26 C
Phnom Penh

ការ​​​ចុះផ្សាយជ្រើសរើសកម្មករ​​​ជំនាញ​​​ទាប​​​តាម​​​អីុនធឺណិតមិន​​​សូវ​​​មាន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកជំនាញខាងវិស័យការងារបានលើកឡើងថា ទោះបីជាការចុះផ្សាយជ្រើសរើសបុគ្គលិកតាមអីុនធឺណិតមានការកើនឡើងក្នុងពេលថ្មីៗក៏ដោយ តែកម្មករជំនាញទាបនៅកម្ពុជាភាគច្រើនមិនត្រូវបានចុះផ្សាយជ្រើសរើសនៅក្នុងទីផ្សារដែលកំពុងវិវឌ្ឍទៅមុខនេះឡើយ ដែលធ្វើឲ្យពួកគេមានលទ្ធភាពតិចតួចក្នុងការស្វែងរកឱកាសការងារនៅទូទាំងប្រទេស ។

កម្មករសំណង់សង់ឡើងវិញផ្នែកមួយនៃផ្សារចាស់នៅរាជធានីភ្នំពេញដែលបំផ្លាញដោយអគ្គិភ័យកាលពីឆ្នាំ២០១៤ ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
កម្មករសំណង់សង់ឡើងវិញផ្នែកមួយនៃផ្សារចាស់នៅរាជធានីភ្នំពេញដែលបំផ្លាញដោយអគ្គិភ័យកាលពីឆ្នាំ២០១៤ ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក Niels van Klooster នាយកប្រចាំប្រទេសផ្នែកជ្រើសរើសបុគ្គលិកនៃគេហទំព័រ Everjobs បានលើកយកឧទាហរណ៍មួយមកបង្ហាញ គឺថា អ្នកស្វែងរកឱកាសការងារជាអ្នកបើកបរមាន១៣,៣៥ភាគរយ ឬក្រោម ១ក្នុង៧នៃអ្នកស្វែងរកការងារទាំងអស់តាមគេហទំព័រនេះកាលពីឆ្នាំមុន ដោយធ្វើឲ្យការងារនេះក្លាយជាការងារ Top5 ក្នុងចំណោមអ្នកស្វែងរកការងារធ្វើ ។

ប៉ុន្តែលោកលើកឡើងថា បច្ចុប្បន្ននៅលើគេហទំព័រនេះ មានការចុះផ្សាយជ្រើសរើសអ្នកបើកបរត្រឹមតែ ២៤ កន្លែង ប៉ុណ្ណោះ ពោលគឺប្រហែល ១,២ ភាគរយ នៃការងារសរុបចំនួន ២.០០៣ ការងារនៅកម្ពុជាដែលចុះផ្សាយនៅលើគេហទំព័រ Everjobs។ គម្លាតនេះបង្ហាញពីភាពយឺតយ៉ាវខ្លាំងនៅក្នុងការពង្រីកការងារតាមអីុនធឺណិត សម្រាប់កម្មករជំនាញទាប ។

លោក Niels van Klooster បានថ្លែងថា ការស្វែងរកការងារជាអ្នកបើកបរ “គឺជាការចង្អុលបង្ហាញឲ្យឃើញថា អ្នកដែលកំពុងស្វែងរកឱកាសការងារជំនាញទាប [ក៏កំពុង] ចូលរកការងារតាមអីុនធឺណិតដែរឥឡូវនេះ” ។

លោក Ken White អ្នកគ្រប់គ្រងទូទៅនៃគេហទំព័រ BongThom ជាគេហទំព័រការងារមួយទៀតបានលើកឡើងថា ទីផ្សារតាមអីុនធឺណិតសម្រាប់ការងារជំនាញទាបគឺស្រដៀងនឹងស្ថានភាពកម្មករជំនាញកាលពីពីរទសវត្សរ៍កន្លងទៅ ។

លោកបានមានប្រសាសន៍ថា “ពេល BongThom ចាប់ផ្តើមដំណើរការ ១៧ឆ្នាំ មុន គឺឆ្នាំ២០០០ នោះ មធ្យោបាយតែមួយគត់ដែលទទួលបានព័ត៌មានការងារណាមួយនៅកម្ពុជាគឺ មានតែកន្លែងមួយប៉ុណ្ណោះដែលអាចស្វែងរកព័ត៌មាននេះបាន នោះគឺនៅក្នុងកាសែត ខេមបូឌា ដេលី។ អ្នកត្រូវទិញកាសែត ខេមបូឌា ដេលី នេះជារៀងរាល់ថ្ងៃ ដែលថ្លៃណាស់សម្រាប់ពួកគេ” ។

កម្មករជំនាញទាបមិនដែលទទួលបានជម្រើសបែបនោះទេ នេះបើយោងតាមលោក Silas Everett តំណាងប្រចាំប្រទេសនៃមូលនិធិអាស៊ី(Asia Foundation)។

លោកបានលើកឡើងថា ព័ត៌មានសម្រាប់ការងារជំនាញទាបដូចជា ការងារសំណង់ និងការងារកាត់ដេរជាដើម គឺនៅមានកម្រិតនៅកម្ពុជា ហើយអ្នកស្វែងរកការងារភាគច្រើនពឹងផ្អែកលើមិត្តភក្តិ ឬសាច់ញាតិ ឬការប្រកាសជ្រើសរើសបុគ្គលិកនៅក្រៅរោងចក្រ ។

លោកបានមានប្រសាសន៍ថា “ព័ត៌មានដែលអាចរកបានសម្រាប់កម្មករជំនាញទាបគឺ នៅក្នុងវិស័យចំណីអាហារ និងភេសជ្ជៈ”។ លោកបានពន្យល់ថា អាជីវកម្មទាំងនោះទំនងជាកំពុងតែយកតាមរបៀបប្រតិបត្តិការនៅលោកខាងលិច ។

លោក មឿន តុលា ប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) បានលើកឡើងថា សម្រាប់អ្នកស្វែងរកការងារជំនាញទាបនៅកម្ពុជាគឺងាយស្វែងរកព័ត៌មានអំពីឱកាសការងារនៅក្រៅប្រទេសជាងឱកាសការងារនៅក្បែរៗផ្ទះរបស់ខ្លួន ។

លោកបានមានប្រសាសន៍ថា “ពេលព័ត៌មានការងារក្នុងប្រទេសមិនបានជ្រួតជ្រាបដល់ពួកគាត់ ហើយពួកគាត់បានទទួលព័ត៌មានច្រើនអំពីឱកាសការងារនៅក្រៅប្រទេសនោះពួកគាត់ប្រហែលជាធ្វើចំណាកស្រុកទៅរកការងារនៅក្រៅប្រទេសជំនួសវិញ” ។

បញ្ហានេះ គឺដូចគ្នាសម្រាប់វិនិយោគិនបរទេសដែលមិនអាចស្វែងរកព័ត៌មានអំពីទីផ្សារការងារក្នុងស្រុក ដោយវាអាចរារាំងដល់រំហូរទុនចូលទៅក្នុងសេដ្ឋកិច្ច ។

លោក មឿន តុលា បានថ្លែងបន្ថែមថា “ពេលវិនិយោគិនចង់វិនិយោគ ពួកគេក៏នឹងត្រូវពិចារណាអំពីចំនួននៃអ្នកដែលអាចជួលមកធ្វើការងារបានផងដែរ” ។

លោកបានលើកឡើងទៀតថា ក្រសួងការងារបានបង្កើតមជ្ឈមណ្ឌលការងារជាង១០ នៅទូទាំងប្រទេសដែលក្រុមហ៊ុននានាអាចចុះផ្សាយជ្រើសរើសបុគ្គលិកបាន ហើយអ្នកស្វែងរកការងារអាចមកសុំជំនួយបានដោយឥតគិតថ្លៃ ប៉ុន្តែមជ្ឈមណ្ឌលការងារទាំងនេះនៅមិនទាន់ទទួលបានការចាប់អារម្មណ៍ក្នុងចំណោមសាធារណជននៅឡើងទេ ។

លោកបានមានប្រសាសន៍ថា “អ្នកស្វែង រកការងារទំនងជាមានការស្ទាក់ស្ទើរដោយសារពួកគាត់គិតថា សេវានេះនឹងគិតថ្លៃព្រោះវាគ្រប់គ្រងដោយរដ្ឋាភិបាល” ។ លោកបានបន្ថែមថា ជារឿយៗមនុស្សជាច្រើនធ្វើដំណើរទៅរោងចក្រតែម្តងមិនធ្វើដំណើរមកមជ្ឈមណ្ឌលទាំងនេះទេ ព្រោះវាជិតជាង ។

វិទ្យាស្ថានបើកទូលាយ(Open Institute) ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកផ្នែកបច្ចេកវិទ្យានោះ បានចេញការសិក្សាស្រាវជ្រាវនៅក្នុងខែ កញ្ញា ដោយផ្អែកលើការស្ទាបស្ទង់មតិពលករចំណាកស្រុកចំនួន ៣១៥ នាក់ អ្នកដែលនឹងអាចក្លាយជាពលករចំណាកស្រុកចំនួន ២៤០ នាក់ និងនិយោជកចំនួន ២៣៩ នាក់ នៅក្នុងខេត្តបាត់ដំបងបន្ទាយមានជ័យ កំពង់ចាម និងព្រៃវែង ។ ការសិក្សានេះរកឃើញថា គម្លាតព័ត៌មានសម្រាប់កម្មករជំនាញទាបជាកត្តាជំរុញឲ្យពលរដ្ឋខ្មែរធ្វើចំណាកស្រុកទៅរកការងារនៅក្រៅប្រទេស ។

អ្នកសិក្សាស្រាវជ្រាវឈ្មោះ Federico Barreras បានលើកឡើងបន្ទាប់ពីមានការចេញរបាយការណ៍នេះថា “ទោះបីជាមានតម្រូវការងារស្រាប់ក្នុងប្រទេស ហើយមានការផ្គត់ផ្គង់លើសតម្រូវការ និងមានការយល់ឃើញថា ការងារនៅកម្ពុជាល្អក៏ដោយក្តី…តែពួកគេមិនទាក់ទងគ្នានោះទេ”។ អ្នកសិក្សាស្រាវជ្រាវរូបនេះបានលើកឡើងទៀតថា “វាច្បាស់ណាស់ថា មានគម្លាតព័ត៌មាន” ។

លោក Ken White បានលើកឡើងបន្តថា នៅមានឱកាសសម្រាប់ដំណោះស្រាយដ៏ល្អ ។

លោកបានថ្លែងថា “សូម្បីនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់នៅក្នុងរាជធានីភ្នំពេញ អ្នកចង់បានជំនួយការមេផ្ទះ អ្នកចង់បានមេដោះ ចង់បានអ្នកបើកបរ នេះជារឿងសាមញ្ញដែលគេមិនអាចផ្តល់ឲ្យបាន” ។ លោកបានបន្តថា “អ្នកត្រូវសួររកតាមមិត្តភក្តិ” ។

លោកបានបន្ថែមថា និយោជកដែលត្រូវការកម្មករជំនាញទាបកំពុងតែចុះផ្សាយជ្រើសរើសបុគ្គលិកតាមអីុនធឺណិតច្រើនឡើងៗ ទោះបីជាគេដឹងថា គេហទំព័រនេះចុះផ្សាយជ្រើសរើសបុគ្គលិកសម្រាប់អ្នកបញ្ចប់មហាវិទ្យាល័យក៏ដោយ ។

លោកបានថ្លែងថា “ឥឡូវអ្នកបើកបរទាំងអស់ដែលគេមិនរាប់បញ្ចូលគឺ សុទ្ធតែមានស្មាតហ្វូន ព្រោះវាជាសម័យបច្ចេកវិទ្យា។ មនុស្សគ្រប់រូបសុទ្ធតែចូលមើលតាមអីុនធឺណិត” ។ លោកបានបន្ថែមទៀតថា “រឿងដំបូងគេដែលពួកគាត់ត្រូវធ្វើនោះគឺ ស្វែងរកការងារ” ៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស