែពិនិត្យមើលការអនុវត្តរបស់គណបក្សកាន់អំណាចនៅក្នុងការបញ្ចុះតម្លៃអគ្គិសនី និងការដំឡើងបៀវត្សរ៍ដល់មន្ត្រីរាជការ និងទាហានជាបញ្ហាដែលគណបក្សប្រឆាំងបានលើកឡើងអំឡុងការបោះឆ្នោតជាតិឆ្នាំ២០១៣ ។

មានប្រសាសន៍នៅការជួបជុំមួយអំឡុងពេលធ្វើយុទ្ធនាការឃោសនានៅក្នុងខេត្តបាត់ដំបង លោក កឹម សុខា បានផ្ដាំផ្ញើទៅកាន់អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមិនជឿថាគណបក្សប្រឆាំងមានសុភនិច្ឆ័យនយោបាយ ឬផ្ដល់មូលនិធិដើម្បីបំពេញតាមការសន្យារបស់ខ្លួន ដោយការផ្ដល់ថវិកាដល់ឃុំ សង្កាត់ នីមួយៗយ៉ាងតិច៥០០.០០០ដុល្លារក្នុងមួយឆ្នាំ ជាសំណើដែលនឹងចំណាយថវិកាយ៉ាងហោចណាស់ក៏៨២៣លានដុល្លារដែរ។

cam-photo-no-war-channa-800x533លោក កឹម សុខា បានមានប្រសាសន៍ថា គណបក្សកាន់អំណាចបានច្រានចោលផែនការឆ្នាំ២០១៣របស់គណបក្សប្រឆាំងក្នុងការដំឡើងប្រាក់បៀវត្សអប្បបរមាដល់មន្ត្រីរាជការ និងទាហានឱ្យដល់១លានរៀល ឬប្រហែល២៥០ដុល្លារក្នុងមួយខែ។

លោក កឹម សុខា បានប្រាប់អ្នកគាំទ្រថា “នៅពេលនោះគេនិយាយថា ‘កុំជឿពួកគេ! តើនឹងមានលុយមកពីណា?’”។ លោកបានបន្ថែមថា “ប៉ុន្តែឥឡូវនេះ ប្រាក់ខែគឺ១លានរៀលហើយ ពីព្រោះពួកគេខ្លាចចាញ់ឆ្នោត”។

ប្រាក់បៀវត្សរ៍មន្ត្រីរាជការគ្រោងដំឡើងដល់១លានរៀលនៅឆ្នាំក្រោយ គឺឡើងទ្វេដងពីប្រាក់ខែអប្បបរមាដែលមានក្នុងឆ្នាំ២០១៥។

គណបក្សប្រជាជនកម្ពុជាបានធ្វើការរិះគន់ស្រដៀងគ្នានេះចំពោះសំណើរបស់គូប្រជែងខ្លួនក្នុងការបញ្ចុះតម្លៃអគ្គិសនីដល់៦០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ប៉ុន្តែទីបំផុតបានបញ្ចុះតម្លៃមែន។

លោក កឹម សុខា បានមានប្រសាសន៍ថា “នៅពេលនោះ ពួកគេនិយាយថា ‘គ្មានអគ្គិសនីណាលក់ក្នុងតម្លៃហ្នឹងទេ។ កុំជឿពួកគេឱ្យសោះ ពីព្រោះគណបក្សសង្គ្រោះជាតិចេះតែបោកប្រាស់ និងភូតកុហកតែប៉ុណ្ណោះ'”។ លោកបានបន្ថែមថា “ឥឡូវតម្លៃអគ្គិសនីបញ្ចុះមកត្រឹម៦០០រៀល” ក្នុងមួយគីឡូវ៉ាត់ម៉ោងមែន។

កាលពីខែកុម្ភៈ អាជ្ញាធរអគ្គិសនីកម្ពុជាបានប្រកាសថា អត្រាតម្លៃទាបបំផុតសម្រាប់តារាងតម្លៃនឹងត្រូវបញ្ចុះមក៦១០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោងសម្រាប់អ្នកប្រើប្រាស់ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ប៉ុន្តែតម្លៃនៅតាមបណ្ដាខេត្តផ្សេងៗទៀតនៅខ្ពស់ជាងនេះឆ្ងាយ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា គណបក្សប្រឆាំងកំពុងព្យាយាមកេងយកចំណេញពីសមិទ្ធផលរបស់គណបក្សកាន់អំណាច។

លោកថ្លែងថា “អ្នកណាក៏ដឹងច្បាស់ដែរថា គណបក្សប្រឆាំងមិនបានធ្វើអ្វីសម្រាប់ប្រទេសជាតិឡើយ ប៉ុន្តែតែងតែបង្កបញ្ហា និងរំខានគ្រប់សកម្មភាពរបស់រដ្ឋាភិបាល”៕ សារុន (រាយការណ៍បន្ថែមដោយ Ben Paviour)

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស